អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃច័ន្ទទី២៤ខែវិច្ឆិកានេះបានសម្រេចលុបចោលសវនាការសំណុំរឿង០០២វគ្គទី២ទាំងអស់សម្រាប់ឆ្នាំ២០១៤នេះ។
មូលហេតុនៃការលុបចោលនេះគឺដោយសារក្រុមមេធាវីការពារក្តីជនជាប់ចោទ ខៀវ សំផន បានបន្តធ្វើពហិការរបស់ខ្លួនដោយមិនរាថយ បើទោះជាមានការចាត់វិធានការប្រឆាំងនឹងពួកគេក៏ដោយ។
លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះជាន់ទាបនេះបានប្រកាសនៅក្នុងបន្ទប់សវនាការដែលគ្មានវត្តមានរបស់មេធាវីអតីតប្រមុខរដ្ឋខ្មែរក្រហមថា ការកាត់ក្តីឡើងវិញនឹងត្រូវធ្វើនៅដើមខែមករា។
«នៅពេលនេះកាលបរិច្ឆេទសវនាការដែលអង្គជំនុំជម្រះគ្រោងធ្វើសម្រាប់ឆ្នាំ២០១៤ត្រូវលុបចោលទាំងស្រុង។ កិច្ចដំណើរការវិធីនឹងត្រូវផ្អាករហូតដល់ថ្ងៃទី៨ខែមករាឆ្នាំ២០១៥។»
ការកាត់ទោសលើសំណុំរឿង០០២វគ្គទី២ចាប់ផ្តើមកាលពីថ្ងៃទី១៧ខែតុលា ប៉ុន្តែការកាត់ទោសបានជាប់គាំងរៀងរហូតមកដោយសារការធ្វើពហិការរបស់ក្រុមមេធាវីរបស់ នួន ជា និងមេធាវីរបស់ ខៀវ សំផន។ ខៀវ សំផន បានបង្ហាញវត្តមានក្នុងបន្ទប់កាត់ក្តីនៅថ្ងៃនេះ ប៉ុន្តែ នួន ជា ដែលក្រុមគ្រូពេទ្យគ្រាឡើងរថយន្តសង្គ្រោះនោះបានស្ថិតនៅក្នុងបន្ទប់ផ្នែកខាងក្រោមបន្ទប់សវនាការ។
មេធាវីរបស់ នួន ជា មិនព្រមចូលសវនាការដោយសារតែខ្លួនបានប្តឹងដិតចិត្តសុំបណ្តេញចៅក្រមចំនួនបួនរូបក្នុងអង្គជំនុំជម្រះសាលាដំបូង។ ប៉ុន្តែក្រោយមកមេធាវីរបស់ជនជាប់ចោទបានសម្រេចចូលអង្គុយក្នុងបន្ទប់សវនាការវិញក្រោយពីបណ្តឹងនោះត្រូវទាត់ចោល។
ដោយឡែកក្រុមមេធាវីរបស់ជនជាប់ចោទ ខៀវ សំផន មិនព្រមចូលរួមសវនាការដំណាក់កាលទី២នេះដោយសារតែខ្លួនត្រូវការពេលវេលាសម្រាប់រៀបចំបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី១។ សាលក្រមដែលដាក់ទោសជនជាប់ចោទ នួន ជា និងខៀវ សំផនឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
លោក គង់ សំអុន សហមេធាវីកម្ពុជារបស់ ខៀវ សំផន បានអះអាងថាការរៀបចំបណ្តឹងសារទុក្ខនេះនឹងត្រូវការពេលវេលារហូតដល់ដំណាច់ខែធ្នូឆ្នាំ២០១៤។ ហើយក្រោយពីនោះក្រុមមេធាវីរបស់ខៀវ សំផន នឹងអាចចូលរួមសវនាការក្នុងសំណុំរឿង០០២វគ្គទី២បាន។
លោកចៅក្រមនិល ណុន បានប្រកាសថា តុលាការមិនមានវិធីផ្សេងក្រៅពីរង់ចាំរហូតដល់ក្រុមមេធាវីរបស់ជនជាប់ចោទរៀបចំបណ្តឹងឧទ្ធរណ៍ចប់នោះទេ។
«អង្គជំនុំជម្រះមិនមានវិធីដែលសមស្របផ្សេងក្រៅពីផ្អាកសវនាការលើសំណុំរឿងនេះរហូតដល់ខែមករាឆ្នាំ២០១៥។»
ទោះជាយ៉ាងណាលោកចៅក្រម និល ណុន បានព្រមានថា អង្គជំនុំជម្រះសាលាដំបូងនឹងបញ្ជូនទៅករណីធ្វើពហិការរបស់ក្រុមមេធាវី ខៀវ សំផន នេះកាន់អង្គភាពមានសមត្ថកិច្ចដោយចាត់ទុកថា ការធ្វើពហិការគឺជាកំហុសវិជ្ជាជីវៈ។
លោក ឡុង បញ្ញាវុធ មន្ត្រីគម្រោងនៃអង្គការគម្រោងយុត្តិធម៌នៅកម្ពុជាមានប្រសាសន៍ថា ការផ្អាកសវនាការរបស់អង្គជំនុំជម្រះសាលាដំបូងគឺជាជោគជ័យរបស់ក្រុមការពារក្តីក្នុងការព្យាយាមពន្យារពេលការកាត់ទោស។ ប៉ុន្តែលោកបញ្ញាវុធ មានប្រសាសន៍ថា តាមផ្លូវច្បាប់សាលាដំបូងអាចបញ្ឈប់ក្រុមមេធាវីការពារក្តីខៀវ សំផន ដោយសារការបន្តពហិការថ្ងៃនេះ។
«មេធាវីរបស់គាត់មិនចូលរួម។ តាមផ្លូវច្បាប់តុលាការអាចបញ្ឈប់មេធាវីទាំងបីនាក់ហ្នឹង។ ប៉ុន្តែចៅក្រមក៏ពិចារណា ហើយមេធាវីរបស់ ខៀវ សំផន ក៏ដឹងច្បាស់ហើយថា ប្រសិនបើបញ្ឈប់ពួកគាត់ទាំងបី ហើយរើសមេធាវីថ្មី ប្រហែលជាត្រូវការរយៈពេលពីប្រាំមួយខែ ទៅមួយឆ្នាំដើម្បីឲ្យមេធាវីអាចយល់ដឹងពីសំណុំរឿងបាន។ ដូច្នេះជាផលលំបាកមែនទែនថា តើត្រូវបណ្តេញមេធាវីមិនឲ្យការពារក្តីខៀវ សំផន ឬមួយក៏អត់ធ្មត់តទៅទៀតដើម្បីឲ្យមេធាវីដដែលចូលមកកាត់ក្តីសំណុំរឿង០០២វគ្គ២នៅថ្ងៃទី៨ខែមករា។»
កាលពីថ្ងៃសុក្រទី២១វិច្ឆិកា អង្គជំនុំជម្រះសាលាដំបូងបានសម្រេចតែងតាំងមេធាវីទាំងពីររូបរបស់ជនជាប់ចោទ ខៀវ សំផន គឺលោក គង់ សំអុន លោក Athur Vercken និងលោកស្រី Anta Guisse ជាមេធាវីរបស់តុលាការនិងបង្គាប់ឲ្យមេធាវីទាំងបីរូបចូលសវនាការនៅថ្ងៃច័ន្ទនេះ។ ប៉ុន្តែមេធាវីទាំងបីរូបមិនស្តាប់តាមការបញ្ជានេះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះក្រុមការពារក្តីឲ្យជនជាប់ចោទ ខៀវ សំផន ប្រកាសប្រឆាំងនឹងសេចក្តីសម្រេចខាងលើនេះ«ដាច់ខាត»៕