ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូដករ​​​ណាហ្គាវើលដ៍ថ្កោល​ទោសអាជ្ញាធរ​សន្តិសុខ​​ចំពោះ​ការ​ប្រើ​ប្រាស់​​​ហិ​ង្សា​អំឡុងពេល​ធ្វើ​កូដ​កម្ម


រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

​ក្រុម​កូដ​ករនៅ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដ៍​ស្នើ​ទៅ​អាជ្ញាធរ​ និង​ក្រសួង​ពាក់​ព័ន្ធ​ឱ្យចាត់​វិធាន​ការច្បាប់លើ​កង​កម្លាំង​អាជ្ញាធរ​ ជា​ពិសេស​ក្រុមស្លៀក​ពាក់​ស៊ីវិល ​ដែល​ត្រូវពួក​គាត់​ចោទ​ថា​ បាន​ប្រើ​ប្រាស់​ហិង្សា​ទៅលើ​ពួក​គាត់​នៅ​អំឡុង​ពេល​ចេញធ្វើ​កូដ​កម្ម​ទាម​ទារ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធជួយ​រក​ដំណោះ​ស្រាយ ដើម្បី​បញ្ចប់វិវាទ​ការ​ងារដែល​មាន​អាយុកាល​ជិត​មួយ​ឆ្នាំ​ជា​មួយ​ក្រុម​ហ៊ុន។

​កម្មករ​និយោជិត​ឬ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ រាប់​រ​យ​នាក់​បាន​ចេញ​ធ្វើ​កូដកម្ម​នៅមុខ​ទីតាំង​ប្រតិបត្តិ​ការ​ល្បែង​ស៊ីសង​ឬកាស៊ីណូ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ កាលពី​អំឡុង​ខែធ្នូ​ ឆ្នាំ​២០២១​ ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​Naga​Corp​នៅ​ទីក្រុង​ហុងកុង​ ត្រូវ​បាន​អ្នក​សហជីព​ចោទ​ថា ​បាន​បណ្តេញ​បុគ្គលិក​ជាង​១.៣០០​នាក់​ទាំង​បង្ខំ​ចេញ​ពី​ការងារ​ក្រោម​ហេតុផល​ខាតបង់​ចំណូល​ដោយ​សារ​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩​។​

គិត​ចាប់​តាំង​ពីធ្នូ​នោះ​មក​ កូដ​កម្ម​នៅបន្ត​ ប៉ុន្តែ​ត្រូវបាន​អាក់ខាន​ពេលខ្លះ​ ដោយសារ​កូដករ​បាន​ប្រឈម​មុខ​នឹង​ការ​អនុវត្ត​វិធាន​ការ​តឹងរ៉ឹង​របស់​អាជ្ញាធរ​រាជធានីភ្នំពេញ​ ក្នុង​ការទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ​១៩​។

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៣​ខែ​មីនា ​ក្រុម​កូដ​ករ​បាន​ចេញ​ធ្វើ​កូដ​កម្ម​ជាសាធារណៈ​សាជា​ថ្មី​ទៀត​ ទាម​ទារ​ឱ្យស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​ពន្លឿន​ក្នុងការ​រក​ដំណោះ​ស្រាយ​វិវាទ​ការ​ងារ​នេះ​។ កូដករ​មួយចំនួន និយាយ​ថា​ ពួក​គាត់ចង់​ឱ្យមាន​ការ​ដោះលែង​តំណាង​ដែល​កំពុង​ជាប់ឃុំទាំង​១១​នាក់ ដើម្បី​អាច​មាន​លទ្ធភាព​មកចរចា​ជាមួយ​យ​ថៅ​កែ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​។

ប៉ុន្តែ​កូដកម្ម​ត្រូវ​បាន​បង្ក្រាប​ដោយអាជ្ញាធរ​នៅ​ចំណុច​សួន​វត្ត​បទុមវត្តី​ ​ដោយ​កូដ​ករ​ត្រូវ​បាន​រុញ​ឱ្យ​ឡើង​ឡា​នក្រុង​ធ្វើ​ដំណើរ​ទៅ​កាន់មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែកព្នៅ។ ស្របពេល​គ្នា​ជាមួយគ្នា​នោះ ​កូដករ​អះអាងថា ជន​ស៊ីវិល​បានប្រើ​ហិង្សា​លើពួកគាត់​ ខណៈសមត្ថ​កិច្ច​មិន​អើ​ពើ​នឹង​ការ​បង្ក​ហិង្សា​នោះ។ នេះ​បើ​តាម​កូដ​ករ​មួយ​ចំនួន​ដែល​បាន​ប្រាប់វីអូអេ​នៅ​ថ្ងៃ​ចន្ទនេះ និង​សេចក្តី​ថ្លែង​ការណ៍​របស់​សហជីព​នៅក្រុមហ៊ុនណាហ្គាវើលដ៍។

កញ្ញា សុខ ថាវុធ ​អាយុ ​៣៣​ឆ្នាំជាកូដ​ករនៃ​ក្រុម​ហ៊ុនណាហ្គាវើលដ៍ម្នាក់​ ដែល​បា​នចូលរួម​ធ្វើ​កូដ​កម្ម​កាល​ពី​ម្សិល​ម៉ិញ​ បាន​ប្រាប់​វីអូអេថា​ ពេល​ក្រុម​កូដ​ករ​ដើរ​សំដៅ​មក​ឡាន​ក្រុងតាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​ ស្រាប់​តែ​មាន​បុរស​ម្នាក់ស្លៀក​ពាក់​ស៊ីវិ​ល​ ប៉ុន​ប៉ង​ឆក់​យ​កទូរសព្ទ និងចាប់​ទាញ​ក​អាវ​របស់​កញ្ញា ​រួចបោកផ្ទប់ទៅ​នឹង​ថ្នល់​។ ​កញ្ញា​ចាត់​ទុក​ទង្វើ​នេះ​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​ចំពោះ​ក្រុម​កូដករ​។

កញ្ញា​និយាយថា៖ «អ៊ីចឹង​ពេល​ដែល​អាជ្ញាធរ​មកហ៊ុមព័ទ្ធ គឺស្រាក់ដៃ​គ្នា បន្ទាប់​មក​មាន​ក្រុម​ស៊ីវិល​ម្នាក់ គឺមក​ឆក់​ទូរសព្ទ​ពីដៃ​យើង​ ប៉ុន្តែគ្រាន់​ថាខ្ញុំ​ចាប់​ទូរស័ព្ទ​ហ្នឹង​ជាប់។ ...[ហើយ] ខ្ញុំ​ពាក់​អាច​ក្រៅ​មាន​មួក​ ដល់​ហើយ​គេ​ក្របូច​អាវ​មាន​មួក​ហ្នឹង​ ទា​ញ​អូស​ក​យើង​ដូច​សត្វ​ធាតុ អ៊ី​ចឹង​យក​ទៅ​បោក​លើ​ថ្នល់​កៅស៊ូ​យើង​ហ្នឹង​។ មិន​មែន​ថា​រុញ​យើង​ចូល​ឡាន​[ក្រុង​]ទេ គឺ​បោក​យើង​នៅ​ថ្នល់​តែ​ម្តង​។ ហ្នឹង​ជន​ស៊ីវិល​ហ្នឹង ក៏​ថត​បាន​មុខ​ដែរ​»។

កញ្ញា​រំឭកឡើងវិញ​ថា ក្រុម​ជន​ស្លៀក​ពាក់​ស៊ីវិល​ដែល​បាន​ប្រើ​ហិង្សានោះ​ ​មាន​គ្នា​ជាច្រើននាក់​ និងតែង​តែ​បង្ហាញ​មុខ​នៅ​ពេល​ដែល​សមត្ថ​កិច្ច​ចុះ​មក​រារាំ​ង​ក្រុមកូដ​ករ​ ពេ​ល​ចេញ​ធ្វើ​កូដ​កម្ម​ម្តងៗ។

កញ្ញា​ សុខ ថាវុធ ប្រាប់​វីអូអេ​បន្ថែម​ថា៖ ​«​យើង​រំពឹង​ថា​អាជ្ញាធរ​ ជួយ​ប្រជា​ពល​រដ្ឋ​ ការ​ពារ​ប្រជា​ពល​រដ្ឋ​ ពីព្រោះ​គាត់​ស៊ីប្រាក់​ខែ​រដ្ឋ អ៊ីចឹង​ គាត់​ត្រូវ​តែការ​ពារ​ប្រជា​ពល​រដ្ឋ តែ​អា​នេះ អត់​ទេ​ គឺគាត់​ប្រើ​អំពើ​ហិង្សា​មក​លើ​ពួក​ខ្ញុំហ្មង។ ហើយ​ឱ្យខ្ញុំ​ទៅ​ទុក​ចិត្ត​អាជ្ញាធរ​អី​ទៀត បើ​និយាយ​ពីអារម្មណ៍​ឈឺ​ចាប់ហ្មង»។

​ចំណែកកូដ​ករ​ម្នាក់ទៀត​ គឺ​កញ្ញា ​ឯក ស្រីមុំ អាយុ​៣៨​ឆ្នាំ​ បាន​និយាយ​ថា កញ្ញា​បាន​រងការ​ប្រើ​ហិង្សា​ពីជន​ស៊ីវិល​មិន​ស្គាល់​អត្តសញ្ញាណ​ផងដែរ​ នៅពេល​កំពុង​ចូលរួម​កូដកម្ម​កាលពីថ្ងៃ​អាទិត្យ។

កញ្ញា ឯក ស្រីមុំ ថ្លែង​ថា៖ «​រូប​ខ្ញុំផ្ទាល់ខ្ញុំ​ដើរ​ទៅដល់​មុខ​ឡាន​ហើយ​ហ្នឹង​ ក៏​ស្រាប់តែ​ឃើញ​មាន​ជនស៊ីវិល​ ក៏​រត់​ចូល​មក​ក្រុម​កូដ​ករ​ពួកខ្ញុំ​ ហើយ​គាត់ចាប់​ក្របួច​ក[អាវ​]​គ្នាខ្ញុំ​ម្នាក់​ ដែល​គាត់​ជា​ស្រ្តី​។ ​ក្របួច​ក​អាវ​ទាញ​ហ្មង​ ដល់ទាញ​អ៊ីចឹង​ ខ្ញុំ​ក៏​ទៅ​ទាញ​ដៃ​ម្នាក់​ជន​ស៊ីវិល​ហ្នឹង​ចេញ​ [ព្រោះ]​វា​អត់​ត្រូវ​ទេ ​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ពួកខ្ញុំ​ អត់​ត្រូវ​សោះ អ៊ី​ចឹង​គាត់​អូស​ទាំង​ខ្ញុំ​ទៅ​អូស​ហើយ​គាត់​ច្រាន​ខ្ញុំ​មួយ​ទំហឹង​តែ​ម្តង​ ដួល​ទៅ​លើផ្លូវ​ជាតិ​នៅ​ជិត​សួន​វត្ត​បទុម​ហ្នឹង​។ ដួល​ទៅ​វា​ប៉ះមួយ​ចំហៀង​ខ្លួន​ខាង​ស្តាំ មិន​ធ្ងន់​ទេ ប៉ុន្តែ​វា​មាន​ជាំ​ដោយ​កន្លែង​ដែរ​»។

ដោយឡែក​ ​សហជីព​ទ្រទ្រង់​សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែ​រ​នៃ​ក្រុម​ហ៊ុនណាហ្គាវើលដ៍ ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោលទោស​ទៅ​លើ​កម្លាំង​អាជ្ញាធរ​ ក៏ដូច​ជា​ក្រុម​ជន​ស្លៀក​ពាក់​ស៊ីវិលគ្មាន​ក្របខណ្ឌ​ច្បាស់លាស់ ដែល​បាន​ប្រើ​អំពើហិង្សា​មក​លើ​ក្រុម​កូដ​ករ​ និង​បាន​អំពាវ​នាវ​ឱ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់​ការ​ផ្លូវ​ច្បាប់​លើ​ទង្វើ និង​ការ​ប្រើ​ហិង្សា​ទាំង​នោះ​។

​សេច​ក្តី​ថ្លែង​ការណ៍​ស្តីពី​ស្ថាន​ភាព​នៃ​ការ​ធ្វើ​កូដ​កម្ម​របស់​កម្មករ​និយោ​ជិត​នៃ​ក្រុម​ហ៊ុនណា​ហ្គាវើលដ៍ ចុះ​ថ្ងៃទី​១៣ខែ​មីនាបាន​លើក​ឡើង​តាម​ន័យ​ដើម​ថា​៖

«​យើង​ខ្ញុំ​សូម​ស្នើ​ឱ្យក្រសួង​ពាក់ព័ន្ធ​ និង​ក្រសួង​កិច្ច​ការ​នារី មា​នចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ទៅលើ​កង​កម្លាំង​អាជ្ញាធរ​ និង​ស្វែង​រក​មុខ​ក្រុម​ជន​ស្លៀក​ពាក់​ស៊ីវិល​ដែល​គ្មាន​ក្របខណ្ឌ​ច្បាស់​លាស់ ដែល​បា​នចុះ​មក​ចាប់​ខ្លួន​រារាំង បំបិទ​សិទ្ធិ​ក្នុង​ការ​តវ៉ាទាមទារសិទ្ធិសេរីភាព​ការ​ងារ និង​ការ​ប្រើ​ប្រាស់​សិទ្ធិ​សហ​ជីព ដោយ​ប្រើ​អំពើ​ហិង្សា​មក​លើ​ក្រុម​កូដ​ករ​ដែល​កំពុង​ធ្វើ​កូដ​កម្ម​ មក​ប្រឈម​មុខ​ជាមួយ​ផ្លូវ​ច្បាប់»។

សេច​ក្តី​ថ្លែង​ការណ៍​របស់​កម្មករ​និយោ​ជិត​នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើល​ដ៏ បាន​ចោទ​សួរទៅអាជ្ញាធរ​ថា ៖​ «ការ​ចាប់ខ្លួន​ក្រុម​កូដ​ករ​ពី​សំណាក់​កង​កម្លាំង​អាជ្ញាធរ​ក្រុង​ ហើយ​យក​ទៅ​ធ្វើតេស្ត​យក​សំណាក​នេះ​ តើ​វាពិត​ជាការ​ព្រួយ​បារម្ភ​ពី​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​ ឬក៏​ប្រើ​លេស​នេះ ​ដើម្បី​បិទ​សិទ្ធិ​ពល​រដ្ឋ​ ក្នុង​ការ​ជួប​ជុំ​ធ្វើ​កូដ​កម្ម​ជា​មួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍?​»។

វីអូអេ​មិន​ទាន់អាច​សុំការ​អត្ថាធិប្បាយ​ពី​អភិបាល​រង​រាជធានី​ភ្នំពេញ ​លោក ​កើត ឆែ និ​ងអ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ​ម៉េត មាសភក្តី គិត​ត្រឹម​ថ្ងៃចន្ទ​នេះ។ វីអូអេ​ក៏​មិនទាន់​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ​ បាន​ដែរ​នៅថ្ងៃ​ចន្ទ​នេះ​។

នាយករង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក​ អំ សំអាត យល់​ថា​ ជម្លោះ​ការ​ងារ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍នេះ​បាន​ធ្វើ​ឃ្លាត​ឆ្ងាយ​ពីបន្ទាត់​ព្រំដែន​ពី​ទំនាស់​រវាង​ថៅកែ និង​កម្មនិយោជិត​ ទៅជា​វិវាទ​រវាង​អាជ្ញាធរ​ជាមួយ​ក្រុម​កូដ​ករនៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ទៅវិញ។

បើតាម ​លោក អំ​ សំអាត​ បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ ក៏​ត្រូវ​បា​ន​អាជ្ញាធរ​ហាម​ឃាត់​មិនឱ្យ​ផ្តិត​រូប​ភាព ឬ​ចូល​ទៅទីតាំង​ធ្វើ​កូដ​កម្មផងដែរ​។ លោក​បន្ត​ថា អាជ្ញាធរត្រូវ​តែ​ស្វែង​រកដំណោះ​ស្រាយ​ ការ​សម្រប​សម្រួល ការ​ជំរុញ អន្តរាគមន៍​យ៉ាងណា​ ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ចប់វិវាទ​ការងារ​មួយ​នេះ ដើម្បីកុំ​ឱ្យក្លាយ​ទៅ​ជា​ការ​រំលោភ​សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ។​

លោក​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ​ថា៖ «ឥឡូវ​ឃើញ​ថា​មាន​ការ​រិះ​គន់​ តាំង​ពី​សហគមន៍​ជាតិ ក៏ដូច​អន្តរជាតិ​ ហើយ​ថ្មីៗ[នេះ] យើង​ឃើញ​ថា​ប្រធាន​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក៏រិះគន់​អំពី​ ការ​ប្រើ​ប្រាស់ ​ឬការទប់​ស្កាត់​ទៅលើ​ក្រុម​កូដ​ករ​ណាហ្គាវើលដ៍​ហ្នឹង​ដែរ​ អ៊ីចឹង​វាកាន់តែ​ធំទៅៗ។ អ៊ីចឹង​ យើង​ជាអង្គការ​សង្គម​ស៊ីវិល​យើង​ចង់​ឃើញ​ថា រួមគ្នា​ធ្វើ​ម៉េច​ ដើម្បី​ដោះស្រាយ​បញ្ហាវិវាទ​ការ​ងារ​ហ្នឹង​ដើម្បី​ឱ្យ​ឆាប់​ចប់​ទៅ​ អ៊ីចឹង​វា​អស់​ហើយ​រឿង​កូដ​ករ​ កូដ​កម្មអី​បន្តទៀត​ គិត​ថា​វាមិនមាន​ទេ។ បើ​មិន​អ៊ីចឹង​ទេ​បញ្ហា​វិវាទ​ការ​ងារ​ វាក្លាយ​ទៅ​ជា​ការ​រំលោភ​លើ​សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ទៅវិញហើយ​»។

គួរ​រំឭកផង​ដែរ​ថា​ នៅ​ក្នុង​ការ​ចេញ​តវ៉ា​របស់​កម្មករ​និយោជិត​ឬអតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​កន្លង​មក​នោះ​មាន​ថ្នាក់​ដឹក​នាំ​និង​សកម្ម​ជន​សហ​ជីព​យ៉ាង​ហោច​ណាស់​១១នាក់ ​ត្រូវបាន​ចាប់ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់​ពីបទ​ញុះញង់​និង​ការ​បំពាន​វិធាន​ការ​សុខាភិបាល​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩​។

ក្នុង​ចំណោម​១១នាក់នោះ​ មាន​៨​នាក់​ដែល​ភាគ​ច្រើនជាថ្នាក់​ដឹកនាំ​ និង​សកម្មជន​សហជីព​ ត្រូវ​បាន​សាលា ឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅក្រៅ​ឃុំ​កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​។ តុលាការ​ជាន់ខ្ពស់​មួយនេះ​លើក​ហេតុ​ផល​ថា​ប្រសិន​បើ​ជន​ជាប់​ចោទ​បាន​ដើរ​ចេញ​ពី​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នោះ ពួកគេ​អាច​នឹង​ប្រព្រឹត្ត​សកម្មភាព​ញុះ​ញង់​ជាថ្មី​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG