ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ព្រមាន​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាង​ជើង


លោក​នាយករដ្ឋ​មន្ត្រី Shinzo Abe (រូប​កណ្តាល​ខាង​មុខ) ថត​រូប​ជាមួយ​នឹង​គណៈរដ្ឋមន្ត្រី​របស់​លោក​នៅ​ក្នុង​វិមាន​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​ក្រុង​តូក្យូ​ កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧។
លោក​នាយករដ្ឋ​មន្ត្រី Shinzo Abe (រូប​កណ្តាល​ខាង​មុខ) ថត​រូប​ជាមួយ​នឹង​គណៈរដ្ឋមន្ត្រី​របស់​លោក​នៅ​ក្នុង​វិមាន​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​ក្រុង​តូក្យូ​ កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ដ៏​ខ្លាំងក្លា​របស់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅតែ​បន្ត​ធ្វើ​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល និង​នុយក្លេអ៊ែរ​ជា​បន្តបន្ទាប់ ដោយ​មិន​ខ្វល់​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្សព្វផ្សាយ​នូវ​គម្រោង​យុទ្ធសាស្ត្រ​ការពារ​ជាតិ​របស់​ខ្លួន បន្ទាប់ពី​ប្រទេស​កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ចំនួន​ពីរ​គ្រាប់​កាល​ពី​ខែ​មុន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន។

ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​បញ្ជាក់​ថា៖ «វា​អាច​ទៅ​រួច​ដែល​ថា កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង បាន​ឈាន​ដល់​កម្រិត​ខ្ពស់ ហើយ​កូរ៉េ​ខាង​ជើង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ធ្វើ​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​មាន​រាង​តូច និង​ផលិត​បាន​នូវ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​រួច​ហើយ»។

ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុង​ឯកសារ​គម្រោង​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ដែល​មាន​កម្រាស់ ៥៦៣ ទំព័រ​ថា៖ «ចាប់​តាំង​ពី​ឆ្នាំ​មុន​មក នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ពីរ​លើក និង​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ចំនួន​ជាង ២០ លើក ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​ទៀត»។

កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ ដោយសារតែ​កូរ៉េ​ខាង​ជើង​ជំរុញ​ទៅ​មុខ​នូវ​ការ​សាកល្បង​គ្រាប់​មីស៊ីល​ទាំង​នេះ ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក Itsunori Onodera ដែល​ទើប​នឹង​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន បាន​ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី Shinzo Abe ពិចារណា​ធ្វើ​យ៉ាង​ណា​សម្រេច​ឲ្យ​បាន​នូវ​សមត្ថភាព​ដែល​អាច​វាយ​ប្រហារ​មូលដ្ឋាន​របស់​សត្រូវ​បាន៕

XS
SM
MD
LG