ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​ Amnesty International ​សុំ​ឱ្យ​ដោះលែង​សកម្មជន​ដីធ្លី​កម្ពុជា

  • ម៉ែន​ គឹមសេង

ក្រុម​សកម្មជន​ដីធ្លី​បឹងកក់​បាន​ធ្វើការ​តវ៉ា​ដោយ​អង្គុយ​នៅ​ក្បែរ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មនុស្ស​១៩នាក់​ពី​ពន្ធនាគារ នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ Amnesty International ​បាន​អំពាវនា​វ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិ​ដីធ្លី​ស្រ្តី​ចំនួន​១០​នាក់​និង​ព្រះសង្ឃ​មួយ​អង្គ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្រោយ​ពី​ទទួលការ​កាត់​ទោស​យ៉ាង​តក់​ក្រហល់កាលពីឆ្នាំ​មុន។

ការអំពាវនាវ​នេះ​ធ្វើ​ឡើង​ដោយផ្អែក​លើ​ហេតុផល​សុខភាព​របស់​អ្នក​ទោស​ទាំងនោះ។​

សកម្មជន​ទាំង​នោះ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ និង​ព្រះកាយ​នៅ​ក្នុង​ហេតុការណ៍​តវ៉ា​អហិង្សា​ពីរ​ផ្សេងៗ​គ្នាក្នុង​រាជធានី ភ្នំពេញ​កាលពី ខែ​វិច្ឆិកា​ឆ្នាំ​មុន។​

​លោក​ស្រី ​Janice Beanland ​អ្នក​ធ្វើ​យុទ្ធនាការ​របស់​អង្គការ​ Amnesty International ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖

​«សកម្មជន​ទាំងនោះ​គឺ​ជា​ជន​រងគ្រោះ​ពីការ​វាយបង្រ្កាប​ដោយ​អត់​មេត្តា​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​មក​លើ​ក្រុម​បាតុករ​អហិង្សាហើយ​ពួកគេ​មិន​គួរ​ត្រូវតុលាការ​កាត់​ទោស​ទេ និង​រឹតតែ​មិន​ត្រូវ​ដាក់​ពន្ធនាគារ​ទាល់​តែ​សោះ‍»។

លោកស្រី​បន្ថែម​ថា​រដ្ឋាភិបាល​ត្រូវ​តែ​បញ្ចប់​ការប្រើ​ប្រាស់​ដ៏​អាក្រក់​នៃ​ច្បាប់​និង​តុលាការ​ដើម្បី​បំភិត​បំភ័យ​និង​ដាក់​ទោស​ពលរដ្ឋ​ដោយ​សារ​តែ​ការ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ដើម្បីប្រមូល​ផ្តុំ​ដោយ​សន្តិវិធី។

សកម្មជន​ស្ត្រី​ទាំងនោះចំនួន​៧​នាក់​ ដោយ​រួម​ទាំង​អ្នក​ស្រី​ទេព វន្នី​ផង​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី ថ្ងៃ​ទី​១០​ខែ​វិច្ចិកា​ឆ្នាំ​២០១៤​ក្នុង​ពេល​តវ៉ា​ដោយ​ដាក់​គ្រែ​នៅ​មុខ​សាលារាជធានី ភ្នំពេញ​ដើម្បី សុំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ទឹក​លូ​សំអុយ​ដែល​ជន​លិច​ផ្ទះ​របស់​ពួកគាត់៕

XS
SM
MD
LG