ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វះតម្លាភាព​បាន​នាំ​ឲ្យ​មាន​ការចោទ​ប្រកាន់​ពី​តួកគី​ទៅ​លើ​បញ្ហា​នៅ​តំបន់​ស៊ីនជាំង


បុរស​ម្នាក់​ដែល​និយាយ​ថា ខ្លួន​ជា​លោក Abdurehim Heyit បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហាញ​ដោយ​សារព័ត៌មាន China Radio International ផ្សាយ​ជា​ភាសា​តួកគី កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រទេស​ចិន ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តួកគី​ខុស​ទៅ​លើ​ពាក្យ​ចចាមអារ៉ាម​ពី​ការ​ស្លាប់​របស់​លោក​ Abdurehim Heyit​ ដែល​ជា​កវីនិពន្ធ​ និង​ជាតន្ត្រីករ​ជនជាតិ​ភាគតិច​ Uighur ដ៏​ល្បីល្បាញ​ម្នាក់។​

ប្រទេស​ចិន ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​តួកគី​ខុស​ទៅ​លើ​ពាក្យ​ចចាមអារ៉ាម​ពី​ការ​ស្លាប់​របស់​លោក​ Abdurehim Heyit​ ដែល​ជា​ កវីនិពន្ធ​ និង​ជាតន្ត្រីករ​ជនជាតិ​ភាគតិច ​Uighur ​របស់​ប្រទេសចិន​ដ៏​ល្បីល្បាញ​ម្នាក់ ​បន្ទាប់ពី​មាន​ការ​អះអាង​ដោយផ្ទាល់​ពី​លោក Abdurehim Heyit ​នៅក្នុង​ខ្សែ​អាត់​វីដេអូ​ថតទុក​ជាមុន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​ថា លោក​កំពុងតែ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពីបទ​រំលោភ​បំពាន​ច្បាប់​ប្រទេស​ចិន។

អ្នកវិភាគ​មួយ​ចំនួន​ជឿថា​ អ្វី​ដែល​តួកគី​បាន​លើក​ឡើង​នេះ ​គឺជា​កំហុស​ឆ្គង​ផ្នែក​ការទូត​ដ៏ធ្ងន់ធ្ងរ​មួយ​ ដែល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនងរវាង​ប្រទេស​ចិន​និង តួកគី​នាពេល​ខាង​មុខ។

ប៉ុន្តែ​អ្នកវិភាគ​ផ្សេងទៀត​បាន​លើកឡើង​ថា​ អាជ្ញាធរ​ចិន​មិន​ទាន់​បាន​បង្ហាញ​ហេតុផលណាមួយ​អំពី​ការ​ឃុំខ្លួន​ដែល​ត្រូវចោទ​ប្រកាន់​ថា​ធ្វើតាម​អំពើ​ចិត្ត​ចំពោះ​ជនជាតិ​ភាគតិច​ Uighurs ​ជាង​មួយលាន​នាក់​នៅឯ​ជំរុំ​ដែល​គេ​ហៅ​ថា ​«ជា​ជំរំ​កែប្រែ​ឡើងវិញ»​ ដែល​មាន​ទីតាំង​នៅ​ទូទាំង​ភាគពាយ័ព្យ​នៃ​តំបន់​ស៊ីនជាំង​ (Xinjiang) ប្រទេស​ចិន​នោះ​ទេ។​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​តួកគី​ហៅ​ទង្វើ​នេះ​ថា​ «ជា​មូលហេតុ​ដ៏ធំ​ដែល​នាំ​ឲ្យមាន​ភាព​អាម៉ាស​ដល់​មនុស្ស​ជាតិ»។

លោក ​Arthur Ding ​អ្នក​ស្រាវជ្រាវ​ជំនួយ​នៅឯ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ជាតិ ​ឆឹងឈី ​(Chengchi) ​បាន​និយាយ​ថា៖

«រដ្ឋាភិបាល​តួកគី​ប្រហែលជា​ធ្វើ​ការសន្និដ្ឋាន​ខុស​ពី​ករណី​លោក​ Heyit។​ ប៉ុន្តែ​ជារួម ខ្ញុំ​គិតថា​កម្រិត​នៃ​ការយក​ចិត្តទុក​ដាក់​របស់​ពិភពលោក​ទៅលើ​បញ្ហា​នៅ​តំបន់ ​ស៊ីនជាំង នា​ពេលឥឡូវ​នេះ​ កំពុង​បន្ត​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង»។

លោក ​Heyit​ ដែលជា​តារា​ចម្រៀង​ និង​តន្ត្រីករ​វ័យ​ ៥៧​ឆ្នាំ​មួយរូប​នៃ​ក្រុម​សិល្បះ​មួយ​ក្រុម​នៅតំបន់ ​ស៊ីនជាំង ​ត្រូវបាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ចាប់ខ្លួន​នៅដើមឆ្នាំ​ ២០១៧ ក្រោម​ការចោទ​ប្រកាន់​ថាលោក​ បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ប្រទេស​ចិន។​

ភាពគ្មាន​តម្លាភាព​នៅ​តំបន់ ​ស៊ីនជាំង

លោក ​Michael Clarke ​សាស្ត្រាចារ្យ​ជំនួយ​នៅ​មហាវិទ្យាល័យ​សន្តិសុខ​ជាតិ​នៃ​សកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA​ តាម​រយៈ​សារ​អេឡិចត្រូនិច​ថា ៖

«ការ​ដែល​លោក ​Heyit ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​បន្ទាប់ពីត្រូវបាន​ឃុំខ្លួន​អស់​រយៈ​ពេល២ឆ្នាំ​មក​ហើយ​ គឺជា​ភស្តុតាង​បន្ថែមទៀត​ដែល​បង្ហាញ​ពី​ការ​ឃុំខ្លួន​ក្រៅ​ច្បាប់​បែប​នេះ​ជាច្រើន​ករណី​ទៀត»។

លោក​សាស្ត្រាចារ្យ ​បាន​បន្ថែមទៀត​ថា​ ប្រទេស​ចិន​ត្រូវតែ​ធ្វើ​ការ​បង្ហាញ​ពី​យថាភាព​នៃ​វីដេអូ​របស់ ​លោក ​Heyit ​ហើយ​វីដេអូ​នេះ​បានបង្ហាញ​ឲ្យឃើញ​ថា​ ចិន​កំពុងតែ​ទទូលរង​សម្ពាធ​រិះគន់​ពី​អន្តរជាតិ​ទៅលើ​គោល​នយោបាយ​របស់ខ្លួន​នៅ​តំបន់​ស៊ីនជាំង។

លោក​ Clarke ​និង​លោក ​Ding​ បាន​កត់​សម្គាល់​ថា ​កង្វះ​តម្លាភាព​នៅ​តំបន់​ ស៊ីនជាំង​ដែល​កាន់កាប់​យ៉ាង​តឹងរឹង​ដោយ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ គឺជា​មូលហេតុ​ចម្បង​នៅពី​ក្រោយ​ក្តីបារម្ភ​របស់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ជុំវិញ​ពិភព​លោក​ ទោះបីជា​ពួកគេ​ត្រូវគេ​ធ្វើឲ្យ​មាន​ការយល់​ខុស​ក៏ដោយ។​

ប៉ុន្តែ​ប្រទេសចិន ​ហាក់បី​ដូចជា​មិនមាន​គម្រោង​នឹង​ធ្វើឲ្យ​ស្ថានភាព​នៅតំបន់ ​ស៊ីនជាំង​មាន​តម្លាភាព​ល្អ​ជាងមុន​នោះទេ​ ដូចដែល​ករណីរបស់​លោក​ Heyit ​និង​ការពង្រីក​មណ្ឌល​ឃុំឃាំង​ដាក់ជនជាតិ ​Uighur​ នោះ​បាន​បង្ហាញ​ឲ្យឃើញ​ស្រាប់។

នៅក្នុង​សន្និសីទ​ការសែត​សង្ខេប​នៅ​ថ្ងៃចន្ទ​សប្តាហ៍​មុន ​អ្នកនាំពាក្យ​ក្រសួង​ការ បរទេស​ចិន​ លោកស្រី ​Hua Chunying ​មិន​អើពើ​ចំពោះ​សំណើ​សុំ​សេចក្តី​លម្អិត​អំពី​រឿង​លោក​ Heyit ​របស់​អ្នក​រាយការណ៍​ព័ត៌មាន​ម្នាក់​ ដោយ​ទៅ​ចង្អុល​ដៃ​ម្តង​ហើយម្តង​ទៀត​ដាក់​ប្រទេស​តួកគី​ទៅ​វិញ។

លោកស្រី​បាន​និយាយ​ថា៖

«តួកគី​បាន​ធ្វើការ​ចោទ​ប្រកាន់​ចិន​ដោយ​គ្មាន​ភស្តុតាង​ជាក់លាក់ ​និង​គ្រាន់តែ​ផ្អែក ទៅលើ​ការកុហក​មិន​សម​ហេតុផល​មួយ​ដែលថា​លោក​ Heyit​ បាន​ស្លាប់​ខណៈ​ដែល​លោក​នៅមាន​ជីវិត​នៅឡើយ។​ នេះ​ជា​ទង្វើ​ខុសឆ្គង​និង​គ្មាន​ការ​ទទួល​ខុសត្រូវ​យ៉ាង ខ្លាំង​របស់​តួកគី​ហើយ​យើង​ប្រឆាំង​ជាដាច់ខាត​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ»។

រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នេះ ​ដោយ​បានចេញ​សារ​ព្រមាន​ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​តួកគី។ ​ប្រទេស​តួកគី​ជា​ប្រទេស​ទី៣​បន្ទាប់ពី​ប្រទេស​កាណាដា​ និង​ប្រទេស​ស្វ៊ីស​ដែល​ត្រូវបាន​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ចេញ​សេចក្តី​ព្រមាន​អំពី​ការធ្វើដំណើរ​ទៅដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ណា​ដែលចង់​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស។

កំហុស​ផ្នែក​ការទូត

អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​តួកគី ​លោក​ Hami Aksoy​ មិន​ទាន់បាន​ធ្វើការ​ឆ្លើយ តប​ក្រោយ​ការថ្លែង​សុន្ទរកថា​របស់​ខ្លួន​នៅថ្ងៃសៅរ៍​សប្តាហ៍​មុន​ ដែល​បានអះអាង​ថា តួកគី​បានដឹង​ពី​ការស្លាប់​របស់​លោក​ Heyit ​និង​បាន​ចោទ​ប្រកាន់​ចិន​អំពី​បញ្ហារំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​ជាច្រើន​ ដូចជា​ការ​សាង​សង់​មណ្ឌល​ឃុំខ្លួន​ជនជាតិ​ Uighur​ ជាង​១លាន​នាក់​ដែល​ជា​ជនជាតិ​ភាគតិច​ឥស្លាម​និយាយ​ភាសា​តួកគី​ក្នុង​តំបន់​ ស៊ីនជាំង។

បើ​លោក ​Aksoy ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ខុស​ទៅលើ​រឿង​នេះគឺ​ លោក​បាន​ប្រព្រឹត្ត​នូវ​កំហុស​ឆ្គង​ផ្នែក​ការទូត​ដ៏​ធំ​មួយ ​ពីព្រោះ​លោក​គួរតែ​ធ្វើការ​បញ្ជាក់​ពី​បញ្ហានេះ​ឲ្យបាន​ច្បាស់​លាស់​ជាមួយ​សមភាគី​ចិន​ជាមុនសិន​ មុននឹង​ចេញ​សេចក្តី​ប្រកាស​ដូចនេះ។ នេះបើ​យោង​តាម​សម្តីរបស់​លោក​ Tungrul Keskin​ នាយក​នៃ​មជ្ឍមណ្ឌល​សម្រាប់​អភិបាលកិច្ច​ពិភព​លោក​នៅ​សាកល​វិទ្យាល័យ ​Shanghai។

លោក​ Keskin ​បាន​និយាយ​ជាមួយ​ VOA​ តាមរយៈ​សារ​អេឡិចត្រូនិច​ទៀតថា៖

«ទោះ​បី​ជា​ប្រទេស​តួកគី​មិនពេញចិត្ត​នឹង​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ អាមេរិក​លើ​បញ្ហា​ជនជាតិ​ Kurd ​និង​កំពុង​ស្វែងរក​ដៃគូរ​ពិភពលោក​ថ្មី​ក៏ដោយ​ ក៏តួកគី​មិនគួរ​ចេញ​សេចក្តី​ប្រកាស​ចោទ​ប្រកាន់​ដែល​ផ្អែក​លើ​ព័ត៌មាន​មិនពិត​នោះទេ»។

លោក​និយាយថា ​កំហុស​ការទូត​នេះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ចំណង​មិត្តភាពប្រទេស​តួកគី​ជាមួយ​ប្រទេសចិន​ក្នុងពេល​បច្ចុប្បន្ន​ និង​នាពេល​អនាគត។​ លោក​បន្ថែមថា បញ្ហា​ជនជាតិ ​Uighur ​គឺជា​បញ្ហា​រសើប ​និង​ស្មុគស្មាញ​មួយ ​ដែល​មាន​ស្ថានភាព​ដូច​បញ្ហា​ជនជាតិ​ Kurd ​នៅ​តំបន់​មជ្ឃឹមបូព៌ា​ ពីព្រោះ​មាន​តួអង្គ​ជាច្រើន​ពាក់ព័ន្ធ​នៅក្នុង​រឿងនេះ ​ដូចជា​ ប្រទេសចិន ​តួកគី ​សហរដ្ឋ​អាមេរិក ​និង​ក្រុម​សហគមន៏​ជនជាតិ Uighur ​ខាង​ក្រៅ​ជាដើម។

ដូចនេះ ​លោក​គិតថា​ ប្រទេស​ដែល​សម្បូរ​ទៅដោយ​ប្រជាជន​កាន់​សាសនា​ឥស្លាម​ផ្សេង​ទៀត​ នឹង​មិន​ដើរ​តាម​លំនាំ​របស់​តួកគី​ ក្នុងការ​សម្តែង​ការព្រួយ​បារម្ភ​របស់​ពួកគេ​ទៅលើ​បញ្ហា​ក្នុងតំបន់​ ស៊ីនជាំង​នោះទេ។

លោក​សាស្ត្រាចារ្យ​ Clarke ​បាន​និយាយ​ទៀតថា ​មកដល់​ពេល​ឥឡូវ​នេះ​មាន​ប្រតិកម្ម​ចំនួន​តិចតួច​ប៉ុណ្ណោះ​ពី​សំណាក់​ប្រទេស​កាន់​សាសនា​ឥស្លាមផ្សេងៗ​ ដោយសារ​ប្រទេស​ជាច្រើន​ ជាពិសេស​រដ្ឋ​ដែលនៅ​តំបន់​អាស៊ី​កណ្តាល និង​មជ្ឈឹមបូព៌ា ​បាន​យល់ឃើញ​ថា​ ប្រទេស​ចិន​ជា​ដៃគូរ​សំខាន់​មួយដែល​ពួកគេ​អាចប្រើក្នុងការ​ប្រឆាំង​សហរដ្ឋ​អាមេរិក​ និង​ជា​ប្រភព​សំខាន់​សម្រាប់​ការវិនិយោគ​ក្រោម​គម្រោង​ខ្សែក្រវ៉ាត់​មួយ​ និង​ផ្លូវ​មួយរបស់ចិន ​(China's One​ Belt and​ Road ​Initiative)​។

ប៉ុន្តែ ​លោក​ក៏បាន​បន្តទៀត​ថា៖

«វា​មាន​សញ្ញា​ខ្លះ​ដែល​បង្ហាញ​ថា ​បណ្តា​រដ្ឋ​នៅ​តំបន់​អាស៊ី​កណ្តាល​ ដូចជា​ប្រទេស កាហ្សាក់ស្ថាន​(Kazakhstan)​ ជាដើម​ និង​សាធារណជន​នៅក្នុង​តំបន់​នោះ​ កំពុង​តែ​ធ្វើ​ការរិះគន់​កាន់តែ​ខ្លាំង​ឡើង​ទៅលើ​បញ្ហា​ដែល​កើត​ឡើង​ចំពោះជនជាតិ​ Uighur ​ដោយ​សារតែ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ Kazakhs​ និង​ Kyrgyz ​នៅ​ក្នុង​តំបន់​ស៊ីនជាំង ក៏​ត្រូវបាន​ឃុំខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​នោះ​ផងដែរ»។

អន្តរាគមន៍​ពី​អន្តរជាតិ

ទោះបីជា​យ៉ាងណា​ក៏ដោយ ​លោក​ Keskin​ មិនយល់​ស្រប​ចំពោះ​ការធ្វើ​អន្តរាគមន៍​ពី​អន្តរជាតិ​ទៅលើ​តំបន់​ ស៊ីនជាំង​នោះទេ ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ ទាំង​សហរដ្ឋ​អាមេរិក​និងតួកគី​មិន​ខ្វល់ខ្វាយ​ពី​ស្ថានភាព​ជនជាតិ ​Uighur ​នោះទេ។ ​អ្វីដែល​ពួកគេ​ចង់បាន​ពិតប្រាកដ​នោះ ​គឺ​ប្រើប្រាស់​បញ្ហា​នេះ​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ចិន​ និង​ជា​ប្រយោជន៍​សម្រាប់​ការចរចា​ផ្នែក​នយោបាយ។​ លោក​បាននិយាយ​ថា ​ករណី​នេះ​មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​បញ្ហា​នៅ​ដែនដី​ទីបេ ​និងតៃវ៉ាន់​ដែរ។​

​ប៉ុន្តែ ​អ្នកឃ្លាំ​មើល​ស្ថានភាព​សិទ្ធិមនុស្ស​ជាច្រើនប្រហែលជា​មិន​យល់​ស្រប​នឹង​សម្តី​របស់​លោក​ Keshin ​នោះ​ទេ។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​១៦បាន​អំពាវនាវ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ជា​អន្តរជាតិ​មួយ​ទៅលើ​ករណី​ឃុំខ្លួន​ជនជាតិ​ Uighur ​និង​ប្រជាជន​តួកគី​កាន់​សាសនា​ឥស្លាមដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ស៊ីនជាំង។ ​ជាមួយគ្នា​នេះ​ផងដែរ ពួកគេ​ក៏​បានជំរុញ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ឲ្យ​អនុម័ត​សេចក្តី​សម្រេច​មួយ​ ដើម្បី​បង្កើត​បេសកម្ម​ស្វែងរក​ការពិត​ជា​អន្តរជាតិ​មួយ​ទៅលើ​តំបន់​ ស៊ីនជាំង៕

ប្រែ​សម្រួល​ដោយ ​លី​ វួចនា

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG