ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ព្រមាន​បន្តចាត់​វិធានការ​ច្បាប់​លើ​កូដករ​ណាហ្គាវើលដ៍ បន្ទាប់ពី​​ការ​ដោះលែង​តំណាង​សហជីព​ឱ្យ​​នៅ​ក្រៅ​ឃុំ


អតីតបុគ្គលិកកាស៊ីណូ​ណាហ្គាវើលដ៍ សម្លឹងមើល ខណៈពួកគេត្រៀមបង្ហោះប៉េងប៉ោង ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ និងទាមទារឱ្យដោះលែងសកម្មជនសហជីពជាប់ពន្ធនាគារ នៅមុខពន្ធនាគារព្រៃស រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។ (AFP)

ខណៈ​វិវាទ​ការងារ​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយនៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រដ្ឋាភិបាលប្រកាស​មិន​អនុញ្ញាត​ឱ្យកូដករ​ជា​កម្មករ​និយោជិត​ឬអតីត​បុគ្គលិក​ក្រុមហ៊ុន​ដែលធ្វើប្រតិបត្តិការកាស៊ីណូក្នុង​ទីក្រុង​ភ្នំពេញធ្វើ​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​បើ​ទោះ​បី​មាន​ការ​ដោះលែង​តំណាង​សហជីព​យ៉ាង​ហោច​ណាស់​៨នាក់ឱ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

កាល​ពី​ថ្ងៃ​ទី​អង្គារ​រដ្ឋាភិបាលបាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បញ្ជាក់​ជា​ថ្មី​អំ​ពី​កិច្ច​ប្រឹង​ប្រែង​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​និង​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន​នេះ ដែល​បាន​អូស​បន្លាយ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ​ហើយ។

ក៏​ប៉ុន្តែ​សេចក្តី​ថ្លែង​ការណ៍​បាន​លើកឡើង​ថា ខណៈ​ក្រសួង​ការងារគាំទ្រ​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​កូដកម្ម ក្រសួង​និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អនុញ្ញាតឱ្យ​បុគ្គលិក​ដែល​មិន​ពេញ​ចិត្ត​ធ្វើ​ការ​ប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ​ក្នុង​កាលៈ​ទេសៈ​នេះ​ឡើយ​ដោយសារ​ភាព​ចាំបាច់​នៃការទប់ស្កាត់​ការ​ឆ្លង​រាត​ត្បាត​នៃជំងឺ​កូវីដ៩ និង​រក្សា​សុវត្ថិភាព​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ​។

បើតាម​សេចក្តី​ថ្លែង​ការណ៍​ដដែល​អ្នក​ដែល​នៅ​តែ​ទទួច​ធ្វើ​ការ​ប្រមូលផ្តុំ​ដើម្បី​បង្ហាញ​ពី​ការ​ទាមទារ​របស់​ពួកគេ​ចំពោះ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ គឺ​នឹង​ត្រូវ​ចាត់​ទុក​ថា​បាន​បំពាន​គោល​នយោបាយ​តឹងរ៉ឹង​របស់​ក្រសួង​និង​បទ​បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ហើយ​ក៏​នឹង​ត្រូវ​បណ្តេញ​ចេញ​ពីការងារ​ដោយ​សន្តិវិធី និងគ្មាន​ការ​ទូទាត់​ផល​ប្រយោជន៍​ផ្សេង​ៗ​នោះ​ឡើយ​។

យ៉ាង​ណាក្តី​កូដករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មួយចំនួន​បានបន្ត​ការពារ​ភាព​ស្រប​ច្បាប់​របស់​ផង​ខ្លួន​ក្នុង​ការ​ចេញ​តវ៉ា​ដោយ​សន្តិវិធី​ជាមួយ​ក្រុមហ៊ុន​កាលពី​កន្លងមក​ដើម្បី​រក​ច្រក​ដោះស្រាយ​វិវាទ​ការងារ​ដែល​ផ្តើម​ចេញ​ពីការ​បណ្តេញ​បុគ្គលិក​ចេញ​ពីការងារ​រាប់រយ​នាក់​ទាំង​បង្ខំ​កាលពី​ឆ្នាំមុន​។

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។ (Reuters)
រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្នាក់កាន់បដាធ្វើបាតុកម្មតវ៉ានៅមុខរដ្ឋសភាជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។ (Reuters)

អ្នកស្រី​ណុប ទិត្យបូរ៉ាវី ​អាយុ​៣៩​ឆ្នាំបាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​រាល់​មុន​ពេលចេញ​ធ្វើ​កូដកម្ម​គឺ កូដករ​តែង​គោរព​តាម​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដូចជា ​ការ​ធ្វើ​សំណាក​និង​ការ​ធ្វើ​ចត្តាឡីស័ក​ជា​ដើម។ ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​បន្ត​បង្រ្កាប​តាម​រយៈ​ការ​ចាប់​បញ្ជូន​ក្រុមកូដករទៅ​មណ្ឌល​ចត្តា​ឡីស័ក​ជា​បន្ត​បន្ទាប់​បើ​ទោះ​បី​ក្នុង​ករណី​ខ្លះ​កូដករមិន​បានប្រមូល​ផ្តុំគ្នា​ដើម្បីធ្វើ​ការតវ៉ា​នោះ​ទេ។​

អ្នកស្រី​បាន​បន្ត​ថា ខណៈ​តុលាការ​បានដោះលែង​តំណាង​សហជីពឱ្យ​នៅ​ក្រៅឃុំ​ការ​ធ្វើ​កូដកម្មតាមរយៈ​ការ​ប្រមូលផ្តុំ​គឺនៅមាន​សារសំខាន់ដើម្បី​បង្ហាញ​ស្មារតី​រួបរួម​គ្នា​នៅ​ក្នុង​ការទាមទារ​ស្វែងរក​ដំណោះ​ស្រាយ​របស់​ក្រុមកូដករ​និងជា​ការ​ជំរុញឱ្យ​ក្រសួង​ការងារបង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដែល​បានផ្ទុះ​ឡើង​តាំង​ពីអំឡុង​ខែមេសា​ឆ្នាំ​២០២១។

អ្នកស្រី​ប្រាប់​វីអូអេថា៖ «ជាក់ស្តែង​បើ​សិន​ជា​ដោះ​លែង​ខាង​តំណាង​កូដករ​អស់ហើយ​សុំ​កុំ​ដាក់​សម្ពាធ​និង​ដាក់​បម្រាម​មក​ដល់​ពួកគាត់​ព្រោះ​ដោយសារ​បើ​សិន​ជា​ខាងក្រសួង​គាត់​មាន​ចេតនា​ក្នុង​ការដោះស្រាយ​វិវាទ​នេះ​រឿង​វា​ងាយស្រួល​ទេ។ មិនមែន​ដោះលែង​តំណាង​ហើយ ដាក់​លក្ខខណ្ឌ​និង​ដាក់​សម្ពាធឱ្យ​អ្នក​ដែល​មាន​ឈ្មោះ​កាត់ រង់ចាំ​ធ្វើ​កូដកម្ម​ហើយ​អ្នក​ដែល​មាន​ឈ្មោះ​ធ្វើការ​ឱ្យ​ត្រឡប់​ទៅ​ធ្វើការ​វិញ។ អ៊ីចឹង​ វិវាទ​ហ្នឹង​មាន​ន័យ​ថា​វា​មិនទាន់​បញ្ចប់​នៅ​ឡើយ​ទេ​»។

ការ​ដោះលែង​ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែ​រ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើល​ដ៍​ចំនួន៨​នាក់​ខាងលើ​កើត​មានឡើង​ទន្ទឹម​គ្នា​នឹង​ពេល​ដែល​អង្គការសហជីព​ថ្មី​មួយគឺ​«សហជីព​សិទ្ធិ​និង​ប្រយោជន៍​រួម​នៃ​បុគ្គលិក​ណាហ្គាវើលដ៍​»ត្រូវបាន​បង្កើត​ឡើង​នៅ​ក្រុមហ៊ុន​និង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការដោយ​ក្រសួង​ការងារ​ផងដែរ​។

អ្នកស្រី​ប៉ូរាវី ក៏​បាន​សង្កត់​ធ្ងន់​ថា​សហជីព​ថ្មីត្រូវ​បាន​បង្កើត​ឡើង​ក្នុង«ចេតនា​រំលោភ​សិទ្ធិ​ការងារ» កម្មករខណៈ​វិវាទ​មិន​ត្រូវ​បាន​ដោះស្រាយ​រូចរាល់​និង​ថា​សហជីព​ថ្មីនោះ​នឹង​ត្រូវបាន​ប្រើ​ជា​ឧបករណ៍​ដើម្បីបញ្ចប់​កិច្ចសន្យា​របស់​សហជីព​ចាស់។​

រូបឯកសារ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមទិវាសិទ្ធិនារីអន្តរជាតិ ដោយទាមទារឲ្យមានការដោះលែងសហជីពដែលត្រូវបានឃុំខ្លួន នៅមុខមន្ទីរឃុំឃាំងព្រៃស រាជធានីភ្នំពេញ ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២។ (AFP)
រូបឯកសារ៖ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមទិវាសិទ្ធិនារីអន្តរជាតិ ដោយទាមទារឲ្យមានការដោះលែងសហជីពដែលត្រូវបានឃុំខ្លួន នៅមុខមន្ទីរឃុំឃាំងព្រៃស រាជធានីភ្នំពេញ ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២។ (AFP)

កូដកម្ម​របស់​កម្មករ​និយោជិត​ឬអតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ ឆ្នាំ​២០២១​ដើម្បី​ទាម​ទារឱ្យ​ក្រុម​ហ៊ុន​ទទួល​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន ដែល​ពួក​គេ​ចាត់​ទុក​ថាជា​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​និង​ទាមទារ​ឱ្យ​ក្រុម​ហ៊ុន​ទទួល​យក​កម្មករ​និយោ​ជិត​ចំនួន​៣៦៥​នាក់​ក្នុង​ចំណោម​កម្មករ​និយោជិត​ជាង​១៣​០០​នាក់​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​រួម​គ្នា​ដោយ​បង្ខំ​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០២១។

ក​ម្មករ​និយោ​ជិត​ចំនួន​៣៦៥​នាក់​នោះ​គឺភាគ​ច្រើន​ជា​ថ្នាក់​ដឹកនាំ​សកម្មជន​និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែ​រ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ដែល​ជា​សហជីព​ចាស់​នៅក្រុមហ៊ុន​។

វីអូអេ​មិន​អាច​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ពុធ​នេះ។

ដោយ​ឡែក​នៅ​ក្នុងសារ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុកកាល​ពី​ថ្ងៃ​អង្គារ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​ស ខេង បាន​លើក​ឡើង​ថា លោក​បាន​ពិភាក្សាពី​វិវាទការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​ក្នុង​ជំនួប​មួយ​តាម​ប្រព័ន្ធ​អន​ឡាញកាលពី​ពេល​ថ្មី​ៗនេះជាមួយ​លោក Vitit Muntarbhorn អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស​ខេង​ រដ្ឋមន្ត្រី​មហាផ្ទៃ​រូបនេះបន្តជំរុញឱ្យ​ភាគី​ពាក់ព័ន្ធ​ប្រកាន់​យក​ការ​ចរចា​ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​ខណៈ​មាន​ការ​ដោះលែងអ្នក​ពាក់ព័ន្ធ​មួយ​ចំនួនឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​រួច​ទៅហើយ​។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ដោះលែង​ថ្នាក់​ដឹក​នាំសហជីព​និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែ​រ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ចំនួន៨​នាក់ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ណោះ​អាសន្ន​បន្ទាប់​ពី​ពួកគេ​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៣​ខែពីបទ​ញុះញង់​និង​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រសួង​ការ​ងារ​ដោយ​សន្យា​ថា​នឹង​មិន​មាន​ការ​ប្រមូល​ផ្តុំ​ធ្វើ​កូដ​កម្ម ឬ​តវ៉ា​ណា​មួយ​នោះទេ។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក​អំ សំអាត បានឱ្យ​ដឹង​ថា​បើ​សិន​ជា​អាជ្ញាធរ​និង​មន្រ្តី​ពាក់ព័ន្ធ​នៅ​តែ​មាន​ភាព​យឺតយ៉ាវ​នៅ​ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ​ជូន​ក្រុម​កូដករ​ជម្លោះ​ការងារ​នឹង​នៅ​តែបន្ត​អូស​បន្លាយ​ខណៈ​ការ​ប្រមូលផ្តុំ​តវ៉ា​នឹង​អាច​កើត​មាន​ឡើង​ជា​ថ្មី ក្នុង​ករណី​មាន​ការ​គោរព​វិធានការ​សុខាភិបាល​ត្រឹមត្រូវ។

លោក​បាន​ថ្លែង​ថា៖ «តែ​បើ​សិន​ជា​យឺតយ៉ាវ​និង​អូសបន្លាយ​នៅ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​វិវាទ​ការងារ អាហ្នឹង​ខ្ញុំ​គិត​ថា ហាម​ឃាត់​មិនមាន​ទេ​ទាក់ទង​នឹង​បញ្ហា​កូដកម្ម ទោះ​បី​ជា​បរិបទ​នៃ​កូវីដ១៩ នេះ​ក៏​ដោយ ក៏​ច្បាប់​មិនមាន​ការ​ហាមឃាត់​ដែរ​ព្រោះ​ការ​ធ្វើ​កូដកម្ម​ដោយ​ស្របច្បាប់ និង​រក្សា​គម្លាត​សង្គម​គោរព​តាម​គោល​ការណ៍​នៃ​វិធាន​ការសុខាភិបាល​អាហ្នឹង​គឺ​ គេ​អាច​ធ្វើ​បាន​ហើយ​»។

លោក​បាន​បន្ត​ថា ការ​ចាត់ចំណាត់​ការតាម​រូបភាព​ផ្សេងៗ​មក​លើ​ក្រុម​កូដករ​មិនបាន​ផ្តល់​ផលប្រយោជន៍​នៅ​ក្នុង​ការ​ដោះស្រាយ​វិវាទ​នោះ​ទេ និងថា ដំណោះ​ស្រាយ​ល្អ​គឺ ការ​ចរចា​ដោយ​សន្តិវិធី​ដើម្បី​បញ្ចប់​វិវាទ​ការងារ​និង​ការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​មក​លើ​តំណាង​សហជីព​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​។

ពាក់ព័ន្ធ​នឹង​ការ​បង្កើត​សហជីព​ថ្មី​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មន្រ្តី​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ​លើក​ឡើងថា សិទ្ធិ​ក្នុង​ការបង្កើត​សហជីព​ជា​សិទ្ធិ​ស្រប​ច្បាប់។ យ៉ាង​ណាក្តី​ លោក​ថា ការ​បង្កើត​សហជីព​ថ្មី​ក្នុង​បរិបទ​ខាង​លើ​នេះ​គឺ​មិនសាកសម​នឹង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ ព្រោះ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គួរ​តែ​មាន​ការ​ទុក​ឱកាស​ដោះស្រាយ​វិវាទ​ការងារ​ដែល​កំពុង​មាន​ជា​មុន​សិន មុន​ពេល​បង្កើត​សហជីព​មួយ​ថ្មី​ឡើង​មកនោះ​។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​ខាង​លើ​គិត​ត្រឹម​ថ្ងៃ​ទី១៥ ខែ​មីនា​ឆ្នាំ​២០២២ អតីត​បុគ្គលិក​ណាហ្គាវើលដ៍​ចំនួន​១៥៣​នាក់ ក្នុង​ចំណោម​៣៧៣​នាក់ ដែល​បាន​ធ្វើ​កូដកម្ម​តវ៉ា​កាល​ពី​ពេល​កន្លង​មក បាន​យល់​ព្រម​ទទួល​យក​ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន ដែល​ធ្វើ​ឱ្យ​អតីត​បុគ្គលិក​មិន​ព្រមទទួល​សំណង​នៅ​សល់​ត្រឹម​២២០​នាក់៕

XS
SM
MD
LG