ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សហជីព​៣នាក់​ទៀត​នៅ​ណាហ្គាវើលដ៍​ត្រូវ​តុលាការ​ដោះលែង​ក្នុង​សំណុំ​រឿង​កូដកម្ម​មាន​អាយុ​កាល​ជិត​៣ខែ​​​​​​​​​​


សមាជិកសហជីពណាហ្គាវើលដ៍ចំនួន ២៧ នាក់ បានព្យាយាមប្រមូលផ្តុំគ្នានៅខាងមុខអគារណាហ្គាវើលដ៍ ហើយត្រូវបានអាជ្ញាធររារាំងដោយបានដឹកពួកគេទៅមណ្ឌលចត្តាឡីស័ក នៅក្នុងខណ្ឌព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។
សមាជិកសហជីពណាហ្គាវើលដ៍ចំនួន ២៧ នាក់ បានព្យាយាមប្រមូលផ្តុំគ្នានៅខាងមុខអគារណាហ្គាវើលដ៍ ហើយត្រូវបានអាជ្ញាធររារាំងដោយបានដឹកពួកគេទៅមណ្ឌលចត្តាឡីស័ក នៅក្នុងខណ្ឌព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។

​កូដករក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចំនួន​៣​នាក់​ទៀតដែល​ជាអ្នក​សហជីព​ផងនោះ​ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញដោះលែង​ឱ្យ​ស្ថិត​នៅ​ក្រៅឃុំ​ជា​បណ្តោះអាសន្ន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពីថ្នាក់​ដឹក​នាំ​និង​សកម្មជនសហ​ជីព​៨​រូប​ដែល​ទើបចេញ​ពី​ពន្ធនាគារ​នាពេល​ថ្មីៗ​នេះ​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​ក្នុង​នោះ​មាន​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដែល​ជា​ក្រសួង​ទទួល​បន្ទុក​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ។​

មុន​ពេល​ត្រូវ​បាន​តុលាការ​ដោះលែង​នោះ កូដករ​ទាំង​៣​នាក់​រួម​មាន​លោក​ សេង វណ្ណារិទ្ធ​ លោក​ ជួប ​ចាន់ណាត ​និង​ លោក​ សៅ សម្បត្តិ​ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួនក្នុង​ពន្ធនាគារ​កាល​ពី​ដើម​ខែកុម្ភៈ​ឆ្នាំ​២០២២​នេះ ​ក្រោម​ហេតុ​ផល​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩។ ក្នុង​សំណុំ​រឿង​រារាំង​វិធាន​ការ​ទប់ស្កាត់ជំងឺ​កូវីដ​១៩នេះ​ស្ត្រី​៤​នាក់​ផ្សេង​ទៀត​ក៏រង​ការ​ចោទ​ប្រកាន់​តែមិន​ត្រូវបាន​តុលាការ​ឃុំខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ​ទេ។​

សេរី​ភាព​របស់​អ្នកសហជីព​ទាំង​បីនាក់​នឹង​បើក​ផ្លូវ​ឱ្យ​សហជីព​ទ្រទ្រង់​សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មាន​លទ្ធភាព​ចូល​តុ​ចរចា​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែលជា​សាខា​របស់​ក្រុមហ៊ុន​ NagaCorp ​នៅ​ទីក្រុង​ហុងកុង។

ក្នុង​សន្និសីទ​ព័ត៌មាន​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​កញ្ញា​ឈឹមស៊ីថរ​មេដឹកនាំ​សហជីព​ចាស់​នៅក្រុម​ហ៊ុន​ណាហ្គាវើលដ៍​គឺ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណា​ហ្គា​វើលដ៍​សង្ឃឹម​ថា​ការ​ចរចា​ដោះ​ស្រាយ​វិវាទការ​ងារ​អាចនឹងទទួល​បានលទ្ធផល​ជា​ផ្លែផ្កា​និងដោយ​ស្មើ​ភាព​គ្នាសម្រាប់​ភាគី​កម្មករ​និយោជិត​និង​និយោជក​នៅពេលមាន​ការ​ដោះ​លែង​សមាជិក​របស់​ខ្លួន​នោះ។

រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

តាម​ទំព័រហ្វេស​ប៊ុក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែ​រ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​កញ្ញា ​ឈឹម​ ស៊ីថរ ​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «​ជំហរ​របស់​យើង​គឺ​ពួក​យើង​នៅ​តែ​ចង់​ឱ្យមាន​ដំណោះ​ស្រាយ។ វា​មិន​ស្មើ​ភាពគ្រប់​គ្រាន់​ហើយ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​កិច្ច​សន្យា​ដែល​ផ្ទុយ​ពី​ច្បាប់ ស្នើ​សុំទៅសមាជិក​ខ្លួនឯង​ដែល​ធ្វើ​ឱ្យពួកគាត់​មាន​ការ​អាក់អន​ស្រពន់​ចិត្ត​ហើយ​ខណៈ​បទ​ចោទ​មាន​ជាប់​លើខ្លួន​ពួកខ្ញុំ​នៅ​ឡើយ​ទេ។ គឺយើង​ចង់មាន​ដំណោះ​ស្រាយ​ណាស់​ទើប​យើង​មាន​ការ​បន្ទន់​ឥរិយាបទ​និង​សម្បទានច្រើន​ដល់ថ្នាក់​នេះ...»។

កញ្ញា​ប្រាប់​សន្និ​សីទ​ព័ត៌​មាន​ដដែល​បន្ថែម​ថា៖​ «ហើយ​ក៏​ចង់ជម្រាប​ទៅដែរ​ថា ការ​ចេញ​មក​នេះ​ ដើម្បីរក​ដំណោះ​ស្រាយ​ដែលខ្ញុំ​បញ្ជាក់​មុននេះ​ថា​ឈ្នះ​ទាំង​សង​ខាង​មិន​មែន​ដំណោះ​ស្រាយ​ដែល​ឈ្នះ​តែ​ខាង​ភាគី​ក្រុមហ៊ុន។ អ្វីដែល​ជា​ការ​ទាម​ទារ​របស់​កម្មករ​និយោជិត​គាត់​ទាមទារ​បែប​ណា​ពួកខ្ញុំ​ទៅ​ចរចា​បែប​នោះ អ្នក​ដែល​ទាមទារ​ចូលធ្វើការ​គឺជំហរ ក្នុង​ការ​ចរចា​របស់​យើង​គឺ​ចរចា​ដើម្បី​ឱ្យពួក​គាត់​បាន​ចូល​ធ្វើការ​វិ​ញ អ្នក​ដែល​ទាម​ទារ​សំណង​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់»។

ចំណែក​អ្នកស្រី ឃ្លាំង សុបិន្ត​ ដែល​ទើប​តែ​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យនៅ​ក្រៅឃុំ​ផង​ដែរ​នោះ​បានស្នើ​ទៅ​តុលាការ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ឱ្យទម្លាក់​ចោល​បទ​ប្រកាន់​លើ​ថ្នាក់​ដឹកនាំ​សហ​ជីពក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​និង​សកម្ម​ជន ទាំង​អស់​ចំនួន​១៥​នាក់​ដែល​តុលាការ​ចោទពីបទ ​«ញុះញង់ និង​ល្មើស​វិធាន​សុខា​ភិបាល​» ដើម្បី​បង្កការ​ងាយស្រួល​ក្នុង​ការ​ចរចា​ដោយ​ពេញ​លេញ​និងមិន​ទទួល​រង​គំនាប​ពីខាង​ណា​មួយ​នោះ។

អ្នក​ស្រី​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «ស្នើ​សុំ​ឱ្យត្រូវ​តែ​ទម្លាក់​ចោទរាល់​បទ​ចោទ​ទៅលើពួ​ក​គាត់​ទាំង​១៥​រូប​ហ្នឹង ជាពិសេស​តំណាង​ចរចា​ត្រូវ​តែ​លើក​លែង​ឱ្យ​ពួក​គាត់​ដើម្បី​ឱ្យពួកគាត់​មាន​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ក្នុង​កា​រចរចាស្មើភាព​មុខ​ស្មើ​មាត់​ជា​មួយ​ភាគីក្រុម​ហ៊ុន...ដូច​បង​លើក​ពីដើម​អ៊ីចឹង​ភាគី​ខាង​កម្មករ​មាន​កាំបិត​ភ្ជង់​ករ ភាគី​ខាង​ក្រុម​ហ៊ុន​អង្គុយ​គង​ទាក់​ខ្លា​សើច​ សួរ​ថាការ​ចរចា​ហ្នឹង​មាន​តម្លាភាព​អត់​យុត្តិធម៌​អត់​? អត់​មាន​ទេ អ៊ីចឹង​បើ​ចង់​ឱ្យមាន​តម្លាភាព​និង​យុត្តិ​ធម៌ទាល់​តែ​ទ​ម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​គាត់​ហ្នឹង»។

វីអូអេ​មិនទាន់​អាច​ទាក់​ទងសុំការ​អត្ថាធិប្បាយពី​នាយក​គ្រប់​គ្រង​ផ្នែក​ធនធាន​មនុស្ស​ប្រចាំ​ក្រុមហ៊ុន​ណា ហ្គាវើលដ៍​លោក ​Hein Dames និង​អ្នកនាំពាក្យ​ការងារ​លោក​ ហេង សួរ​ បាន​ទេ​នៅថ្ងៃ​សុក្រ​នេះ។

អ្នក​នាំ​ពាក្យ​របស់​សមាគម​ការពារ​សិទិ្ធ​មនុស្ស​អាដហុក​លោក​ ស៊ឹង សែន​ករុណា ​កត់​សម្គាល់​ថា​ ​ការ​ជាប់​បណ្តឹង​នៅ​តុលាការ​របស់ថ្នាក់​ដឹក​នាំ​និង​អ្នក​សហ​ជីព​ទាំង​នោះ​អាច​ត្រូវ​បា​នគេ​មើល​ឃើញ​ថា​ជាចំ​ណុចខ្ទាស់​មួយ​រារាំង​ដល់​ទាម​ទារឱ្យមាន​ការ​ដោះ​ស្រាយ​ចំណុច​ជាក់​លាក់​ណាមួយ​ក្នុងវិវាទ​ការងារ​ដែល​មានអាយុ​កាល​ជិត​មួយឆ្នាំ​នេះ។

លោក​ថ្លែង​ថា៖ «វា​អាច​ធ្វើ​ឱ្យគេ​មើល​ឃើញ​ថា​ការណ៍​ដែល​ជាប់​បណ្តឹង​ហ្នឹង​ជាហេតុ​ធ្វើឱ្យ​មាន​សម្ពាធ​ទៅ​ដល់​ពួក​គាត់​ដែល​ពួក​គាត់​មិន​អាច​លើកឡើង​នូវ​អ្វី​ដែល​ពួកគាត់​ទាម​ទារ​ឱ្យសម​ស្រប​តាម​ការចង់​បាន​ពាក់ព័ន្ធ​គោល​បំណង​ផល​ប្រយោជន៍​របស់​ក្រុម​ពួកគាត់​ទៅបានទេ»​។

​ដំណោះ​ស្រាយ​វិវាទ​ការងារ​រ៉ាំរ៉ៃ​មួយ​នេះ​អាច​នឹង​ទទួល​យកដោយ​គ្មាន​បញ្ហា​ប្រឈមបើសិន​អាជ្ញាធរ​យុត្តិធម៌ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​ថ្នា​ក់ដឹក​នាំ​និង​សកម្ម​ជន​សហ​ជីព​ទាំង​១៥​នាក់។​ហើយក្រសួង​ការ​ងារត្រូវ​សម្រប​សម្រួល​បន្ថែម​ទៀត ឬ​រក​នូវ​ចំនុច​ដែល​អាចសម្បទាន​គ្នាទៅវិ​ញ​ទៅ​មក​រវាង​ភាគី​ទាំង​២។​នេះ​បើ​តាម​ប្រធាន​មជ្ឈម​ណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ​ចក់ សុភាព។

អ្នក​ស្រី​បន្ថែមថា៖​«ខ្ញុំគិត​ថា​មែន​ទែន​អាជ្ញាធរ​គួរ​ធ្វើការ​ទម្លាក់​បទចោទ​ប្រកាន់​លើ​ពួក​គាត់​ហើយ​ពួក​គាត់​មិន​គួរ​ត្រូវ​បា​នចាប់​ខ្លួន​និង​ចោទ​ប្រកាន់​តាំង​ពី​ដំបូង​មកម្ល៉េះ​ដោយសារ ​អ្វីដែល​ពួក​គាត់​ធ្វើនេះ​ជា​សកម្មភាព​ស្រប​ច្បាប់ ជាសិទ្ធិ​ក្នុង​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន​ជាពិសេស​សិទ្ធិ​ក្នុង​ការ​ការពារ​កូដកម្ម ដែល​ធានា​ដោ​យ​ច្បាប់​ជាតិ​របស់​យើង​រួមទាំង​ច្បាប់​ការងារ​ហើយ​ការ​ទទួល​ស្គាល់​នូវ​អនុសញ្ញា​ពាក់ព័ន្ធ​របស់​អង្គការ ILO ផង​ដែរ»។

ដោយ​ឡែក​ស្រប​ពេល​ដែល​មាន​ការ​ដោះ​លែង​តំណាង​កូដករ​នៅ​ក្រុមហ៊ុន​ណ្គាហ្គាវើដ៍​ជាបន្ត​បន្ទាប់​នាពេល​ថ្មីៗ​នេះ​ដើម្បី​រក​ច្រក​ច​រចា​ដោះ​ស្រាយ​វិវាទ​ជាមួយ​ក្រុមហ៊ុន​នោះក្រសួង​ការ​ងារ​ក៏បាន​ធ្វើ​ឱ្យ​សង្គម​ស៊ីវិល​ភ្ញាក់​ផ្អើល​ដោយ​ក្រសួង​បាន​ចេញ​លិខិត​ទទួល​ស្គាល់​ពីការ​ចុះ​បញ្ជី​សមាស​ភាព​ដឹកនាំ​អង្គការ​សហជីពថ្មី​នៃក្រុម​ហ៊ុននេះ​ដែល​មាន​ឈ្មោះថា​ «សហជីព​សិទ្ធិ​និង​ប្រយោជន៍​រួម​នៃ​បុគ្គលិក​ណាហ្គាវើលដ៍»។ ក៏ប៉ុន្តែ​កូដករ​មួយ​ចំនួន​ដែលជា​សមាជិក​សហជីព​ចាស់​បាន​បដិសេធ​ទទួល​ស្គាល់​សហជីព​នោះ​ក្រោម​ហេតុផល​គ្មាន​ភាព​ជា​តំណាង​ពេញ​ច្បាប់។​

កូដកម្ម​របស់​កម្មករ​និយោជិត​ឬអតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ ឆ្នាំ​២០២១​ដើម្បី​ទាម​ទារឱ្យ​ក្រុម​ហ៊ុន​ទទួល​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន ដែល​ពួក​គេ​ចាត់​ទុក​ថាជា​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​និង​ទាមទារ​ឱ្យ​ក្រុម​ហ៊ុន​ទទួល​យក​កម្មករ​និយោ​ជិត​ចំនួន​៣៦៥​នាក់​ក្នុង​ចំណោម​កម្មករ​និយោជិតជាង​១៣​០០​នាក់​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​រួម​គ្នា​ដោយ​បង្ខំ​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០២១៕

XS
SM
MD
LG