ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រងគ្រោះ​ក្នុងទំនាស់​​ដីធ្លី​តវ៉ា​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​និង​សកម្មជន​នយោបាយ


អ្នកស្រី​ទេព វន្នី (កណ្តាល) សកម្មជន​បឹងកក់​និយាយ​ទៅ​កាន់​អ្នកយក​ព័ត៌មាន ក្រោយពី​អ្នកស្រី​និង​អ្នកតវ៉ា​ផ្សេង​ទៀត​ពី​តំបន់​បឹងកក់ បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ប្លង់​ដី​ឲ្យ​ពួកគេ​វិញ នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២។
អ្នកស្រី​ទេព វន្នី (កណ្តាល) សកម្មជន​បឹងកក់​និយាយ​ទៅ​កាន់​អ្នកយក​ព័ត៌មាន ក្រោយពី​អ្នកស្រី​និង​អ្នកតវ៉ា​ផ្សេង​ទៀត​ពី​តំបន់​បឹងកក់ បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ប្លង់​ដី​ឲ្យ​ពួកគេ​វិញ នៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២។

ក្រុម​តំណាង​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ដីធ្លី​តាម​សហគមន៍​ជាច្រើន បាន​ប្រមូលផ្តុំ​តវ៉ា​ក្នុងរាជ​ធានីភ្នំពេញ​ដើម្បី​សុំឲ្យមាន​ការដោះលែង​សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់ឃុំ។​ ក្រុមអាជ្ញាធរ​បាន​រារាំង​ក្រុម​បាតុករ​អហិង្សា​ទាំងនោះ​ មិន​ឲ្យ​ធ្វើបាតុកម្មទេ​ ដោយចាត់​ទុក​ថា ​ជារឿង​គ្មាន​ច្បាប់​និង​ការទាមទារ ​ហួស​កម្រិត​ច្បាប់​កំណត់។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការរំលោភ​បំពាន​ដីធ្លី​ជាង​១០០​នាក់​នៅ​ថ្ងៃ​ អង្គារ​នេះ​បាន​ប្រឈមមុខ​នឹង​អាជ្ញាធរ​នៅ​ពេល​ធ្វើ​បាតុកម្ម​អហិង្សា​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ រដ្ឋាភិបាល​មាន​ការ​ដោះស្រាយ​ការ​រំលោភ​បំពាន​ដីធ្លី​ ផ្ទះ​សម្បែង​ពួកគេ​ និង​ដោះ​លែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ទាំង​១៩​នាក់​ រួម​មាន​ព្រះសង្ឃ​ប៉ុន្មាន​អង្គ​ផង​នោះ។​

ការ​រារាំង​ជា​ច្រើន​កន្លែង​របស់​ប៉ូលិស​រាជធានី​ភ្នំពេញ​នោះ​ធ្វើឡើង​នៅពេល​ដែល​សកម្ម​ជន​ដីធ្លី​មកពី​តំបន់​ជាច្រើន​ រួមទាំង​បឹងកក់​ អតីត​អ្នក​បឹងកក់​ បូរីកីឡា​ ថ្មគោល​ និង​អេសអូអេស​ជិត​ព្រលាន​យន្តហោះ​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​ស្ថានទូត​ស.រ.អា.​ ​ហើយ​មាន​បំណង​ដើរ​ដង្ហែ​ក្បួន​ទៅកាន់​ទីលាន​ប្រជា​ធិបតេយ្យ​ក្បែរ​នោះ​ដើម្បី​បន្ត​បាតុកម្ម​របស់​ពួក​គេ។​

ពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ល្វា​ក្នុង​សហគមន៍​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ដែល​ហៅ​កាត់​ថា «SOS» នាំ​គ្នា​សរសេរ​អក្សរ​ថា «SOS» លើ​ដំបូល​ផ្ទះ​របស់​ពួក​គេ ដើម្បី​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​លោក ហ៊ុន សែន ពេល​លោក​ត្រលប់​មក​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។
ពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ល្វា​ក្នុង​សហគមន៍​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ដែល​ហៅ​កាត់​ថា «SOS» នាំ​គ្នា​សរសេរ​អក្សរ​ថា «SOS» លើ​ដំបូល​ផ្ទះ​របស់​ពួក​គេ ដើម្បី​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​លោក ហ៊ុន សែន ពេល​លោក​ត្រលប់​មក​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។

អ្នកស្រី​ជុំ ង៉ាន់​ សកម្មជន​ដីធ្លី​នៅ​បូរីកីឡា​ បាន​បញ្ជាក់​ថា​ ការ​តវ៉ា​នេះ​គឺ​ធ្វើ​ឡើង​ ដោយ​អហិង្សា​ នៅពេល​អាជ្ញាធរ​មិនដោះ​ស្រាយ​បញ្ហា​រំលោភ​ដីធ្លី​ជូនពួក​គាត់​ មិនតែប៉ុណ្ណោះ​ថែមទាំងបន្ត​ចាប់ខ្លួន​និង​គំរាម​ចាប់​ខ្លួន​បន្ថែម​ទៀត។​

«ចា៎!​ ដោយសារ​តែ​អាជ្ញាធរ ​គាត់មិន​ដឹង​ថា​ គាត់​គិត​យ៉ាង​ម៉េច​ពីការ​ធ្វើ​បាតុកម្ម​ហ្នឹង ​តែ​គោល​បំណង​របស់​យើង​ទាមទារ​រក​ដំណោះ​ស្រាយ​ហើយ​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក​ជាប់​ពន្ធនាគារ។​ ហើយ​អាជ្ញាធរ​គាត់តែង​តែ​រារាំង​មិន​ឲ្យ​យើង​ធ្វើ ​ដូច​សាលា​ក្រុងម្សិល​មិញ​ ដែល​ចូល​ទៅ​សាល​ក្រុង​ សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម ​អី​អញ្ចឹង​ ធ្វើ​ឲ្យយើង​ហ្នឹង​អស់​សង្ឃឹម​មែនទែន​លើ​អាជ្ញាធរ​ ដូច​ថា​ បំបិទ​សិទ្ធិ ​សេរីភាព​ពួក​យើង​ណា!»។​

អ្នកស្រី​បាន​អះអាង​ទៀត​ថា ​អាជ្ញាធរ​បាន​កុហក​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សន្យា​ដោះស្រាយបញ្ហា​ដីធ្លី​នេះ​រយៈពេល​បី​ឆ្នាំ​ហើយ​ តែមិន​បាន​ធ្វើ​នោះ​ទេ។​ លោក​ស្រី​បាន​បន្ថែម​ថា​ ការ​ចង់​បង្ក្រាប​ដោយ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​មិន​ទទួល​បាន​ ជោគជ័យ​ទេ​នៅថ្ងៃនេះ ​ដោយសារ​ពលរដ្ឋ​ និង​សកម្មជន​ទាំងអស់​ប្រើ​ធម៌ ​អហិង្សា​ទប់ទល់​នឹង​អាជ្ញាធរ។​ តែ​អ្នកស្រី​បាន​បញ្ជាក់​ថា​ គេ​បាន​រារាំង​មិន​ឲ្យ​ចូលទៅ​កាន់​ទីលាន​ប្រជា​ធិបតេយ្យ​ទេ។​

អ្នកស្រី​ ស៊ា ណារ៉េត​ តំណាង​អតីត​ពលរដ្ឋ​បឹងកក់​ ដែល​ត្រូវ​បណ្តេញ​ចេញ​ បាន​ អះអាង​ថា​ ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ដើម្បី​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ដីធ្លី​ និង​ការ​ដោះ លែង​សកម្មជន​សិទ្ធិ​ដីធ្លី​ និង​សកម្មជន​នយោបាយ​ តែ​ត្រូវ​អាជ្ញាធរ​រារាំង​គ្រប់​កន្លែង​ដែល​ក្រុម​បាតុករ​ចង់​សម្តែងមតិ។​

«យើង​ធ្វើ​ទៅ​ គេ​មាន​កម្លាំង​ ពេល​យើង​ជួប​ជុំគ្នា​នៅ​ទូត​អាមេរិក។​ ហើយ​ខ្ញុំ​ហែរ​ ទៅ​ទីលាន​ តែ​គេ​មិន​ឲ្យ​ទៅ​ទីលាន។​ គេ​រារាំង​ ដាក់​រនាំង ​ហើយ​ពួក​ខ្ញុំ​ក៏​ដក​មក​កន្លែង​យាយ​ពេញ​វិញ។​ ហើយ​គេ​ដាក់​កម្លាំង​មក​កន្លែង​យាយពេញ​ទៀត​ ហើយ​មាន​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ​ ឡាន​ស្នងការ​សម្រាប់​ចាប់​ពួក​ខ្ញុំ​នេះ។ ​ហើយ​ពួក​ខ្ញុំ​អង្គុយ ​ហើយ​គាត់​ថា ​គាត់​មិន​អាច​ឲ្យ​នៅ​ទី​សារធារណៈ​ណា​មួយ​ ដោយ​ខូច​សណ្តាប់​ធ្នាប់។​ អញ្ចឹង​ពួក​ខ្ញុំ​អង្គុយ​អហិង្សា​នៅ​ទីនោះ​ តែ​មិនមាន​អ្នក​ណា​មួយ​ចេញ​មក​ដោះស្រាយ​ទេ»។​

សកម្មជន​ដីធ្លី​ និង​សកម្ម​ជន​នយោបាយ​ត្រូវចាប់​ខ្លួនជា​បន្ត​បន្ទាប់​តាំងពី​ចុង​ឆ្នាំ​ទៅ ​ដែល​រួមមាន​អ្នកស្រី​ទេព វន្នី ​តំណាង​សកម្មជន​បឹងកក់ ​និង​លោក​មាជ សុវណ្ណារ៉ា​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។ ​ការ​ចាប់​ខ្លួន​នេះ​ត្រូវគេ​ចាត់​ទុក​ថា ​មិន​សម​ស្រប​តាម​ច្បាប់​ទេ ​ព្រោះ​ពួក​គេ​គ្រាន់តែ​សម្តែង​មតិ​ដោយ​អហិង្សា​នោះ​ និង​ការ​រក​ជំនួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ទឹក​លិច ​បញ្ហា​រំលោភ​បំពាន​ដីធ្លី​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​អ្នក​មាន​អំណាច ​ហើយ​នឹង​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​សង្គម​នានា​នោះ។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​អះអាង​ថា ​អាជ្ញាធរ​រារាំង​ក្រុម​បាតុករ​ថ្ងៃនេះគឺ​ដោយសារ​ថា​ ក្រុម​បាតុករ​បាន​ទាមទារ​ច្រើន​ពេក ​ហួសពី​កម្រិត​ដែល​សាលា​រាជធានី​ដោះស្រាយ​បាន ​ហើយ​សាលា​រាជធានី​បាន​ជំរាប​រួច​ហើយ​ថា​ គ្មាន​ច្បាប់​អនុញ្ញាតឲ្យ​ធ្វើ​បាតុកម្ម​រយៈ​ពេល​១​ខែ​ជាប់​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នោះ​ទេ។​

«ទី​១​ វា​គ្មាន​ច្បាប់​ណា​ដែល​តម្រូវ​ឲ្យ​យើង​អនុញ្ញាតឲ្យ​ធ្វើ​បាតុកម្ម​១​ខែ​ជាប់​គ្នា​ Sit in ​អញ្ចឹង​ របៀប​អនា​ធិបតេយ្យ​បែប​ហ្នឹង​គឺអត់​មាន​ទេ​ តាម​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី»។

លោក​បន្តថា៖ «ទី២​គោល​បំណង​របស់​គាត់​ ក្នុង​ការ​ធ្វើ​បាតុកម្ម​ហ្នឹង​វា​មាន​ច្រើន។​ ក្នុង​នោះ​ចំណុច​មួយ​ដែល​យើង​មិន​អាច​ធ្វើ​ឲ្យ​គាត់​បាន​គឺគាត់​ស្នើសុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ តុលាការ​ដើម្បី​ដោះលែង​ពិរុទ្ធជន​ដែល​សំណុំ​រឿង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ»។​

លោក​និយាយថា​ អាជ្ញាធរ​បាន​បញ្ជាក់​ហើយ​ថា ​បើ​នៅ​តែ​ធ្វើ​នោះ​ អ្នកធ្វើ​ជាអ្នក​ទទួល​ខុស​ត្រូវ ​នៅ​ពេល​មានការ​ប៉ះ​ទង្គិច​ដោយ​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង។​ ហើយ​មួយ​ទៀត​ លោក​បញ្ជាក់​ ថា​ ការ​អនុញ្ញាតឲ្យ​ធ្វើ​បាតុកម្ម​ស្មើ​នឹង​ការ​ចូលរួម​សកម្មភាព​ខុស​ច្បាប់​ដែរ។​

លោក​ឡុង ឌីម៉ង់​ពន្យល់​ថា​ ដោយ​សារ​រឿងនោះ​ជា​រឿង​តុលាការ​ដែល​ជា​អំណាច​ផ្សេង ​ លោកពុំ​បាន​បញ្ជាក់​ថា ​ពេលណា​សាលា​រាជធានី​នឹង​ដោះ​ស្រាយ​ បញ្ហា​រំលោភ​បំពាន​ដីធ្លី​នោះ​ទេ។​

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​លោក​សៀ ភិរម្យ ​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ បាន​ឃ្លាំ​មើល​ការ​រារាំង​របស់​អាជ្ញាធរ​ប៉ូលិស​ដោយ​ចាត់​ទុក​ថា​ សិទ្ធិ​បញ្ចេញ​មតិ​មាន​ការ​ដើរ​ថយ​ក្រោយ​នៅ​កម្ពុជា។​

«គឺ​ថា​ ​វា​ចង្អៀត​សម្រាប់​អ្នក​ដែល​មាន​បញ្ហាដីធ្លី​ គឺ​តែងតែ​មាន​ការ​រាររាំង​ ដូច​ជា​ អ្នក​ដែល​កំពុង​តែ​ជាប់​ឃុំ​ រាល់​ថ្ងៃ​១០​នាក់​ជាង​ គឺ​ត្រូវ​គេ​ឃុំ​ខ្លួន ​ដោយសារ​តែ​រឿង​ បាតុកម្ម ​ដោយសារ​តែ​រឿង​ទឹក​លិច​ផ្ទះ​ ហើយ​គាត់​តវ៉ា​ដោយ​សន្តិវិធី​ហ្នឹង​ត្រូវ​បាន​គេ​ចោទប្រកាន់​ ហើយ​គេ​យក​ច្បាប់​ចរាចរអី ​យក​មក​អនុវត្ត​លើពួក​គាត់​ ដោយ​អយុត្តិធម៌។​ ហើយ​ព្រឹកមិញ​នេះ​គាត់​គ្រាន់​តែ​សម្តែង​មតិ​នៅ​មួយ​កន្លែង​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ហើយ​បែរ​ជាគេ​មិនអនុញ្ញាតឲ្យគាត់​ធ្វើ​ អាហ្នឹង​គឺ​ជា​ រឿង​មួយ​ដែល​យើង​ឃើញ​ថា​ រដ្ឋាភិបាល​កំពុងតែ​ដើរថយ​ក្រោយ ​ហើយ​កំពុង​រំលោភ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ក៏​ដូចជា​ច្បាប់​បាតុកម្ម ​ដែល​គាត់​បាន​ចែង​ ហើយ​គាត់​មិន​បាន​អនុវត្ត»។​

ពលរដ្ឋ​បាន​អះអាង​ថា​ ពួក​គេ​នឹង​ធ្វើការ​តវ៉ា​ជាថ្មី​ទៀត​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​និង​យុត្តិធម៌ ទោះជា​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ក្តី។​ បាតុកម្ម​នេះ​កើត​ឡើង​នៅ​ពេល​ ដែល​អ្នក​រាយ​ការណ៍​ពិសេស​របស់​អ.ស.ប.ផ្នែក​សិទ្ធិ​មនុស្សគឺ​លោក​សូរីយា​ ប្រាសាទ​ ស៊ូប៊ែឌី​កំពុង​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​វាយ​តម្លៃ​បញ្ហា​សិទ្ធិ​មនុស្ស​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា៕​

XS
SM
MD
LG