ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស ធ្វើការ​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃចន្ទ ក្រោយ​ប្រទេស​កាន់តែ​ច្រើន​ហាម​ការធ្វើ​ដំណើរ​ពី​អង់គ្លេស


រូបឯកសារ៖ យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន British Airways ហោះ​ចេញ​ពី​អាកាស​យានដ្ឋាន Heathrow ក្នុង​ទីក្រុងឡុងដ៍ កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១០។
រូបឯកសារ៖ យន្ដហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន British Airways ហោះ​ចេញ​ពី​អាកាស​យានដ្ឋាន Heathrow ក្នុង​ទីក្រុងឡុងដ៍ កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១០។

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson នឹង​ដឹកនាំ​កិច្ច​ប្រជុំ​មួយ​របស់​គណៈកម្មាធិការ​វិបត្តិ​របស់​ប្រទេស នៅ​ថ្ងៃ​ចន្ទ​នេះ ​ដើម្បី​ដោះស្រាយបញ្ហា​ការ​ធ្វើ​ដំណើរ​ចូល​ និង​ចេញ​ពីចក្រ​ភព​អង់គ្លេស ជា​ពិសេស​ការដឹក​ជញ្ជូន​ទំនិញ។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​អឺរ៉ុប​និង​មជ្ឈិមបូព៌ា បាន​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​តាម​អាកាស​មក​ពី​ចក្រភព​អង់គ្លេស​ ពីព្រោះ​តែព្រួយ​បារម្ភ​អំពីវីរុស​កូរ៉ូណា​ដែល​បាន​វិវត្ត​ទៅ​ជា​ប្រភេទ​ថ្មី​មួយ ដែល​បាន​ឆ្លង​រាលដាលឆាប់​រហ័សជាង​មុន​រហូត​ដល់​៧០%​ ហើយ​ដែល​បាន​ឆ្លង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​នៅ​ខែ​នេះ។

ប្រទេស​បារាំង​ បាន​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ទាំង​អស់​ពី​អង់គ្លេស រួម​ទាំង​ការដឹក​ជញ្ជូន​ទំនិញទាំង​អស់​សម្រាប់​រយៈពេល​៤៨​ម៉ោង ដោយ​ចាប់ផ្តើម​កាលពី​យប់​ថ្ងៃ​អាទិត្យ​ទៅ។ វិធានការ​នេះ​ បានបិទ​ផ្លូវ​ក្រោម​ច្រក​សមុទ្រ​អង់គ្លេស (English Channel) ដែល​មាន​រថយន្ត​ត្រាក់​ឆ្លង​កាត់​រាប់​ពាន់គ្រឿងក្នុង​មួយ​ថ្ងៃៗ ហើយ​កំពង់ផែ​ Dover ក៏​បិទសាឡាងចម្លង​ដែរ។ កំពង់ផែ​ Dover ជា​កំពង់ផែ​ដ៏​មមាញឹកបំផុត​មួយ​របស់អង់គ្លេស​ដែលមានចរាចរណ៍​កើន​ឡើង​មុន​ពេល​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នៅមិន​ដល់​២សប្តាហ៍​ទៀត។

ប្រទេស​អៀរឡង់ អ៊ីតាលី ប៊ែលហ្សិក​និង​ប្រទេស​ហូឡង់ ក៏​បាន​បិទ​ជើង​ហោះហើរ​មកពី​ចក្រភព​អង់គ្លេស​ដែរ ​ដោយ​សារ​ការវិវត្តន៍​នៃ​វីរុស​កូរ៉ូណា​ថ្មី​មួយ​បែប​ទៀត​នេះ។ ប្រទេស​កាណាដា គូវ៉ែត អារ៉ាប់ប៊ីសាអ៊ូឌីត​និង​អ៊ីស្រាអែល ក៏​បាន​បិទ​ជើង​ហោះ​ហើរ​ដែរ។ ប្រទេស​ផ្សេងៗ​ទៀត​ បាន​ពិចារណា​ការហាមឃាត់​ជើង​ហោះហើរ​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ជួប​ពិភាក្សា​គ្នា​អំពី​ការ​ណែនាំ​ចំពោះ​រឿង​នេះ។

ទី​ភ្នាក់ងារ Reuters បាន​រាយការណ៍​ថា ​នៅ​ទ្វីប​អាស៊ី ទី​ក្រុង​ហុងហុង​និងប្រទេស​ឥណ្ឌា​បញ្ជាក់​ថា​ខ្លួន​នឹង​បិទ​ជើង​ហោះហើរ​ពី​ប្រទេស​អង់គ្លេស។

ប្រភេទ​វីរុស​កូរ៉ូណា​ថ្មី​នេះ​ ក៏​បាន​ត្រូវ​គេ​រកឃើញ​នៅ​ខាង​ក្រៅ​ចក្រភព​អង់គ្លេស​ដែរ។ រដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ករណី​នេះ​បាន​ត្រូវ​គេ​រកឃើញ​នៅ​ក្នុង​ទីក្រុង​រ៉ូម។ ហើយ​អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់​ថា គេ​បាន​រកឃើញ​៩ករណី​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក ​មួយ​ករណី​នៅ​ក្នុង​ប្រទេស​ហូល្លង់​ និងមួយ​ករណី​ទៀតនៅ​អូស្ត្រាលី៕

XS
SM
MD
LG