ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​អ.ស.ប​សុំ​ឱ្យ​អ្នក​នយោបាយ​បន្ត​ជជែក​គ្នា


លោក​ សុរិយា ប្រាសាទសូប៊ែឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​​សហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​។
លោក​ សុរិយា ប្រាសាទសូប៊ែឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​​សហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​។

ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មាន​សង្គ្រាម​វាយ​ប្រហារ​ពាក្យ​សំដី​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​តាម​វេទិការ​សាធារណៈ​រួច​មក​លោក​ សុរិយា ប្រាសាទសូប៊ែឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ប្រាថ្នា​ចង់​ឃើញឱ្យមេដឹក​នាំ​ទាំង​ពីរ​បន្ត​ការ​ជជែក​គ្នា​ដើម្បី​ជ្រោម​ជ្រែង​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរពសិទ្ធិ​មនុស្ស។​

ឆ្លើយ​តប​នឹង​ការ​រិះគន់​ឥតសំចៃ​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​មិន​បង្អង់​យូរ​បាន​វាយ​បក​មក​លើ​គណបក្ស​ប្រឆាំង​វិញ​យ៉ាង​ចាស់​ដៃ​កាល​ពី​ម្សិល​មិញ​ដោយ​គំរាម​ផ្តាច់​ទំនាក់​ទំនង​ជំនួប​កំពូល​ទាំង​អស់​ហើយ​រាល់​បញ្ហា​ដែល​នៅ​សេស​សល់​ស្តី​ពី​ច្បាប់​បោះ​ឆ្នោត​លោក​ ហ៊ុន សែន​បាន​រុញ​បាល់​នេះ​ទៅ​រដ្ឋសភាជាតិ​ ​ជា​អ្នក​សម្រេច​វិញ។​

ដោយ​មើល​ឃើញ​ពី​ជម្លោះ​ពាក្យ​សំដី​គ្នា​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ ទើប​លោក​ សុរិយា​ ប្រាសាទ​ ស៊ូប៊ែឌី​ បាន​បញ្ជាក់ថា​អ្វី​ដែល​លោក​ចង់​ឃើញ​ប្រទេស​នេះ​គឺ​ការ​ជជែក​គ្នាពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ហើយ​សំខាន់​បំផុត​គឺ​រវាង​គណបក្ស​គ្រប់​គ្រង​អំណាច​និង​គណបក្ស​ដែល​មាន​សំឡេង​ភាគ​តិច។​

លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​ជំនួប​គ្នា​មួយ​ជា​មួយ​នឹង​លោក​ កឹម សុខា​ និង​ លោក​ សម រង្ស៊ី​ នៅ​ឯ​មន្ទីរ​រដ្ឋសភា​ជាតិ​ថា​ឥឡូវ​នេះ​ការ​ជជែក​គ្នា​កំពុង​តែ​បន្ត​ ហើយ​ប្រទេស​កម្ពុជា​កំពុង​តែ​បោះជំហាន​ទៅមុខ​នាពេល​អនាគតដ៏ត្រចះ​ត្រង់។ ​លោកបាន​លើក​ទឹក​ចិត្តឱ្យមេដឹក​នាំ​ទាំង​អស់​បន្ត​ការ​ជជែក​ដើម្បី​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ ការ​គោរពសិទ្ធិ​មនុស្ស​ និង​នីតិ​រដ្ឋ។​

លោក​និយាយ​ថា៖«ការ​ជជែក​គួរ​តែ​ត្រូវ​បន្ត​ តម្រូវ​ការ​កែ​ទម្រង់​ដ៏ត្រូវ​មួយ​ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ ពង្រឹង​នីតិ​រដ្ឋឱ្យរឹង​មាំ​ និង​ការ​គោរពសិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ»។​

លោក​នាយក​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​វាយ​បក​ដោយ​សំឡេង​ខ្លាំងៗ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​រហូត​ដល់​លោក​គំរាម​ថា​នឹង​ដក​អភ័យ​ឯកសិទ្ធិ​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន​៧​នាក់​ដើម្បី​បើក​ផ្លូវ​ដល់​តុលាការ​ឡើង​វិញ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​សួន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែកក្កដា។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន​វិញ​ទេ។​ដោយ​លោក​បញ្ជាក់​តាម​របៀប​សំដី​ពីធី​ការ​ថា​យើង​នឹង​ប្រឹង​ប្រែង​គោរព​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ទាំង​ពីរ។​

លោក​និយាយ​ថា៖ ​«គោរព​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ស្មារតី​អ្វី​ដែល​ចែង​នៅ​ក្នុង​ច្បាប់​ ពិសេស​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ដែល​ទើប​នឹង​កែ​អម្បាញ់​មិញ​នេះ»។​

បន្ទាប់​ពី​ជំនួប​ជាមួយ​នឹង​លោក​ សុរិយា ប្រាសាទ​ស៊ូប៊ែឌី​ ​មេដឹក​នាំគណបក្ស​សង្គ្រោះជាតិ​ ដែល​រួម​មាន​លោក​សម រង្ស៊ី​ និង​ លោក​ កឹម សុខា​ មាន​ជំនួប​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ៗ​ទៀត​ជាមួយ​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋ​សភា។​

ក្រោយ​ពី​ជំនួប​រយៈ​ពេល​ខ្លី​លោក​ សម រង្ស៊ី​ មិន​ធ្វើ​បាន​អត្ថាធិប្បាយ​ពី​លទ្ធផល​នៃ​ជំនួបឱ្យបាន​ពិស្តារ​ទេ​ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា​យើង​ចង់​ផ្លាស់​ប្តូរ​គំនិតគ្នា​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋសភា​តែ​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​ទើប​តែ​បាន​ទៅ​ជម្រាប​សួរ​សម្តេច​ហេង សំរិន​អម្បាញ់​មិញ​ ថា​ធ្វើ​យ៉ាង​ម៉េចឱ្យស្ថាប័ន​សភា​ហ្នឹង​ជា​កន្លែង​មួយ​ដែល​តំណាង​រាស្ត្រ​ទាំង​អស់​ដែល​មាន​ចិត្ត​ហើយ​មាន​គំនិត​ស្ថាបនា​យើង​អាច​ប្តូរ​គំនិត​គ្នា​ជាមួយ​គ្នា​នៅ​រដ្ឋសភា»។​

នៅ​ពេល​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក ​បានលើក​សំណួរ​ពី​ការ​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៧​រូប​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​បាន​និយាយ​ថា​រឿង​នេះ​ជា​រឿង​របស់​តុលាការ។​

លោក​និយាយ​ថា៖​ «​រឿង​នេះ​ជា​រឿង​របស់​តុលាការ​ ខ្ញុំ​អត់​មានទៅវិភាគ​យ៉ាង​ណាទេ»។​

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​រូប​ និង​សកម្មជន​គណបក្ស​ចំនួន​១១​រូប​កំពុង​ជាប់​រឿង​ក្តី​ក្តាំ​ក្នុង​តុលាការ​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែកក្កដា។​

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​យក​សំណុំ​រឿង​នេះ​មក​ចាត់​ការ​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ជា​ការ​គាប​សង្កត់​ផ្នែក​នយោបាយ។​ក៏ប៉ុន្តែ​លោក​ ហ៊ុន សែន​មាន​ប្រសាសន៍​ថា​លោក​មិន​លូក​ដៃ​ចូល​ក្នុង​កិច្ច​ការ​របស់​តុលាការ​ទេ៕

XS
SM
MD
LG