ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

តុលាការ​ដោះ​លែង​អ្នក​សហជីព​​​​ណាហ្គាវើលដ៍​៨​រូប​ឱ្យ​ស្ថិត​នៅ​​ក្រៅឃុំ ​ចំពេល​ក្រសួង​ការ​ងារ​ទទួល​ស្គាល់​ក្បាល​ម៉ាស៊ីន​សហជីព​ថ្មី


សហជីពនិង​អតីតបុគ្គលិកណាហ្គាវើលដ៍ ត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញដោះលែងឱ្យ​​​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដោះលែង​ថ្នាក់​ដឹក​នាំសហជីព និង​សកម្មជន​ ​សហជីព​ទ្រទ្រង់​សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែ​រ​នៃ​ក្រុម​ហ៊ុនណាហ្គាវើលដ៍ ​ចំនួន៨​នាក់​ ​ឱ្យបាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ណោះ​អាសន្ន បន្ទាប់​ពី​ពួកគេ​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៣​ខែពីបទ​ញុះញង់ និងបាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រសួង​ការ​ងារ​ ដោយ​សន្យា​ថា​នឹង​មិន​មាន​ការប្រមូលផ្តុំធ្វើកូដ​កម្ម ឬ​តវ៉ា​ណា​មួយ​នោះទេ។

ដោយឡែកស្រប​ពេល​ដែល​មាន​ការ​ដោះលែង​តំណាង​កូដករ​នៅ​ក្រុមហ៊ុន​ណ្គាហ្គាវើដ៍​កាលពី​យប់​ថ្ងទី​១៤​ខែ​មីនា​ ​ដើម្បី​រក​ច្រក​ច​រចា​ដោះ​ស្រាយ​វិវាទ​ជាមួយ​ក្រុមហ៊ុន​នោះ​ ​ក្រសួង​ការ​ងារ​ បាន​ធ្វើ​ឱ្យ​សង្គម​ស៊ីវិលភ្ញាក់​ផ្អើល​ ដោយ​ក្រសួង​បាន​ចេញ​លិខិត​ទទួល​ស្គាល់ពីការ​ចុះបញ្ជី​សមាសភាព​ដឹកនាំ​អង្គការ​សហជីពថ្មី​នៃក្រុម​ហ៊ុននេះ​ ដែល​មាន​ឈ្មោះថា​ «សហជីព​សិទ្ធិ​ និង​ប្រយោជន៍​រួម​នៃ​បុគ្គលិក​ ណាហ្គាវើលដ៍​»។

ការ​ទទួល​ស្គាល់សហជីព​ថ្មី​នេះ​ ធ្វើ​ឡើង​នៅថ្ងៃតែ​មួយ​ គឺ​ក្នុងថ្ងៃ​ដែល​ថ្នាក់​ដឹកនាំ​ សកម្មជន​សហជីព​ចំនួន​៨​នាក់​ក្នុង​នោះគឺ​កញ្ញា​ឈឹម ស៊ីថរ​ ត្រូវបាន​តុលាការ​ដោះលែង​ បន្ទាប់ពី​ពួក​គេ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​តាំងពី​ដើម​ខែមករា។​ ​នេះ​បើ​តាម​កូដ​ករ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។

​មុនពីរថ្ងៃ​នៃការ​ដោះ​លែង​ឱ្យ​ស្ថិត​នៅ​ក្រៅឃុំ​នេះ ថ្នាក់​ដឹកនាំ ​និង​តំណាង​សហជីពទាំង​៨នាក់​ក៏​បាន​ធ្វើ​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ពី​ក្រសួង​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ និង​ស្ថាប័ន​ជំនាញ​ ក្នុងនោះ​គឺក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

ជាថ្នូរ​នឹង​ការ​ទទួល​បាន​សេរីភាព​ឡើងវិញ​នោះ​ អ្នក​សហជីព​ទាំង​៨នាក់​ ក៏បានធ្វើ​កិច្ច​សន្យា​ជា​មួយ​មន្ត្រី​ពន្ធ​នា​គារ ​និង​ក្រសួង​ការងារ​ ដោយ​សន្យា​ថា​មិនធ្វើ​ការ​ប្រមូលផ្តុំ​តវ៉ា ឬ​ដឹកនាំ​ការ​តវ៉ាណា​មួយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សន្តិ​សុខ។ នេះ​បើ​តាម​លិខិត​ទាំង​៨​ច្បាប់​របស់​តំណាង​សហ​ជីព​ ដែល​ត្រូវ​បាន​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​ ​Fresh News ចេញ​ផ្សាយកាល​ពី​ថ្ងៃ​ចន្ទ។

អ្នក​ស្រី ​ឈិន ​ឧសភា ​អាយុ​៣២​ឆ្នាំ ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​យក​ទៅ​ដាក់នៅ​មណ្ឌល​ចត្តាឡីស័ក​ខណ្ឌព្រែក​ព្នៅកាលពី​ថ្ងៃ​ចន្ទ​ ប្រាប់​វីអូអេ​ថា​ កម្មករ​និយោជិត​ ឬអតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ​ដែល​កំពុង​ធ្វើ​កូដ​កម្ម​ មិន​ទទួល​ស្គាល់​ជា​ដាច់​ខាត​ចំពោះ​ការ​តែង​តាំង​សមាសភាពដឹកនាំ​សហ​ជីព​ថ្មី​របស់​ក្រសួង​ការ​ងារ​ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដោយ​ថាការ​ដោះ​ស្រាយ​វិវាទ​ការងារ​នៅ​បន្ត​ជាប់​គាំង​នៅឡើយ។

បើ​កូដករ​រូបនេះ​ ប្រធាន​សហជីពថ្មីនៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍គឺ​អ្នកស្រី​ហេង សោភិនី ដែល​ក្រសួង​ការងារ​ចុះបញ្ជី​ទទួល​ស្គាល់​នោះ​ គឺបុគ្គល​នោះធ្លាប់​ជា​សមា​ជិក​សហ​ជីពដែល​កំពុងមាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ ​ប៉ុន្តែបានសុំលា​លែង​ជា​សមា​ជិ​ក​ភាពមុន​ពេល​កូដ​កម្ម​ផ្ទុះឡើង​កាលពី​ពាក់​កណ្តាល​ខែធ្នូ​ ឆ្នាំ​២០២១​ ហើយ​ការ​លា​លែង​នោះ​ទៀត​សោត​ ក៏​មិន​ត្រឹម​ត្រូវ​ដែរ​ ពីព្រោះ​មិន​បានសុំលា​លែង​ជា​មួយ​សហ​ជីព បែរ​ជា​សុំ​លា​លែង​ពី​សមា​ជិក​សហ​ជីពតាម​រយះក្រុម​ហ៊ុន​ទៅ​វិញ។

អ្នក​ស្រី​និយាយ​ថា​៖ ​«ចំពោះ​ការ​ចាត់​តាំង​ថ្មី​ ដែល​មានប្រធាន​សហជីពថ្មី ​ក្នុង​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​ ពួក​ខ្ញុំអត់​ទទួល​ស្គាល់​ទេ​។ ដោយ​សារ​ប្រធាន​សហជីព​គឺត្រូវ​បាន​បោះឆ្នោត​ ចាត់តាំង​ពីសមាជិក​ ហើយ​ដែល​ពួកខ្ញុំ​ជា​បុគ្គលិក​អត់​បាន​បោះឆ្នោត​ប្រគល់​សិទ្ធិអំណាច​ទៅ​ឱ្យគាត់​ផង​ រឿង​អីគាត់​អាច​ធ្វើជា​តំណាងរបស់​ពួកខ្ញុំ​។ ពួកខ្ញុំអត់​អាច​ទទួល​យក​បែប​ហ្នឹង​បានទេ»។

អ្នកស្រី​ឈិន ​ឧសភា​ បាន​ទទូច​សុំ​ឱ្យក្រសួង​ការងារ​ឈរ​នៅ​កណ្តាល​ និង​ប្រកាន់​អព្យា​ក្រឹតភាព ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះការងារ​រ៉ាំរ៉ៃនេះ​ ដោយ​តម្រូវ​ឱ្យថៅកែ​ក្រុម​ហ៊ុន​ចូលតុ​ចរចា​ជាមួយ​តំណាង​កូដ​ករទាំង​៨​នាក់​ ​ដែល​តុលាការទើប​សម្រេច​ឱ្យ​បាន​ស្ថិត​នៅ​ក្រៅឃុំ​ជា​បណ្តោះ​អាសន្ន​នោះ។

យ៉ាង​ណាក៏​ដោយ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ចាស់​៨នាក់​ដែល​ទើប​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ ​បាន​អំពាវ​នាវ​ដល់​បុគ្គលិក​ដែលមិន​ទាន់​ត្រូវ​បាន​ក្រុម​ហ៊ុន​កាត់​ឈ្មោះ​ ​ឱ្យ​ត្រឡប់​ចូល​ធ្វើការ​វិញ។ ចំណែក​បុគ្គលិក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ពីការ​ងារ​ត្រូវសម្រាក​នៅ​ផ្ទះ​។ នេះបើ​តាម​លិខិត៨​ច្បាប់ចុះ​ថ្ងៃទី​១២​ខែមីនារបស់​អ្នក​សហជីព​ទាំង​៨នាក់ដែល​ត្រូវ​បាន​អា​ជ្ញា​ធរ​ចាប់​ខ្លួន​ពីបទ​ញុះ​ញង់​ចំពោះការ​ដឹកនាំ​ធ្វើកូដកម្ម​កន្លង​មក​នោះ។

បើតាមការ​អំពាវនាវ​ដដែល​នោះ​ ក្រុម​ហ៊ុន​ក៏មិនត្រូវ​មានការគុំគួន​ ឬ​ដាក់​ទណ្ឌ​កម្ម ឬ​ការបង្ខំធ្វើកិច្ច​សន្យា​ផ្សេង​ៗ​ឡើយ ​ចំពោះ​បុគ្គលិក​ដែល​ធ្វើ​កូដ​កម្ម​កន្លង​មក ដើម្បី​រក្សា​ភាព​ស្ងៀម​ស្ងាត់ ក្នុង​ការ​បង្ក​បរិយា​កាសស្វែង​រក​ដំណោះ​ស្រាយ​បញ្ចប់វិវាទការ​ងារ​តាម​ផ្លូវ​ច្បាប់។

​ទោះបី​មាន​ការ​អំពាវនាវ​បែបនេះក្តី​ កូដ​ករប្រមាណ​១៦០​នាក់​បានបន្ត​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃចន្ទម្សិល​មិញ​ និង​បាន​រងការ​បង្ក្រាប​ពីសំណាក់​អាជ្ញាធរ​សន្តិសុខ​ ដែល​កូដករ​ចោទ​ថា​ បាន​បណ្តែត​បណ្តោយ​ឱ្យ​ជន​មិន​ស្គាល់​មុខ​ស្លៀក​ពាក់​ស៊ីវិល​មួយ​រូប​បង្ក​ហិង្សា​លើ​កូដករ​ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម។

ក្រុម​កូដករ​ក៏ត្រូវបាន​អាជ្ញាធ​របង្ខំឱ្យឡើង​ឡាន​ក្រុង នៅ​មុខ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ និង​យក​មក​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែកព្នៅ ​ទី​ដែល​កូដករ​បានប្រឈម​មុខនឹង​កង្វះ​អាហារ​ហូបចុក​ផងដែរ។​ នេះ​បើ​តាម​អ្នកស្រី​ឈិន ឧសភា និង​កូដករ​មួយ​ចំនួន​ទៀត​។

កញ្ញា ​ជា សុខុម អាយុ​៣៧​ឆ្នាំ ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ យក​ទៅ​ដាក់​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​ខណ្ឌ​ព្រែក​ព្នៅកាលពី​ថ្ងៃ​ចន្ទនោះ​ សាទរនឹង​ការ​សម្រេច​របស់តុលាការ​ដែល​បាន​អនុញ្ញាត​ឱ្យតំណាង​របស់​គាត់បាន​នៅ​ក្រៅឃុំជា​បណ្តោះ​អាសន្ន ​ប៉ុន្តែ​កញ្ញា​ថា​ការ​ដោះ​ដូរ​ប្រធាន​សហ​ជីព​ថ្មី​នៅក្រុម​ហ៊ុន​ណា​ហ្គា​វើលដ៍នេះ គឺ​កញ្ញា និង​កូដ​ករ​ផ្សេង​ទៀត​មិន​ទទួល​ស្គាល់​នោះទេ។

​កញ្ញា​ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​ថា៖ ​«​ចង់​និយាយថា​សហជីព​មួយ​មិន​ទាន់​បាន​លា​លែង​តំណែង​ចេញផង​ ហើយ​មិន​ទាន់​ដោះ​ស្រាយ​ចេញផង​ គាត់[ក្រសួង​ការ​ងារ​ និ​ង​ក្រុមហ៊ុន​]​ បា​ន​ដំឡើង​សហជីពមួយ​ទៀត​ [អ៊ីចឹង​]ស​បញ្ជាក់​ឱ្យឃើញថា​ នេះ​ចង់​សម្លាប់​ខ្មែរ​គ្នា​ឯង​នៅ​ក្នុង​ក្រុមហ៊ុន​ គឺ​ដណ្តើម​គ្នា​តែម្តង។ ប៉ុន្តែ​អ្នក​ខាង​ក្នុង​ដំឡើង[សហជីព​ថ្មីហ្នឹង​] ពួក​ខ្ញុំអត់​គាំទ្រ​ទេ ដោយ​សារ​ថាការ​ដំឡើង​សហ​ជីពមួយ​ៗ [​ឬ]ការ​រើស​សហជីពមួយ​ៗ គឺត្រូវ​ការ​ផ្តិត​មេ​ដៃពី​បុគ្គលិក​ទាំង​អស់​មិន​មែន​សុខ​ៗ លិខិត​ចេញ​មក​ឯង ផុស​មក​ឯង អ៊ីចឹង​ពួក​ខ្ញុំអ​ត់​ទទួល​ស្គាល់​ទេ»។

គួររម្លឹក​ឡើងវិញ​ផងដែរថា ថ្នាក់​ដឹកនាំ​ សមាជិក​ និង​សកម្មជន​សហជីព​ទ្រទ្រង់​សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែ​រ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ​សរុបចំនួន​១១នាក់​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួនពីបទ​ញុះញង់​ និង​ការ​បំពាន​វិធានការ​សុខា​ភិបាល​ទប់​ស្កាត់​ការ​ឆ្លង​រាត​ត្បាត​ជំងឺកូវីដ​១៩។ គេ​មិន​ទាន់​ដឹងថា​ សមាជិក​សហជីព​៣នាក់ទៀត​ដែល​កំពុង​ជាប់​ឃុំ​ក្នុងពន្ធនាគារ​ ​នឹង​ត្រូវ​ទទួល​បាន​ការ​ដោះលែង​ពីសំណាក់​តុលាការ​ ឬ​យ៉ាង​ណា​ទេ​ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​។

វីអូអេ​មិនទាន់​អាច​ទាក់​ទង​សុំការ​អត្ថា​ធិប្បាយ​ពី​សមាសភាព​ដឹកនាំ​សហជីព​ថ្មី​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក​ហេង សួរបាន​ទេ​នៅថ្ងៃអង្គារ​ដដែល​នេះ។

អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​លោក ​ស៊ឹង​ សែនករុណា​ យល់​ថា អាជ្ញាធរ​ហាក់ដូច​ជាមាន​ការ​រៀប​ចំ​បម្រុង​ទុក​រួច​ជាស្រេច​នូវ​សហជីពថ្មី​នោះ ដែល​ការណ៍​នេះបានបង្ហាញអំ​ពី​ការ​រឹតត្បិត​ចំពោះ​សហជីព​ឯករាជ្យ ដែល​ហ៊ាន​ការ​ពារ​ផល​ប្រយោជន៍​សមាជិក​របស់ខ្លួន​ ដែល​ជាបុគ្គលិក​ក្រុម​ហ៊ុន។

លោកនិយាយ​ថា៖ ​«​នេះ​បាន​ស​បញ្ជាក់​ថា អាជ្ញាធរ​ហាក់ដូច​ជាមានការ​រៀប​ចំ ឡើង​យ៉ាង​ច្បាស់លាស់​ក្នុង​ការ​ដាក់នូវ​សហជីព​ថ្មី ដែល​ជាសហជីពមួយ​មិនដឹង​ថា​តើ​កូដ​ករ​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​យកទៅធ្វើ​ចត្តាឡីស័ក​ទាំង​អស់​ហ្នឹង​ គាត់​ទទួល​យក​ឬយ៉ាង​ណា​ផង​?។ នេះ​ហាក់​ដូច​ជា​សហជីព​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​មិនទាន់​ដោះ​ស្រាយ​នូវ​បញ្ហា​របស់​សហជីព​ចាស់ហ្នឹង​ចប់សព្វ​គ្រប់​ផង​»។

មន្ត្រី​កម្មវិធី​ការ​ងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់ ​លោក​ឃុន​ ថារ៉ូ​ បាន​កត់​សម្គាល់​ថា ការ​បង្កើត​ និង​ការ​លេច​ឡើង​នូវ​សហជីពថ្មី​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ ខណៈ​វិវាទ​ការងារ​មិនទាន់​បាន​បញ្ចប់នេះ គឺបាន​ស​បញ្ជាក់​ថា​ក្រុមហ៊ុន​ពិត​ជា​មាន​ចេតនា​ បង្កើត​រូប​ភាពដែល​មាន​លក្ខណៈ​រារាំង និង​ទប់ស្កាត់​ឥទ្ធិពល​របស់​សហជីព​ឯករាជ្យ​ដែល​ហ៊ានទាមទារ​សិទ្ធិឱ្យ​កម្មករ​ ឬបុគ្គលិក។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ការ​បន្សាប​នូវ​ឥទ្ធិពល​របស់​សហជីព​តាម​រយៈការ​បញ្ឈប់​បុគ្គលិក​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ បន្សាប​ឥទ្ធិ​ពល​សហ​ជីព​ក្នុង​ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ ហើយ​បន្សាប​ឥទ្ធិពល​សហជីព​ក្នុង​ការ​បញ្ឈប់​សកម្ម​ជន​សហជីព​ វា​ជា​ចេតនា​ច្បាស់​លាស់​ហើយតាំងពី​ដើមមក​របស់​ក្រុមហ៊ុន​ក្នុង​ការ​រើស​អើង​សហជីព ​និង​ការ​ព្យា​យាម​ធ្វើ​ទុក្ខ​បុកម្នេញ ​ឬក៏​រំលើងនូវ​សហជីព​ឯក​រាជ្យ ដែល​ធ្វើ​ការងារ​ក្នុង​ការការ​ពារ​សិទ្ធិ​ផលប្រយោជន៍​និយោ​ជិត​នៅក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​»។

បើតាមលោក ឃុន​ ថារ៉ូ​ ការ​អនុញ្ញាត​ឱ្យ​តំណាង​សហជីព​ចាស់​បាន​ស្ថិត​នៅ​ក្រៅឃុំ​ជា​បណ្តោះ​អាសន្ន​នោះក៏អាច​បង្ក​ជា​លក្ខណៈ​ ឬ​លទ្ធ​ភាព​ដើម្បី​អាច​ចូល​រួម​នីតិវិធី​ចរចា​ជាមួយ​ក្រុម​ហ៊ុន​ដែល​នឹង​ត្រូវ​រៀប​ចំ​ និង​សម្រុះ​សម្រួល​ ដោយ​ក្រសួង​ការ​ងារ ​ដើម្បី​ឈាន​ដល់​ការ​បិទ​បញ្ចប់​នូវ​វិវាទ​ការងារ​ដែល​បានអូសបន្លាយ​ពេល​មក​ជិត​មួយ​ឆ្នាំ​នោះ។

​កូដកម្ម​របស់​កម្មករ​និយោជិត​ ឬអតីត​បុគ្គលិក​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១ ​ដើម្បី​ទាម​ទារឱ្យ​ក្រុម​ហ៊ុន​ទទួល​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន ដែល​ពួក​គេ​ចាត់​ទុក​ថាជា​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ និង​ទាមទារ​ឱ្យ​ក្រុម​ហ៊ុន​ទទួល​យក​កម្មករ​និយោ​ជិត​ចំនួន​៣៦៥​នាក់​ ក្នុង​ចំណោម​កម្មករ​និយោជិតជាង​១៣​០០​នាក់​ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​រួម​គ្នា​ដោយ​បង្ខំ​តាំង​ពី​ខែ​មេសា​ ឆ្នាំ​២០២១៕

XS
SM
MD
LG