ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ប្រគល់​រូប​បដិមា​ពីរ​ដែល​រឹបអូស​បាន​ឲ្យ​កម្ពុជា​វិញ


រូប​បដិមា​ខ្មែរ​មួយ​ក្នុង​ចំណោម​រូប​បដិមា​ខ្មែរ​ពីរ​ ដែល​ត្រូវ​បាន​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​សហការ​ជាមួយ​នឹង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ប្រគល់​ឲ្យ​កម្ពុជា​វិញ ក្រោយ​ពី​រឹបអូស​បាន​នៅ​សហរដ្ឋអាមេរិក ភ្នំពេញ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០។ (រូបថត​ស្ថានទូត​អាមេរិក)

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​សហការ​ជាមួយ​នឹង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា​ ដើម្បី​បញ្ជូន​រូប​បដិមា​ខ្មែរ​ចំនួន​ពីរ​ពី​សហរដ្ឋអាមេរិក​ឲ្យ​កម្ពុជា​វិញ ក្រោយ​ពី​រឹបអូស​បាន​កាល​ពី​ឆ្នាំ ២០០៥ និង​ឆ្នាំ ២០១៧។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​លើ​គេហទំព័រ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ចុះ​ថ្ងៃ​ទី ៣ ខែ​មេសា។

រូបបដិមា​ខ្មែរ​ទាំង​ពីរ​នេះ​ត្រូវ​បាន​បញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៣ ខែមេសា។ មន្ត្រី​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​និង​មន្ត្រី​តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​រៀបចំ​ពិធី​ប្រោះព្រំ​មួយ​តាម​បែប​សាសនា​ព្រះពុទ្ធ​នៅ​ឯ​សារមន្ទីរ​ជាតិ ដើម្បី​ទទួល​យក​រូប​បដិមា​ទាំង​ពីរ​នេះ និង​ដើម្បី​បន់ស្រន់​សុំ​សេចក្ដីសុខ​ចម្រើន។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ។

ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក W. Partick Murphy បាន​ស្ញប់ស្ញែង​ចំពោះ​ការ​បញ្ជូន​វត្ថុបុរាណ​ទាំង​នេះ​មក​ឲ្យ​កម្ពុជា​វិញ ដោយ​លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ក្នុង​ពេល​យើង​អបអរ​សាទរ​ការ​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា ការ​ប្រគល់​វិញ​នូវ​បដិមា​ទាំងពីរ​នា​ថ្ងៃ​នេះ គឺ​ជា​ការ​រំឭក​នូវ​អ្វី​ដែល​ប្រទេស​យើង​ទាំង​ពីរ​សម្រេច​បាន​រួម​គ្នា»។

អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​ថ្លែង​ថា៖ «រាល់​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នៃ​វត្ថុ​បុរាណ​ខ្មែរ​ពី​បរទេស​គឺ​ជា​សក្ខីភាព​ដែល​បញ្ជាក់​នូវ​ចំណង​មិត្តភាព ភាព​ជាដៃ​គូ​ពិត​ប្រាកដ​ប្រកប​ដោយ​កិច្ច​សហ​ប្រតិបត្តិ​ការ​ពេញលេញ ក្នុង​ពេល​ដែល​កម្ពុជា​មាន​សុខ​សន្តិភាព​បរិបូណ៌ ហើយ​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ពិត​ជា​អាច​ធ្វើ​បាន​ក្នុង​ការ​បញ្ជូន​មកវិញ​នូវ​រូប​បដិមា​ដែល​ត្រូវ​បាន​គេ​យក​ចេញ​ពី​ប្រទេស​កម្ពុជា»។

មន្ត្រី​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​និង​មន្ត្រី​តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ចូលរួម​ក្នុង​ពិធី​ប្រគល់​រូបបដិមា​ខ្មែរ​ចំនួន​ពីរ ​ដែល​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រគល់​ជូន​កម្ពុជា​វិញ ក្រោយ​ពី​រឹបអូស​បាន​កាល​ពី​ឆ្នាំ​២០០៥​និង​២០១៧​នៅ​សហរដ្ឋអាមេរិក ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​អាមេរិក)
មន្ត្រី​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​និង​មន្ត្រី​តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ចូលរួម​ក្នុង​ពិធី​ប្រគល់​រូបបដិមា​ខ្មែរ​ចំនួន​ពីរ ​ដែល​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រគល់​ជូន​កម្ពុជា​វិញ ក្រោយ​ពី​រឹបអូស​បាន​កាល​ពី​ឆ្នាំ​២០០៥​និង​២០១៧​នៅ​សហរដ្ឋអាមេរិក ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​ស្ថានទូត​អាមេរិក)

រូប​បដិមា​ទាំង​ពីរ​នេះ​គឺ​ជា​ដង​ខ្លួន​ទេវរូប​ភេទ​ប្រុស ដែល​សុទ្ធ​តែ​គ្មាន​ព្រះកេស។ រូប​បដិមា​ទី​មួយ​ដាច់​ដៃ​ទាំង​ពីរ «ត្រឹម​ដើម​ដៃ» និង​ដាច់​ជើង​ទាំង​ពីរ «ត្រឹម​ភ្លៅ»។ ចំណែក​ឯ​រូប​បដិមា​ទី​ពីរ​ដាច់​ដៃ​ទាំង​សង​ខាង «ត្រឹម​ក្លៀក» ដាច់​ជើង​ស្ដាំ «ក្រោម​ជង្គង់» និង​ដាច់​ជើង​ឆ្វេង «ត្រឹម​ភ្លៅ»។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា រូប​បដិមា​ទី​មួយ​ត្រូវ​បាន​ផ្នែក​ស៊ើប​អង្កេត​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង San Francisco រដ្ឋ California រឹបអូស​បាន​កាល​ពី​ឆ្នាំ ២០១៧ នៅ​កន្លែង​ដេញ​ថ្លៃ​មួយ​កន្លែង។ រូប​បដិមា​នេះ​ត្រូវ​បាន​គេ​នាំ​ចូល​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ១៩៩២ ដែល​មាន​លិខិត​បញ្ជាក់​ថា នាំ​ចេញ​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​ដាក់​ថា «ខ្លួន​ខ្មែរ​នៅ​អង្គរវត្ត»។ អ្នក​ជំនាញ​ផ្នែក​វត្ថុ​បុរាណ​ប៉ាន់ស្មាន​ថា រូប​បដិមា​នេះ​មាន​តម្លៃ​នៅ​លើ​ទីផ្សារ​ប្រហែល ៧៥.០០០ ដុល្លារ។

ចំណែក​ឯ​រូប​បដិមា​ទី​ពីរ ត្រូវ​បាន​ក្រសួង​សន្តិសុខ​មាតុភូមិ​នៅ​ទីក្រុង Los Angeles រដ្ឋ California រឹប​អូស​បាន​កាល​ពី​ឆ្នាំ ២០០៥ ពី​ក្នុង​ទំនិញ​មួយ​ផ្នែក ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​ដូចគ្នា​ដែរ។ អ្នក​ជំនាញ​ផ្នែក​វត្ថុបុរាណ​ប៉ាន់​ប្រមាណ​ថា រូប​បដិមា​នេះ​មាន​តម្លៃ​នៅ​លើ​ទីផ្សារ​ប្រហែល ១២០.០០០ ដុល្លារ។

ការ​ប្រគល់​មក​វិញ​នូវ​បដិមា​ទាំង​ពីរ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​អនុស្សារណៈ​យោគយល់​គ្នា​មួយ​រវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ឆ្នាំ ២០១៨ ទាក់ទង​នឹង «ការ​ដាក់​កម្រិត​ហាម​ប្រាម​នូវ​ការ​នាំ​ចូល​ប្រភេទ​វត្ថុ​បុរាណ​របស់​ប្រទេស​កម្ពុជា»៕

អត្ថបទ​ទាក់ទង

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG