លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បាននិយាយនៅថ្ងៃអង្គារថា ការសម្លាប់លោក Jamal Khashoggi អ្នកកាសែតអារ៉ាប៊ីសាអូឌីតដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកនោះគឺជាសកម្មភាពគិតទុកជាមុន ហើយថាជនទាំងអស់ដែលជាអ្នកទទួលខុសត្រូវ ដោយមានរួមបញ្ចូលពួកជនទាំងឡាយណាដែលបានបញ្ជាកិច្ចប្រតិបត្តិការនេះគួរត្រូវទទួលទណ្ឌកម្ម។
នៅក្នុងសុន្ទរកថាដែលលោកបានថ្លែងទៅកាន់សភានៃប្រទេស តួកគី
លោក Erdogan បានផ្តល់សេចក្តីលម្អិតអំពីអ្វីដែលបានកើតមានឡើងដោយចាប់ផ្តើមពីថ្ងៃមុនលោក Khashoggi ចូលទៅក្នុងស្ថានកុងស៊ុល អារ៉ាប៊ីសាអូឌីត ក្នុងទីក្រុង Istanbul។ លោកបានថ្លែងថា ភ្នាក់ងារអារ៉ាប៊ីសាអូឌីតជាច្រើនក្រុមបានធ្វើដំណើរតាមយន្តហោះទៅកាន់ក្រុង Istanbul ដើម្បីជួបលោក Khashoggi នៅឯកន្លែងការទូតនេះ ហើយបានដក hard drive ឬឧបករណ៍ផ្ទុកទិន្នន័យពីប្រព័ន្ធឃ្លាំមើលរបស់ស្ថានកុងស៊ុលនេះផងដែរ។
លោក Erdogan បានថ្លែងថាអ្នកស្រី Hatice Cengiz ដែលជាគូដណ្តឹងរបស់លោក Khashoggi បានរង់ចាំនៅខាងក្រៅជាច្រើនម៉ោង នៅមុនពេលអ្នកស្រីទាក់ទងជាមួយអាជ្ញាធរតួកគី ដោយបាននិយាយថាលោក Khashoggi បានត្រូវឃាត់ខ្លួនប្រឆាំងនឹងឆន្ទៈលោក ហើយថាលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់។
ចាប់តាំងពីពេលនោះមក ការស៊ើបអង្កេតមានភាពយឺតយូរ ដោយលោក Erdogan បានលើកឡើងពីកិច្ចការពារខាងការទូតនៅក្នុងស្ថានកុងស៊ុលនេះ។ ក៏ប៉ុន្តែលោកបាននិយាយថា ក្រុមប៉ូលិសតួកគីដឹងយ៉ាងប្រាកដថា លោក Khashoggi មិនបានចាកចេញពីអាគារកុងស៊ុលនេះដោយខ្លួនលោកដូចដែលអារ៉ាប៊ីសាអូឌីត បាននិយាយអះអាងពីដំបូងនោះទេ។
លោក Erdogan បានសង្កត់បញ្ជាក់ពីការតម្រូវឱ្យក្រុមប៉ូលិសនិងក្រុមស៊ើបការសម្ងាត់របស់លោកបើកការស៊ើបអង្កេតមួយឱ្យបានសព្វគ្រប់ ដើម្បីជៀសវៀងការចោទប្រកាន់ខុសលើនរណាម្នាក់និងដើម្បីបំពេញការទទួលខុសត្រូវដល់សហគមន៍អន្តរជាតិផងដែរ។
កាលពីសប្តាហ៍មុន ប្រទេសអារ៉ាប៊ីសាអូឌីតបានសារភាពថា លោកKhashoggi ពិតជាបានស្លាប់នៅក្នុងស្ថានកុងស៊ុល ដោយលើកឡើងថា ដំបូងឡើយ លោកបានស្លាប់បន្ទាប់ពីមានការវាយតប់គ្នាមួយ តែបន្ទាប់មកបានកែប្រែថា លោកបានស្លាប់ដោយសារតែការខ្ទប់ដង្ហើម ដើម្បីរារាំងលោកកុំឱ្យចាកចេញពីអាគារនេះ ទៅសុំឱ្យគេជួយ។
លោក Erdogan បានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសអារ៉ាប៊ីសាអូឌីតបានចាត់វិធានការសំខាន់មួយដោយបានសារភាពថា ការសម្លាប់នេះបានកើតមានមែនពិត ក៏ប៉ុន្តែលោករំពឹងថា ក្រុមមេដឹកនាំនៃប្រទេសនេះត្រូវចាប់ខ្លួនអ្នកដែលជាប់ទាក់ទិននឹងឃាតកម្មនេះមកទទួលខុសត្រូវដល់សកម្មភាពរបស់ពួកគេ មិនថាជនទាំងនោះមានឋានៈអ្វីក៏ដោយ។ លោកបានថ្លែងទៀតថា គេមិនគួរបន្ទោសលើទីភ្នាក់ងារស៊ើបការសម្ងាត់មួយចំនួនប៉ុណ្ណោះទេ ហើយលោកបានស្នើឱ្យមានការកាត់ទោសជនដែលជាប់សង្ស័យពាក់ព័ន្ធនឹងឃាតកម្មនេះធ្វើនៅក្នុងទីក្រុង Istanbul ពីព្រោះលោក Khashoggi បានស្លាប់នៅទីនោះ។
លោក Erdogan បានបញ្ចប់សុន្ទរកថារបស់លោកជាមួយនឹងសំណួរជាច្រើនពាក់ព័ន្ធនឹងរឿងក្តីនេះ រួមបញ្ចូលទាំងកន្លែងដែលលាក់ទុកសាកសពរបស់លោក Khashoggi អ្នកដែលបញ្ជាឲ្យក្រុមអារ៉ាប៊ីសាអូឌីតទៅទីក្រុងអ៊ីស្តង់ប៊ុល ហើយតើមូលហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីតផ្លាស់ប្តូរចម្លើយរបស់ខ្លួនអំពីអ្វីដែលបានកើតមានឡើង។
ការពន្យល់ជាច្រើនបានធ្វើឲ្យសហគមន៍អន្តរជាតិមានការសង្ស័យ ហើយធ្វើឲ្យមានការចោទប្រកាន់ថា ព្រះអង្គម្ចាស់រាជ្ជទាយាទ Mohammed bin Salman របស់ប្រទេសរបស់ប្រទេសអារ៉ាប៊ីសាអូឌីតដែលជាមេដឹកនាំពិតប្រាកដប្រទេសផងដែរនោះគឺជាអ្នកបញ្ជាឲ្យសម្លាប់លោក Khashoggi។
វីដេអូសុវត្ថិភាពថ្មីដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទពីអ៊ីស្តង់ប៊ុលបានបង្ហាញថា ភ្នាក់ងារអារ៉ាប៊ីសាអូឌីតម្នាក់បានពាក់សម្លៀកបំពាក់របស់លោក Khashoggi ហើយបានដើរចេញពីស្ថានកុងស៊ុលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី២ ខែតុលា ដែលហាក់បីដូចជាមានការប៉ុនប៉ងមួយដើម្បីបិទបាំងការសម្លាប់លោក Khashoggi ដោយបង្ហាញថា លោកបានចាកចេញពីស្ថានកុងស៊ុលនោះដោយមានជីវិត។
វីដេអូនោះត្រូវបានថតដោយមន្ត្រីប៉ូលិសតួកគីហើយបានដាក់បង្ហាញកាលពីថ្ងៃច័ន្ទតាមទូរទស្សន៍ CNN។
លោក Khashoggi អាយុ ៥៩ឆ្នាំ បានរស់នៅក្នុងសហរដ្ឋអាមេរិកជាលក្ខណៈនិរទេសខ្លួន ខណៈពេលដែលលោកបានសរសេរព័ត៌មានឲ្យសារព័ត៌មាន The Washington Post ដែលអត្ថបទរបស់លោកបានសរសេររិះគន់ព្រះអង្គម្ចាស់រាជ្ជទាយាទរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតនៅក្នុងជម្លោះក្នុងប្រទេសយេម៉ែន។
នៅមុនសុន្ទរកថារបស់លោក Erdogan លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃច័ន្ទថា លោកមិនពេញចិត្តនឹងអ្វីដែលបានឮនោះទេ ប៉ុន្តែលោករំពឹងថានឹងបានដឹងរឿងច្រើនជាងនេះនៅប៉ុន្មានថ្ងៃខាងមុខទៀត។
លោក ត្រាំ បានថ្លែងថា៖«ខ្ញុំមានក្រុមមនុស្សពូកែមួយក្រុមនៅប្រទេសតួកគីនាពេលនេះ ហើយក្រុមមនុស្សពូកែមួយក្រុមទៀតនៅប្រទេសអារ៉ាប៊ីសាអូឌីត។ យើងនឹងដឹងក្នុងពេលឆាប់ៗខាងមុខនេះ»។
លោក ត្រាំ បានថ្លែងថា ប្រសិនបើគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Khashoggi នោះពួកគេនឹងត្រូវទទួលខុសត្រូវ ប៉ុន្តែលោកក៏ចង់បញ្ជាក់ឲ្យបានច្បាស់ដែរថា លោកមិនមានបំណងចង់ធ្វើអ្វីមួយដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីតផងដែរ។
លោក ត្រាំ បានថ្លែងកាលពីថ្ងៃច័ន្ទថា៖
«ខ្ញុំមិនចង់បាត់បង់ការវិនិយោគទាំងអស់របស់ប្រទេសរបស់យើងនោះទេ»។
ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់អាមេរិកថ្លែងថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោកស្រី Gina Haspel បានចាកចេញពីសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ ទៅកាន់ប្រទេសតួកគី ដើម្បីជួបជាមួយនឹងក្រុមមន្ត្រីនៅទីនោះដែលកំពុងធ្វើការស៊ើបអង្កេតទៅលើការស្លាប់របស់លោក Khashoggi។ រដ្ឋបាលលោក ត្រាំ មិនបានថ្លែងជាសាធារណៈការធ្វើដំណើររបស់លោកស្រីនោះទេ។
នៅក្នុងព្រឹត្តិការណ៍មួយទៀតកាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងរតនាគាររបស់អាមេរិកលោក Steven Mnuchin បានជួបជាមួយនឹងព្រះអង្គម្ចាស់រាជ្ជទាយាតនៅក្នុងរាជធានី Riyadh។ រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសអារ៉ាប៊ីសាអូឌីតបានបង្ហោះរូបថតនៃកិច្ចប្រជុំនេះនៅលើគណនី Twitter របស់ក្រសួងនេះ។ លោក Mnuchin បានលុបចោលគម្រោងរបស់លោកក្នុងការចូលរួមសន្និសីទវិនិយោគរយៈពេល៣ថ្ងៃ ដែលរៀបចំ ឡើងដោយអារ៉ាប៊ីសាអូឌីត ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ប៉ុន្តែលោកបានថ្លែងថា លោកនឹងជួបជាមួយនឹងព្រះអង្គម្ចាស់រាជ្ជទាយាទដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងអំពើភេរវកម្ម៕