នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញថៃបានផ្អាកតំណែងរបស់លោកនាយករដ្ឋមន្ត្រី Prayut Chan-O-Cha ខណៈពេលដែលខ្លួនកំពុងពិចារណាថា តើអាណត្តិរយៈពេល ៨ ឆ្នាំរបស់លោកបានបញ្ចប់រួចហើយឬក៏យ៉ាងណានោះ។
ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីគណបក្សប្រឆាំងនានានៅក្នុងប្រទេសថៃបានដាក់ញត្តិទាមទារថា លោក Prayuth ដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ ២០១៤ បន្ទាប់ពីបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់អ្នកស្រី Yingluck Sinawatra មក បានកាន់អំណាចគ្រប់ ៨ ឆ្នាំដែលជារយៈពេលកំណត់នៃអាណត្តិជានាយករដ្ឋមន្ត្រី។
តុលាការបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «[តុលាការ] បោះឆ្នោតគាំទ្រក្នុងសំឡេងភាគច្រើន ៤ ទល់នឹង ៥ ឱ្យមានការផ្អាកតួនាទីរបស់លោក Prayuth ជានាយករដ្ឋមន្ត្រី។ ការសម្រេចនេះចូលជាធរមាននៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ រហូតទាល់តែដល់ពេលដែលតុលាការប្រកាសសាលដីកា»។
តុលាការបានទុកពេលឱ្យលោក Prayuth ចំនួន ១៥ ថ្ងៃដើម្បីឆ្លើយតបចំពោះញត្តិប្ដឹងប្រឆាំងនឹងរូបលោកនេះ ហើយលោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan នឹងធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះ នៅពេលដែលតុលាការកំពុងពិចារណាលើញត្តិនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោកឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam បាននិយាយថា៖ «គណៈរដ្ឋមន្ត្រីបច្ចុប្បន្ននឹងបន្តកាតព្វកិច្ចរបស់ខ្លួនដូចធម្មតា ដោយសារតែលោកនាយឧត្តមសេនីយ៍ Prayuth មិនទាន់ត្រូវបានបញ្ឈប់ពីតំណែងនៅឡើយទេ គឺគ្រាន់តែផ្អាកពីតួនាទីរបស់លោកតែប៉ុណ្ណោះ»។
លោក Pita Limjaroenrat មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (Move Forward Party) ដែលជាគណបក្សមួយក្នុងចំណោមគណបក្សនានាដែលគាំទ្រញត្តិនោះ បាននិយាយថា ប្រទេសថៃត្រូវការការដឹកនាំថ្មី៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។