ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបាន «សន្ទនាតាមទូរស័ព្ទដ៏យូរនិងល្អ»ជាមួយប្រធានាធិបតីចិនលោក Xi Jinping ហើយថា មាន«ការរីកចម្រើនធំធេង»ខាងទំនាក់ទំនងពាណិជ្ជកម្មអាមេរិក-ចិន។
ប្រទេសទាំងពីរបានជាប់ក្នុងសង្គ្រាមពាណិជ្ជកម្មក្នុងឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្មគ្នាទៅវិញទៅមកលើទំនិញដែលមានតម្លៃរាប់ពាន់លានដុល្លារ។
លោក ដូណាល់ ត្រាំ និងលោក Xi Jinping បានជួបគ្នាកាលពីថ្ងៃទី១ ខែធ្នូនិងបានព្រមព្រៀងបញ្ឈប់ការដាក់ទណ្ឌកម្មបន្ថែមទៀត ខណៈភាគីទាំងពីរចរចាកិច្ចព្រមព្រៀងថ្មី។ ប្រតិភូពាណិជ្ជកម្មមកពីប្រទេសទាំងពីរនឹងជួបប្រជុំគ្នានៅខែមករា ប៉ុន្តែកាលបរិច្ឆេទសម្រាប់កិច្ចចរចាមិនទាន់ត្រូវបានផ្សព្វផ្សាយទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា លោក Xi Jinping បានប្រាប់លោកដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ថា លោកចង់ឱ្យទំនាក់ទំនងរវាងអាមេរិកនិងចិនផ្អែកលើ«ការសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងស្ថិរភាព»។
លោក ដូណាល់ ត្រាំ បានត្អូញត្អែរយូរហើយអំពីបញ្ហាឱនភាពពាណិជ្ជកម្មអាមេរិកជាមួយប្រទេសចិន។ សហរដ្ឋអាមេរិកក៏ចង់ឱ្យចិនបង្ក្រាបការលួចយកកម្មសិទ្ធិបញ្ញា និងការធ្វើពាណិជ្ជកម្មអយុត្តិធម៌ផ្សេងទៀតដែរ៕