លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បានបញ្ជាឲ្យសហគមន៍ស៊ើបការណ៍សម្ងាត់ធ្វើការត្រួតពិនិត្យឡើងវិញឲ្យបានពេញលេញទៅលើសកម្មភាពទាក់ទិននឹងការវាយលុកតាមប្រព័ន្ធអ៊ីនធើណិតដែលមានគោលបំណងរំខានដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦។
ក្រោយសេចក្តីប្រកាសរបស់លោកកាលពីថ្ងៃសុក្រ កាសែតនាំមុខចំនួន២របស់អាមេរិកគឺកាសែត New York Times និងកាសែត Washington Post បានរាយការណ៍ថា រុស្ស៊ីបានលូកដៃចូលទៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់អាមេរិកនាពេលថ្មីៗនេះដើម្បីជួយឲ្យលោក Donald Trump ឈ្នះការបោះឆ្នោត។
កាសែត Times បានរាយការណ៍ថា រស្ស៊ីបានវាយលុកចូលប្រព័ន្ធកុំព្យូទ័រទាំងរបស់គណកម្មាធិការជាតិគណបក្សសាធារណរដ្ឋនិងគណកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យ ប៉ុន្តែបានបញ្ចេញតែឯកសារដែលត្រូវបានបំផ្លាញរបស់ គណកម្មាធិការជាតិគណបក្សប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ក្រុមគណបក្សប្រជាធិបតេយ្យត្រូវបានរុកកួនដោយសារតែអ៊ីម៉ែលដែលត្រូវបានបែកធ្លាយក្នុងខណៈពេលដែលការបោះឆ្នោតកាន់តែខិតជិត។ កាសែត Times បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បានសន្និដ្ឋានថា រុស្ស៊ីបានផ្តល់ឯកសារបែកធ្លាយរបស់គណបក្សប្រជាធិបតេយ្យដល់គេហទំព័រ WikiLeaks»៕