អ្នកវិភាគខាងសេដ្ឋកិច្ច សង្គមនិងនយោបាយនៅកម្ពុជា លើកឡើងថា ការចាកចេញរបស់ប្រទេសអង់គ្លេសពីសហគមន៍អឺរ៉ុបឬ ហៅកាត់ថា Brexit អាចផ្តល់ផលចំណេញខ្លះដល់តំបន់អាស៊ី ជាពិសេសអាស៊ានសម្រាប់រយៈពេលខ្លី ប៉ុន្តែ សម្រាប់រយៈពេលវែង Brexit នេះ អាចមានឥទ្ធិពលមិនល្អដល់តំបន់នេះទៅវិញ។
លោក អ៊ូ វីរៈ បានថ្លែងបែបនេះ នៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃច័ន្ទទី៤ ខែកក្កដានេះ។
«សម្រាប់ប្រទេសក្រីក្រ ដែលយើងហៅថា Emerging markets ដែលជាប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា ជាដើម ខ្ញុំមើលទៅ អាចចំណេញខ្លះ។ ទី១ ដោយសារមានការព្រួយបារម្ភនៅតំបន់អឺរ៉ុបហ្នឹង គឺអាចធ្វើឲ្យមានវិនិយោគទុន ហូរមកប្រទេសនៅក្នុងតំបន់អាស៊ី ប៉ុន្តែ ទន្ទឹមពេលនៃការចំណេញក្នុងពេលខ្លីនេះ ខ្ញុំមើលទៅក្នុងរយៈពេលវែង កម្ពុជា រួមទាំងអាស៊ានទាំងមូល នឹងខាត។ ខាតដោយសារ នៅពេលណាដែលសេដ្ឋកិច្ចពិភពលោកទាំងមូល មានការប៉ះពាល់ដូចនៅឆ្នាំ២០០៧ និង២០០៨ ចុងបញ្ចប់គឺប៉ះពាល់ដល់ប្រទេសកម្ពុជាដែរ»។
ពលរដ្ឋអង់គ្លេស កាលពីពេលថ្មីៗនេះ បានបោះឆ្នោតប្រជាមតិ សម្រេចដកប្រទេសរបស់ពួកគេ ចេញពីសមាជិកភាពនៃសហគមន៍អឺរ៉ុប ដែលខ្លួនចូលជាសមាជិក តាំងពីឆ្នាំ១៩៧៣មកនោះ។
ការសម្រេចរបស់ប្រទេសអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប ដែលធ្វើឡើងក្រោយពីមានវិបត្តិជនចំណាកស្រុកនៅក្នុងទ្វីបអឺរ៉ុប បានបង្កភាពជ្រួលច្របល់យ៉ាងខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុនិងការប្រេះឆាក្នុងសម្ព័ន្ធសាមគ្គីភាពអឺរ៉ុប។
តែទោះជាយ៉ាងនេះក្តី អ្នកវិភាគ លើកឡើងថា ការដកខ្លួនរបស់អង់គ្លេសពីប្លុកអឺរ៉ុប នឹងមិនធ្វើឲ្យរង្គោះរង្គើដល់សហគមន៍អាស៊ាននោះទេ។
លោក អ៊ូ វីរៈ ថ្លែងថា មិនមានហេតុផលជាក់លាក់ណាមួយ ដែលនាំឲ្យប្រទេសជាសមាជិកអាស៊ានណាមួយ ដើរតាមគន្លងនៃប្រទេសអង់គ្លេស ទេ រហូតមកដល់ពេលនេះ៕