ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​មាន​ទំនោរ​ងាក​ទៅ​រក​ចិន​ ខណៈ​ពេល​មាន​ទំនាក់ទំនង​ថមថយ​​ជាមួយ​លោក​ខាង​លិច


ក្រុម​អ្នក​វិភាគ​ជាន់​ខ្ពស់​​នៅ​ប្រទេស​ថៃ​និយាយ​ថា​ ប្រទេស​ថៃ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​ក្នុង​កិច្ច​ការ​ចំណង​ការទូត​ ដោយ​បាន​ចាប់​យក​ប្រទេស​ចិន​ រុស្ស៊ី​ និង​ជប៉ុន​ នៅ​ខណៈ​ដែល​មាន​ទំនាក់​ទំនង​ថមថយ​ជាមួយ​សហរដ្ឋ​អាមេរិក។
ក្រុម​អ្នក​វិភាគ​ជាន់​ខ្ពស់​​នៅ​ប្រទេស​ថៃ​និយាយ​ថា​ ប្រទេស​ថៃ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​ក្នុង​កិច្ច​ការ​ចំណង​ការទូត​ ដោយ​បាន​ចាប់​យក​ប្រទេស​ចិន​ រុស្ស៊ី​ និង​ជប៉ុន​ នៅ​ខណៈ​ដែល​មាន​ទំនាក់​ទំនង​ថមថយ​ជាមួយ​សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​វិភាគ​ជាន់​ខ្ពស់នៅ​ប្រទេស​ថៃ​និយាយ​ថា​ ប្រទេស​ថៃ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​ក្នុង​កិច្ច​ការ​ចំណង​ការទូត​ ដោយ​បាន​ចាប់​យក​ប្រទេស​ចិន​ រុស្ស៊ី​ និង​ជប៉ុន​ នៅ​ខណៈ​ដែល​មាន​ទំនាក់​ទំនង​ថមថយ​ជាមួយ​សហរដ្ឋ​អាមេរិក​ ជុំវិញ​ការ​ផ្អាក​ការ​គ្រប់​គ្រង​ប្រទេស​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​រដ្ឋាភិបាល​ក្រុង​បាងកក។ លោក Ron Corben រាយការណ៍​មក​កាន់​វីអូអេ​ ពី​ទីក្រុង​បាងកក។

ចាប់​តាំង​ពី​យោធា​ថៃ​បាន​កាន់​កាប់​អំណាច​កាល​ពីខែ​ឧសភា​ឆ្នាំ​មុន​មក​ ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​មហាអំណាច​លោក​ខាង​លិចសំខាន់ៗ​មាន​ភាព​ថមថយ​ជាង​មុន។ ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ និង​រដ្ឋាភិបាល​លោក​ខាង​លិចបាន​រិះគន់​ការ​បង្ក្រាប​ទៅ​លើ​សេរីភាព​នៃ​ការ​ធ្វើ​នយោបាយ​ និង​ការ​ផ្អាក​មិន​អនុវត្ត​ការ​គ្រប់​គ្រង​មួយ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ ហើយ​បាន​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ថ្មី​មួយ។

ការ​ធ្វើ​អន្តរាគមន៍​ដោយ​យោធា​កាល​ពី​ពេល​មុន​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​បន្ត​ពីក្រោយ​ដោយ​ការ​ចាប់​ផ្តើម​ឡើង​វិញ​នូវ​ដំណើរ​ការ​បែប​ប្រជាធិបតេយ្យ​ និង​ការ​សើរើ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​នយោបាយ​ជាមួយ​បណ្តាប្រទេស​ដែល​គាំទ្រ​ប្រទេស​ថៃ​ជា​ប្រវត្តិសាស្រ្ត ​ដូច​ជា​សហរដ្ឋ​អាមេរិក​ជាដើម។

ក៏​ប៉ុន្តែ​ ដោយសារ​តែ​គ្មាន​ការ​បោះឆ្នោត​ណា​មួយ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នោះ​ អ្នក​វិភាគ​ខ្លះ​បាន​និយាយ​នៅ​ឯ​ក្លិប​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​អន្តរជាតិ​ក្នុង​ទីក្រុង​បាងកក​កាល​ពីថ្មីៗ​នេះ​ថា​ ប្រទេស​ថៃ​កំពុង​តែ​ស្វែង​រក​ជម្រើស​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ការ​ទូត​ថ្មី​ផ្សេង​ទៀត​ក្នុង​ទ្វីប​អាស៊ី។

ជំនួយ​ការ​ក្រុម​អ្នក​និពន្ធ​នាយក​នៃបណ្តាញ​ផ្សាយ​ព័ត៌មាន​មួយ​ឈ្មោះ​ថា​ Nation Multimedia Group លោក​ Kavi Chongkittavorn និយាយ​ថា​ ប្រទេស​ថៃ​យល់​ឃើញ​ថា​ខ្លូន​ឯង​ជា​ «ស្ពាន»​ ទៅ​កាន់​ប្រទេស​ចិន​ និង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

លោក​បន្ថែម​ថា​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ ក្រុម​មន្ត្រី​ថៃ​បាន​ធ្វើការ​នៅ​ក្នុង​សមាគម​អាស៊ាន​ដើម្បី​សម្រួល​ភាព​តានតឹង​ជាមួយ​ចិន​ ចំពោះ​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​លើតំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ លោក Kavi និយាយ​ថា​ ប្រទេស​ចិន​ និង​ប្រទេស​ថៃ​ មាន​ទំនោរ​នឹង​ចង​ទំនាក់ទំនង​ជាមួយ​គ្នា​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ។

«ក្នុង​រយៈពេល​ប្រាំ​ទៅ​ដប់​ឆ្នាំ​ខាង​មុខ​ នេះ​ជា​អ្វី​ដែល​នឹង​កើត​មាន​ឡើង ជា​ពិសេស​នៅ​ក្នុង​អាណត្តិរបស់​ប្រធានាធិបតី​ចិន Xi Jingping ​និង​នាយក​រដ្ឋ​មន្ត្រី Li Keqiang ពីព្រោះ​ថា​ ប្រទេស​ថៃ​កំពុង​តែ​ក្លាយ​ជា​សមាជិក​នៃ​គម្រោង​យុទ្ធសាស្ត្រ​ទាំង​ស្រុង​របស់​ចិន។ ខ្ញុំគិត​ថា​ វា​ជា​ផ្នែក​ដ៏​សំខាន់​មួយ»។

លោក Kavi បន្ថែម​ថា​ ទំនាក់ទំនង​របស់​ចិន​ជាមួយ​ប្រទេស​ថៃ​មាន​ភាព​ស៊ីសង្វាក់​គ្នា​កាន់​តែ​ខ្លាំង​ជាង​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋអាមេរិក។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅ​តែ​បន្ត​ភាព​ស្ងប់ស្ងាត់​ទាក់​ទិន​នឹង​រដ្ឋប្រហារ​ដោយ​យោធា​របស់​ថៃ។ រដ្ឋាភិបាល​ថៃ​ក៏​បាន​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​ឥណ្ឌា​ ជប៉ុន និង​រុស្ស៊ី​ផងដែរ។ ក្នុង​សប្តាហ៍​នេះ​ រុស្ស៊ី​ និង​ថៃ​បាន​ប្រកាស​អំពី​ការ​បង្កើន​ការ​ធ្វើ​ជំនួញ​ទ្វេភាគី​ឲ្យ​បាន​ទ្វេដង​ នៅ​ឆ្នាំ​២០១៦ ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​១០ពាន់​លាន​ដុល្លារ។ ប្រទេស​ថៃ​ កាល​ពី​ថ្មីៗ​នេះ បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​គណៈប្រតិភូ​សន្តិសុខ​ឥណ្ឌា​ថ្នាក់​កំពូល​ ហើយ​ប្រទេស​ជប៉ុន​ក៏​ប្រាថ្នា​ចង់​វិនិយោគ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​ខ្សែ​រថភ្លើង​ថ្នាក់​ជាតិ​របស់​ថៃ​ដែល​មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ។​

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ Chulalongkorn​ លោក ​Thitinan Pongsudhirak​ មាន​ប្រសាសន៍​ថា​ ការ​រិះ​គន់​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​រដ្ឋាភិបាល​យោធា​ថៃ​ បាន​នាំ​ឲ្យ​ប្រទេស​នេះ​ងាក​ទៅ​រក​ជម្រើស​ថ្មី​ផ្សេង ​ក្នុង​កិច្ច​ការ​ទំនាក់ទំនងការទូត។

«ទំនាក់ទំនង​រវាង​ប្រទេស​ថៃ​និង​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ភ្ជាប់​យ៉ាង​ស្អិត​រមួត​ក្នុង​អំឡុង​សង្គ្រាម​ត្រជាក់​ ហើយ​ក្រោយ​មក នៅ​ក្នុង​សម័យ​ក្រោយ​សង្គ្រាម​ត្រជាក់​រហូត​ដល់​សតវត្សរ៍​ទី​២១​ វា​ពិបាក​នឹង​ប្រែប្រួល​ ឬ​កែ​កម្រិត​នៃ​ទំនាក់ទំនង​នោះ​ណាស់។ មិន​ដូច​ប្រទេស​រុស្ស៊ី​ ឥណ្ឌា ចិន ឬ​ក៏​ប្រទេស​មហាអំណាច​ណា​ផ្សេង​ទេ សូម្បី​តែជប៉ុនក៏ដោយ​ នេះ​ក៏ដោយ​សារ​តែ​ប្រទេស​ទាំង​នេះ​មិន​មាន​កញ្ចប់​សង្គ្រាម​ត្រជាក់។ ដូច្នេះ​ បញ្ហា​នេះ​ស្ថិត​ក្នុង​អន្តរកាល​ ថៃ​កំពុង​តែ​ស្វែង​រក​នូវ​កម្រិត​តុល្យភាព​ថ្មី​មួយ»។

ប្រទេស​ថៃ​ក៏​កំពុង​តែ​ព្យាយាម​បង្កើន​ការ​ការពារ​ចំណង​ទាក់ទង​ជាមួយ​ចិន​ផងដែរ។ ក្នុង​សប្តាហ៍​នេះ​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ថៃ​ លោក ​Prawit Wongsuwan​ បាន​ធ្វើទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ដោយ​បាន​ដឹក​នាំ​គណៈប្រតិភូ​មួយ​ក្រុម​ ដោយរាប់​បញ្ចូល​ទាំង​មេបញ្ជាការ​កង​នាវិក​ថៃ​ផង ដើម្បី​ជជែក​ពិភាក្សា​រឿង​ទិញ​នាវា​មុជទឹក​ពីរ​គ្រឿង​ដើរ​ដោយ​កម្លាំង​ប្រេង​ម៉ាស៊ូត​ផលិត​ដោយ​ប្រទេស​ចិន។ អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ Panitan Wattanayagorn និង​ជា​ទីប្រឹក្សា​នៅ​ក្រសួង​ការពារ​ជាតិ​ថៃ​ មាន​ប្រសាសន៍​ថា​ ​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ជាង​មុន​សបញ្ជាក់​ឲ្យ​ឃើញ​ថា មាន​ការ​ផ្លាស់ប្តូរ​បរិយាកាស​យុទ្ធសាស្ត្រ។

«អ្វី​ដែល​យើង​កំពុង​ឃើញ​មាន​នោះ​គឺ​ថា​ វា​ជាលើក​ដំបូង​ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​ ដែល​បរិយាកាស​បែប​នេះ​ បាន​អនុញ្ញាត​ឲ្យ​ថៃ​ធ្វើ​ការ​កែប្រែ​តុល្យភាព​យុទ្ធសាស្ត្រ​របស់​ខ្លួន​ ដោយ​សារ​មាន​ការ​ប្រែប្រួល​ក្នុង​កម្រិត​តំបន់​ជា​អន្តរជាតិ។ នៅ​ក្នុង​បរិបទ ​ជំហរ​យុទ្ធសាស្ត្រ​របស់​ថៃទៅកាន់​ប្រទេស​មហា​អំណាច​ទាំង​នោះ​ វា​ធ្វើ​ឲ្យ​ពួក​យោធា​អាច​ធ្វើ​ការ​កែ​តម្រូវ​ទំនាក់ទនង​យុទ្ធសាស្ត្រ​របស់​ខ្លួន​ជាមួយ​ប្រទេស​មហាអំណាច​ផ្សេងៗ​ជា​លើក​ដំបូង។

ក៏​ប៉ុន្តែ​ លោក​ Panitan បន្ថែម​ថា​ ទោះ​បីជា​ទំនាក់ទំនង​ផ្នែក​យុទ្ធសាស្ត្រ​ជាមួយចិន​ រុស្ស៊ី និង ឥណ្ឌា​ មាន​ការ​កើន​ឡើង​ក៏​ដោយ​ ក្រុម​មន្ត្រី​ថៃ​ទំនង​ជា​ប្រឹង​ប្រែង​បន្ត​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​នេះឆ្លុះបញ្ចាំង​ឲ្យឃើញ​គោលការណ៍​ជាក់​ស្តែង​យូរ​យារ​ណាស់​មក​ហើយ​របស់​រដ្ឋាភិបាលក្នុង​កិច្ចការការទូត៕

ប្រែសម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG