ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធសាស្រ្ត​សង្គ្រាម​របស់​លោក ត្រាំ ទៅ​លើ​អំពើ​ភេរវកម្ម


ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ នៅ​ពី​មុខ​ឡូហ្គោល​របស់​បណ្តាញ​ Twitter។
ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ នៅ​ពី​មុខ​ឡូហ្គោល​របស់​បណ្តាញ​ Twitter។

ការ​ប្តេជ្ញា​នៅ​ក្នុង​យុទ្ធនាការ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក ​លោក​ ដូណាល់ ត្រាំ ក្នុង​ការ​ធ្វើ​សង្គ្រាម​លើ​ភេរវកម្ម​ឥស្លាម​ជ្រុល​និយម​​ជិត​ក្លាយ​ជា​គោល​នយោបាយ​អាមេរិក​ហើយ។

ការវាយ​ប្រហារ​ភេរវកម្ម​មួយ​ទៀត​បាន​កើត​ឡើង។​ លើក​នេះ​ កើត​ឡើង​ក្នុង​ទីក្រុង​ប៊ែកឡាំង។​ មាន​សារ​មួយ​ដ៏​ខ្លាំងក្លា​ដែល​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter របស់​លោក។

លោក ត្រាំ​ ជារឿយៗ​មិន​ចូលចិត្ត​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ការ​គំរាម​កំហែង​ខាង​សាសនា​របៀប​នេះ​ទេ ប៉ុន្តែ​លោក​ក្លាយ​ជា​មនុស្ស​ចង់​ធ្វើ​សង្គ្រាម​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​បោះឆ្នោត ​ខណៈ​ដែល​ការ​វាយ​ប្រហារ​ភេរវកម្ម​ជា​ច្រើន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​ជា​ម្ចាស់​ឆ្នោត​មាន​ការ​ភ័យ​ខ្លាច។

ដើម្បី​ប្រយុទ្ធ​នឹង​អំពើ​ភេរវកម្ម លោក ត្រាំ បាន​ស្នើ​លើ​ចំណុច​មួយ​ចំនួន​ក្នុង​ចំណោម​ចំណុច​ផ្សេងៗ​ទៀត​ដែល​មាន​ដូច​ជា ហាម​ឃាត់ជា​បណ្តោះ​អាសន្ន​មិន​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក បង្កើន​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​លើ​ក្រុម​រដ្ឋ​ឥស្លាម សហការ​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​មជ្ឈិម​បូព៌ា និង​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​រុស្ស៊ី ហើយ​ប្រហែល​ជា​អាច​ចង​សម្ព័ន្ធមិត្ត​ជាមួយ​របប​ស៊ីរី​ដែរ។​

លោក ត្រាំ បាន​រៀប​រាប់​ពី​យុទ្ធសាស្រ្ត​របស់​ខ្លួន​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នៅ​ក្នុង​សុន្ទរកថា​សំខាន់​មួយ​កាល​ពី​ខែ​សីហា។

លោក ត្រាំ បាន​និយាយ​ថា៖ «យុទ្ធសាស្រ្ត​ថ្មី​របស់​យើង ដែល​ត្រូវ​តែ​មាន​ការ​សហការ​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក សម្ព័ន្ធ​មិត្ត​របស់​យើង​នៅ​បរទេស និង​សម្ព័ន្ធ​មិត្ត​របស់​យើង​នៅ​មជ្ឈិម​បូព៌ា គឺ​ត្រូវ​បញ្ឈប់​ការ​រីករាល​ដាល​ក្រុម​ជ្រុល​និយម​ឥស្លាម»។​

ការ​សង្កត់​ធ្ងន់​ទៅ​លើ​មនោគមវិជ្ជា​នេះ​ធ្វើ​ឲ្យ​យុទ្ធសាស្រ្ត​របស់​លោក ត្រាំ ខុស​ពី​យុទ្ធសាស្រ្ត​របស់​លោក​ប្រធានាធិបតី​ អូបាម៉ា។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក Blaise Misztal នៃ​មជ្ឈមណ្ឌល​គោល​នយោបាយ​គណបក្ស​ពីរ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

លោក Misztal និយាយ​ថា៖ «ខ្ញុំ​គិត​ថា តាម​រយៈ​ការ​មើល​ឃើញ​ការ​គំរាម​កំហែង​នេះ​ជា​មនោគមវិជ្ជា ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ នឹង​មើល​ឃើញ​បញ្ហា​នេះ មិន​ត្រឹម​តែ​ជា​ការ​បញ្ឈប់​ការ​វាយ​ប្រហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បញ្ឈប់​ការ​រីករាល​ដាល​មនោគមវិជ្ជា​នោះ និង​ជា​ការ​បញ្ឈប់​សក្តានុពល​នៃ​ការ​ពង្វក់​មនុស្ស​ត​ទៅ​ទៀត»។

លោក ​អូបាម៉ា​ បាន​ច្រាន​ចោល​រ​ការ​ទទួល​ស្គាល់​ថា​មាន​ទំនាក់​ទំនង​រវាង​អំពើ​ភេរវកម្ម​និង​សាសនា​ឥស្លាម។ ​អ្នក​រិះគន់​ចំពោះ​ការ​ច្រាន​ចោល​នេះ​ បាន​ស្វាគមន៍​ការ​ព្យាយាម​របស់​លោក​ ត្រាំ ​ក្នុង​ការ​លើក​ឡើង​ពី​បញ្ហា​នេះ ​ប៉ុន្តែ​ពួកគេ​ក៏​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លាប​ពណ៌​ដល់​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​១៧០០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ។

លោក Michael Hayden អតីត​ប្រធាន ​CIA បាន​ថ្លែង​នៅ​ក្នុង​មូលនិធិ ​Jamestown កាល​ពី​ខែ​មុនថា៖ «តាម​ពិត​ទៅ អំពើ​ភេរវកម្ម​ពិត​ជា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​សាសនា​ឥស្លាម​មែន។ មាន​រឿង​ជាច្រើន​ដែល​ទាក់​ទង​នឹង​សាសនា​ឥស្លាម។ ប៉ុន្តែ​ខ្ញុំ​ចង់​បន្ថែម​ថា ​មិន​មែន​គ្រប់​រឿង​សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​សាសនា​ឥស្លាម​ទេ ​ហើយ​មិន​មែន​គ្រប់​រឿង​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​អ្នក​កាន់​សាសនា​ឥស្លាម​នោះ​ដែរ»។​

ទីប្រឹក្សា​របស់​លោក ​ត្រាំ ពិត​ជា​បែងចែក​រវាង​សាសនា​ឥស្លាម​និង​អំពើ​ភេរវកម្ម​ដោយ​ក្រុម​ឥស្លាម ​ប៉ុន្តែ​ពួកគេ​និយាយ​ថា​ ការ​កើនឡើង​ការ​គំរាមកំហែង​ភេរវកម្ម​តម្រូវ​ឲ្យ​មាន​យុទ្ធសាស្រ្ត​មួយ​រឹងមាំ​ជាង​នេះ។ លោក James Carafano គឺ​ជា​ប្រធាន​គោល​នយោបាយ​ការបរទេស​នៃ​មូលនិធិ​អភិរក្ស​បេតិកភណ្ឌ និង​ជា​អ្នក​ផ្តល់​ប្រឹក្សា​ដល់​ក្រុម​ការងារ​រៀបចំ​ការផ្ទេរ​តំណែង​របស់​លោក ត្រាំ។

លោក​បាន​និយាយ​ថា៖ «អំពើ​ភេរវកម្ម​នៅ​ក្នុង​សកល​លោក​កាន់​តែ​មាន​ស្ថានភាព​អាក្រក់​នៅ​ពេល​បច្ចុប្បន្ន​នេះ ជាង​ពេល​ដែល​លោក​ប្រធានាធិបតី អូបាម៉ា ចូល​កាន់​តំណែង ដូច្នេះ​ហេតុអ្វី​បាន​មនុស្សម្នា​សន្មត​ថា​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​យើង​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​មករា​នេះ​ទៅ នឹង​ដូច​យុទ្ធសាស្រ្ត​កាល​ពី​មុន នៅ​ពេល​ដែល​យើង​ដឹង​ថា អ្វី​ដែល​យើង​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ​មិន​មាន​លទ្ធផល?»

ប្រហែល​ជា​មាន​ចំណុច​ខុស​គ្នា ប៉ុន្តែ​លោក​ Hayden​ អតីត​ប្រធាន CIA និយាយ​ថា ចំណុច​មួយ​ដែល​នឹង​មិន​កែប្រែ​នោះ គឺ​សហរដ្ឋអាមេរិក​មិន​អាច​ដក​ខ្លួន​ចេញ​ពី​សង្រ្គាម​កម្ចាត់​អំពើ​ភេរវកម្ម​នោះ​ទេ៕

ប្រែសម្រួល​ដោយ ហុង ចិន្តា

XS
SM
MD
LG