ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

កម្ពុជាបង្កើន​វិធាន​ការទប់ស្កាត់​ជំងឺ​កូវីដ​១៩ ចំ​ពេល​មាន​ការឆ្លង​ក្នុង​សហគមន៍​នៅ​ប្រទេស​ថៃ


រូបឯកសារ៖ ពលករ​ខ្មែរ​ដឹក​ឥវ៉ាន់​របស់​ពួកគេ​ចេញ​ពី​ប្រទេស​ថៃ នៅ​ឯ​ច្រក​​ព្រំដែន​អន្តរជាតិ​កម្ពុជា​-ថៃ នៅ​ក្រុង​ប៉ោយប៉ែត ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៤។ (AP)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​មក​ក្នុង​សហគមន៍​កម្ពុជា​ ខណៈ​មាន​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ប្រទេស​ថៃ។

បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ មនុស្សជាង​៦០០​នាក់​ដែល​ភាគច្រើន​ជា​ពលករ​ចំណាក​ស្រុក​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា និង​ដែល​ធ្វើការ​នៅ​ក្នុង​ផ្សារ​លក់​អាហារ​សមុទ្រមួយ​ក្នុង​ខេត្ត​សាមុត​ សាខន ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុកជំងឺ​កូវីដ​១៩។ ករណី​ឆ្លង​ថ្មី​នេះ​បាន​កើត​ឡើង​ កាលពី​ថ្ងៃ​អាទិត្យ​ ហើយ​ចំនួន​អ្នក​ឆ្លង​ត្រូវ​គេ​រំពឹង​ថា​ នឹង​បន្ត​កើន​ឡើង​ទៀត។

នៅ​ក្នុង​ខ្សែ​អាត់​សំឡេង​រយៈ​ពេល​ជាង​២០​នាទី​ ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ប្រាប់​អាជ្ញាធរ​នៅ​ខេត្ត​ជាប់​ពំ្រដែន​ប្រទេស​ថៃ ឲ្យ​បង្រួម​ច្រក​ព្រំដែន​ មក​ត្រឹម​បី​ច្រក​ប៉ុណ្ណោះ និង​រៀប​ចំ​វិធានការ​ចត្តាឡីស័ក​ ឬ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា​ ក្នុង​ករណី​មាន​ការ​វិល​ត្រឡប់​របស់ពលករ​ខ្មែរពី​ប្រទេស​ថៃ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ព្រះករុណា​ ខ្ញុំ​ក៏​សុំ​យក​ឱកាស​នេះ​អំពាវនាវ​ចំពោះ​ឪពុក​ម្តាយ​ក្រុម​គ្រួសារ​ ប្តី​សី ប្រពន្ធ​ ឬកូន​ ដែល​មានសាច់​ញាតិ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ គឺ​លើក​ទឹក​ចិត្ត​ ឲ្យ​កូន​ចៅ​ប្តី​សី​បង​ប្អូន​ដែល​កំពុង​ធ្វើ​ការ​នៅ​ទី​នោះ រស់​នៅ​ទី​នោះ​បន្ត​ទៀត​ ដើម្បី​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ រក្សា​ឲ្យ​បាន​នូវ​ការងារ​ធ្វើ​របស់​យើង​នៅ​ទី​នោះ»។

លោក ហ៊ុន សែន បន្ថែម​ថា​ ពលករ​ខ្មែរ​នៅ​ពេល​នេះ​ មិន​គួរ​បម្លាស់​ទី​ទេ​ ដើម្បីបញ្ចៀស​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​នេះ​ មក​ក្នុង​សហគមន៍​ខ្មែរ​តាម​ព្រំដែន។ លោក​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ចង់​ចូល​ទៅ​ប្រទេស​ថៃទាំង​ស្រប​ច្បាប់​ ឬ​ខុស​ច្បាប់​នោះ គួរ​កុំ​ធ្វើ​ដំណើរ​នៅ​ពេល​នេះ។ លោក​ថា​ បើ​សិន​ជា​ចូល​ទៅ​ដោយ​ស្រប​ច្បាប់​ ​ពួកគេ​ក៏​នឹង​ត្រូវថៃឲ្យដាក់​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​១៤​ថ្ងៃ​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «ហើយ​សង្ឃឹម​ថា​បង​ប្អូន​នឹង​បន្ត នៅ​ធ្វើ​ការ​ងារ​នៅ​ទី​នោះ​ ជា​មួយ​នឹង​ប្រជាជន​ថៃ។ ប្រជាជន​ថៃ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដ៏​លំបាក​ ហើយ​រឿង​នេះ​វា​បាន​កើត​ ហើយ​បើ​សិន​យើង​ចល័ត​ ចេញ​ពី​កន្លែង​មួយ​មក​កាន់​កន្លែង​មួយ គឺ​ពិត​ជា​មិន​ល្អ​ទេ។ ដូច្នេះ​សូម​កុំ​អាល​ចូល​មក​ក្នុង​ប្រទេស»។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​សុខាភិបាលបញ្ចេញ​ម៉ាស់​ក្រណាត់​ទៅ​តាម​ច្រក​ព្រំដែន និង​បញ្ជា​ឲ្យបញ្ជូន​រថយន្ត​កងទ័ព​ចំនួន​៧០​គ្រឿង ដើម្បី​ត្រៀម​ដឹក​ជញ្ជូន​ពលករ​ត្រឡប់​មក​ប្រទេស​វិញ​ ក្នុង​ចំនួន​ច្រើនតាម​ច្រក​អន្តរជាតិ​៣​សំខាន់ៗ គឺ​ច្រក​អូរ​ស្មាច់​ ខេត្ត​ឧត្តរ​មាន​ជ័យ​ ច្រក​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ច្រក​ដូង​ខេត្ត​បាត់​ដំបង។

បន្ទាប់​ពី​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​អាជ្ញាធរ​នៃ​ខេត្ត​ជាប់ព្រំដែន​ថៃ​បង្កើន​វិធានការ​បង្ការ រួម​មាន​ការ​វាស់​កម្តៅ​អ្នក​ដំណើរ​ចូល​មក​កម្ពុជា ហើយ​រាល់​អ្នក​ដំណើរ​ចូល​មក​កម្ពុជា​ ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ចំនួន​១៤​ថ្ងៃ​ជា​ចាំបាច់។

ក្រសួង​សុខាភិបាល​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង ពោធិ៍សាត់​ បាត់ដំបង​ បន្ទាយ​មានជ័យ និង​ឧត្តរ​មាន​ជ័យ រៀបចំ​ទី​កន្លែង​ឲ្យ​មាន​គម្លាត​សុវត្ថិភាព​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ ឲ្យ​បាន​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង នៅ​កន្លែង​វាស់កម្តៅ​ កន្លែង​បំពេញ​បែបបទ​ចូល​មក​កម្ពុជា​ ឬ​កន្លែង​រង់ចាំ​យក​វត្ថុ​សំណាក​ជាដើម។

បើ​តាម​ក្រសួង​សុខាភិបាល ខេត្ត​សាមុត​ សាខន​ នឹង​ត្រូវ​បាន​បិទពី​ម៉ោង​១០​យប់​ដល់​ម៉ោង​៥​ទាប​ភ្លឺ​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​មករា​ ឆ្នាំ​២០២១។

វីអូអេ​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​ក្រុម​មន្ត្រី​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​គឺ​លោក​ស្រី ឱ វណ្ណឌីន និង​លោក​ស្រី​ យក់ សម្បត្តិ​ បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក​ ទឹម វរ៉ា​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សម្រប​សម្រួល​សកម្មភាព​សុខភាព ​លើក​ឡើង​ពី​ការ​បារម្ភ​ចំពោះពលរដ្ឋ ​ដែល​ឆ្លង​កាត់​តាម​ច្រក​របៀង​ទៅ​កាន់​ប្រទេស​ថៃ។ លោក​បន្ត​ថា​អាជ្ញាធរ​ត្រូវ​បង្កើន​ការ​ឃ្លាំមើល​សកម្ម​ភាព​នេះ។

លោកប្រាប់​ VOA​ ថា៖ «អាជ្ញាធរ​ហ្នឹង​ត្រូវ​ពង្រឹង​ ពង្រឹង​ឲ្យ​មែន​ទែន។ បាន​ន័យ​ថា​កុំ​ឲ្យ​មាន​អ្នកដែល​ឆ្លង​ទៅ​ឆ្លង​មក​តាម​ច្រក​របៀង​ហ្នឹង​ទីមួយ។ ហើយ​ទីពីរ​អ្នក​ដែល​មក​ហ្នឹង​ ត្រូវ​តែ​មាន​ទិន្នន័យ​អី​គ្រប់​គ្រាន់។ បើ​សិន​ជា​គាត់​ធ្វើ​តេស្ត​ហើយ គាត់​quarantine​(នៅ​ដោយ​ឡែក)​១៤ថ្ងៃ​ហើយ អត់​មាន​ទេ ត្រូវ​មាន​ទិន្នន័យ​ត្រឹម​ត្រូវ។ ពេល​ណា​ដែល​គាត់​ចូល​ទៅ​ផ្ទះ​គាត់​វិញ​ ត្រូវ​តែ​មាន​ទិន្នន័យ​គ្រប់​គ្រាន់​ ហើយ​ឲ្យ​អាជ្ញាធរ​ទំនាក់​ទំនង​មក​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង ដើម្បី​ឲ្យ​គាត់​នៅ​បន្ត​តាម​ដាន​មើល»។

អភិបាល​ខេត្ត​តាម​ព្រំដែន​មួយ​ចំនួន​បញ្ជាក់​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​បង្កើន​វិធាន​ការ​ត្រួត​ពិនិត្យ​ពលរដ្ឋ​ឆ្លង​កាត់​ព្រំដែន និង​យក​ពលរដ្ឋ​ណា​ដែល​ចេញ​មក​ពី​ប្រទេស​ថៃ ឲ្យ​មក​ធ្វើ​ចត្តាឡីស័ក។

លោក​ អ៊ំ រាត្រី ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ​មាន​ប្រសាសន៍​ថា​អាជ្ញាធរ​មិន​បាន​រារាំង​ដំណើរ​ចេញ​ចូលរបស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ប្រទេស​ថៃ​ទេ​ ប៉ុន្តែ​ពួក​គេ​នឹង​ត្រូវ​ស្នើ​ឲ្យ​ធ្វើ​ចត្តាឡីស័ក ​បើ​សិន​ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ថៃ​ ចូល​មក​កម្ពុជា។ លោក​កត់​សម្គាល់​ថា​ក្នុង​មួយ​ថ្ងៃ ​មាន​ពលករជាង​១០០​នាក់​ បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

លោក​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ​អ្វី​ដែល​សម្រាប់​ក្រោយ​ពី​បទ​បញ្ជា​របស់​សម្តេចតេជោ​នេះ​ ក្នុង​នាម​គណៈ​កម្មាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ខេត្ត​ យើង​បាន​រៀបចំ​យក​ពួក​គាត់​ធ្វើ​ចត្តាឡីស័ក​ទាំង​អស់។ អត់​មាន​នរណា​មួយ​អត់​ទេ។...ម៉ោង​នេះ​ យើងគិត​ដល់​ម៉ោង​នេះ​ យើង​បាន​១០០​នាក់។ ១០៨​នាក់​ហើយ។ ហើយ​បូក​សរុប​ទាំងមុន​ ទាំង​ក្រោយ​ដែល​យើង​យក​មក​នោះ​ ៣០០​ជាង​នាក់​ហើយ​ ដែល​យើង​យក​គាត់​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ សម្រាប់​បង​ប្អូន​ពលករ​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ»។

លោក​បន្ថែមថា​ អាជ្ញាធរ​បាន​រៀបចំ​ឲ្យ​មាន​ទីតាំង​សម្រាប់​ធ្វើ​ចត្តាឡី​ស័ក​គ្រប់​ក្រុង ​ស្រុក​ទាំង​អស់​របស់​ខេត្ត​ ហើយ​ថា​ថវិកា​សម្រាប់​ចំណាយ​លើ​ការ​ធ្វើ​ចត្តាឡីស័ក​របស់​ពលរដ្ឋ ​ក៏​ត្រូវ​បាន​ត្រៀម​បម្រុង​ទុក​រួច​ហើយ​ដែរ។

ចំណែក​លោក​ ងួន រតនៈ​ អភិបាល​ខេត្ត​បាត់​ដំបង​ឲ្យ​វីអូអេ​ដឹង​ថាអាជ្ញាធរ​ខេត្ត​របស់​លោក​បាន​ត្រៀម​ស្រុក​ពីរ​ គឺ​ស្រុក​កំរៀង និង​សំពៅលូន សម្រាប់​ជា​ទីតាំង​ធ្វើ​ចត្តាឡីស័ក។ លោក​ថា​អាជ្ញាធរ​ខេត្ត​បាន​សហ​ការ​ជាមួយ​ភាគី​ថៃ ​ឲ្យ​បិទ​ច្រក​របៀង​នានា​ ដើម្បី​បង្វែរ​ទិស​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ឲ្យ​មក​តាម​ច្រក​ដែល​បាន​កំណត់។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​សហការ​ជាមួយ​ថៃ។ យើង​ជូន​ដំណឹង​ឲ្យ​ទៅ​ថៃ​ ហើយ​តាម​ប្រសាសន៍​របស់​សម្តេច[នាយក​រដ្ឋមន្រ្តី ហ៊ុន សែន] សូម​ឲ្យ​ពង្រួញ​ច្រក​សល់​តែ​បី​ហ្នឹង។ មាន​ន័យ​ថា​ នៅ​បាត់​ដំបង​ យើង​មាន​ច្រក​របៀង​ទាំង​ប៉ុន្មាន សូម​ឲ្យ​ថៃ​ហ្នឹង​គាត់​បិទ​ទៅ​ មក​តែ​ច្រក​ដូង​មួយ»។

កាលពី​ថ្ងៃ​អាទិត្យ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ប្រកាស​ថា​លោក​បាន​ទម្លាក់​កញ្ចប់​ថវិកា​ចំនួន​៥០​លាន​រៀល​ឬ​ប្រមាណ​១២.៥០០​ដុល្លារបន្ថែម​លើ​ថវិកា​មាន​ស្រាប់ទៅ​តាម​ខេត្ត​គោល​ដៅ​នីមួយៗ​ដែល​នៅ​ជាប់​ព្រំដែន ​ដើម្បី​ចាត់​ចែង​ការ​ចំណាយ​លើ​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក។

ប្រទេស​កម្ពុជា​បាន​ពើប​ប្រទះ​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ចូល​ក្នុង​សហគមន៍​ជា​លើក​ដំបូង​ កាលពី​ចុង​ខែ​វិច្ឆិកា ដោយ​មនុស្ស​៤១​នាក់​បាន​ឆ្លង។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​អាច​គ្រប់គ្រង​ការ​ឆ្លង​នេះ​បាន​រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែ​ត្រូវ​បន្ត​រឹត​បន្តឹង​ការ​ប្រមូល​ផ្តុំ​ទ្រង់​ទ្រាយ​ធំៗ​នានា៕

XS
SM
MD
LG