ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ព័ន្ធភាព​​បក្ស​ប្រឆាំង​ដែល​មាន ៨ គណបក្ស​ក្នុង​ប្រទេស​ថៃ​កំពុង​​ត្រូវ​បាន​បង្កើត​ឡើង


មេដឹកនាំ​គណបក្ស​ Move Forward លោក Pita Limjaroenrat បាន​ចុះ​ហត្ថលេខា​អនុស្សរណៈនៃ​ការ​​យោគយល់​មួយ ដើម្បី​បង្កើត​សម្ព័ន្ធ​នយោបាយ​រវាង​គណបក្ស​ Move Forward និង​គណបក្ស​ផ្សេង​ទៀត
មេដឹកនាំ​គណបក្ស​ Move Forward លោក Pita Limjaroenrat បាន​ចុះ​ហត្ថលេខា​អនុស្សរណៈនៃ​ការ​​យោគយល់​មួយ ដើម្បី​បង្កើត​សម្ព័ន្ធ​នយោបាយ​រវាង​គណបក្ស​ Move Forward និង​គណបក្ស​ផ្សេង​ទៀត

គណបក្ស​ Move Forward (MFP) ត្រូវ​បាន​ប្រកាស​ក្រៅ​ផ្លូវ​ការណ៍​ថា ជា​គណបក្ស​ឈ្នះ​ការ​បោះឆ្នោត​ដែល​ត្រូវបាន​ធ្វើ​ឡើង​កាលពី​ពាក់​កណ្តាល​ខែឧសភា​កន្លង​ទៅ ដោយ​ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​នៅ​ក្នុង​សភា​ជាន់​ទាប​របស់​ប្រទេស​ថៃ និង​បាន​យក​ឈ្នះ​លើ​គណបក្ស​អភិរក្ស​និយម និង​គណបក្ស​ដែល​មាន​ការ​គាំទ្រ​ពី​យោធា។

គណបក្ស​នយោបាយ​ចំនួន​ ៧ ផ្សេង​ទៀត​ រួម​ទាំង​គណបក្ស​ Pheu Thai ដ៏​មាន​ប្រជាប្រិយភាព បាន​យល់ព្រម​គាំទ្រ​គណបក្ស Move Forward ឱ្យ​ធ្វើ​ជា​មេដឹកនាំ​នៃ​សម្ព័ន្ធ​នេះ និង​គាំទ្រ​ដល់​ការ​ជំរុញ​ឱ្យ​មេដឹកនាំ​គណបក្ស​ Move Forwardលោក Pita Limjaroenrat ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ។

គណបក្ស​នយោបាយ​រាប់​សិប​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ថៃ ដែល​ជា​នេះ​ជា​លើក​ទី​ ១ហើយ​បើ​គិត​ចាប់​ពី​ឆ្នាំ២០១៩​មក។ ប្រជាពលរដ្ឋ​ថៃ​រាប់​លាន​នាក់​បាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ថៃ​ចំនួន ៥០០ នាក់​សម្រាប់​សភា​ជាន់​ទាប ដោយ​មាន​សន្លឹក​ឆ្នោត​ពីរ​ប្រភេទ​ដើម្បី​ជ្រើសរើស​សមាជិក​សភា​តាម​មណ្ឌល​ចំនួន ៤០០ អាសនៈ តាមរយៈ​ប្រព័ន្ធ​ឯកត្តនាម​គិត​តាម​មណ្ឌល និង​សមាជិក​សភា​តាម​បញ្ជី​បេក្ខជន​របស់​គណបក្ស​ចំនួន ១០០ អាសនៈ។

មេដឹកនាំ​គណបក្ស​ Move Forward លោក Limjaroenrat បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​បាងកក​កាលពី​ព្រឹក​ថ្ងៃព្រហស្បតិ៍​ ទី១៨ ខែឧសភា ថា សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នេះ​កំពុង «​ត្រូវ​បាន​បង្កើត»។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «ខ្ញុំ​គិត​ថា ​វា​ច្បាស់​ណាស់​ថា ​យើង​មាន​ការ​យល់ព្រម​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​សម្ព័ន្ធ​មួយ​នៅ​ពេល​នេះ។ សារ​សំខាន់​នៃ​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​នេះ​គឺ​ដើម្បី​ធានា​ដល់​សាធារណជន​ថា សម្ព័ន្ធ​របស់​ខ្ញុំ​កំពុង​ដំណើរការ​យ៉ាង​រឹងមាំ មាន​សន្ទុះ និង​មាន​ការ​រីក​ចម្រើន​ទៅ​មុខ»។

លោក Limjaroenrat បញ្ជាក់​ថា គណបក្ស​នានា​កំពុង​ធ្វើ​ការ​ជាមួយ​គ្នា។ ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​ចំ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​បែកបាក់​ដែល​អាច​កើត​មាន​រវាង​គណបក្ស​នានា។

លោក Limjaroenrat បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «យើង​ក៏​មាន​ផែនទី​បង្ហាញ​ផ្លូវ​ច្បាស់លាស់​ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី ដែល​មាន​ក្រុម​ការងារ​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​ភាព​ខុស​គ្នា និង​ធ្វើ​ឱ្យ​ប្រាកដ​ថា មាន​ការ​បន្ត​អំណាច កាត់​បន្ថយ​ហានិភ័យ និង​កាត់​បន្ថយ​កត្តា​អស្ថិរភាព​ដែល​អាច​បំផ្លាញ​ប្រទេស ឬ​សេដ្ឋកិច្ច ឬ​ទីផ្សារ​ហិរញ្ញវត្ថុ»។

លោក​បាន​បន្ថែម​ថា «ក្រុម​ចរចា​កំពុង​ធ្វើ​ការជំនួស​មុខ​ប្រជាពលរដ្ឋ… ហើយ​ក្រុម​មួយ​ទៀត​គឺ​ជា​ក្រុម​អន្តរកាល​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា មាន​ការ​ផ្ទេរអំណាច ប្រសិនបើ​មាន​អ្វី​មួយ​ដែល​យើង​ចង់​បន្ត យើង​នឹង​បន្ត ប្រសិនបើ​មាន​អ្វី​មួយ​ដែល​យើង​ចង់​ឈប់ យើង​នឹង​ឈប់»។

បើ​យោង​តាម​បែបបទ​នៃ​ការ​បោះឆ្នោត គណបក្ស​ឈ្នះ​ការ​បោះឆ្នោត​ត្រូវ​ការ​អាសនៈ​ភាគ​ច្រើន​ចំនួន ៣៧៦ អាសនៈ ដោយសារ​សភា​ជាន់​ខ្ពស់​របស់​ថៃ​ក៏​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន ២៥០ អាសនៈ​ផង​ដែរ។ គណបក្ស​ Move Forward ​ទទួល​បាន ១៥២ អាសនៈ​ពី​អ្នក​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប៉ុន្តែ​ជាមួយ​នឹង​សម្ព័ន្ធ​នយោបាយ​ ៨ គណបក្ស​ដែល​បាន​ប្រកាស​ថ្មីៗ​នេះ ចំនួន​អាសនៈ​នឹង​កើន​ឡើង​ទ្វេ​ដង​ដល់ ៣១៣ អាសនៈ​ក្នុង​ជួរ​រដ្ឋាភិបាល។

លោក Limjaroenrant បាន​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «ក្នុង​រយៈពេល​ពីរបី​ខែ​ខាង​មុខ​នេះ ខ្ញុំ​ជឿ​ថា​យើង​អាច​ចាប់ផ្តើម​ធ្វើ​ការងារ​សម្រាប់​ប្រជាជន​ដើម្បី​ឆ្ពោះ​ទៅ​មុខ​ភ្លាមៗ»។

អ្នក​បោះឆ្នោត​ថៃ​ចំនួន ៣៩ លាន​នាក់​បាន​ចេញ​ទៅ​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សាកល​កាលពី​ថ្ងៃអាទិត្យ​ ទី១៤ ខែ​ឧសភា កន្លង​ទៅ។ បើ​យោង​តាម​របាយការណ៍ អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​លើស ៧៥%។ ការ​បោះឆ្នោត​បាន​បើក​នៅ​ម៉ោង ៨ ព្រឹក និង​បិទ​នៅ​ម៉ោង ៥ ល្ងាច​នៅ​ថ្ងៃអាទិត្យ។

មាន​ពាក្យ​ចចាមអារ៉ាម​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ថា គណបក្ស​ Pheu Thai អាច​នឹង​ព្យាយាម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ Move Forward ​ដោយ​បង្កើត​សម្ព័ន្ធ​មួយ​ទៀត។

ប៉ុន្តែ​គណបក្ស​ Pheu Thai​ បាន​បដិសេធ​របាយការណ៍​ទាំង​នោះ និង​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​នឹង​ចូលរួម​ជាមួយ​ក្រុម​ប្រឆាំង។ ˆ

គណបក្ស​ក្នុង​សម្ព័ន្ធ​នេះ​រួម​មាន​គណបក្ស​ Pheu Thai គណបក្ស Prachachart គណបក្ស​ Thai Sang Thai គណបក្ស Seri Ruam Thai គណបក្ស​យុត្តិធម៌ គណបក្ស Pue Thai Rumphlang និង​គណបក្ស Plung Sungkom Mai។

សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នេះ​នឹង​បន្ថែម​អាសនៈ​ចំនួន ១៦១ ទៀត។ គណបក្ស​ Move Forwardបាន​សន្យា​ថា គណបក្ស​នឹង​ធ្វើ​យុទ្ធនាការ​កាត់បន្ថយ​ឥទ្ធិពល​យោធា​លើ​រដ្ឋាភិបាល​ថៃ និង​បញ្ចប់​ការ​កេណ្ឌ​ទាហាន។ ការ​សន្យា​ដ៏​ធំ​បំផុត​គឺ​ការ​ធ្វើ​កំណែ​ទម្រង់​របប​រាជានិយម​ថៃ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​រាជាធិបតេយ្យ ដែល​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​យុវជន​ថៃ។ នៅ​ឆ្នាំ២០២០ និង​ឆ្នាំ២០២១ ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល និង​របប​រាជានិយម​ដែល​ដឹកនាំ​ដោយ​យុវជន​ថៃ​បាន​ធ្វើ​ឱ្យ​ភាព​ច្របូកច្របល់​ក្នុង​ប្រទេស​ថៃ។

ការ​ប៉ះ​ទង្គិច​និង​ភាព​ចម្រូងចម្រាស​បាន​កើត​ឡើង​នៅ​ពេល​ដែល​បាតុករ និង​សកម្មជន​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ដែល​ហាមឃាត់​ការ​រិះគន់​របប​រាជានិយម និង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ជនល្មើស។ លោក Napon Jatusripitak អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ថៃ​នៅ​វិទ្យាស្ថាន ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី​បាន​ថ្លែង​ថា គណបក្ស ​Pheu Thai ​គឺជា​ការ​បន្ថែម​ដ៏​សំខាន់​មួយ។

លោក​បាន​ប្រាប់ VOA ថា «គណបក្ស​ Pheu Thai គឺ​ជា​តួអង្គ​ដ៏​សំខាន់​បំផុត និង​អាច​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ជាង​គេ ប្រសិន​បើ​លោក Pita ត្រូវ​បាន​ដក​សិទ្ធិ ឬ​ប្រសិនបើ​សម្ព័ន្ធ​ភាព​បក្ស​ប្រឆាំង​នេះ​មិន​អាច​បង្កើត​បាន​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ Move Forward។ ដោយ​សារ​ចំនួន​អាសនៈ​ដែល​គណបក្ស​ Pheu Thai មាន​ សម្ព័ន្ធ​ណា​មួយ​អាច​សម្រេច​បាន​លុះត្រា​តែ​មាន​វត្តមាន​របស់​គណបក្ស​នេះ»។

គណបក្ស​ Pheu Thai ​ដឹកនាំ​ដោយ​អ្នកស្រី Paetongtarn Shinawatra ក្នុង​ការ​បោះឆ្នោត​សកល និង​ជា​គណបក្ស​ដែល​មាន​ប្រជាប្រិយភាពជាង​គេ​នៅមុន​ការ​បោះឆ្នោត​ដែល​គេរំពឹង​ថា​នឹង​ទទួលបាន​អាសនៈ​ច្រើន​ជាង​គេ។

អ្នកស្រី Paetongtarn ដែល​ជា​កូនស្រី​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក Thaksin Shinawatra ដែល​រត់​ភៀស​ខ្លួន មិន​មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃព្រហស្បតិ៍​ ទី១៨ ខែឧសភា នោះ​ទេ។

លោក Jatusripitak បាន​កត់សម្គាល់​ថា «សម្ព័ន្ធភាព​គណបក្ស​ប្រឆាំងនេះ​នឹង​ត្រូវ​បង្កើន​សម្ពាធ​លើ​ព្រឹទ្ធសភា និង​គណបក្ស​នៅ​ក្រៅ​សម្ព័ន្ធ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​ដោយ​ឈរ​លើ​គោលការណ៍​មួយ ដែល​នេះ​ជា​ការ​បញ្ចុះបញ្ចូល​ដ៏​លំបាក ដោយ​សារ​គណបក្ស​ទាំង​នេះ​នឹង​ប្រឆាំង​នឹង​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​របស់​ពួកគេ​បើ​បោះឆ្នោត​ឱ្យ​លោក Pita។ សម្ព័ន្ធ​ដែល​ដឹកនាំ​ដោយ គណបក្ស​ Move Forward ក៏​អាច​ត្រូវ​បាន​បង្ខំ​ឱ្យ​បន្ទន់​ជំហរ​របស់​ខ្លួន​ចំពោះ​មាត្រា ១១២ [ទាក់ទង​នឹង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ] ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួន ឬ​គណបក្ស​ផ្សេង​ទៀត»។

អង្គការ​បណ្តាញ​អាស៊ី​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី ឬ ANFREL ដែល​ជា​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ឯករាជ្យ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​បាន​ថ្លែង​កាលពី​ថ្ងៃពុធ​ ទី១៧ ខែឧសភា ថា តម្លាភាព​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ច្រើន។

នៅ​ក្នុង​ការ​បោះឆ្នោត​សាកល​ឆ្នាំ ២០១៩ អង្គការបណ្តាញ​អាស៊ី​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី ANFREL បាន​រិះគន់​ដំណើរការ​បោះឆ្នោត​ថា មាន​កំហុស​ច្រើន។ នៅ​ឆ្នាំ​នោះ នាយក​រដ្ឋមន្ត្រី​នា​ពេល​បច្ចុប្បន្ន លោក Prayut Chan-Ocha បាន​ជាប់​ឆ្នោត​ជា​មេដឹកនាំ​ស៊ីវិល ៥ ឆ្នាំ​បន្ទាប់ពី​លោក​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​នេះ​អាស្រ័យ​លើ​សមាជិក​ព្រឹទ្ធសភា និង​អាស្រ័យ​ទៅ​លើ​ថា​តើ​ព្រឹទ្ធសភា​នឹង​គាំទ្រ​សម្ព័ន្ធរបស់​គណបក្ស​ Move Forward ដែរឬ​យ៉ាងណា។

គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ថៃ មាន​ពេល​រហូត​ដល់ ៦០ ថ្ងៃ​ដើម្បី​បញ្ជាក់​លទ្ធផល​បោះឆ្នោត៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG