ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថា​មាន​ការ​ជឿនលឿន​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ពេល​ដែល​ស្ថិត​ក្រោម​ការ​រិះគន់​របស់​សង្គមស៊ីវិល​


រូបឯកសារ៖ មេដឹកនាំសហជីពលោក រ៉ុង ឈុន ថ្លែង​នៅ​​ពេលលោកត្រូវបានដោះលែងពីមន្ទីរឃុំឃាំងព្រៃស រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​នូវ​ភាព​វិជ្ជមាន​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​និង​បាន​ប្តេជ្ញាជំរុញ​ទៅ​មុខ​លើស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ខណៈ​សង្គម​ស៊ីវិល​មិន​ទាន់​ឃើញ​មាន​ការ​រីកចម្រើន​ជា​ដុំ​កំភួន​នៅ​ឡើយ។

ការ​ប្តេជ្ញា​លើក​កម្ពស់​ស្ថានភាព​សិទ្ធិ​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​គឺ​ត្រូវ​បាន​ពណ៌នា​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជាស្តី​ពី​លទ្ធផល​នៃ​ការ​ការពារ​របាយការណ៍​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្តកតិកា​សញ្ញា​អន្តរជាតិស្តី​ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ជុំ​ទី​បី​របស់​កម្ពុជា​ចុះ​កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​មាន​ការរៀបចំ​កិច្ចប្រជុំ​រយៈពេល​បី​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃទី៩ ដល់​ថ្ងៃ​ទី១១ ខែ​មីនា​រវាង​ប្រតិភូ​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ប្រភិភូ​អន្តរក្រសួង​រួម​មាន​ក្រសួង​មហាផ្ទៃ ក្រសួង​ការ​បរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​ក្រសួង​យុត្តិធម៌ ក្រសួង​កិច្ចការ​នារី ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ព័ត៌មាន​ ចំនួន​៩រូប​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​កតិកា​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែលក្រោយ​ពី​បញ្ចប់​កិច្ច​សន្ទនាគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នឹង​ចេញ​ជា​អនុសាសន៍​ផ្សេងៗ​សម្រាប់​ឱ្យ​រដ្ឋភាគី​ពិនិត្យ​និង​ពិចារណា​ក្នុង​ការ​អនុវត្ត​បន្ត​ទៀត​ដើម្បី​បំពេញ​នូវ​ចំណុច​ខ្វះខាត​និង​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទ​ថា នៅ​កិច្ចសន្ទនា​ខាង​លើ​នេះ​ភាគីរដ្ឋាភិបាល​និង​អង្គការសង្គមស៊ីវិលអាច​មាន​ការ​យល់ស្រប ឬ​ខ្វែង​គំនិត​តាម​ព័ត៌មាន​ដែល​ទទួល​បាន​រៀងៗ​ខ្លួន។ ប៉ុន្តែលោក​សង្កត់​ធ្ងន់​ថា គោលដៅ​ចម្បងនៃ​ការ​ពិភាក្សា​គឺ ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹងស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖ «ព្រោះ​គាត់​អាច​ទទួល​បាន​ព័ត៌មាន​ពី​ក្រុម​ប្រឆាំង ឬ​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​ប្រឆាំង​អ៊ីចឹងព័ត៌មាន​ដែល​ទទួល​បាន​វា​អាច​ខុស​ពី​អ្វី​ដែល​យើង​មាន​និង​ការ​អនុវត្ត​ជាក់ស្តែង។ អ៊ីចឹង​ វេទិកា​នេះ​គឺ​ជា ការ​ជជែក​គ្នា​ ផ្លាស់ប្តូរ​យោបល់​គ្នា ស្វែង​យល់​ពី​បញ្ហា​ប្រឈម​និង​ទិសដៅ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​តាមរយៈ​ការ​ផ្លាស់ប្តូរ​យោបល់ និង​បទពិសោធន៍ និង​ការ​ស្រាវជ្រាវ​រៀងៗ​ខ្លួន​រវាង​អ្នក​ជំនាញ​ការ​ដែល​គេ​មាន​បទពិសោធន៍​បាន​ស្រាវជ្រាវ​លើ​ការងារ​នេះ»។

លោក​បាន​បន្ថែម​ថា​វេទិកាខាង​លើ​នេះ​ក៏​បាន​ផ្តល់​ឱកាសដល់​រដ្ឋាភិបាល​ដើម្បីយក​អង្គហេតុ​មកបកស្រាយ​ពី​ចំណាត់ការតាម​ផ្លូវ​ច្បាប់​មួយ​ចំនួន ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ជាការ​រំលោភបំពាន​សិទ្ធិ​មនុស្ស។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព បង្ហាញ​ការ​ស្វាគមន៍​នៅ​ពេល​រដ្ឋាភិបាល​មាន​ការ​បើកចំហ​ទទួល​យក​មតិ​ផ្សេងៗ ដោយសារ​តែ​អ្នកស្រី​កត់សម្គាល់​ថា ជា​ទូទៅ​អាជ្ញាធរ​តែង​តែ​ធ្វើ​ការ​បដិសេធ​លើ​របាយការណ៍​ណាមួយ​ពី​មជ្ឈដ្ឋាន​សង្គមស៊ីវិល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

អ្នកស្រី​បាន​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​ខ្ញុំ​យល់​ថា ការ​ដោះស្រាយ​នូវ​បញ្ហា​ជា​ពិសេស​បញ្ហា​សិទ្ធិ​មនុស្ស និង​បង្ហាញ​នយោបាយ​នៅស្រុក​ខ្មែរ​នេះ​ទាមទារ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​នូវ​បញ្ហា​ជា​មុន​សិន ព្រោះ​បើ​យើង​នៅតែ​ប្រកែក​នៅ​តែ​បដិសេធ​ហើយ​ច្រាន​ចោល​នូវ​រាល់​មតិ​រិះគន់​នានា​នោះ​ខ្ញុំ​គិត​ថា មិនមែន​ជា​មធ្យោបាយ​នោះ​ទេ»។

រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

អ្នកស្រី​ ចក់ សុភាព ​ក៏​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​និង​មន្រ្តី​ពាក់ព័ន្ធ​នានា​គោរព​តាមបទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ តាមរយៈ​ «ការ​បង្ក​បរិយាកាស​អំណោយ​ផល» ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ផង​ដែរ។​

​នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ​ស្នើ​ឱ្យ​រដ្ឋាភិបាល​មាន​«ឆន្ទៈ​ពិត​ប្រាកដ​» នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​សេរីភាព​ក្នុង​ប្រទេសប្រសើរ​ឡើង ក្នុង​នាម​កម្ពុជា​ដែល​ជា​ភាគី​ផ្តល់​សច្ចាប័ន​លើ​កតិកា​សញ្ញា​អន្តរជាតិស្តី​ពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ។

លោក​ប្រាប់វីអូអេ​ថា៖ «យើង​ឃើញ​ហើយ​បើ​ថា បើ​សិន​ជា​រាជ​រដ្ឋាភិបាល​ក៏ដូច​ជា​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ទទួល​យក​អនុសាសន៍​ហើយ​ពិនិត្យ​លទ្ធភាព​នៅ​ក្នុង​ការ​កែលម្អ​ធ្វើ​ម៉េច​ឱ្យ​បាន​ល្អ​ប្រសើរ​ទាក់ទង​នឹង​សិទ្ធិ​ពលរដ្ឋ​សិទ្ធិ​នយោបាយ​នេះ​ជា​រឿង​ល្អ​ហើយ»។

យ៉ាង​ណា​ក្តី លោក ​អំ សំអាត​ បាន​ចង្អុល​បង្ហាញ​ពី​ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​និង​ពី​ឧត្តមស្នង​ការ​សិទ្ធិ​មនុស្ស​អ.ស.ប.កាល​ពី​ពេល​កន្លង​មក​ពាក់ព័ន្ធ​នឹង​ការ​ចាប់​អតីត​សកម្មជនអ្នកនយោបាយ​គណបក្ស​ប្រឆាំង ការ​រំលាយ​គណបក្ស​ប្រឆាំង ការ​ធ្វើ​ទុក្ខម្នេញ​លើ​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិ​មនុស្ស ការងារ​សង្គម​ ក៏ដូចជា ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​កូដករ​ណា​ហ្គាវើលដ៏​នាពេល​ថ្មីៗ​នេះ​ជា​ដើម។

បើតាម​មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គឺ​មាន​លក្ខណៈ​ចម្រូងចម្រាស​រហូត​ដល់​ការ​នាំ​ឱ្យ​សហភាព​អឺរ៉ុបសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់ទំនិញ​លើក​លែង​តែ​សព្វាវុធ​ហៅ​កាត់​ថា EBA មួយ​ផ្នែក​ផង​ដែរ​មក​លើ​កម្ពុជា។​

កាល​ពី​ឆ្នាំ​២០២០​សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​ឬ​ Everything But Arms ​(EBA)​ ចំនួន​២០%​ពី​កម្ពុជា​ដែល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​ក្រុម​ប្រទេស​នៅ​អឺរ៉ុប។​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ​មួយ​ផ្នែក​នេះ​កើត​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។​

នាពេល​ថ្មីៗ​នេះ​ផង​ដែរ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​រងការ​រិះគន់​ពី​សំណាក់​សង្គមស៊ីវិល​ជាតិ​និង​អន្តរជាតិ​ទាក់ទិន​នឹងអ្វី​ដែល​ពួកគេ​ចាត់​ទុក​ថា​ជា ការ​បង្រ្កាប​មក​លើ​ក្រុម​កូដករ​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៏ ដែល​បាន​ធ្វើ​ការ​ប្រមូលផ្តុំ​តវ៉ា​ពាក់ព័ន្ធ​នឹង​ជម្លោះ​ការងារ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ក្រោមហេតុផល​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុង​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG