ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស.រ.អា.​ប្រគល់​វត្ថុ​បុរាណ​រូប​ហនុមាន​អាយុ​កាល​ជាង​១ពាន់​ឆ្នាំ​​ឲ្យ​កម្ពុជា​វិញ

  • នៅ វណ្ណារិន

វត្ថុ​បុរាណ​រូប​ហនុមាន​ពី​សតវត្សរ៍​ទី១០ ត្រូវ​បាន​តម្កល់​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ក្នុង​ពិធី​មួយ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៥។ សារមន្ទី​អាមេរិ​កាំង The Cleveland Museum of Art បាន​ប្រគល់​វត្ថុ​បុរាណរូប​ហនុមាន ជូន​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​អង្គារ ទី១២ ខែឧសភា ឆ្នាំ២០១៥។

សារមន្ទីរអាមេរិ​កាំង The Cleveland Museum of Art ​បាន​ប្រគល់​វត្ថុ​បុរាណ​រូប​ហនុមាន​ដែល​បាន​កសាង​ឡើង​នា​សតវត្យរ៍ទី១០​ដល់​ប្រទេស​កម្ពុជា​វិញ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់​ពី​ត្រូវ​បាន​គេ​លួច​ចេញ​ពី​ប្រាសាទ​កោះកេរ​អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ​រួច​មក។​

នៅ​ក្នុង​ពិធី​ប្រគល់​រូប​សំណាក​ដែល​មាន​កម្ពស់​ប្រមាណ​១,១៦​ម៉ែត្រ និង​បណ្តោយ​៥៦សង់​ទីម៉ែត្រ​ នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ លោក ចាន់ តានី​ រដ្ឋ​លេខាធិការ​នៃ​ទីស្តី​គណៈ​រដ្ឋមន្ត្រី ​និង​ជា​អ្នក​ច្បាប់​ដែល​ធ្វើ​ការ​តស៊ូ​មតិ​ក្នុង​ការ​ទាមទារ​យក​បដិមា​នេះ​មកវិញ​ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌​មាន​ថា ​រូប​សំណាក​នេះ​ត្រូវ​បាន​លួច​ចេញ​ពី​ប្រាសាទ​ចិន​ ដែល​ឋិត​នៅ​ក្នុង​រមនីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ ក្នុង​អំឡុង​ឆ្នាំ​១៩៧០​ ពេល​ដែល​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​កំពុង​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម។ ហើយ​ការ​ត្រឡប់​មកវិញ​របស់​រូប​ចម្លាក់​នេះ​គឺ​ជា​ការ​រូបរួម​ព្រលឹង​នៃ​បេតិកភណ្ឌ​ជាតិ​ឡើង​វិញ​ដែរ។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា សុខ អាន (កណ្តាល) ឈរក្បែរ​វត្ថុ​បុរាណ​រូប​ហនុមាន​ពី​សតវត្សរ៍​ទី១០ គ្រាដែល​លោក វីល្លាម គ្រីសវូលដ៍ (William M. Griswold) ប្រធាន​សារម​ន្ទី ​The Cleveland Museum of Art (ស្តាំ) កាន់​កម្រង​ផ្កា​ម្លិះ​ក្នុង​ពិធី​មួយ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៥។ សារមន្ទី​អាមេរិ​កាំង The Cleveland Museum of Art បាន​ប្រគល់​វត្ថុ​បុរាណ​រូប​ហនុមាន ជូន​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​អង្គារ ទី ១២ ខែឧសភា ឆ្នាំ២០១៥។
លោក​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា សុខ អាន (កណ្តាល) ឈរក្បែរ​វត្ថុ​បុរាណ​រូប​ហនុមាន​ពី​សតវត្សរ៍​ទី១០ គ្រាដែល​លោក វីល្លាម គ្រីសវូលដ៍ (William M. Griswold) ប្រធាន​សារម​ន្ទី ​The Cleveland Museum of Art (ស្តាំ) កាន់​កម្រង​ផ្កា​ម្លិះ​ក្នុង​ពិធី​មួយ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៥។ សារមន្ទី​អាមេរិ​កាំង The Cleveland Museum of Art បាន​ប្រគល់​វត្ថុ​បុរាណ​រូប​ហនុមាន ជូន​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​អង្គារ ទី ១២ ខែឧសភា ឆ្នាំ២០១៥។

«រូប​នេះ​ចេញ​ទៅ​ហ្នឹង​ដូចជា​ព្រលឹង​របស់​យើង​ដែល​បាត់​ខ្លះ។​ ដូច្នោះ​យើង​យក​ព្រលឹង​របស់​យើង​មក​វិញ។ ​យើង​កសាង​ប្រទេសជាតិ​យើង​មក​វិញ ​ឲ្យ​មាន​សិល្បៈ ​ឬ​ក៏​វប្បធម៌​យើង​ទាំងអស់​ ដើម្បី​យើង​គ្រប់​គ្រង។ ​យើង​ចង​ក្រង​វប្បធម៌​ជាតិ​យើង​ឡើង​វិញ​ឲ្យ​បាន​ខ្ពង់ខ្ពស់​ដូច​ពី​ដើម​វិញ»។​

លោក ចាន់ តានី បន្ថែម​ថា បុរាណ​វិទូ​ខ្មែរ​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ដើម្បី​ជួសជុល និង​ដាក់​រូបនេះ​ក្នុង​ទម្រ​ដើម​វិញ​ មុន​ពេល​ដាក់​តាំង​នៅ​សារមន្ទីរជាតិ​នា​ក្រុង​ភ្នំពេញ។​

«ពីព្រោះ​ពួក​នឹង​មិនមែន​លួចយក​ទៅ​ទាំង​មូល​នោះ​ទេ​ កាត់​ជើង​ កាប់​ដៃ​ កាត់​អីៗ។​ មុន​ដំបូង​គេ​កាត់​ក្បាល​យក​ទៅ។ រូប​ភាគ​ច្រើន​ដែល​យក​ទៅ​នេះ​គឺ​មិន​យក​ក្បាល ​និង​ខ្លួន​ទៅ​ជា​មួយ​គ្នា​នោះ​ទេ។ ក្បាល​យក​ទៅ​មុន ​ខ្លួន​យក​ទៅតាម​ក្រោយ។ ពេល​ខ្លះ​យូរ​បាន​ជួប​គ្នា។​ អ្នក​លួចហ្នឹង​វា​ខុស​គ្នា បាន​យើង​ផ្គុំ​ទៅ​បាន​វា​ជួន​គ្នា»។​

លោក William M. Griswold ប្រធាន​សារមន្ទីរ The Cleveland Museum of Art ​បាន​ប្រាប់​ឲ្យ​ដឹង​ថា សារមន្ទីរ​របស់​លោក​បាន​ទទួល​រូប​ហនុមាន​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៨០​មក​ម្ល៉េះ​ ហើយ​វា​ជា​ផ្នែក​មួយ​នៃ​សារមន្ទីរ​ជាង​៣០។ ក៏​ប៉ុន្តែ សារមន្ទីរ​យល់​ថា ​រូប​នេះ​មាន​សារៈ​សំខាន់​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ប្រទេស និង​ប្រជាជន​កម្ពុជា។

«ពេល​ដែល​ព័ត៌មាន​ជា​ច្រើន​ត្រូវ​បាន​បង្ហាញ​ យើង​ក៏​កាន់តែ​មាន​ភាព​ជឿជាក់​ខ្លាំងឡើង​ថា បដិមា​នេះ​គួរតែ​នៅ​ទីនេះ។ ការ​យក​រូប​សំណាក​ដ៏​អស្ចារ្យ​ដែល​បាន​មក​ពី​ប្រាសាទ​ចិន​មក​ដាក់​ព្រម​គ្នា​វិញ​ គឺ​ធ្វើ​ឲ្យ​យើង​យល់​ឃើញ​ពី​ប្រវត្តិ​សាស្រ្ត​រួម​របស់​មនុស្ស​ជាតិ និង​អំណាច​ដ៏​អស្ចារ្យ ហើយ​ធ្វើ​ឲ្យ​យើង​បើក​ភ្នែក​ធំៗ​ស្ញប់ស្ញែង»។​

តាម​ការ​ឲ្យ​ដឹង​ពី​លោក​លោក គង់ វីរៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ បដិមា​នេះ​បាន​យក​ចេញ​ពី​ក្លោង​ទា្វរ​ខាង​កើត​នៃ​បា្រសាទ​ចិន​ដែល​ជា​ប្រាសាទ​មួយ​ក្នុង​នៅ​ក្នុង​រមនីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ ហើយ​បដិមា​ហនុមាន​ដែល​មាន​អាយុ​ជាង​១​ពាន់​ឆ្នាំ​នេះ​គឺ​ដកស្រង់​ចេញ​ពីរឿង«មហា​ភាតរៈ‍» ដ៏​ល្បីល្បាញ​ដែល​មាន​បដិមា​៥​រូប។ នៅ​ក្នុង​នោះ​ បដិមា​ពីរ​គឺ​ពាលី ​និង​សុគ្រីព​ត្រូវ​បាន​រក្សា​ទុក​ក្នុង​សារ​មន្ទីរ​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៦​មក​ម្ល៉េះ។ ដោយ​ឡែក​រូបធំៗ​បីទៀត​គឺ​មាន​រូប​ហនុមាន​ រូប​ព្រះរាម​ និងរូប​ព្រះ​លក្សណ៍​ត្រូវ​បាន​បាត់​ក្រោយ​ពេល​សង្គ្រាម​ស៊ីវិល។​

«រូប​ហ្នឹង​ ចុង​បញ្ចប់​នឹង​ដាក់តាំង​នៅ​សារមន្ទីរ​ជាតិ​ ក៏​ប៉ុន្តែ​ដើម្បី​បាន​ទៅ​ដាក់​តាំង​ជា​សារធារណៈ​ យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ជួសជុល​ និង​ដាក់​លើ​ជើង​ទម្រ​វា​ឡើង​វិញ។​ យើង​អាច​ថា​ ប្រហែល​ជា​១​ឆ្នាំ​ទៀត​ដើម្បី​បញ្ចប់​ទាំង​អស់​ហ្នឹង។​ ហើយ​យើង​នឹង​មាន​ដាក់​ពិព័រណ៍​ពិសេស​សម្រាប់រូប​មក​ពី​ប្រាសាទ​ចិន​ហ្នឹង»។​

លោក​បាន​បន្ថែម​ថា ​អាជ្ញាធរ​កម្ពុជា​បាន​ដឹង​ដំណឹង​ថា​ រូប​ព្រះរាម​គឺ​កំពុង​ដាក់​តាំង​នៅ​សារមន្ទីរ​មួយ​នៅ​សហ​រដ្ឋ​អាមេរិក។​ ហើយ​កម្ពុជា​កំពុង​តែ​ធ្វើ​ការ​ចរចា​ដើម្បី​យក​បដិមា​នោះ​មក​ស្រុក​កំណើត​វិញ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​គឺ​ជា​រូប​ចម្លាក់​ធំទី​៦​ហើយ​ដែល​ត្រូវ​បាន​បញ្ជូន​ពី​សហ​រដ្ឋ​អាមេរិក​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់​គេ​លួច​ចេញ​ពី​ប្រាសាទ​កោះកេរ​ ដែល​កសាង​ឡើង​នា​សត​វត្សរ៍ទី​១០ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤៕​

XS
SM
MD
LG