ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​និយាយ​ថា​កិច្ច​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន​«‍ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​ប្រសើរ»


ប្រតិភូ​អាមេរិក​ជួប​ជាមួយ​សមភាគី​ចិន​ដើម្បី​ចរចា​ពាណិជ្ជកម្ម​ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៩។
ប្រតិភូ​អាមេរិក​ជួប​ជាមួយ​សមភាគី​ចិន​ដើម្បី​ចរចា​ពាណិជ្ជកម្ម​ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ ​កំពុង​សរសើរ​ពីវឌ្ឍនភាព​ក្នុង​កិច្ច​ចរចា​ពាណិជ្ជកម្ម​ដែល​កំពុង​ធ្វើ​ឡើង​ជាមួយ​ប្រទេស​ចិន ដោយ​ក្រុម​អ្នក​ចរចា​គ្រោង​នឹង​ជួប​គ្នា​នៅ​សប្ដាហ៍​ក្រោយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ពេល​ដែល​ឱសានវាទកាន់​តែ​ខិត​ចូល​មក​ដល់​គឺ​ថ្ងៃ​ទី​១ ខែ​មីនា​ខាង​មុខ​នេះ។

លោក ត្រាំ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «‍កិច្ច​ចរចា​កំពុង​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ។ គ្មាន​នរណា​ដឹង​ថា​តើ​នេះ​មាន​ន័យ​ដូច​ម្ដេច​ទេ ដោយសារបញ្ហា​សំខាន់​គឺ​យើង​ត្រូវ​តែ​សម្រេច​កិច្ចការ​របស់​យើង។ ប៉ុន្តែ​យើង​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ចិន និង​លោក​ប្រធានាធិបតី Xi ដែល​ខ្ញុំ​គោរព​យ៉ាង​ខ្លាំង ​ចំពោះ​ទំនាក់​ទំនង​ដ៏​ល្អ​ដែល​យើង​មាន​ជាមួយ​គ្នា។ ពួក​យើង​កាន់​តែ​ចូល​កៀក​គ្នា​ជាង​ពេល​មុន​នេះ ដោយ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ពិត​ប្រាកដ​មួយ»។

កាល​ពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​ចិន ​លោក ​Xi Jinping ​បាន​ជួប​ជាមួយ​តំណាង​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ខាង​ពាណិជ្ជកម្ម​គឺ​លោក ​Robert Lighthizer ​និង​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក​គឺ​លោក Steven Mnuchin ​ក្នុង​ទីក្រុង​ប៉េកាំង។ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ចិន​ Xinhua ​បាន​រាយការណ៍​ថា លោក​ Xi ​បាន​មាន​ប្រសាសន៍​ថា​ លោក​សង្ឃឹម​ថា ​ភាគី​ទាំង​ពីរ​នឹង​អាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ផ្ដល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ នៅ​ក្នុង​ការ​ចរចា​របស់​ពួក​គេ​មួយ​លើក​ទៀត។

​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា ប្រតិភូ​អាមេរិក​បាន​ផ្ដោត​ទៅ​លើ​បញ្ហា​នានា​ដូចជា​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ដោយ​បង្ខំ កម្មសិទ្ធិ​បញ្ញា ​ចោរកម្ម​តាម​អ៊ីនធឺណិត កសិកម្ម ​សេវាកម្ម​ និង​បញ្ហា​រូបិយប័ណ្ណ៕

XS
SM
MD
LG