នៅសល់ពេលជាងមួយខែទៀតប៉ុណ្ណោះ លោក ដូណាល់ ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ប៉ុន្តែលោកនៅតែរក្សាភាពស្ងាត់ស្ងៀមអំពីផែនការរបស់លោកសម្រាប់ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ មនុស្សជាច្រើនជឿថា កូរ៉េខាងជើងគឺជាការគំរាមកំហែងសន្ដិសុខដ៏សំខាន់បំផុតមួយដែលសហរដ្ឋអាមេរិកកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។
ខណៈពេលដែលគោលនយោបាយមិនច្បាស់លាល់របស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ដែលទើបតែប្រឡូកចូលក្នុងឆាកនយោបាយថ្មីថ្មោងទៅលើកូរ៉េខាងជើងបានធ្វើអោយប្រទេសកូរ៉េខាងត្បូងនៅមិនស្រួលក្នុងចិត្តនោះ គោលនយោបាយការបរទេសដោយដាក់ «អាមេរិកទីមួយ»របស់លោក ដែលបានស្នើឡើងនៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត កំពុងបង្អាក់សម្ព័ន្ធភាពយោធា និងកិច្ចព្រមព្រៀងនានារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូល។
ក្នុងចំណោមកិច្ចព្រមព្រៀងទាំងនោះគឺមាន របៀបចែករំលែកបន្ទុកហិរញ្ញវត្ថុក្នុងការរក្សាទុកកងទ័ពអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង ការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចមីស៊ីល ឬហៅកាត់ថា THAADដែលជាប្រព័ន្ធការពារប្រឆាំងមីស៊ីលកម្រិតខ្ពស់របស់អាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រគល់ការគ្រប់គ្រងកងកម្លាំងប្រតិបត្តិការរបស់កូរ៉េខាងត្បូងកាលពីសម័យសង្គ្រាម ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីសង្គ្រាមកូរ៉េពីចន្លោះឆ្នាំ ១៩៥០ ដល់ឆ្នាំ១៩៥៣។
ទោះបីជាមានភាពមិនប្រាកដប្រជាជុំវិញសម្ព័ន្ធភាពរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង រដ្ឋាភិបាលក្រុងសេអ៊ូល បន្ទាប់ពីជ័យជម្នះរបស់លោកត្រាំក៏ដោយក៏អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានថ្លែងថា សម្ព័ន្ធមិត្តដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិក និង ប្រទេសកូរ៉េខាងត្បូង នឹងនៅតែរឹងមាំខ្លាំង ហើយគេរំពឹងថានឹងមានដំណើរការដោយរលូនសម្រាប់កិច្ចខិតខំប្រឹងប្រែងទ្វេភាគីដើម្បីប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងដែលបង្កឡើងដោយប្រទេសកូរ៉េខាងជើង។
លោក Thomas Hubbard អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអេមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងដែលបានបម្រើការងារពីឆ្នាំ ២០០១ ដល់ឆ្នាំ២០០៤ បានថ្លែងថា៖«សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកនិង សាធារណរដ្ឋកូរ៉េគឺរឹងមាំខ្លាំងណាស់។ ប្រយោជន៍រួមរបស់យើងនឹងមានកាន់តែច្រើន មិនថាអ្នកណាជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ»។
សម្ព័ន្ធភាពរឹងមាំ
លោក Christopher Hill ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង ក្នុងរដ្ឋបាលរបស់លោក George W.Bush បាននិយាយថា រដ្ឋបាលរបស់លោក ត្រាំ ទំនងជានឹងរក្សានូវទំនាក់ទំនងយោធារឹងមាំជាមួយរដ្ឋាភិបាលក្រុងសេអ៊ូល បើទោះបីជារដ្ឋាភិបាលក្រុងព្យុងយ៉ាងបន្តឆ្ពោះទៅទៅមុខយ៉ាងមុតមាំទៅរកការធ្វើប្រតិបត្តិការអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយក្តី។
លោក Hill បានថ្លែងថា៖ «ខ្ញុំគិតថា ពួកគេនឹងមិនមានបញ្ហានៅក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូងនោះទេ។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង ខ្ញុំគិតថាពួកគេនឹងព្យាយាមដោះស្រាយជាមួយប្រទេសកូរ៉េខាងត្បូង ហើយខ្ញុំគិតថាទស្សនវិស័យផ្នែកសន្តិសុខជាប្រពៃណីខ្លះរបស់ពួកសាធារណរដ្ឋ នឹងកាន់តែមានសភាពខ្លាំងក្លាជាងមុន។ ខ្ញុំគិតថាពួកគេនឹងព្យាយាមរក្សាការទំនាក់ទំនងល្អលើសអ្វីៗផ្សេងទៀត»។
នៅក្នុងដំណាក់កាលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោកប្រធានាធិបតីជាប់ឆ្នោតបានទួញសោកថា សម្ព័ន្ធមិត្តជាច្រើនរបស់សហរដ្ឋអាមេរិកមិនទទួលខុសត្រូវលើបន្ទុកសម្ព័ន្ធភាពឲ្យបានសមរម្យឡើយ ហើយលោកបានជំរុញប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនឲ្យ«ចំណាយបន្ថែមទៀត»សម្រាប់ទាហានអាមេរិកាំងដែលឈរជើងនៅលើទឹកដីរបស់ពួកគេ។
នៅពេលសួរថាតើបញ្ហានៃការចែករំលែកបន្ទុកអាចក្លាយជាចំណុចបង្កឲ្យមានការឈ្លោះប្រកែកគ្នារវាងសម្ព័ន្ធមិត្តទាំងពីរដែរឬយ៉ាងណានោះ លោក Alexander Vershbow ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូងរយៈពេល២ឆ្នាំ បានថ្លែងថា លោកប្រមើមើលថានឹងមានការមិនចុះសម្រុងគ្នាមួយចំនួនទៅលើការចំណាយក្នុងការការពារ ប៉ុន្តែការមិនចុះសម្រុងនោះមិនខ្លាំងក្លារហូតដល់មានការផ្លាស់ប្តូរភាពជាដៃគូដ៏យូរអង្វែងជាមូលដ្ឋានអ្វីនោះទេ។
បេសកជនមួយចំនួនមិនយល់ស្របជាមួយនឹងគំនិតដែលថា រដ្ឋាភិបាលក្រុងសេអ៊ូលមិនបានរួមចំណែកគ្រប់គ្រាន់សម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកនោះទេ។ លោក Hill បានថ្លែងថា៖ «វានឹងបង្ហាញយ៉ាងច្បាស់នៅពេលដែលលោក ត្រាំ យល់អំពីរឿងនេះ និងនៅពេលដែលគាត់ដឹងថា កូរ៉េខាងត្បូងបានផ្តល់ការគាំទ្រសម្រាប់វិស័យការពារជាតិរបស់ខ្លួនដល់កម្រិតណា»។
លោក Hubbard បានយល់ស្របថា៖ «ខ្ញុំគិតថា នេះឆ្លុះបញ្ចាំងពីការយល់ច្រឡំទៅលើកម្រិតបន្ទុកដែលសាធារណរដ្ឋកូរ៉េបានរួមចំណែករួចទៅហើយក្នុងការបង្កើនសន្តិសុខតំបន់ និងការទប់ស្កាត់ការប្រឈមមុខគ្នាជាមួយប្រទេសកូរ៉េខាងជើង»។
ការគំរាមកំហែងរបស់កូរ៉េខាងជើង
បច្ចុប្បន្ននេះ មានកងទ័ពសហរដ្ឋអាមេរិក ប្រហែល ២៨.០០០ នាក់ដែលមានមូលដ្ឋាននៅប្រទេស កូរ៉េខាងត្បូង សម្រាប់ធ្វើសមយុទ្ធយោធារួមដើម្បីទប់ទល់នឹងការកើនឡើងនៃការគំរាមកំហែង ទាំងការគំរាមពិត និងការគំរាមដែលគេដឹងថា បង្កឡើងដោយកូរ៉េខាងជើង។ នៅក្នុងឆ្នាំនេះ ប្រទេសដែលនៅដាច់ពីគេមួយនេះបានសាកល្បងនុយក្លេអ៊ែរចំនួនពីរដង និងបានបាញ់កាំជ្រួចផ្លោងជាង២០គ្រាប់។
លោក Vershbow ដែលបានបម្រើការងារជាអគ្គលេខាធិការរងអង្គការអូតង់ ផងដែរនោះ បានស្នើឲ្យលោក Trumpនិងក្រុមសន្ដិសុខជាតិរបស់លោក បង្កើនការដាក់សម្ពាធដោយផ្ទាល់ទៅលើរដ្ឋាភិបាលកូរ៉េខាងជើង តាមរយៈការដាក់ទណ្ឌកម្មបន្ថែមទៀតដើម្បីនាំប្រទេសនេះត្រឡប់មករកតុចរចាវិញ។
លោក Vershbow បានថ្លែងថា៖ «ខ្ញុំគិតថាពួកគេមិនគួរសម្រេចបោះបង់ចោលជម្រើសទាំងឡាយទាក់ទងទៅនឹងការដាក់កម្លាំងដោយផ្ទាល់នោះទេ។ វាមានសារៈសំខាន់ដើម្បីធ្វើឱ្យច្បាស់ថា ការបន្តភាពរឹងរូសរបស់ពួកគេនឹងនាំឲ្យមានផលវិបាកសម្រាប់ពួកគេ»។
លោក Hill ដែលដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិកសម្រាប់ការចរចារប្រាំមួយភាគីលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងរវាងឆ្នាំ ២០០៥ និងឆ្នាំ២០០៩ កំពុងជាប់គាំង នោះបានសង្កត់បញ្ជាក់អំពីតួនាទីរបស់ប្រទេសចិន។
អតីតប្រេសិតរូបនេះបានថ្លែងថា៖ «ប្រសិនបើមានដំណោះស្រាយណាមួយទៅលើប្រទេសកូរ៉េខាងជើង វានឹងមានជាប់ពាក់ព័ន្ធជាមួយនឹងចិន»។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយដែលលោក Trump និងក្រុមរៀបចំការផ្ទេរតំណែងប្រធានាធិបតីរបស់លោក កំពុងតែមមាញឹកក្នុងការជ្រើសតាំងគណៈរដ្ឋមន្រ្តីរបស់លោក ដែលជាកិច្ចការមួយដែលតម្រូវឲ្យបំពេញមុននឹងលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។ ដោយសារតែអ្នកដែលត្រូវបានតែងតាំង និងអ្នកដែលទំនងជានឹងត្រូវបានជ្រើសរើសភាគច្រើនជាអ្នកជ្រុលនិយមនោះ អ្នកជំនាញកាន់តែច្រើននិយាយថា រដ្ឋបាលរបស់លោកនឹងក្លាយទៅជារដ្ឋបាលមួយដែលទំនងជានឹងប្រកាន់យកជំហរគោលនយោបាយបរទេសកាន់តែតឹងរ៉ឹង៕
ប្រែសម្រួលដោយផនបុប្ផា