រដ្ឋាភិបាលចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានព្យាយាមរារាំងការអភិវឌ្ឍវិស័យទូរគមនាគមន៍របស់ខ្លួន ដោយសារសហរដ្ឋអាមេរិកបានបញ្ជាក់ថា ប្រទេសចិនអាចប្រើឧបករណ៍របស់ខ្លួនដើម្បីតាមដានអតិថិជនបរទេស។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិកកំពុង «ប្រឌិតរឿងដោះសារ» និងកំពុងប្រើប្រាស់នយោបាយដើម្បីគាបសង្កត់ឧស្សាហកម្មរបស់ចិន ដោយលោកហៅទង្វើទាំងនោះថា «គ្មានភាពស្មោះត្រង់ អសីលធម៌ និងគំរាមកំហែងគេឯង»។
សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនសង្ស័យថា រដ្ឋាភិបាលក្រុងប៉េកាំងបានប្រើបណ្ដាញដែលផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ដ៏ធំបំផុតនៅលើពិភពលោក ដើម្បីតាមដានរដ្ឋាភិបាលបរទេស។
កន្លងមក សហរដ្ឋអាមេរិកមិនបានផ្ដល់ភស្តុតាងច្បាស់លាស់ណាមួយដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួននោះទេ ហើយក្រុមហ៊ុន Huawei បានបញ្ជាក់ថា ខ្លួននឹងប្រឆាំងនឹងការទាមទារណាមួយដែលឲ្យរដ្ឋាភិបាលចិនធ្វើរឿងនេះ។
ប៉ុន្តែ នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីសប្ដាហ៍មុន អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានព្រមានបណ្ដាប្រទេសអឺរ៉ុបនានាកុំឲ្យធ្វើព្រងើយកន្តើយចំពោះការគំរាមកំហែងរបស់ចិន នៅពេលដែលបណ្ដាប្រទេសទាំងនោះស្វែងរកក្រុមហ៊ុនណាមួយដើម្បីផលិតបណ្ដាញទូរស័ព្ទចល័ត 5G៕