ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​បង្គាប់​ឲ្យមាន​ការតែង​តាំងមេធាវី​ជាតិ​និង​អន្តរជាតិ​ប្រចាំការ​ពីរនាក់​សម្រាប់​​ខៀវ សំផន


​ខៀវ សំផន​ ​ជា​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​។
​ខៀវ សំផន​ ​ជា​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​។

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប. បាន​បង្គាប់​ឲ្យ​មាន​ការ​តែង​តាំង​មេធាវី​ជាតិ ​និង​អន្តរជាតិ​ប្រចាំការ​ពីរនាក់​សម្រាប់​ជនជាប់​ចោទ​ខៀវ សំផន​ ជំនួស​មេធាវី​ដែល​មិន​ចូល​រួម​សវនាការ​និង​ដំណើរការ​នីតិវិធី​ជាច្រើន​លើក​ក្នុង​សំណុំ​រឿង​០០២ ​វគ្គ២។ ​ពហិការ​នោះ​ធ្វើ​ឲ្យ​តុលាការ​ពន្យារពេល​សវនាការ​ជាង​ពីរ​ខែ​ រហូត​ដល់ខែ​មករា​ឆ្នាំ​ក្រោយ។​

អង្គ​ជំនុំ​ជម្រះសាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​អង្គភាព​ការពារក្តី​តែងតាំង​ មេធាវី​ប្រចាំការ​ជាតិ​ម្នាក់​និង​មេធាវី​ប្រចាំការ​អន្តរជាតិ​ម្នាក់​នេះ​គឺដើម្បី​ធានា​ថា ​សវនាការ​នៅ​ពេល​ខាង​មុខ​នឹង​គ្មាន​ការ​រាំងស្ទះដោយក្រុម​មេធាវី​ជន​ជាប់ចោទ​ខៀវ សំផន​បច្ចុប្បន្ន​នេះ​ទៀត​ទេ។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​កាលពី​ថ្ងៃ​សុក្រ។​ សាលាក្តី​បាន​បញ្ជាក់​ថា ​វិធានការ​កើត​ឡើង​ដោយសារ​ការ​ធ្វើ​ពហិការ​ពីក្រុម​មេធាវី​ជន​ជាប់​ចោទ​ ខៀវ សំផន ​ដែល​ធ្វើ​ឲ្យ​តុលាការ​លើក​ពេល​សវនាការ​ជាង​២​ខែ​ចំពោះ​សំណុំ​រឿង​០០២​វគ្គ​២ ​រហូតទល់​ខែ​មករាឆ្នាំ​២០១៥។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គជំនុំ​ជម្រះ​បាន​បញ្ជាក់​បន្ថែម​ថា៖​

«តួនាទី​របស់​មេធាវី​ប្រចាំការ​គឺត្រូវ​ត្រៀមខ្លួន​និង​ធានា​លទ្ធភាព​ក្នុង​ការ​ទទួល​កិច្ចការ​ការពារ​ ក្តី​ឲ្យ​ខៀវ សំផន​បាន​គ្រប់ពេល​ក្នុង​ករណី​ដែលអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​យល់ឃើញ​ថា​ វា​ជាការ​ចាំបាច់។​ ក្រុម​មេធាវី​ការពារក្តី​ប្រចាំ​ការ​គឺជា​ក្រុម​មេធាវី​ដែល​ឯករាជ្យ​ពីក្រុម​មេធាវី​ការពារក្តី​ បច្ចុប្បន្ន​ ហើយ​ពួក​គាត់​នឹងមិន​ធ្វើការ​ប្រឹក្សា​យោបល់​ឬ​ទទួល​ការ​បង្គាប់​បញ្ជា​ណា​មួយ​ពី​ជន​ជាប់​ចោទ​ខៀវ សំផន​ទេ​ លុះត្រាតែ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បង្គាប់​ឲ្យធ្វើ​ដូច្នោះ។​ ក្រុម​មេធាវី​ ប្រចាំ​ការ​ទាំងនេះ​ត្រូវតែ​ចូលរួម​រាល់​សវនាការ​ទាំងអស់​ក្នុង​សំណុំ​រឿង​០០២​វគ្គ២​ ដើម្បី​ឲ្យ​ពួក​គាត់​បាន​យល់​ដឹងពី​សំណុំ​រឿង​នេះ»។​

លោក​នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម ​បាន​អះអាង​ថា​ ការ​បង្គាប់​ឲ្យមាន​ការតែង​តាំង​មេធាវី​ប្រចាំការ​នេះ​នឹង​លែង​មាន​ការ​រាំងស្ទះ​ដំណើរ​ការ​សវនាការ​សំណុំ​រឿង​០០២​វគ្គ​ ២ ​ទោះ​ជា​មាន​ពហិការ​ក្តី។​

«អញ្ចឹង​ការ​តែងតាំង​នេះ​នឹង​ធានា​ថា ​ដំណើរការ​សវនាការ​នឹង​ប្រព្រឹត្ត​ទៅមុខ​ បើទោះបី​ជា​អវត្ត មាន​របស់​ក្រុម​មេធាវី​ការពារក្តី​លោក​ខៀវ សំផន»។​

តែ​មេធាវី​របស់​លោក​ខៀវ សំផន​ គឺ​លោក​ គង់ សំអុន​ចាត់​ទុក​ថា ​ចំណាត់​ការ​របស់​តុលាការ​នេះ​ គឺ​ជា​រឿង​មិនសមរម្យ​ដល់​កូនក្តី​របស់​លោក។​

«ខ្ញុំ​យល់​ថា ​ការរៀបចំ​របស់​តុលាការ​នៅពេល​នេះ​ វាជាការ​គំរាម​កំហែង​មួយ​ដល់​ការ​ប្រើ​ប្រាស់​សិទ្ធិ​លោក​ខៀវ សំផន ​ជាពិសេស​ គេមើល​ឃើញ​ថា ​ហាក់​ដូច​ជា​ថា ​លោក​ខៀវ សំផន​ហ្នឹង​ចាំតែ​ធ្វើ​មិន​ចូលរួម​ក្នុង​សវនាការ»។​

លោក​បាន​បន្តទៀត​ថា ​ក្រុម​របស់​លោក​នឹង​ចូលរួម​ក្នុង​សវនាការ​ ដោយ​គ្មាន​ការ​ធ្វើ​ឲ្យ​អាក់ ខាន​ដល់​ដំណើរការ​នីតិវិធី​ទេ​ បើសិន​ជា​សិទ្ធិ​កូន​ក្តី​របស់លោក​មិនត្រូវ​បាន​រំលោភ​ ហើយ​មួយ​ វិញ​ទៀត​ តុលាការ​បាន​អនុញ្ញាត​ឲ្យ​ក្រុមលោក​ប្តឹង​ឧទ្ធរណ៍​តាមការ​ណែនាំ​របស់​កូនក្តី​លោក​ ហើយ ​ហើយថ្ងៃទី​២៩ ​ខែធ្នូ​ឆ្នាំ​២០១៤​នឹង​ចប់​ការរៀបចំ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​ហើយ​ដែរ ​គឺមុន​ពេល​តុលាការ​ចាប់ផ្តើម​កាត់ទោស​បន្ត​នៅថ្ងៃទី​៨​ខែ​មករា​ឆ្នាំ​២០១៥។

«ដូច្នេះ​វាអត់មាន​អី​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ថា ​យើង​នឹង​អាច​ធ្វើ​ពហិការ​ចូលរួម​ក្នុង​ប្រការ​ ណា​ដែល​នីតិវិធី​រៀបចំ​ក្នុង​ដំណើរការ​ល្អនោះ​ទេ​ លើក​លែង​តែតុលាការ​បំពាន​សិទ្ធិ​លោក​ខៀវ សំផន ក្នុងករណី​ណា​មួយ​ដែល​អាច​ធ្វើឲ្យ​យើង​ធ្វើ​ពហិការ»។

ឆ្លើយ​តប​ទៅនឹង​ការ​តែងតាំង​មេធាវី​ប្រចាំការ ​លោក​គង់ សំអុន​បាន​អះអាង​ថា ​លោក​ខៀវ សំផន​នឹងមិន​សហការ​ជាមួយ​មេធាវី​ផ្សេង​ណា​ក្រៅតែ​ពីក្រុម​បច្ចុប្បន្ន​នេះ​ទេ។​

ក្រុម​មេធាវី​ជនជាប់​ចោទ​ខៀវ សំផន​បាន​អះអាង​ថា​ ការ​ធ្វើ​កន្លង​មក​គឺ​ដោយសារ​ក្រុម​លោក​រវល់​ក្នុងការ​រៀបចំ​បណ្តឹង​សារទុក្ខ​ទៅ​កាន់​ឧទ្ធរណ៍​ចំពោះ​សំណុំ​រឿង​០០២ ​វគ្គទី​១​ ដែល​កាត់​ទោស​កូនក្តី​លោក​ឲ្យជាប់​គុក​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​ដែល​ក្រុមនេះ​ប្តឹង​បន្ត​នោះ។​ ក្រុម​មេធាវី​លោក​ខៀវ សំផន​ធ្លាប់បាន​អះអាង​ថា ​ទោស​ទណ្ឌ​មួយ​ជីវិត​ក្នុង​សំណុំ​រឿង​០០២ ​វគ្គទី១​នេះ​គឺជារឿង​គ្មាន​ន័យ​ដែលឲ្យ​លោក​ខៀវ សំផន​ត្រូវ​ចូលរួម​ក្នុង​សវនាការ​សំណុំ​រឿង​០០២​ វគ្គទី​២​បន្ត​ទៀត​ទេ។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​កំពុង​បន្ត​ដំណើរការ​កាត់ទោស​ជន​ជាប់​ចោទពីរ​នាក់​នៃ​សំណុំ​ រឿង​០០២ ​វគ្គ​២ ​គឺនួន ​ជា ​បងធំ​ទី២​និង​ខៀវ សំផន​ ​ជា​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ដែលត្រូវ​ស្តី​បន្ទោស​ថា ពាក់ព័ន្ធ​នឹង​ការ​កាប់សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​៧សែន​នាក់​ក្នុង​ចន្លោះឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩៕

XS
SM
MD
LG