ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Moderna ចាប់ផ្ដើម​ចែកចាយ​នៅ​សហរដ្ឋ​អាមេរិក


រូបភាព​នេះ​បង្ហាញ​ពី​ដប​ថ្នាំ​មួយ​ដប ដែល​ត្រូវ​បាន​ដាក់​នៅ​ជិត​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Moderna។
រូបភាព​នេះ​បង្ហាញ​ពី​ដប​ថ្នាំ​មួយ​ដប ដែល​ត្រូវ​បាន​ដាក់​នៅ​ជិត​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Moderna។

ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Moderna នៅ​សហរដ្ឋ​អាមេរិក បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​មណ្ឌល​ចំនួន​ជាង ៣.៧០០ កន្លែង ត្រូវ​បាន​គេ​គ្រោង​ទុក​ថា​នឹង​ទទួល​បាន​វ៉ាក់សាំង​នេះ ហើយ​នឹង​ចាប់ផ្ដើម​ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ចន្ទ​ស្អែក។

ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម​នឹង​អត្រា​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក ក្រុមហ៊ុន Moderna បាន​ដឹក​ជញ្ជូន​វ៉ាក់សាំង​កូវីដ១៩ ពី​រោងចក្រ​ផលិតកម្ម​របស់​ខ្លួន​ទៅ​កាន់​ឃ្លាំង​នានា​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ចែកចាយ McKesson Corp។

កាល​ពី​ថ្ងៃ​សៅរ៍ វ៉ាក់សាំង​នេះ​ត្រូវ​បាន​គេ​វេច​ខ្ចប់​ដាក់​ក្នុង​ប្រអប់ និង​បញ្ជូន​ចូល​រថយន្ត​ដឹក​ទំនិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ Gustave Perna នៃ​យោធា​សហរដ្ឋ​អាមេរិក នៅ​ក្នុង​សន្និសីទ​កាសែត​មួយ។

លោក Perna បាន​និយាយ​ថា រថយន្ត​ដឹក​វ៉ាក់សាំង​ទាំង​នោះ​នឹង​ចាប់ផ្ដើម​ចេញ​ដំណើរ​នៅ​ថ្ងៃ​អាទិត្យ​នេះ ហើយ​ការ​ចែកចាយ​នឹង​បាន​ទៅ​ដល់​មន្ទីរពេទ្យ​នានា​លឿន​បំផុត​នៅ​ថ្ងៃ​ចន្ទ​ស្អែក។

ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទាំង​នេះ​នឹង​មាន​ការ​ការពារ​ពី​មន្ត្រី​សន្តិសុខ ហើយ​នឹង​ផ្ទុក​នៅ​ក្នុង​ទូ​ទឹកកក​ដែល​មាន​ចាក់​សោ​ត្រឹមត្រូវ។ ក្រុម​ពលរដ្ឋ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ដូចជា​មនុស្ស​វ័យ​ចំណាស់​នៅ​មណ្ឌល​ចាស់​ជរា និង​បុគ្គលិក​សុខាភិបាល នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​នេះ​មុន​គេ។

កាល​ពី​ថ្ងៃ​សុក្រ ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​ក្នុង​គ្រា​បន្ទាន់​នូវ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Moderna នេះ។ នេះ​គឺ​ជា​វ៉ាក់សាំង​លើក​ទី ២ ហើយ ដែល​ទីភ្នាក់ងារ​នេះ​បាន​អនុញ្ញាត​ឲ្យ​ប្រើ។

វ៉ាក់សាំង​កូវីដ១៩ លើក​ទី​មួយ ដែល​ទីភ្នាក់ងារ​នេះ​បាន​អនុញ្ញាត គឺ​វ៉ាក់សាំង​ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​កាល​ពី​ថ្ងៃ​ទី ១១ ខែ​ធ្នូ​កន្លង​ទៅ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG