ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សម្រេច​ចិត្ត​របស់​លោក​ត្រាំ​ក្នុង​ការ​បោះបង់​ចោល​កិច្ចព្រមព្រៀង TPP ​អាច​ផ្តល់​ប្រយោជន៍​ដល់​ចិន និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក


អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង TPP បាតុកម្ម​នៅ​ខាង​ក្រៅ​សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។
អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង TPP បាតុកម្ម​នៅ​ខាង​ក្រៅ​សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។

ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក ​ដូណាល់ ត្រាំ​ ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ TPP បាន​បោះបង់​ចោល​នូវ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ដែល​ជា​ស្នាដៃ​ដ៏​សំខាន់​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​នៅ​អាស៊ី​ឡើង​វិញ។​​

លោក ​ត្រាំ ​និយាយ​ថា ជា​ជាង​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​ទំហំ ​៤០ ភាគនៃ​ពាណិជ្ជកម្ម​ពិភពលោក ​លោក​មាន​គម្រោង​ចរចា​លើ​កិច្ចព្រមព្រៀង​មួយ​ទល់​មួយ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង។ សម្រាប់​ប្រទេស​នៅ​អាស៊ី អ្នក​វិភាគ​និយាយ​ថា ការ​បោះបង់​ចោល​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​បើក​ផ្លូវ​ពាណិជ្ជកម្ម​ដល់​ប្រទេស​ចិន​ ដែល​មិន​មែន​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ។

ក្រុម​អ្នក​ចរចា​បាន​ចំណាយ​ពេល​៧ឆ្នាំ​ លើ​កិច្ចព្រម​ព្រៀង​ TPP ​ដែល​អ្នក​គាំទ្រ​និយាយ​ថា ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន​ក្នុង​ចំណោម​ប្រទេស​ទាំង​១២ ​បង្កើន​ប្រាក់​ឈ្នួល​ដល់​កម្មករ បន្ថែម​ការ​ការពារ​លើ​កម្មសិទ្ធិ​បញ្ញា ការពារ​សិទ្ធិ​ការងារ​ និង​ការពារ​បរិស្ថាន​សាជីវកម្ម។ ក្រុម​អ្នក​រិះ​គន់​បាន​ចោទ​ប្រកាន់​កិច្ចព្រម​ព្រៀង​ដែល​ត្រូវ​បាន​ចរចា​ដោយ​សម្ងាត់​នេះ​ថា ​មាន​ប្រយោជន៍​ច្រើន​ជ្រុល​ដល់​សាជីវកម្ម​ពិភពលោក និង​មាន​ការ​រឹតត្បិត​កម្មសិទ្ធិបញ្ញា​ហួសហេតុ។

លើស​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅ​ទៀត

ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់​ទំនង​ការបរទេស​ ​បាន​គាំទ្រ​ដល់​កិច្ចព្រមព្រៀង TPP ​នៅ​ក្នុង​របាយការណ៍​ខែ​នេះ​ដោយ​និយាយ​ថា ​កិច្ចព្រមព្រៀង​នេះ ​«អាច​នឹង​ផ្តល់​ប្រយោជន៍ដល់​អ្នក​ផលិត» ​ដែល​អាច​នឹង​មាន​ច្រើន​សណ្ឋាន​ជាង​នេះ​នៅ​អាស៊ី ហើយ​នឹង​ជួយ​បង្កើន​ការ​នាំ​ចេញ​របស់​អាមេរិក​ ជាពិសេស ផលិតផល​កសិកម្ម។ ខណៈ​ដែល​ការងារ​របស់​ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​អាច​នឹង​បាត់​បង់​ទៅ​ពលករ​បរទេស​ ក្រុម​អ្នក​គាំទ្រ​កិច្ចព្រមព្រៀង​ TPP​ អះអាង​ថា​ ជារួម​ កិច្ច​ព្រម​ព្រៀង​នេះជា​កិច្ចព្រម​ព្រៀង​ល្អ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ ដោយសារ​វា​អាច​ធ្វើ​ឲ្យ​ទំនិញនាំ​ចូល​មាន​តម្លៃ​ទាប។

របាយការណ៍​ដែល​បាន​សំអាង​លើ​ការ​សិក្សា​របស់​វិទ្យាស្ថាន​ Petersen ​សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ​នេះ​សរសេរ​ថា​ កិច្ចព្រមព្រៀង ​TPP​ បាន​ធ្វើ​ឲ្យ​មាន​កំណើន​ប្រចាំ​ឆ្នាំ​ប្រមាណ​ជា​៧៨​ប៊ីលាន (៧៨​ពាន់​លាន)​ ដុល្លារ​ដល់​សេដ្ឋកិច្ច​អាមេរិក។​

លោក​ Gareth Leather​ ​អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ផ្តោត​លើ​តំបន់​អាស៊ី​ និង​បម្រើការ​នៅ​ក្រុមហ៊ុន ​Capital Economics​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ បាន​ហៅ​ការ​ចាក​ចេញ​ពី​កិច្ចព្រមព្រៀង​ TPP ​នេះ​ថា​ជា «ការ​បោក​បក់​លើ​អនាគត​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ដែល​ទើប​តែ​ងើប​ឡើង» ដោយ​ផ្តល់​អត្ថប្រយោជន៍​កាន់​តែ​តិច​ជាង​មុន​ សម្រាប់​កិច្ចព្រម​ព្រៀង​ថ្នាក់​តំបន់​ដែល​ដឹកនាំ​ដោយ​ចិន។

លោក​ Carl Thayer ​អ្នក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យាល័យ​ New South Wales ​ប្រទេស​អូស្រា្តលី​និយាយ​ថា ​ការ​បោះ​ជំហាន​របស់​លោក​ ត្រាំ​ អាច​នឹង​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់​ទំនង​របស់​អាមេរិក ជាពិសេស​ក្នុង​ចំណោម​សម្ព័ន្ធ​មិត្ត​សំខាន់ៗ​ដូចជា​ ជប៉ុន​ អូស្រា្តលី ​និង​វៀតណាម​ជាដើម។

លោក​ Thayer ​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​ TPP ​ «អាច​នឹង​នៅ​តែ​មាន​ប្រសិទ្ធិភាព​ ប្រសិន​បើ​កិច្ច​ព្រម​ព្រៀង​នេះ​មិន​ត្រូវ​បានលុប​ចោល» ​ដោយ​សារ​តែ​ការមិន​ខ្វាយ​ខ្វល់​របស់​លោក ត្រាំ ​ចំពោះ​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន ​Shinzo Abe ​និង​មេដឹក​នាំ​ផ្សេង​ទៀត​ ដើម្បី​បន្ត​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ត​ទៅ​ទៀត។

លោក Thayer និយាយ​ថា «វា​មាន​ន័យ​ថា ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​ Turnbull ​និង​លោក​ Abe ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ទេ។ បើ​ទោះ​ជា​ លោក ​Turnbull ​គិតថា កិច្ច​ព្រម​ព្រៀង​នេះអាច​នឹង​ត្រូវ​ចរចា​ឡើង​វិញ​ក៏​ដោយ»។

របាយការណ៍​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា ​លោក ​Abe ​បាន​ចំណាយ​ «ដើម​ទុន​នយោបាយ​ច្រើន​គួរសម» ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​កិច្ចព្រម​ព្រៀង​នេះ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែតុលា​ ឆ្នាំ​២០១៥ ​ហើយ​លោក​បាន​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ «ក្រុម​បញ្ចុះបញ្ចូល​ខាង​កសិកម្ម​ដ៏​មាន​ឥទ្ធិពល» របស់​ជប៉ុន។

លោក​ Thayer ​និយាយ​ថា ​កិច្ចព្រម​ព្រៀង​ TPP ​មិន​មែន​ត្រឹម​ជា​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​នោះ​ទេ។​

លោក​បាន​ប្រាប់ ​VOA ​ថា៖ «នេះ​មាន​ន័យ​ថា​ ប្រទេស​ទាំង​១១​ ត្រូវ​បាន​គេ​បោះ​បង់​ចោល។ វា​មិន​មែន​ត្រឹម​តែ​ជា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​នោះ​ទេ។​ វា​បាន​រួម​បញ្ចូល​នូវ​សេវាកម្ម ​កម្មសិទ្ធិបញ្ញា​ បញ្ហា​បរិស្ថាន និងបម្រែបម្រួល​អាកាសធាតុ​ផង​ដែរ។ វា​ជា​កិច្ច​ព្រមព្រៀង​មាន​ស្តង់ដា​មួយ​ខ្ពស់ ​ហើយ​ចិន​ក៏​មិន​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ដែរ។ ប្រទេស​ចិន​មិន​អាចមាន​ស្តង់ដា​ដូច្នេះ​ទេ»។

អ្នកស្រី​ Pavida Pananond​ សាស្រ្តាចារ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ធម្មសាធ (Thammasat) នៅ​ប្រទេស​ថៃ​និយាយ​ថា ការ​សម្រេច​ចិត្ត​ដក​ខ្លួនរបស់​អាមេរិក​នឹង​បង្កើត​ឲ្យ​មាន​ក្តីបារម្ភកាន់​តែ​ខ្លាំង​ចំពោះ​ជម្លោះ​ពាណិជ្ជកម្ម​ ជាពិសេស​រវាង​អាមេរិក​ និង​ចិន។ កាសែត​ People's Daily ​របស់​បក្ស​កុម្មុយនិស្ត​ (ចិន) បាន​និយាយ​នៅ​ក្នុង​បទ​វិចារណកថា​របស់​ខ្លួន​ថា ទំនាក់​ទំនង​ចិន​និង​អាមេរិក​ «ខ្លាំង​ណាស់​មិន​អាច​បរាជ័យ​បានទេ»។

អ្នកស្រី ​Pavida ​និយាយ​ថា​ ផល​ប៉ះពាល់​ខ្លាំង​មួយ​គឺ​ទៅ​លើ​តួនាទី​របស់​អាមេរិក​ក្នុង​ការ​ជជែក​ដេញ​ដោល​ក្នុង​ពាណិជ្ជកម្ម​ពិភពលោក។

អ្នក​ស្រី​បាន​ប្រាប់​ VOA ថា៖ «បើសិន​ជា​គ្មាន​កិច្ចព្រម​ព្រៀង ​TPP ទេ​នោះ​ អ្វី​ដែល​អាច​នឹង​កើត​ឡើង​គឺ​ថា តួនាទី​នាំមុខ​របស់​អាមេរិក​ក្នុង​គំនិត​បែប​សេរីនិយម​នៃ​សាកលភាវូបនីយកម្ម និង​ពាណិជ្ជកម្ម​ក្នុង​តំបន់ ​និង​ពហុភាគី​ នឹង​ត្រូវ​ខូច​ក្នុង​នាម​ជា​មេដឹកនាំ​ ហើយ​វា​នឹង​មាន​បញ្ញត្តិ​រួម​សម្រាប់​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ»។

នៅ​ពេល​អាមេរិក​ផ្តោ​លើ​បញ្ហា​ខាង​ក្នុង ចិន​ខំ​ពង្រីក​ខ្លួន​ចេញ​ក្រៅ

លោក​ Leather នៃ​ស្ថាប័ន​ស្រាវជ្រាវ​ Capital Economics ​និយាយ​ថា ​វៀតណាម​ និង​ម៉ាឡេស៊ី​នឹង​ក្លាយ​ជា​ប្រទេស​ទទួល​រង​ផល​ពិបាក​បំផុត​ដោយ​សារ​តែកិច្ចព្រមព្រៀង​ TPP​ មិន​បាន​ចូល​ជា​ធរមាន។

ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​នេះ​កំពុង​ទទួល​បានប្រយោជន៍​ពីពន្ធ​គយ​ទាប​ក្នុង​ការ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អាមេរិក​រួច​ស្រាប់​ហើយ​នោះ ផល​ប្រយោជន៍​ចម្បង​ គឺ​ស្ថិត​នៅ​លើ​ការ​លុប​ចោល​របាំង​ពន្ធគយ បូក​រួម​ទាំង​បញ្ញត្តិ​ស្តី​ពី​ការ​ផ្គត់ផ្គង់​របស់​រដ្ឋាភិបាល ការ​រឹតត្បិត​ការ​វិនិយោគ និង​ការ​ឧបត្ថម្ភ​បដិភាគ​ដោយ​សម្ងាត់។

លោក​ Thayer ​និយាយ​ថា​ វៀតណាម​នឹង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ​ដោយ​សារ​ខ្លួន​ត្រូវ​ការ​ចូល​ទៅ​ក្នុង​ទីផ្សារ​អាមេរិក ​ជា​កន្លែង​ដែល​ខ្លួន​ទទួល​បាន​កំណើនពាណិជ្ជកម្ម​ច្រើន​រហូត​ដល់​ទៅ​៣០​ប៊ីលាន​ដុល្លារ​ (៣០​ពាន់​លាន) បើ​ប្រៀប​ធៀប​ទៅ​នឹង​ឱនភាព​៣២​ប៊ីលាន​ដុល្លារ​ (៣២ពាន់លាន) ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយប្រទេស​ចិន។

លោក​បាន​និយាយ​ថា៖ «សម្រាប់​ករណី​ប្រទេស​វៀតណាម​ វា​អាច​នឹង​ជា​ការ​ខកចិត្ត​យ៉ាង​ខ្លាំង។ ប៉ុន្តែ​សភា​ជាតិ​បានធ្វើ​យ៉ាង​ណា​ដើម្បី​ទុក​មុខ​មាត់​របស់​ខ្លួន​ តាម​រយៈ​ការ​ពន្យារ​ធ្វើ​សច្ចាប័ន​លើ​កិច្ចព្រម​ព្រៀង ​TPP ខណៈ​ដែល​ប្រទេស​ម៉ាឡេស៊ី​ជា​ប្រទេស​ដំបូង​ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង TPP​ នេះ​យ៉ាង​លឿន។ ដូច្នេះ​ ពួក​គេ​នឹង​មាន​ការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ»។​

មន្រ្តី​ម៉ាឡេស៊ី​មក​ពី​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​នា​ពេល​ថ្មីៗ​នេះ​ បាន​ព្រមាន​ថា ​ការងារ​ប្រមាណ​ជា​១លាន​កន្លែង​នឹង​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​កិច្ចព្រមព្រៀង ​TPP។

ក្រុម​មន្រ្តី​និយាយ​ថា ​ម៉ាឡេស៊ី​នឹង​ស្វែង​រក​ឱកាស​ពាណិជ្ជកម្ម​ផ្សេង​ទៀត ​តាម​រយៈ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​(អាស៊ាន) និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អូស្ត្រាលី ​ចិន​ ឥណ្ឌា ជប៉ុន កូរ៉េ​ខាត​ត្បូង និង​នូវែល​សេឡង់។

លោក Triphon Phumiwasana ដែល​ជា​ដៃគូ​ម្នាក់​របស់​ក្រុមហ៊ុន ​Hatton Capital មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​បាងកក​និយាយ​ថា​ ចិន​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ពង្រីក​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោក ​Triphon​ និយាយ​ថា៖ «ចិន​កំពុង​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ពង្រីក​ពាណិជ្ជកម្ម។ ពួក​គេ​នឹង​បន្ត​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍។ នេះ​គឺ​ជា​គុណ​ប្រយោជន៍របស់​ពួក​គេ​ ពីព្រោះ​អាមេរិក​កំពុង​តែ​ផ្តោត​លើ​បញ្ហា​ក្នុង​ស្រុក ​ប៉ុន្តែ​ចិន​កំពុង​ផ្តោត​កិច្ចការ​ខាង​ក្រៅ»។

ស្ថាប័ន​ស្រាវជ្រាវ​ Capital Economics បាន​ឲ្យ​ដឹង​ថា​ ការ​ដក​ខ្លួន​របស់​អាមេរិក​បាន​បើក​ផ្លូវ​ឲ្យ​ចិន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន។ លោក ​Leather ​និយាយ​ថា៖ «ការ​មាន​ចំណង​ទាក់​ទង​កាន់​តែជិត​ស្និទ្ធ​ជាមួយ​ចិន​ មាន​សក្តានុពល​ក្នុង​ការ​បង្កើន​ការ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ទៅ​កាន់​តំបន់​ទាំងអស់​ទូទាំង​អាស៊ី»។

គេ​រំពឹង​ថា​ប្រទេស​ចិន​នឹងចាប់​ផ្តើម​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្នាក់​តំបន់​របស់​ខ្លួន​ ដែល​គេ​ហៅ​ថា ​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ថា្នក់​តំបន់ ​ឬ​កិច្ចព្រម​ព្រៀង RCEP ដែល​គ្រប​ដណ្ដប់​លើបណ្ដា​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន​ រួម​ទាំង​ជប៉ុន ​ឥណ្ឌា​ និង​កូរ៉េ​ ប៉ុន្តែ​មិន​បញ្ចូល​អាមេរិក​នោះ​ទេ។​

លោក​ Leather ​និយាយ​ថា ​ខណៈ​ដែល​ប្រទេសហ្វីលីពីន ​ថៃ ​និង​កូរ៉េ​ អាច​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​កិច្ចព្រមព្រៀង​ RCEP ​នេះ​ ការ​ខាត​បង់​ដោយ​សារ​តែ​ការ​បរាជ័យ​លើ​កិច្ចព្រមព្រៀង ​TPP ​ទំនង​ជា​មិន​អាច​ទូទាត់​ជាមួយ​នឹង​ផល​ចំណេញ​បាន​ពី​កិច្ចព្រមព្រៀង RCEP ​សព្វគ្រប់​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ ប៊ុន​ ប៉េង​ហ៊ុយ

XS
SM
MD
LG