លោកឧត្តមសេនីយ៍កំពូលសហរដ្ឋអាមេរិក និងលោករដ្ឋមន្រ្តីការពារប្រទេសជប៉ុនបានព្រមព្រៀងគ្នាដើម្បីធ្វើការជាមួយគ្នាដើម្បីពង្រឹងប្រព័ន្ធការពារកាំជ្រួចមីស៊ីលនៅពេលដែលរដ្ឋាភិបាលក្រុងតូក្យូបានប្រកាសថា ពួកគេនឹងបង្ហាញនូវប្រព័ន្ធកាំជ្រួច Aegis Ashore ដែលតាំងនៅលើដីដើម្បីបន្ថែមការការពារប្រឆាំងនឹងការគំរាមកំហែងដោយកាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង។
លោកឧត្តមសេនីយ៍ Joe Dunford នាយអគ្គសេនាធិការចម្រុះបានប្រាប់ក្រុមអ្នកយកព័ត៌មានដ៏តូចមួយនៅក្នុងទីក្រុងតូក្យូថា ជំនួបរបស់លោកជាមួយឧត្តមនាវី ឯក Katsutoshi Kawano និងនាយករដ្ឋមន្រ្តី Shinzo Abe បានបញ្ជាក់ឡើងវិញនូវការទាក់ទងដ៏អស្ចារ្សរវាងយោធាសហរដ្ឋអាមេរិកនិងជប៉ុន។
លោកឧត្តមសេនីយ៍ Dunford បានអញ្ជើញទៅបំពេញទស្សនកិច្ចប្រទេសជប៉ុនបន្ទាប់ពីការចរចាជាមួយពួកមេដឹកនាំចិននៅក្នុងទីក្រុងប៉េកាំងហើយនិងមេដឹកនាំកូរ៉េខាងត្បូងនៅក្នុងទីក្រុងសេអ៊ូលនៅដើមសប្តាហ៍នេះ។ លោកឧត្តមសេនីយ៍មានប្រសាសន៍ទៀតថា លោកបានស្នើរផ្តល់ឲ្យលោកនាយករដ្ឋមន្រ្តីជប៉ុន Abe នូវទស្សនៈវិស័យខ្លះដើម្បីជ្រើសរើសក្នុងអំឡុងនៃទស្សនកិច្ចរបស់លោកនៅក្នុងទីក្រុងប៉េកាំង ខណៈនោះដែរក៏ផ្តោតលើបញ្ហាប្រទេសកូរ៉េខាងជើងហើយនិងកិច្ចខំប្រឹងប្រែងត្រីភាគីគឺយោធាសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងដែលចាំបាច់ធ្វើការដោះស្រាយការគម្រាមកំហែងនេះ។
លោកឧត្តមសេនីយ៍ Dunford បានពន្យល់ថា៖ «ខ្ញុំគិតថា ការណ៍នេះមានសារៈសំខាន់ដល់សម្ព័ន្ធមិត្តនិងមិត្តភ័ក្រ្តរបស់យើងដែលបានបង្ហាញនូវតម្លាភាព ដូច្នេះ ខ្ញុំចង់ឲ្យលោក អ្នកដឹងពីលក្ខណៈនៃការសន្ទនានៅក្នុងប្រទេសចិន»។
កាំជ្រួច Aegis Ashore នឹងផ្តល់នូវប្រព័ន្ធការពារកាំជ្រួចមីស៊ីលបាញ់ពីដីទៅអាកាសបន្ថែមនៅ សម្រាប់ប្រទេសជប៉ុនដែលសម្បូរទៅដោយកោះនោះ៕