ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Theresa May នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ទាប់​របស់​អង់គ្លេស


បុគ្គលិក​នានា​ទះ​ដៃ​នៅ​ពេល​ដែល​លោកស្រី Theresa May ដែល​ជា​នាយក​រដ្ឋ​មន្រ្តី​ថ្មី​របស់​អង់គ្លេស​ដើរ​ចូល​ទៅ​ក្នុង​វិមាន​នាយក​រដ្ឋ​មន្រ្តី 10 Downing Street នៅ​កណ្តាល​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។
បុគ្គលិក​នានា​ទះ​ដៃ​នៅ​ពេល​ដែល​លោកស្រី Theresa May ដែល​ជា​នាយក​រដ្ឋ​មន្រ្តី​ថ្មី​របស់​អង់គ្លេស​ដើរ​ចូល​ទៅ​ក្នុង​វិមាន​នាយក​រដ្ឋ​មន្រ្តី 10 Downing Street នៅ​កណ្តាល​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

ព្រះ​មហាក្សត្រយានី Elizabeth បាន​បញ្ជាក់ថា លោកស្រី Theresa May គឺ​ជា​នាយក​រដ្ឋ​មន្ត្រី​របស់​អង់គ្លេស និង​បាន​ហៅ​លោកស្រី​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ បន្ទាប់​ពី​ទ្រង់​បាន​ទទួល​សំណើ​លាលែង​ពី​តំណែង​របស់​លោក David Cameron នៅ​ឯ​ព្រះបរមរាជវាំង​ Buckingham កាល​ពី​ថ្ងៃ​ពុធ។

គេ​រំពឹង​ថា​ លោកស្រី May ក្នុង​វ័យ ៥៩​ឆ្នាំ នឹង​បង្ហាញ​គណៈរដ្ឋមន្ត្រី​ថ្មី ដោយ​រួម​មាន​ទាំង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ខាង​ចាត់ចែង​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ផង​ដែរ ហើយ​វា​អាច​ទៅ​រួច​ដែល​គេ​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ពុធ ម៉ោង​ក្នុង​ស្រុក។
នៅ​ក្នុង​សុន្ទរកថា​ដំបូង​បង្អស់​របស់​លោកស្រី​ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី លោកស្រី May បាន​មាន​ប្រសាសន៍​ថា លោកស្រី​មាន​ផែនការ​នឹង​ដឹកនាំ​ស្មារតី​បង្រួបបង្រួម និង​កសាង​ប្រទេស​មួយ​សម្រាប់​មនុស្ស​មនុស្ស​គ្រប់​គ្នា។ លោកស្រី​និយាយ​ថា លោកស្រី​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​សង្គម។

ថ្វីត្បិត​តែ​លោកស្រី May ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក Cameron ​បាន​គាំទ្រ​ឲ្យ​អង់គ្លេស​រក្សា​សមាជិកភាព​របស់​ខ្លួន​នៅ​ក្នុង​សហភាព​អឺរ៉ុប​ក៏​ដោយ ក៏​លោកស្រី​បាន​មាន​ប្រសាសន៍​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា «អង់គ្លេស​បោះឆ្នោត​ចាកចេញ​ពី​សហភាព​អឺរ៉ុប ដូច្នេះ​ត្រូវ​តែ​ចាកចេញ» ប៉ុន្តែ​លោកស្រី​ក៏​បាន​សង្កត់​ធ្ងន់​ទៅ​លើ​តម្រូវការ​ក្នុង​ការ​ចរចា​ទៅ​លើ​កិច្ចព្រមព្រៀង​ល្អ​បំផុត​សម្រាប់​ឲ្យ​អង់គ្លេសចាកចេញ​ពី​សហភាព​អឺរ៉ុប​ផង​ដែរ។

លោកស្រី May ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ស្រី​ទី​២​របស់​អង់គ្លេស​បន្ទាប់​ពី​លោកស្រី Margaret Thatcher ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា លោកស្រី​នឹង​មិន​ផ្តួចផ្តើម​ទៅ​លើ​ការ​ចរចា​ចាកចេញ​ពី​អង់គ្លេស​មុន​ចុង​ឆ្នាំ​នេះ​នោះ​ទេ។

មុន​ពេល​ថ្លែង​សុន្ទរកថា​ជាមួយ​នឹង​ព្រះមហាក្សត្រយានី លោក Cameron បាន​មាន​ប្រសាសន៍​នៅ​ក្រៅ​វិមាន​នាយក​រដ្ឋ​មន្ត្រី នៅ​ផ្លូវ 10 Downing Street ថា នេះ​គឺ​ជា​មហាកិត្តិយស​របស់​លោក​ក្នុង​ជីវិត​នេះ ដែល​បាន​ធ្វើការ​ជា​នាយក​រដ្ឋ​មន្ត្រី។ ដោយ​មាន​ភរិយា​និង​កូនៗ​៣​នាក់​ឈរ​អម​ជាមួយ​ផង លោក Cameron ទទួល​បាន​ការ​វាយតម្លៃ​ចំពោះ​ការងារ​ជា​នាយក​រដ្ឋ​មន្ត្រី​របស់​លោក​ថា លោក​បាន​ធ្វើ​ឲ្យ​ប្រទេស​អង់គ្លេស​កាន់​តែ​ខ្លាំង​ជាង​មុន​និង​ល្អ​ជាង​មុន។

លោក Cameron បាន​ជូនពរ​ដល់​អ្នក​ស្នង​តំណែង​ពី​លោក​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចរចា​របស់​ខ្លួន ដើម្បី​ឲ្យ​អង់គ្លេស​អាច​ចាកចេញ​ពី​សហភាព​អឺរ៉ុប ដែល​នេះ​គឺ​ជា​បញ្ហា​ដែល​បាន​បង្ខំ​ឲ្យ​លោក​លាលែង​ពី​តំណែង។

លោក Cameron បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​សភា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ជាមួយ​នឹង​ការ​ស្ញើច​សរសើរ​ដោយ​មាន​ការ​ក្រោកឈរ​ឡើង​ចំពោះ​ស្នាដៃ​ការងារ​របស់​លោក​ជា​នាយក​រដ្ឋ​មន្ត្រី​រយៈពេល​៦​ឆ្នាំ៕

XS
SM
MD
LG