ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានជួបប្រជុំជាមួយនឹងឧបនាយករដ្ឋមន្ត្រីចិននៅឯសេតវិមានកាលពីថ្ងៃសុក្រ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។
តំណាងមកពីប្រទេសទាំងពីរបានជួបចរចាគ្នាជាបន្តបន្ទាប់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍នេះ នៅក្រោមភាពមិនច្បាស់លាស់ដែលលោក ត្រាំ បានគំរាមតំឡើងពន្ធគយបន្ថែមទៀតលើទំនិញរបស់ចិនដែលមានទឹកប្រាក់ចំនួន២០០ពាន់លានដុល្លារចាប់ពីថ្ងៃទី១ ខែមីនាខាងមុខ។
លោក ត្រាំ បានជួបប្រជុំជាមួយនឹងឧបនាយករដ្ឋមន្រ្តីចិនលោក Liu He ដែលជាអ្នកចរចាពាណិជ្ជកម្មថ្នាក់កំពូលរបស់ចិន។ ប្រធានាធិបតីចិនលោក Xi Jinping បានតែងតាំងលោក Liu ធ្វើជាបេសកជនពិសេស និងបានផ្តល់អំណាចដល់លោកឲ្យធ្វើការចរចាដោយផ្ទាល់ជាមួយនឹងសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកកំពុងអំពាវនាវដល់ប្រទេសចិនឲ្យធ្វើការផ្លាស់ប្តូរលើចំណុចសំខាន់ៗមួយចំនួនដូចជាបញ្ឈប់ការលួចបច្ចេកវិទ្យាអាមេរិក និងបញ្ឈប់ការជួយឧបត្ថម្ភដែលមិនត្រឹមត្រូវ និងអត្ថប្រយោជន៍ផ្សេងៗទៀតដែលផ្តល់ឲ្យក្រុមហ៊ុននានាគ្រប់គ្រងដោយរដ្ឋ។
ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា ក្រុមអ្នកចរចាមកពីភាគីទាំងពីរបានព្យាយាមបញ្ចប់កិច្ចព្រមព្រៀងលម្អិតចំនួន៦ដែលមានបញ្ជូលបញ្ហាសំខាន់ៗស្ទើរតែទាំងអស់ រួមទាំងការលួចយកបច្ចេកវិទ្យា និងការជួយឧបត្ថម្ភជាដើម។
ការយកពន្ធគយបន្ថែមដែលលោក ត្រាំ បានគំរាមកំហែងនេះនឹងមានផលប៉ះពាល់ ប្រសិនបើភាគីទាំងពីរមិនឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនៅមុនខែមីនា។ លោក ត្រាំ បានបង្ហាញថា លោកអាចពន្យារពេលថ្ងៃចាប់ផ្តើមតំឡើងពន្ធគយនេះ៕