ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ថៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សម្ព័ន្ធភាព និង​សន្យា​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ


មេដឹកនាំ​គណបក្ស Move Forward និង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​លោក Pita Limjaroenrat និង​ដៃគូ​ចម្រុះ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់គ្នា​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ក្នុង​កិច្ចព្រមព្រៀង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
មេដឹកនាំ​គណបក្ស Move Forward និង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​លោក Pita Limjaroenrat និង​ដៃគូ​ចម្រុះ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់គ្នា​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ក្នុង​កិច្ចព្រមព្រៀង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

សមាជិក​ទាំង ៨ គណបក្ស​នៃ​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ ដែល​បាន​ឈ្នះ​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា​កន្លង​ទៅ​នេះ បាន​យល់ព្រម​ជា​ផ្លូវការ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​គ្នា ដោយ​បាន​ដាក់​បញ្ជូល​គោល​នយោបាយ​ថ្មី​របស់​ពួកគេ ខណៈ​ពេល​ដែល​ពួកគេ​ទន្ទឹង​រង់ចាំ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ក្នុង​ប្រទេស​ថៃ។

ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស Move Forward គណបក្ស​នយោបាយ​នានា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​មាន​លក្ខខណ្ឌ​ចំនួន ២៣ ចំណុច​ដែល​ពួកគេ​ចង់​អនុវត្ត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទស្សនៈ​ខុស​គ្នា​ក្នុង​ចំណោម​គណបក្ស​ទាំង ៨ ផង​ដែរ។

ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​របស់​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នេះ​បាន​ធ្វើ​ឡើង​ចំ​ខួប​លើក​ទី ៩ នៃ​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ ២០១៤ នៅ​ក្នុង​ប្រទេស​ថៃ។

ការ​ប្រកាស​អំពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ទី ២២ ខែ​ឧសភា​នៅ​សណ្ឋាគារ Conrad ក្នុង​ទីក្រុង​បាងកក មេដឹកនាំ​គណបក្ស Move Forward លោក Pita Limjaroenrat បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ រួម​ជាមួយ​នឹង​មេដឹកនាំ​នៃ​គណបក្ស​ចំនួន ៧ ទៀត​ដែល​ជា​សមាជិក​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង ដោយ​បាន​កំណត់​នូវ​គោល​នយោបាយ​ចំនួន ២៣ ចំណុច​ដែល​ពួកគេ​បាន​ព្រមព្រៀង​គ្នា​ដើម្បី​សម្រេច​ឱ្យ​បាន។ លោក Limjaroenrat បាន​ហៅ​ការ​ចរចា​នេះ​ថា​ជា «ការ​ចាប់ផ្តើម​ប្រកប​ដោយ​ផ្លែផ្កា ទូលំ​ទូលាយ និង​ដ៏​ល្អ​មួយ»។

មេដឹកនាំ​គណបក្ស Move Forward និង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​លោក Pita Limjaroenrat និង​មេដឹកនាំ​គណបក្ស​ភឿថៃ​លោក Cholanan Srikaew ប្រកាសអនុស្សរណៈ​នៃ​ការយោគយល់គ្នា​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​គណបក្ស​នយោបាយ​ក្នុង​កិច្ចព្រមព្រៀង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
មេដឹកនាំ​គណបក្ស Move Forward និង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​លោក Pita Limjaroenrat និង​មេដឹកនាំ​គណបក្ស​ភឿថៃ​លោក Cholanan Srikaew ប្រកាសអនុស្សរណៈ​នៃ​ការយោគយល់គ្នា​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​គណបក្ស​នយោបាយ​ក្នុង​កិច្ចព្រមព្រៀង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

លោក Limjaroenrat បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ថ្ងៃ​នេះ​ជា​ការ​បង្កើត​និង​ការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ​ ដែល​យើង​ត្រូវ​ធ្វើការ​រួម​គ្នា​ឆ្ពោះ​ទៅ​មុខ​ដើម្បី​ប្រកាស​អំពី​គោល​នយោបាយ​របស់​យើង បន្ទាប់ពី​ខ្ញុំ​ក្លាយជា​នាយករដ្ឋមន្ត្រី ដូច្នេះ​ថ្ងៃ​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​តែ​ប៉ុណ្ណោះ។ មាន​ជំហាន​បន្ទាប់​ភ្លាមៗ​ជា​ច្រើន​ទៀត​ដែល​នឹង​ត្រូវ​ធ្វើ​តាម​ក្រោយ ហើយ​ករណី​នេះ​អាច​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​បន្ដិច​បន្តួច​ថែម​ទៀត​ថា​តើ​ការ​ផ្លាស់ប្តូរ​នឹង​កើត​ឡើង​ដោយ​របៀប​ណា»។

គណបក្ស​ផ្សេង​ទៀត​ក្នុង​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នេះ​រួម​មាន​គណបក្ស Pheu Thai គណបក្ស Prachachat គណបក្ស Thai Sang Thai គណបក្ស Seri Ruam Thai គណបក្ស Fair គណបក្ស Pue Thai Rumphlang និង​គណបក្ស Plung Sungkom Mai។

គណបក្ស Move Forward បាន​ឈ្នះ​អាសនៈ​ចំនួន ១៥២ នៅ​ក្នុង​ការ​បោះឆ្នោត ដោយ​យក​ឈ្នះ​យ៉ាង​ងាយ​ស្រួល​លើ​គណបក្ស​អភិរក្ស​និយម​និង​គណបក្ស​ដែល​មាន​ការ​គាំទ្រ​ពី​យោធា។ ខុស​ពី​ការ​យល់​ឃើញ​ដែល​ថា​គណបក្ស Move Forward មាន​ការ​គាំទ្រ​តែ​នៅ​ក្នុង​តំបន់​ទីក្រុង​ដែល​មាន​និស្សិត​មហា​វិទ្យាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​រាជធានី​បាងកក គណបក្ស Move Forward បាន​ឈ្នះ​ការ​បោះឆ្នោត​ភ្លូកទឹក​ភ្លូកដី​ក្នុង​មូលដ្ឋាន​ដោយ​គណបក្ស​នេះ​យក​បាន​អាសនៈ​ចំនួន ៣២ ក្នុង​ចំណោម ៣៣ តាម​មណ្ឌល​បោះឆ្នោត។

ប៉ុន្តែ​ដោយសារ​រចនាសម្ព័ន្ធ​សភា​ថៃ​ដែល​មាន​សមាជិក​ចំនួន ៧៥០ នាក់ គេ​ត្រូវការ​អាសនៈ​ភាគ​ច្រើន​ចំនួន ៣៧៦ ដើម្បី​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​និង​បង្កើត​រដ្ឋាភិបាល​ថ្មី។ ដោយសារ​តែ​គណបក្ស Move Forward មិន​ទទួល​បាន​អាសនៈ​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ដាច់ សម្ព័ន្ធភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គណបក្ស ៧ ផ្សេង​ទៀត​នៅ​ក្នុង​សម្ព័ន្ធភាព​នេះ​នឹង​បន្ថែម​អាសនៈ​ចំនួន ១៦១ ទៀត ដែល​ធ្វើ​ឱ្យ​អាសនៈ​សរុប​មាន​ចំនួន ៣១៣ នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី។

គោល​នយោបាយ ២៣ ចំណុច​នៅ​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា

បន្ទាប់ពី​មាន​ការ​ពិភាក្សា​របស់​សម្ព័ន្ធភាព​រវាង​គណបក្ស Move Forward និង​គណបក្ស​ផ្សេង​ទៀត​នៅ​ក្រោយ​ការ​បោះឆ្នោត​មក ការ​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃចន្ទ​ទី ២២ ខែ​ឧសភា មាន​សារៈសំខាន់ ដោយសារ​វា​ត្រូវ​បាន​ចាត់ទុក​ថា​ជា​កំណត់ត្រា​មួយ​ដែល​នាំ​មក​នូវ​ការ​ទទួល​ខុស​ត្រូវ។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ចែង​ថា គ្រប់​ភាគី​ទាំង​អស់​យល់ព្រម​មិន​ប៉ះពាល់​ដល់​ឋានៈ​របស់​ប្រទេស​ថៃ​ក្នុង​នាម​ជា​រដ្ឋ​ប្រជាធិបតេយ្យ​នៅ​ក្រោម​របប​រាជា​ធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ឬ​មិន​ប៉ះពាល់​ដល់​ឋានៈ​របស់​របប​រាជាធិបតេយ្យ​ផ្ទាល់។

ក្នុង​បញ្ជី​គោល​នយោបាយ​ទាំង ២៣ ចំណុច ការ​ផ្តោត​សំខាន់​គឺ​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ការ​អនុម័ត​ច្បាប់​សមភាព​អាពាហ៍ពិពាហ៍ ការ​កែ​ទម្រង់​ស្ថាប័ន​ប៉ូលិស យោធា និង​ដំណើរការ​យុត្តិធម៌ ការ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​រស់​ឡើង​វិញ និង​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នេះ​ក៏​សង្ឃឹម​ផង​ដែរ​ថា​នឹង​ស្ដារ​តួនាទី​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​ថៃ​ឡើង​វិញ និង​បញ្ចប់ «ការទូត​បែប​ស្ងៀមស្ងាត់» របស់​ខ្លួន។

ការ​ចាត់ទុក​កញ្ឆា​ថា​ជា​សារធាតុ​រឹតត្បិត​ឡើង​វិញ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​បញ្ជី​គោល​នយោបាយ​នេះ​ផង​ដែរ បើ​ទោះបីជា​ប្រទេស​ថៃ​លែង​ចាត់ទុក​ការ​ប្រើប្រាស់​កញ្ឆា​ថា​ជា​រឿង​ខុស​ច្បាប់​កាលពី​ខែ​មិថុនា ឆ្នាំ ២០២២ ក៏ដោយ។ ការ​បញ្ចប់​ការ​កេណ្ឌ​ទាហាន​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ត្រូវ​បាន​លើកឡើង​ផង​ដែរ។ វា​គឺ​ជា​ការ​សន្យា​មួយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​មក​របស់​គណបក្ស Move Forward។

ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ

គោល​នយោបាយ​មួយ​ដែល​គណបក្ស​នយោបាយ​មិន​អាច​ឯកភាព​គ្នា​បាន​គឺ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​របស់​ប្រទេស​ថៃ ដែល​ច្បាប់​នេះ​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​រិះគន់​របប​រាជាធិបតេយ្យ​របស់​ថៃ។ ច្បាប់​នេះ​មាន​ចែង​នៅ​ក្នុង​មាត្រា ១១២ នៃ​ក្រម​ព្រហ្មទណ្ឌ​ថៃ និង​ដាក់​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​យូរ​ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្តិ​ល្មើស។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​គឺ​ជា​ការ​សន្យា​ដ៏​សំខាន់​មួយ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​មក​របស់​គណបក្ស Move Forward។

គណបក្ស​យ៉ាង​ហោច​ណាស់​ចំនួន ២ ក្នុង​សម្ព័ន្ធភាព​នេះ​បាន​លើកឡើង​ថា ពួកគេ​នឹង​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ណា​មួយ​លើ​របប​រាជាធិបតេយ្យ​នោះ​ទេ ខណៈ​មេដឹកនាំ​គណបក្ស Pheu Thai លោក Cholnan Srikaew បាន​ថ្លែង​ថា ការ​ដក​ចំណុច​នេះ​ចេញ​ពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​គឺ​ដើម្បី​បញ្ចៀស​ឧបសគ្គ​ក្នុង​ការ​បង្កើត​សម្ព័ន្ធភាព​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស​ថៃ។

ប៉ុន្តែ​លោក Limjaroenrat បាន​និយាយ​ថា នៅ​ពេល​ណា​មួយ គណបក្ស Move Forward នឹង​ដាក់​សំណើ​សុំ​ឱ្យ​មាន​ការ​កែប្រែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​នេះ។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ពាក់ព័ន្ធ​នឹង​មាត្រា ១១២ នេះ ជំហរ​របស់​យើង​មិន​មាន​ការ​ផ្លាស់ប្តូរ​នោះ​ទេ។ មុន​ពេល​បោះឆ្នោត​និង​ក្រោយ​ពេល​បោះឆ្នោត ខ្ញុំ​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ថា​វា​ជា​រឿង​មួយ​ដែល​គណបក្ស Move Forward បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បន្ត​ធ្វើ ហើយ​ការ​ដែល​មាន​គណបក្ស​ផ្សេង​ទៀត​ជា​ផ្នែក​មួយ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​នឹង​មិន​ធ្វើ​ឱ្យ​មាន​សម្ពាធ​នោះ​ទេ។ ខ្ញុំ​គិត​ថា ពេល​វេលា​មិន​ទាន់​មក​ដល់​នោះ​ឡើយ។ គណបក្ស Move Forward នឹង​នៅតែ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​តែ​ឯង»។

ចលនា​យុវជន

កាលពី​ឆ្នាំ ២០២០ និង​ឆ្នាំ ២០២១ ប្រទេស​ថៃ​មាន​ភាព​ច្របូកច្របល់​ដោយសារ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ការ​តវ៉ា​ឱ្យ​មាន​កំណែ​ទម្រង់​របប​រាជាធិបតេយ្យ ដែល​ភាគ​ច្រើន​ដឹកនាំ​ដោយ​យុវជន​ថៃ។ ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​គឺ​ជា​រឿង​ធម្មតា ខណៈ​ដែល​បាតុករ​និង​សកម្មជន​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ។

យុវជន​ជា​ច្រើន​នាក់​ក្នុង​ចំណោម​សកម្មជន​ទាំង​នោះ​បាន​បោះឆ្នោត​ឱ្យ​គណបក្ស Move Forward។

សេចក្ដី​រាយការណ៍​នានា​បាន​បង្ហាញ​ថា ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន​ជាង ៣៩ លាន​នាក់​នៅ​ក្នុង​ការ​បោះឆ្នោត​ទូទាំង​ប្រទេស ដែល​ស្មើ​នឹង​ជាង ៧៥% នៃ​ចំនួន​ប្រជាជន​ថៃ។

ប្រជាជន​ថៃ​ធ្វើ​ការ​បោះឆ្នោត​ចំនួន​ ២ ផ្សេង​គ្នា​ដើម្បី​បង្កើត​អាសនៈ​ចំនួន ៥០០ នៅ​ក្នុង​សភា​តំណាងរាស្រ្ត​ថៃ ដោយ​ជ្រើសរើស​សមាជិក​សភា​តាម​មណ្ឌល​ចំនួន ៤០០ អាសនៈ​តាមរយៈ​ប្រព័ន្ធ​ឯកត្តនាម​គិត​តាម​មណ្ឌល និង​សមាជិក​សភា​តាម​បញ្ជី​បេក្ខជន​របស់​គណបក្ស​ចំនួន ១០០ អាសនៈ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ព្រឹទ្ធសភា​ ដែល​មាន​សមាជិក​ចំនួន ២៥០ នាក់​តែងតាំង​ដោយ​យោធា​ថៃ នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​កំណត់​ថា​តើ​នរណា​នឹង​ត្រូវ​បាន​ជ្រើសរើស​ជា​រដ្ឋាភិបាល​បន្ទាប់។

ការ​បោះឆ្នោត​មុនៗ

ក្នុង​អំឡុងពេល​នៃ​ការ​បោះឆ្នោត​សកល​ក្នុង​ឆ្នាំ ២០១៩ ព្រឹទ្ធសភា​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ឱ្យ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​គឺ លោក Prayuth Chan-ocha ទោះ​បី​ជា​គណបក្ស Pheu Thai បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ក៏​ដោយ។

វា​មាន​រយៈពេល ៩ ឆ្នាំ​ហើយ​ ដែល​កាល​ពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ លោក Prayuth ដែល​ជា​ឧត្ដមសេនីយ៍​យោធា​នៅ​ពេល​នោះ​ បាន​ដឹកនាំ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​ថៃ។ លោក​បាន​ក្លាយ​ជា​មេដឹកនាំ​ចាប់​តាំង​ពី​ពេល​នោះ​មក។ ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​លោក ប្រទេស​ថៃ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ និង​មាន​ការ​តែងតាំង​សមាជិក​ព្រឹទ្ធសភា​ចំនួន ២៥០ នាក់​ក្នុង​ឆ្នាំ២០១៧។ ព្រឹទ្ធសភា​បច្ចុប្បន្ន​បាន​ជួយ​ឱ្យ​លោក Prayuth បន្ត​កាន់​តំណែង។

សម្ព័ន្ធភាព​ថ្មី​ក្នុង​ប្រទេស​ថៃ​នេះ​សង្ឃឹម​ថា ​អាសនៈ​រួម​គ្នា​របស់​ខ្លួន​ក្នុង​ជួរ​រដ្ឋាភិបាល​នឹង​ដាក់​សម្ពាធ​លើ​ព្រឹទ្ធសភា​ឱ្យ​បោះឆ្នោត​គាំទ្រ។ គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ថៃ​មាន​ពេល​រហូត​ដល់ ៦០ ថ្ងៃ​ ដើម្បី​បញ្ជាក់​ជា​ផ្លូវ​ការ​នូវ​លទ្ធផល​បោះឆ្នោត​សកល​ក្នុង​ឆ្នាំ​នេះ មុន​ពេល​ព្រឹទ្ធសភា​សម្រេច​ថា ​តើ​អ្នក​ណា​នឹង​ដឹកនាំ​រដ្ឋាភិបាល៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG