ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ថៃ​ ចូលរួម​ជាមួយ​ក្រុមហ៊ុន AstraZeneca ផលិត​វ៉ាក់សាំង​កូវីដ១៩ សម្រាប់​អាស៊ី​អាគ្នេយ៍


រូបឯកសារ៖ រូបថត​ដែល​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នេះ​បង្ហាញ​ពី​ដប​វ៉ាក់សាំង​មួយ​ចំនួន​សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ ដែល​កំពុង​ធ្វើ​តេស្ត​ដោយ​អ្នក​វិទ្យាសាស្ត្រ​ថៃ។

ប្រទេស​ថៃ​និយាយ​ថា​កិច្ចព្រមព្រៀង​របស់​មន្ទីរ​ពិសោធន៍​ក្នុង​តំបន់​ជាមួយ​ក្រុមហ៊ុន ​AstraZeneca​របស់​អង់គ្លេស​នឹង​ធ្វើ​ឱ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ទំនងក្លាយជា​តំបន់ផ្គត់ផ្គង់​វ៉ាក់សាំងក្នុង​តំបន់​ឈានមុខ​គេ​មួយ​ប្រឆាំង​នឹង​កូវីដ១៩​ខណៈ​រដ្ឋាភិបាល​នានា​កំពុង​ខិតខំ​បម្រុង​វ៉ាក់សាំង​ទុក។​

លោក ​Nakorn Premsri​ នាយក​វិទ្យាស្ថាន​ជាតិវ៉ាក់សាំងរបស់​ប្រទេស​ថៃ​បាន​និយាយ​ថា​ ក្រុមហ៊ុន​ Siam Bioscience ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​បាន​ចុះ​ហត្ថលេខាលើ​លិខិត​សម្តែង​បំណងជាមួយ​ក្រុមហ៊ុន ​AstraZeneca​ កាលពីចុង​ខែ​មុន​ដើម្បី​ផលិត​វ៉ាក់សាំង​កូវីដ១៩​ឈ្មោះ​AZD1222​របស់​ក្រុមហ៊ុនឱសថអង់គ្លេស​ចំនួន​២០០​លាន​ដូស។​

ក្រសួង​សុខាភិបាល​សាធារណៈ នៃ​ប្រទេស​ថៃ​និង​ក្រុមហ៊ុន​ SCG ​ក្នុង​ស្រុក​ដែល​មាន​ផ្នែក​វេចខ្ចប់​និង​ផ្នែក​គីមី​ក៏​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ដែរ។​ លោក​ Nakorn ​បាន​និយាយ​ថា​ ថ្នាំ​ទាំងនេះភាគច្រើន​នឹង​ត្រូវនាំ​ចេញ​ទៅ​បរទេស។​ លោក​បាន​ប្រាប់ ​VOA ​ថា​៖ «ប្រទេស​ថៃ​នឹង​រក្សាទុកតែ​២៦​លានដូស​ប៉ុណ្ណោះ។​ យើង​អាច​ស្នើសុំ​បន្ថែម​ទៀត​ ប៉ុន្តែ​វា​មិនច្រើន​ទេ​ ដូច្នេះ​ប្រហែល​ជាជាង​ពាក់​កណ្តាល​នៃវ៉ាក់សាំង​ចំនួន២០០​លាន​ដូសនោះ​អាច​ត្រូវ​បាន​នាំ​ចេញ»។

លោក​បន្តដោយសម្តៅ​ទៅ​ប្រទេស​សមាជិកទាំង​១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ថា៖ «វា​នៅ​នៅ​ក្នុង​លិខិត​សម្តែង​បំណងដែល​យើង​ធ្វើ​ជាមួយ​ក្រុមហ៊ុន​ Siam Bioscience ក្រុមហ៊ុន ​AstraZeneca​ ក្រសួង​សុខាភិបាល​សាធារណៈ នៃ​ប្រទេស​ថៃ​និង​ក្រុមហ៊ុន​ SCG ដែល​បញ្ជាក់​ថា​វ៉ាក់សាំង​ទាំង​នោះ​នឹង​ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​តំបន់​អាស៊ាន។» នៅក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​មក​វីអូអេ​ ការិយាល័យ​ក្រុមហ៊ុន​AstraZeneca​ នៅ​ប្រទេស​ថៃ​បញ្ជាក់​អំពី​ផែនការ​ដ៏ទូលំទូលាយ​របស់​ខ្លួន។

សេចក្តី​ថ្លែងការណ៍​នេះ​ថា៖​ «ក្រសួង​សុខាភិបាល ​ក្រុមហ៊ុន​ SCG ក្រុមហ៊ុន Siam Bioscience ​និង​AstraZeneca មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា​គឺ​ការទទួលបាន​វ៉ាក់សាំង​កូវីដ១៩​មាន​ប្រសិទ្ធភាព ​ស្មើៗគ្នា​ ទូលំទូលាយ និង​ទាន់ពេល​វេលា​នៅ​ក្នុង​ប្រទេស​ថៃ​និង​តំបន់​អាស៊ី​អាគ្នេយ៍។ ​ក្រុមហ៊ុន​ AstraZeneca ​សហការ​ជា​មួយ​ក្រុមហ៊ុន​ Siam Bioscience ​តាម​រយៈ​ការផ្ទេរ​បច្ចេកវិទ្យា​ពង្រីក​សមត្ថភាព​ផលិត​ថ្នាំ​AZD1222​ជា​សកល»។​

វ៉ាក់សាំង​របស់​ក្រុមហ៊ុន​AstraZeneca​ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហការជាមួយ​សាកល​វិទ្យាល័យ​ Oxford ​របស់​ចក្រភព​អង់គ្លេស​នៅ​រង់ចាំ​ការយល់ព្រម​ពី​អង់គ្លេស​នៅឡើយ។​ ក្រុម​មន្រ្តី​នៅទីនោះ​និយាយ​ថា​ ក្រុម​និយ័តករ​អាច​សម្រេច​ចិត្តនៅដើម​ខែ​មករា។​

រូបឯកសារ៖ ដប​ថ្នាំ​ចំនួន ៤ ដែល​មាន​បិទស្លាក​សញ្ញា​ថា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​ថត​នៅ​ពី​មុខ​ស្លាក​សញ្ញា​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca។
រូបឯកសារ៖ ដប​ថ្នាំ​ចំនួន ៤ ដែល​មាន​បិទស្លាក​សញ្ញា​ថា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​ថត​នៅ​ពី​មុខ​ស្លាក​សញ្ញា​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca។

ស្ថិត​ក្នុង​ការ​ពិចារណា

លោកNakorn បាន​និយាយ​ថា​ក្រុម​ហ៊ុន AstraZeneca បាន​ចាប់​ផ្តើម​ចែក​រំលែក​បច្ចេកវិទ្យា​ដែល​ក្រុម​ហ៊ុន Siam Bioscience នឹង​ត្រូវការ​ដើម្បី​ផលិត​វ៉ាក់សាំងរបស់​ខ្លួន ​ហើយ​ដំណើរការ​ផលិត​អាច​ចាប់​ផ្តើម​នៅ​ត្រីមាស​ទីពីរ​ឆ្នាំក្រោយ។ បើសិន​ជា​អ្វី​ៗ​ដំណើរ​ការ​ល្អ ​លោក​និយាយ​ថា ​ការ​ចាក់​វ៉ាក់សាំង​ការពារ​អាច​ចាប់​ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ។

ដោយសារ​អ្នក​ដែលទទួល​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន AstraZeneca នឹង​ត្រូវ​ការ​ពីរ​ដូស​ម្នាក់​ វ៉ាក់សាំង​ចំនួន​២៦លាន​ដូស​ដែល​ប្រទេស​ថៃ​ទទួល​បាន​នោះ​នឹង​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​១៣​លាន​នាក់ គឺ​ប្រហែល១ភាគ​៥​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេស​។ លោក Nakorn បាន​និយាយ​ទៀត​ថា ​តើ​ចំនួន​ដូស​ដែល​នៅ​សល់​នឹង​ត្រូវ​ចែក​ទៅ​តាម​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ ដែល​ជា​តំបន់​មួយមាន​មនុស្ស​ជាង​៦៥០​លាន​នាក់​រស់នៅ​យ៉ាង​ដូចម្តេច​នោះ​ គឺ​នឹង​ត្រូវ​សម្រេច​តាម​ក្រុម​ហ៊ុន​អង់គ្លេស​មួយ​នេះ។

ប្រទេស​អាស៊ាន​មួយ​ចំនួន​ផ្សេង​ទៀត​ ក្រៅ​ពី​ប្រទេស​ថៃ បាន​ប្រកាសរួច​ហើយ​ពី​ផែន​ការ​ដើម្បី​ទទួល​វ៉ាក់សាំង​ពី​ក្រុមហ៊ុន AstraZeneca ​ប៉ុន្តែ​វា​មិនទាន់​ច្បាស់​នៅ​ឡើយ​ថា​តើ​នឹង​មាន​វ៉ាក់សាំង​ប៉ុន្មាន​ដូស​ដែល​នឹង​មក​ដល់​តាមរយៈ​ក្រុមហ៊ុនSiam Bioscience។ ​

ការិយាល័យ​ក្រុមហ៊ុនAstraZeneca ​ប្រចាំ​ប្រទេស​ថៃ​បដិសេធ​ការ​ស្នើ​សុំ​សម្ភាសន៍​របស់​វីអូអេ។

ករណី​ឆ្លង​ជំងឺ​កូវីដ​១៩នៅ​តំបន់​អាស៊ី​មានស្ថានភាព​ផ្សេងៗ​គ្នា​។ ទោះ​បី​ជា​មាន​ការ​រាយការណ៍​ករណី​ឆ្លង​ដំបូង​គេ​នៅ​ខាងក្រៅ​ប្រទេស​ចិន ​កាល​ពី​ពាក់កណ្តាល​ខែ​មករា ​ប្រទេស​ថៃ​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺរាតត្បាត​នេះ​បាន ​ដោយសារ​ការ​ត្រួតពិនិត្យ​ព្រំដែន​តឹងរ៉ឹង ​ដោយ​មក​ដល់​ពេល​នេះ​មាន​ករណី​ឆ្លង​សរុប​៤,២៨១ ករណី​និង​មាន​អ្នកស្លាប់​ចំនួន៦០នាក់។ ទាំង​ប្រទេស​ឡាវ​កម្ពុជា និង​ប្រទេស​ប៊្រុយណេ​បាន​រាយការណ៍​ករណី​ឆ្លង​ក្រោម​១,០០០​ករណី​នៅ​ក្នុង​ប្រទេស​នីមួយៗ។​

ប្រទេស​ផ្សេង​ទៀត​មាន​ផលប៉ះពាល់​អាក្រក់​ជាង​នេះ។ ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី បាន​កត់ត្រា​ករណី​ឆ្លង​ពី​ជាង៤៥០,០០០​ករណី​និង​៦៤០,០០០​ករណី​ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ប្រទេស​ម៉ាឡេស៊ី​និង​មីយ៉ាន់ម៉ា កំពុង​ស្ថិត​ក្នុង​រលក​នៃ​ការ​ឆ្លង​ដ៏​អាក្រក់​បំផុត​ដែល​មាន​ករណី​ថ្មី​ច្រើន​ជាង​១,០០០​ករណី​ក្នុង​មួយ​ថ្ងៃ។

ទោះ​យ៉ាង​ណា ប្រទេស​នានា​ក្នុង​តំបន់​មិន​បាន​រង់ចាំ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​វ៉ាក់សាំងពី ក្រុមហ៊ុនAstraZeneca-Siam Bioscience ​តែ​មួយ​នោះ​ទេ។

ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​ពី​ផែនការ​ឬកិច្ច​ព្រមព្រៀង​ដើម្បី​ទទួល​វ៉ាក់សាំង​ពីអ្នក​ផ្គត់ផ្គង់​ជាច្រើន​ទៀត​ រួម​មាន ក្រុម​ហ៊ុន​ឱសថ​នាំ​មុខ​របស់​សហរដ្ឋ​អាមេរិក​គឺក្រុមហ៊ុន Moderna និង Pfizer​ផងដែរ​ ដែល​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩ ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន។ ប្រទេស​មួយ​ចំនួន​ទៀត​និយាយ​ថា​ពួកគេ​គ្រោង​នឹង​ទិញ​វ៉ាក់សាំង​ ពី ​ប្រទេស​ចិន​និង​រុស្ស៊ី​ផង​ដែរ។

ប្រទេស​អាស៊ាន​ចំនួន​៦​ក៏​បាន​ចុះ​ឈ្មោះ​ជាមួយ​ កម្មវិធី​COVAX ដែល​ជា​ផែន​ការ​សកល​មួយ​ដឹក​នាំ​រួម​គ្នា​ដោយ​អង្គការ​សុខភាព​ពិភពលោកសម្រាប់​ប្រទេស​អ្នក​មាន ​ជួយ​ទិញ​វ៉ាក់សាំង​ជំងឺកូវីដ១៩​ឲ្យ​ប្រទេស​ក្រីក្រ​បំផុត។

គុណវិបត្តិ​និង​គុណសម្បត្តិ

លោក Khor Swee Kheng ​អ្នក​ជំនាញ​សុខភាព​សកល​និងជា​ទីប្រឹក្សា​ឯករាជ្យ​នៃ​អង្គការ​សុខភាព​ពិភពលោក​WHO ក្នុង​ប្រទេស​ម៉ាឡេស៊ី​និយាយ​ថា​ផែនការ​របស់​ក្រុម​ហ៊ុន AstraZeneca ក្នុង​ការ​ដាក់ ​ប្រទេស​ថៃ​ជា​ប្រទេស​សម្រាប់​ផលិត​វ៉ាក់សាំង​ក្នុង​តំបន់​នោះ​គឺ​ជា​ប្រយោជន៍​មួយ​សម្រាប់​ប្រទេស​ជិតខាង។ ​

លោក​និយាយ​បន្ថែម​ថា​ ជាមួយ​កិច្ចព្រមព្រៀង​នេះ​ «អាស៊ី​អាគ្នេយ៍​នឹង​មាន​ការ​ធានា​ខ្ពស់​ជាង​មុន​ក្នុង​ការប្រកួតប្រជែង​ជា​សកល​នៃ​ការផ្គត់ផ្គង់ ​វ៉ាក់សាំង ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​នាំមុខ​ដោយ​បណ្តា​ប្រទេស​អ្នក​មាន។»

ហើយ«ទីពីរ​ ទីតាំង​ផលិត​ដែល​នៅ​ជិត​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ។ ទីបី​ការរៀប​ចំនេះ​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អាស៊ីអាគ្នេយ៍​ផ្សេង​ទៀត​ក្នុង​ការផលិត​និង​ស្តុក​វ៉ាក់សាំង​ក្នុង​តំបន់។

វ៉ាក់សាំង​ជំងឺកូវីដ១៩​របស់​ក្រុមហ៊ុន AstraZenec ក៏​មាន​គុណសម្បត្តិ​មួយដែល​អាច​រក្សា​ទុក​ក្នុង​ទូរទឹកកក​ស្តង់ដារ​មួយ​បាន​រហូត​ដល់​៦ខែ។ បើ​ធៀប​ជាមួយ​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន Moderna អាច​ទុក​បាន​១ខែ​និងក្រុម​ហ៊ុន Pfizer បាន​តែ​ប៉ុន្មាន​ថ្ងៃប៉ុ​ណ្ណោះ។ វ៉ាក់សាំង​របស់ ​ក្រុមហ៊ុនPfizer តម្រូវ​ឲ្យ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់ខ្លាំង​រហូត​ដល់​ដក​៧០​អង្សារសេ។​

ខណៈ​ប្រទេស​នានា​កំពុង​រក​ទិញ​វ៉ាក់សាំង លោក Khor បាន​និយាយ​ថា​ការណ៍​នេះ​បាន​ផ្តល់​អាទិភាព​ឲ្យ​វ៉ាក់សាំង AZD1222 ​សម្រាប់​បណ្តា​ប្រទេស​ត្រូពិក និង​ប្រទេស​ដែល​កន្លែង​ស្តុក​ត្រជាក់​នៅ​មាន​កម្រិត​ប៉ុន្តែ​លោក​និយាយ​បន្ថែម​ថា​រដ្ឋាភិបាល​នឹង​ត្រូវ​ថ្លឹងថ្លែង​ពី​សុវត្ថិភាព ​ប្រសិទ្ធិភាព ភាព​វ៉ាក់សាំង​ដែល​មាន​លក់​នៅ​ទីផ្សារ និង​តម្លៃ​របស់​វ៉ាក់សាំង។

ការ​រក​ដៃ​គូ​ផលិត​ក៏​ជា​ឧបសគ្គ ​ផងដែរ។ លោក Khor និយាយ​បន្ត​ថា៖ «ការ​អនុម័ត​ពី​និយតករ​សម្រាប់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Siam Bioscience គឺ​ពឹង​លើ​កត្តា​មួយ​ចំនួន»។

«ទីមួយ តើ​ដំណើរការ​ផលិត​អ្វី​ខ្លះ ​ត្រូវ​ធ្វើ​នៅ​ប្រទេស​ថៃ​នៅ​ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​ Siam Bioscience ​បើ​ធៀប​នឹង​ក្រុមហ៊ុន​AstraZeneca? ទីពីរ​ តើ​ មាន​ការផ្ទេរ​បច្ចេកវិទ្យា​និង​ការ​ផ្ទេរ​កម្មសិទ្ធិ​ក្នុង​កម្រិត​ណា​រវាង ក្រុមហ៊ុន​ Siam Bioscience និង​ក្រុមហ៊ុន​ AstraZeneca? ព័ត៌មាន​ទាំងនេះ​មិនទាន់មាន​ជាសាធារណៈ​នៅ​ឡើយ​ទេ»។​

បើសិន​ជា​ក្រុមហ៊ុន Siam Bioscience ទទួល​បន្ទុក​នេះ​ច្រើន ស្ថាប័ន​បទបញ្ញត្តិ​អាច​នឹង​ទទូច​ឲ្យ​មាន​ការ​ទទួល​ស្គាល់​មិន​ត្រឹម​តែ​ការងារ​របស់​ក្រុម​ហ៊ុន AstraZeneca ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ដល់ការ​រួម​ចំណែក​របស់ដៃគូ​ថៃ​ផង​ដែរ៕​

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG