សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មឡើងវិញលើឧស្សាហកម្មប្រេង និងវិស័យហិរញ្ញវត្ថុរបស់ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានសន្យាដូច្នេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin គ្រោងនឹងផ្ដល់ព័ត៌មានលំអិតអំពីការដាក់ទណ្ឌកម្មនេះនៅក្នុងសន្និសីទកាសែតពេលព្រឹក។
វិធានការនេះដាក់បម្រាមឡើងវិញលើការទិញប្រេងពីប្រទេសអ៊ីរ៉ង់ ដែលវិស័យប្រេងនេះគឺជាផ្នែកដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចប្រទេសនេះ។ មន្ត្រីរដ្ឋបាលលោក Trump បាននិយាយថា អង្គភាពចំនួន ៨ ទទួលបានការលើកលែងរយៈពេលខ្លីដើម្បីទុកពេលឲ្យពួកគេឈប់នាំចូលប្រេងដែលកំពុងតែដំណើរការបច្ចុប្បន្នទាំងស្រុងពីប្រទេសអ៊ីរ៉ង់។
ទណ្ឌកម្មដែលដាក់ឡើងវិញនេះក៏នឹងផ្ដោតលើធនាគារកណ្ដាល ក៏ដូចជាវិស័យដឹកជញ្ជូនតាមកប៉ាល់ និងការផលិតកប៉ាល់របស់ប្រទេសអ៊ីរ៉ង់ផងដែរ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់នឹងរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយនឹងនៅតែបន្តលក់ប្រេងដដែល។
លោក Trump បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា គោលបំណងនៃការដាក់ទណ្ឌកម្មឡើងវិញនេះគឺដើម្បីបង្ខំឲ្យក្រុមមេដឹកនាំអ៊ីរ៉ង់ជ្រើសរើសវិធីមួយក្នុងចំណោមពីរ គឺថាតើត្រូវលះបង់អ្វីដែលលោកបានហៅថាជា «ឥរិយាបថបំផ្លិចបំផ្លាញ» របស់ប្រទេសអ៊ីរ៉ង់ ឬក៏ត្រូវ «បន្តដំណើរឆ្ពោះទៅកាន់មហន្តរាយសេដ្ឋកិច្ច»។
លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែឧសភាកន្លងទៅនេះ ដោយចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថាបានរំលោភលើកិច្ចព្រមព្រៀងនេះ។ លោកថា អ៊ីរ៉ង់នៅតែបន្តគោលបំណងនុយក្លេអ៊ែរដដែល ហើយការដកទណ្ឌកម្មកន្លងមកបានអនុញ្ញាតឲ្យអ៊ីរ៉ង់មានចំណូលដើម្បីធ្វើសកម្មភាពបំផ្លិចបំផ្លាញនៅតំបន់មជ្ឈិមបូព៌ា៕