ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​សន្យា​មិន​ឲ្យ​មាន​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​ជា​លើក​ទី​ពីរ​នោះ​ទេ


លោក​ប្រធានាធិបតី Moon Jae-in ធ្វើ​សន្និសីទ​កាសែត​១០០ថ្ងៃ​ជា​លើក​ដំបូង​របស់​លោក។
លោក​ប្រធានាធិបតី Moon Jae-in ធ្វើ​សន្និសីទ​កាសែត​១០០ថ្ងៃ​ជា​លើក​ដំបូង​របស់​លោក។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​និយាយ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​សន្យា​ថា​នឹង​ស្វែង​រក​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​សេអ៊ូល មុន​ពេល​ធ្វើ​សកម្មភាព​យោធា​ណា​មួយ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Moon Jae In បាន​សន្យា​ថា​នឹង​ការពារ​មិន​ឲ្យ​មាន​ជម្លោះ​យោធា​កើត​ឡើង​ម្ដង​ទៀត​នៅ​លើ​ឧបទ្វីប​កូរ៉េ​នោះ​ទេ។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​សន្និសីទ​ព័ត៌មាន​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ចំ​ថ្ងៃ​ដែល​លោក​បាន​ធ្វើ​ជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​រយៈពេល ១ រយ​ថ្ងៃ។ សង្គ្រាម​ស៊ីវិល​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣ រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង បាន​បញ្ចប់​ទៅ​ដោយ​កិច្ច​ព្រមព្រៀង​ផ្អាក​ធ្វើ​សង្គ្រាម ដូច្នេះ​ភាគី​ទាំង​ពីរ​នៅតែ​ស្ថិត​ក្នុង​ស្ថានការណ៍​មាន​ជម្លោះ​ជាមួយ​គ្នា​ដដែល។

លោក Moon Jae In ដែល​មាន​ទស្សនៈ​សេរី​និយម បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ជាមួយ​នឹង​ក្ដី​សង្ឃឹម​មួយ​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ប៉ុន្តែ​កិច្ច​ប្រឹងប្រែង​របស់​លោក​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​បដិសេធ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក Moon Jae In បាន​និយាយ​ថា លោក​មាន​ឆន្ទៈ​ក្នុង​ការ​អត់ធ្មត់​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង ប៉ុន្តែ​បាន​ព្រមាន​ថា លោក​នឹង​មិន​អាច​មាន​ភាព​អត់ធ្មត់​នោះ​ទេ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​សម្រេច​បាន​នូវ​គ្រាប់​ផ្លោង​មីស៊ីល​ដែល​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នោះ។

លោក Moon Jae In បាន​បន្ថែម​ថា វោហារសាស្ត្រ​បែប​សង្គ្រាម​របស់​លោក Donald Trump គឺ​មិន​មាន​គោល​បំណង​ដើម្បី​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​ចាត់​វិធានការ​យោធា​នោះ​ទេ ប៉ុន្តែ​ដើម្បី​បង្ហាញ​ពី​ដំណោះស្រាយ​ដ៏​ខ្លាំងក្លា​មួយ​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG