ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​រតនាគារ​អាមេរិក​និយាយ​សម្រាល​របាយការណ៍​របស់​កាសែត​ Wall Street Journal


រូបឯកសារ៖ លោក Steven Mnuchin រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​អាមេរិក ថ្លែង​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​សេត​វិមាន​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨។

ពួក​មន្រ្តី​ក្រសួង​រតនា​គារ​សហរដ្ឋ​អាមេរិក ​កំពុង​និយាយ​សម្រាល​ពី​របាយការណ៍​របស់​កាសែត ​Wall Street Journal ​ថា ​លោក​ Steven Mnuchin ​រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​កំពុង​គិត​អំពី​ការ​លុប​ចោលពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ខ្លះ​ឬ​ទាំង​អស់​របស់​ចិន។

អ្នកនាំ​ពាក្យ​ក្រសួង​រតនាគារ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា៖ «ទាំង​លោក​រដ្ឋ​មន្រ្តី ​Mnuchin​ ឬ​លោក​ឯកអគ្គរដ្ឋ​ទូត ​Lighthizer​ អ្នក​តំណាង​ពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក ​មិន​បាន​ធ្វើ​អនុសាសន៍​ទៅ​កាន់​នរណា​ម្នាក់​ទាក់​ទិន​នឹង​ពន្ធ​គយ​ឬ ផ្នែក​នានា​នៃ​ការចរ​ចា​ជាមួយ​ចិន។ នេះ​ជា​ដំណើរ​ការ​កំពុង​បន្ត​មាន​ឡើង​ជាមួយ​ចិន​ដែល​មិន​បាន​បញ្ចប់​នៅ​ពេល​ឆាប់ៗ​នេះ​ទេ»។

ផ្សារ​ភាគហ៊ុន​សហរដ្ឋ​អាមេរិក​មាន​តម្លៃ​ខ្ពស់​នៅ​ពេល​បិទ​កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​ទំនង​មក​ពី​ប្រតិកម្ម​នៃ​សេចក្តី​រាយការណ៍​របស់​កាសែត ​Journal ​ថ្វី​បើ​មាន​ការ​បដិសេធ​របស់​ក្រសួង​រតនាគារ​ក៏ដោយ។

លោក ​Liu He ​ឧបនាយក​រដ្ឋ​មន្រ្តី​ចិន ​នឹង​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ចុង​ខែ នេះ​ដើម្បី​ធ្វើ​ការ​ចរចា​បន្ថែម​ទៀត។

ប្រធានា​ធិបតីអាមេរិក​លោក ​ដូណាល់ ​ត្រាំ​ និង​ប្រធានា​ធិបតី​ចិន​លោក ​ស៊ី ​ជីង​ពីង​ បាន​ប្រកាស​ការ​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រយៈ​ពេល​៩០​ថ្ងៃ​កាល​ពី​ខែ​មុន។

​ក៏ប៉ុន្តែ ​ប្រសិន​បើ ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នោះ​មិន​ដំណើរ​ការ​ទេ ​សហរដ្ឋ​អាមេរិក នឹង​បង្កើន​ពន្ធគយ​ពី​១០​ភាគរយ​លើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​ទៅ​ដល់​២៥​ភាគរយ​នៅ​ខែ​មិនា​ខាង​មុខ​នេះ ​ជា​ចំណាត់​ការ​មួយ​ដែល​គ្មាន​ការ​ងឿង​ឆ្ងល់​ឡើយ​ថា ​នឹង​មាន​សង​សឹក​ពី​ប្រទេស​ចិន។

ប្រធានា​ធិបតី​អាមេរិក​លោក ដូណាល់ ​ត្រាំ ​បាន​ត្អូញ​ត្អែ​ជា​យូរ​យា​ណាស់​មក​ហើយ​អំពី​អំពើ​អយុត្តិធម៌​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ​រួម​មាន​ការ​ចោទ​ប្រកាន់​ពី​ការ​លួច​កម្ម សិទ្ធ​បញ្ញា​ហើយ​និង​ការ​ដាក់​គំនាប​ឲ្យ​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​ចែករំ​លែក​បច្ចេកវិទ្យា ​ប្រសិន​បើ ​ក្រុម​ហ៊ុន​អាមេរិក​ទាំង​នោះ​ចង់​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ចិន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG