បន្ទាប់ពីមានការបោះឆ្នោតប្រជាមតិលក្ខណៈប្រវត្តិសាស្រ្តរបស់ចក្រភពអង់គ្លេសដើម្បីចាកចេញពីសហភាពអឺរ៉ុបរួចមក បណ្តាមេដឹកនាំសហភាពអឺរ៉ុបបានចាប់ផ្តើមដោះស្រាយបញ្ហានៃទំនាក់ទំនងរបស់ខ្លួនជាមួយនឹងចក្រភពអង់គ្លេសដែលនឹងក្លាយជាអតីតមិត្តរួមក្រុមមួយនេះ ថាតើនឹងវិវឌ្ឍទៅជាយ៉ាងណា។
លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានថ្លែងនៅក្នុងសភាអាល្លឺម៉ង់នៅថ្ងៃនេះថា ថ្វីត្បិតតែអង់គ្លេសនឹងបាត់បង់អភ័យឯកសិទ្ធិរបស់ខ្លួនក្នុងនាមជាសមាជិករបស់សហភាពអឺរ៉ុបក៏ពិតមែន ក៏ប្រទេសនេះនឹងនៅតែមានសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយអង្គការណាតូ។ លោកស្រីក៏បានព្រមានថា សហភាពអឺរ៉ុបមិនត្រូវភ្លេចពីបញ្ហាដែលមានសំពាធដទៃទៀត ដូចជាវិបត្តិជនភៀសខ្លួននោះទេ។ ប៉ុន្តែក៏ត្រូវតែរឹងមាំជាងមុនទាំងអស់គ្នានិងទប់ស្កាត់កុំឲ្យមានការបែកបាក់តទៅមុខដែរ។
លោកស្រីបានលើកឡើងពីប្រទេសន័រវែសជាឧទាហរណ៍ថា ប្រទេសអង់គ្លេសក៏អាចមានទំនាក់ទំនងជាមួយនឹងសហភាពអឺរ៉ុបបានដែរ ដោយមិនធ្វើជាសមាជិកសហភាពអឺរ៉ុបទេ ប៉ុន្តែអាចចូលរួមទីផ្សារសេរីបាន ដោយសារតែប្រទេសនេះមានឆន្ទៈគោរពទៅតាមចលនាសេរី។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី Merkel ក៏បានបញ្ជាក់ថា កិច្ចពិភាក្សាផ្លូវការនានាអំពីទំនាក់ទំនងនេះនឹងមិនមាននោះទេ រហូតទាល់តែអង់គ្លេសចាប់ផ្តើមអនុវត្តនីតិវិធីផ្លូវការក្នុងការចាកចេញពីសហភាពអឺរ៉ុប៕