ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​សាទរ​ចំពោះ​ការទទួល​បាន​រូបចម្លាក់​ដែល​បាត់​ជាង​៤០ឆ្នាំ​ពី​សហរដ្ឋ​អាមេរិក​វិញ

  • ម៉ែន​ គឹមសេង

រូបចម្លាក់​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ​យ៉ាង​យូរ​ចាប់​ពីថ្ងៃ​ចុះ​ហត្ថលេខា។
វ៉ាស៊ីនតោន៖ រូបចម្លាក់​បុរាណ​ដែល​សារៈ​មន្ទីរ​Sotheby​បាន​ដក​ចេញ​យ៉ាង​តក់​ក្រហល់​ពី​ការ​ដាក់​តាំង​លក់​ដេញ​ថ្លៃ​កាលពី​ពីរ​ឆ្នាំ​មុន​នឹង​ត្រូវ​ប្រគល់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ការ​ទូត​កម្ពុជា។

លោក​ហែម ហេង ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ថ្ងៃ​ទី​១២​ធ្នូ​ឆ្នាំ​២០១៣​គឺថ្ងៃ​ម្សិល​ម៉ិញ​នេះ​តំណាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​ក្រុមហ៊ុន​ Sotheby ​បាន​ចុះ កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​ប្រគល់​វត្ថុ​បុរាណ​នោះ​ដែល​ហៅ​ថា​Duryodhana​ជូន​ទៅ​ម្ចាស់​ដើម​វិញ​គឺ​ព្រះ​រាជាណាចក្រ​ក​ម្ពុជា»។

កិច្ច​ព្រម​ព្រៀង​នេះ​នឹង​បញ្ចប់​នូវ​ដំណើរ​ក្តីក្តាំ​ដ៏យូរ​លើ​រូបចម្លាក់​ដែល​មាន​អាយុ​ជាង​១០​សតវត្សរ៍​របស់​កម្ពុជា​ហើយ​ក៏ ជា​ទុន​មួយ​ដែល​ខ្លួន​អាច​នឹង​បន្ត​ទៅ​ទាមទារ​យក​វត្ថុ​បុរាណ​មួយ​ចំនួន​ដែល​ត្រូវ​បាន​យក​ចេញដោយ​ខុស​ច្បាប់​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​កំពុង​នៅ​សហរដ្ឋ​អាមេរិក។

លោក​ហែម​ ហេង​បាន​បន្ត​ថា៖

«ខ្ញុំ​ជឿជាក់​និង​សង្ឃឹម​លើ​សហរដ្ឋ​អាមេរិកព្រោះ​សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជា​មាន​សុឆន្ទៈ​ដើម្បី​នឹង​ជួយ​រក​វត្ថុ​បុរាណ​ដែល​មា​ននៅក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រគល់​ទៅ​ឱ្យ​ប្រទេស​ដើម​វិញ​គឺ​ព្រះ​រាជាណាចក្រកម្ពុជា»។

ស្រ្តី ជន​ជាតិ​បែលហ្ស៊ិក ដែល​បាន​យក​រូ​បចម្លាក់​នោះ មក​ដាក់​លក់​ដេញ​ថ្លៃ​កាលពី​ឆ្នាំ​២០១១​នឹង​មិន​ទទួល​បាន​សំណង​អ្វីទេពី​រដ្ឋាភិបាល​កម្ពុជា ហើយ​សារៈមន្ទីរ​ Sotheby​បាន​សម្តែង​ចេតនា​ថា​ខ្លួន​នឹង​ចេញ​សោហ៊ុយ​សម្រាប់​ដឹកជញ្ជូន​រូប​ចម្លាក់​អ្នក​ចម្បាំង​ ​នេះ​ទៅ​ប្រទេស​កម្ពុជា​វិញ។​ នេះ​បើ​តាម​សេចក្តី រាយការណ៍​របស់​កាសែត​ញ៉ីវយ៉ក​ថែមស៍។

រូបចម្លាក់​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ​យ៉ាង​យូរ​ចាប់​ពីថ្ងៃ​ចុះ​ហត្ថលេខា៕
XS
SM
MD
LG