ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជ​គណ​បក្ស​ហ៊្វុនស៊ីនប៉ិច​ជ្រើសរើ​សម្តេច​ក្រុម​ព្រះ​ជា​ប្រធាន​គណបក្ស​ជាថ្មី

  • សុខ ខេមរា

ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​មាន​បន្ទូល​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​ព្រះ​អង្គ​នៅ​សង្កាត់​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៥ ខែមករា​ឆ្នាំ២០១៥។

ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ត្រូវបាន​ជ្រើសតាំង​ជា​ព្រះ​ប្រធាន​គណបក្ស​រាជា និយម​ហ៊្វុនស៊ីនប៉ិច​ជាផ្លូវការ​ឡើង​វិញ​ក្នុង​សមាជ​បឋម​មួយ ​នៅថ្ងៃ​ច័ន្ទ​នេះ​ ក្រោយ​ពេល​ដែល​ព្រះអង្គ​ត្រូវគេ​បណ្តេញ​ចេញ​ដោយ​បក្ស​ប្រហារ​កាលពី​៩​ឆ្នាំ​មុន។ ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​របស់​គណបក្ស​នេះ​គឺ​ដើម្បី​ចូលរួម​ប្រកួត​ ប្រជែង​ដណ្តើម​យក​អាសនៈ​ជាមួយ​នឹង​គណបក្ស​ដ៏​មាន​ឥទ្ធិពល​២​គឺ​គណបក្ស​ ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ របស់​លោក​សម រង្ស៉ី ​និង​លោក​កឹម សុខា​ ក្នុងការ​បោះឆ្នោត​ជាតិខាង​មុខ​ ឬ​ក៏​ឆ្នាំ​២០១៨។​

លោក​ញ៉ឹក ប៊ុនឆៃ​ ដែលធ្លាប់​ធ្វើ​ជា​ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​នេះ ត្រូវជ្រើស​តាំងជា​អនុប្រធាន​ទី២ ​ហើយ​ព្រះអង្គ​ម្ចាស់​ក្សត្រី​នរោត្តម​អរុណ ​រស្មី ​ដែល​ធ្លាប់​ជា​ប្រធានគណបក្ស​ ត្រូវជ្រើស​តាំង​ធ្វើ​ជា​អនុប្រធាន​ទី១​វិញ​ ក្នុង​សមាជ​មួយ​ថ្ងៃ​ដែល​ធ្វើ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃច័ន្ទ​នេះ។ ​សមាជនេះ​កើត​ឡើង​បន្ទាប់​ពីមាន​សមាជ​គណបក្ស​សង្គម​រាស្ត្រ​រាជា​ធិបតេយ្យ​របស់​ព្រះ​អង្គម្ចាស់​នរោត្តម ​រណ​ឫទ្ធិ ​ដែល​ធ្វើ​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​រំលាយ​ខ្លួន​ ហើយ​ចូល​មក​គណបក្ស​ ហ៊្វុនស៊ីនប៉ិច​នោះ។​

ថ្លែង​ប្រាប់​វីអូអេ​ក្រោយពី​សមាជ​នោះ​ លោក​ញ៉ឹក ប៊ុនឆៃ​បាន​អះអាង​ថា ​បរិយាកាសសមាជ​មានការ​អបអរសាទរ​និង​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ថ្មី​ហើយ​នឹង​ការ​ស្វាគមន៍​ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ផង​ដែរ។​

«អញ្ចឹង​ហើយ​បរិយាកាស​មានការ​សប្បាយ​រីករាយ​សម្រាប់​អ្នក​ដែល​ចូល​រួម​ សមាជ​ជាង​២០០០​នាក់​ ហើយ​យើង​ស្តាប់​ទៅ ​មូលដ្ឋាន​ក៏​មាន​ការ​សប្បាយ​រីក រាយ ​ដោយសារថា​ អ្នក​រាជានិយម​ហ្នឹង​រួបរួម​គ្នា​ទី​១។​ ទី២ ​យើង​ឈប់​ធ្វើការ​វាយ​ ប្រហារ​គ្នា ឬ​ក៏​ជេរ​ប្រទេចគ្នា​នៅ​មូលដ្ឋាន​ហ្នឹង​ទៀត​ហើយ។​ ពីមុន​យើង​រាជា និយម​ដូច​គ្នា​ យើង​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក»។​

លោក​ថ្លែង​ថា ​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ត្រូវការ​រយៈ​ពេល​៣​ទៅ​៦​ខែ​ ដើម្បី​រៀបចំ​គោល​នយោបាយ​ ស្លាក​សញ្ញា​ថ្មី​ និង​ការ​ប្រជុំ​គណៈ​កម្មាធិការ​ នាយក​ទាំង​២៥០​នាក់​រើស​អគ្គ​លេខាធិការ​គណបក្ស​ តែ​លោក​ថា​ ចំណែក​រចនា ​សម្ព័ន្ធ​គណបក្ស​ថ្នាក់ជាតិ​និង​ថ្នាក់​មូលដ្ឋាន​ឯទៀត​ត្រូវ​រក្សា​ទុក​ដដែល។​

គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ដែល​បង្កើត​ឡើង​ដោយ​សម្តេចឳ​ព្រះ​បាទ​នរោត្តម​សីហនុ​ ហើយ​ដឹកនាំ​ដោយ​ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ធ្លាប់​ឈ្នះ​ឆ្នោត​ដល់​ទៅ​៥៨​អាសនៈ​លើ​១២០​អាសនៈ​នៃ​រដ្ឋ​សភា​ក្នុង​ការ​បោះឆ្នោត​លើក​ដំបូង​កាលពីឆាំ្ន​១៩៩៣​ ដែល​រៀបចំ​ដោយ​អ៊ុនតាក់សម្រាប់​ប្រទេស​កម្ពុជា ​ក្រោយ​សង្គ្រាម​រាប់​សិប​ទស​វត្សរ៍ ​ហើយ​ព្រះអង្គ​ត្រូវ​បាន​ជ្រើស​តាំង​ជា​សហ​នាយក​រដ្ឋ​មន្ត្រី​ទី១។​ តែ​ត្រូវ​បាន​បណ្តេញ​ចេញ​ពីមុខ​តំណែង​ក្នុង​អំពើ​រដ្ឋ​ប្រហារ​មួយ​កាលពី​ឆ្នាំ​១៩៩៧។​ គណ​បក្ស​នេះ​បានធ្លាក់​សំឡេង​ឆ្នោត​ក្នុង​ឆ្នាំ​១៩៩៨​មកត្រឹម​៤៣​អាសនៈ​ក្នុង​ចំណោម​១២២អាសនៈ​ ក្រោយ​ការ​បាក់បែក​ខ្ទេចខ្ទាំ។​ រួច​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០០៣​ គណបក្ស​នេះ​បាន​ឈ្នះ​សំឡេង​ឆ្នោត​តែត្រឹម​២៦​អាសនៈ​ប៉ុណ្ណោះ។​ ​ក្នុង​ពេល​ដែល​មាន​ការ​បែកបាក់​ចុង​ក្រោយ​ គណបក្ស​នេះ​បាន​ទទួល​តែពីរ​អាសនៈ​ដូច​គ្នា​រវាង​គណបក្ស​រាជា​និយម​ពីរ​ ដែល​បែក​បាក់​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​ មុន​ពេល​ដែល​មិន​បាន​ទទួល​សំឡេង​សោះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ដែល​គេ​ចាត់​ទុក​ថា ​មាន​ការ​គៃ​បន្លំ​ដ៏​ធំ​នោះ។​

លោក​ញ៉ឹក ប៊ុនឆៃ​បាន​ថ្លែងថា៖​

«មកដល់​ពេល​នេះ​ទាំងអស់គ្នា​យល់។​ យល់​យ៉ាង​ម៉េច?​ យល់​ថា ​ការ​បែក​បាក់​គឺ​ជា​ការ​ឈឺចាប់​ ហើយ​ខ្លោច​ផ្សារ​ក្នុងរយៈ​ពេល​៨ទៅ​៩ឆ្នាំ​មក​នេះ។​ អញ្ចឹង​ហើយ​ ទាំងអស់​គ្ន ា​ដូចជា​មាន​ចិត្ត​មួយ​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ធ្វើការ​រួបរួម​គ្នា​ក្នុង​ក្រប​ខណ្ឌ​អ្នក​រាជានិយម​ហ្នឹង ​ចាប់​តាំងពី​ព្រឹក​មិញ​នេះ​ទៅ​ ដើម្បី​ដំណើរការ​ឲ្យ​បាន​ល្អ»។​

លោក​ញ៉ឹក​ ប៊ុនឆៃ​បាន​អះអាង​ថា ​ក្រុម​រាជានិយម​តាំងចិត្ត​នឹង​ធ្វើ​កិច្ចការ​ដើម្បី​ទទួល​យក​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​ប្រជែង​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ។​

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​អះអាង​ថា​ គណបក្ស​ហ៊្វុនស៊ីនប៉ិច​មិនមែន​ជាការ​គម្រាម​កំហែង​ដក់​គណបក្ស​គេទាំង​ពីរ​ទេ។​

ទោះ​ជា​មាន​ការ​អះអាង​ដូច្នេះក្តី ​តែ​បើ​តាម​ការ​អះអាង​របស់​លោក​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឯករាជ្យ​ NICFEC ​ដែល​ឃ្លាំ​មើល​ការ​វិវត្តន៍​នយោបាយ​កម្ពុជា ​បាន​អះអាង​ថា​ គណបក្ស​ហ៊្វុនស៊ីនប៉ិច​ត្រូវការ​ ធ្វើ​កិច្ចការ​ខ្លាំង​ណាស់​ដើម្បីឲ្យ​ខ្លួន​អាច​មាន​កម្លាំង​ប្រជែង​នឹង​គណបក្ស​ទាំងពីរ​ នេះ​បាន ក្នុង​ពេល​កម្លាំង​របស់​ខ្លួន​មាន​ការ​បែកបាក់​គ្នា​ខ្លាំង​ ហើយ​នៅ​រាយ​ប៉ាយ​ ទៅ​ហើយ​នោះ។​

«អញ្ចឹង​ការ​ប្រមូលផ្តុំគ្នា​មក​វិញ​នេះ​គ្រាន់តែ​ជា​ការ​បញ្ជាក់​នូវ​សញ្ញាណ​មួយ​ថា ​គណបក្ស​រាជា​និយម​មិន​រលំ​រលាយ​ទេ ​គណបក្ស​រាជា​និយម​កំពុងតែ​កៀងគរ​អ្នក​ គាំទ្រ​របស់​ខ្លួន​ធ្វើ​ដំណើរ​បន្ត​ទៅ​ទៀត។​ អញ្ចឹង​កម្លាំង​ប្រៀប​ផ្ទឹម​ជាមួយ​នឹង​ គណបក្ស​ទាំង​ពីរ​ ខ្ញុំ​គិត​ថា ​ពុំទាន់​ជាដៃ​គូរ​នៅ​ឡើយ​ទេ»។​

ការ​វិល​ត្រឡប់​មក​វិញ​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណ​ឫទ្ធិ​គឺ​កើត​ឡើង​ក្នុង​ពេល​ ដែល​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​ត្រូវរ៉ូវ​គ្នា​ក្នុង​កំណែ​ទម្រង់​ជាតិធំៗ​ និង​មាន​វិវាទ​ពាក្យ​សម្តី​ជាសាធារណៈ​ខ្លះ ​ជំនួស​ឲ្យ​វប្បធម៌​សន្ទនា​គ្នា​ ​ដូច​ដែល​គណបក្ស​ទាំងពីរ​បាន​សន្យា​គ្នា​កន្លង​មក។

លោក​ញ៉ឹក ប៊ុនឆៃ​ឲ្យ​ដឹង​ថា​ គណបក្ស​នេះ​មាន​ក្តី​សង្ឃឹម​ថា​ នឹង​បាន​ឈ្នះ​អាសនៈ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មាន​បញ្ហា​ផ្ទៃក្នុង​ មាន​ការ​មិន​ទុក​ចិត្ត​គ្នា​ ធ្លាក់​ទឹក​ចិត្ត​ខ្លះ ​ហើយ​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ធំៗ​បាន។​ លោក​ញ៉ឹក ប៊ុនឆៃ​អះអាង​ទៀត​ថា ​នេះ​ជា​ឱកាស​ល្អ​សម្រាប់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ប្រសិន​មន្ត្រី​និង​សមាជិក​របស់​លោក​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ ​និង​អ្នក​រាជានិយម​មាន​ការ​ទុកចិត្ត​ឡើង​វិញ៕

XS
SM
MD
LG