ជ័យជម្នះរបស់គណបក្ស Move Forward ដែលមានទំនោរទៅរកគោលនយោបាយសេរីនិងយុវជននៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យនៅប្រទេសថៃ អាចមានឥទ្ធិពលកាន់តែទូលំទូលាយសម្រាប់តំបន់អាស៊ីអាគ្នេយ៍ចាប់ពីបញ្ហាសិទ្ធិមនុស្សរហូតដល់វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិភាគសង្កត់ធ្ងន់ថា សម្ព័ន្ធភាពសំខាន់រវាងគណបក្ស Move Forward ដែលមានមេដឹកនាំគណបក្សនេះគឺលោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រី និងគណបក្ស Pheu Thai នៅត្រូវឆ្លងកាត់ព្រឹទ្ធសភាដែលគ្រប់គ្រងដោយយោធា។ ព្រឹទ្ធសភានេះត្រូវបានបង្កើតឡើងក្រោយរដ្ឋប្រហារឆ្នាំ២០១៤ដោយមេបញ្ជាការយោធាលោក Prayut Chan-o-cha។
យោងតាមលទ្ធផលនៃការបោះឆ្នោត គណបក្ស Move Forward ទទួលបានសំឡេងគាំទ្រលើសពីការទស្សន៍ទាយ ដោយឈ្នះបាន១៥១អាសនៈក្នុងចំណោមអាសនៈចំនួន៥០០នៅក្នុងសភាជាន់ទាប។ គណបក្ស Pheu Thai ដែលដឹកនាំដោយលោកស្រី Paetongtarn Shinawatra កូនស្រីរបស់លោកអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ទទួលបាន១៤១អាសនៈ។
គណបក្សរួបរួមជាតិថៃរបស់លោក Prayut ទទួលបានអាសនៈតែ១៥ភាគរយនៃអាសនៈសរុបតែប៉ុណ្ណោះ។ លោក Charles Santiago នៃសភាទទួលបន្ទុកសិទ្ធិមនុស្សអាស៊ានឬ APHR បានថ្លែងថា៖ «ខ្ញុំគិតថាវាបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋថៃពិតជាបានងើបឡើង ហើយពួកគេពិតជាចង់ឱ្យមានការផ្លាស់ប្តូរដ៏ខ្លាំងក្លាមួយ ដោយចង់បានប្រទេសមួយដែលមានរបៀបរៀបរយ។ ពួកគេចង់បានរដ្ឋាភិបាលប្រជាធិបតេយ្យមួយ»។
លោកបានកត់សម្គាល់ថា សភាទទួលបន្ទុកសិទ្ធិមនុស្សអាស៊ាន APHR ពេញចិត្តនឹងចំណងទាក់ទងដ៏រឹងមាំរវាងគណបក្ស Move Forward ហើយជំហរសិទ្ធិមនុស្សដ៏រឹងមាំរបស់គណបក្សនេះនឹងជួយជំរុញបន្ថែមដល់កិច្ចពិភាក្សានានាក្នុងគោលបំណងបញ្ចប់ការសម្លាប់រង្គាលនៅប្រទេសមីយ៉ាន់ម៉ានិងផ្ញើសារដ៏ម៉ឺងម៉ាត់មួយទៅកាន់របបដឹកនាំផ្តាច់ការនានាដែលឥឡូវនេះកំពុងក្តោបក្តាប់អំណាចនៅតំបន់អាស៊ីអាគ្នេយ៍។
លោកបានថ្លែងថា៖ «នេះជារឿងល្អណាស់។ នេះជាស្ថានភាពដ៏ភ្ញាក់រឭកមួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍»។
លោកបានថ្លែងបន្ថែមថា ជាពិសេសរដ្ឋាភិបាលក្រុងភ្នំពេញគួរកត់សម្គាល់ពីការកើនឡើងនៃសំឡេងគាំទ្ររបស់យុវជន ក្នុងខណៈពេលដែលពលរដ្ឋកម្ពុជានឹងចេញទៅបោះឆ្នោតនៅខែកក្កដាខាងមុខ ដែលជាការបោះឆ្នោតមួយដែលគ្មានគណបក្សប្រឆាំងធំចូលរួម។
លោកបានថ្លែងថា៖ «ប្រសិនបើគណបក្ស Move Forward ក្លាយជាមេដឹកនាំរដ្ឋាភិបាល នោះទំនាក់ទំនងជាមួយនឹងមីយ៉ាន់ម៉ានឹងផ្លាស់ប្តូរ ហើយជំហរអាស៊ានក៏នឹងផ្លាស់ប្តូរផងដែរ។ ខ្ញុំគិតថា យើងនឹងឃើញដំណោះស្រាយលឿនជាងនេះសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា ជាជាងភាពជាប់គាំង»។
មានការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬ អាស៊ានមួយចំនួនដូចជា មីយ៉ាន់ម៉ា ថៃ កម្ពុជា ឡាវ និងវៀតណាមដែលភាគច្រើនកាន់សាសនាព្រះពុទ្ធនិងងាកទៅរកចិន ជាមួយនឹងបណ្ដាប្រទេសដែលស្ថិតនៅជាប់ដែនសមុទ្រ។
បណ្ដាប្រទេសដែលស្ថិតនៅជាប់ដែនសមុទ្រក្នុងតំបន់នេះភាគច្រើនកាន់សាសនាឥស្លាម ឬសាសនាគ្រិស្ត ដែលភាគច្រើនប្រកាន់លទ្ធិប្រជាធិបតេយ្យ រួមមានប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងព្រុយណេ។ ប្រទេសទាំងនេះបារម្ភពីការពង្រីកឥទ្ធិពលយ៉ាងឆាប់រហ័សរបស់ចិននៅក្នុងតំបន់ និងការទាមទារកម្មសិទ្ធិនៅក្នុងដែនទឹកដែលមានជម្លោះ។
ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីក៏ជំរុញឱ្យមានជំហររឹងមាំខ្លាំងជាងនេះប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរ ចាប់តាំងពីពួកយោធាមីយ៉ាន់ម៉ាបានរឹបអូសអំណាចតាមរយៈការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១មក។ ក្រោមការគ្រប់គ្រងរបស់លោក Prayut ប្រទេសថៃត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងមេបញ្ជាការយោធានានានៅមីយ៉ាន់ម៉ា។
លោក Bradley Murg អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរសំរាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាព (CICP) ថ្លែងថា ប្រសិនបើគណបក្ស Move Forward ឈ្នះការគាំទ្រពីព្រឹទ្ធសភាថៃដែលមានយោធានៅពីក្រោយ ដែលស្ថាប័ននេះមានសិទ្ធិជ្រើសរើសនាយករដ្ឋមន្ត្រី នោះនឹងមានការផ្លាស់ប្តូរមួយចំនួនក្នុងពេលឆាប់ៗខាងមុខ។
លោកបានថ្លែងថា៖ «បើគណបក្ស Move Forward អាចឡើងកាន់អំណាច នោះវានឹងជាជំហានទី១ក្នុងការផ្លាស់ប្តូរផ្នត់គំនិតដែលថាតំបន់ដីគោកនៅអាស៊ីអាគ្នេយ៍បានងាកទៅរករបបផ្តាច់ការ ហើយការបែកបាក់គ្នារវាងប្រទេសក្នុងសមាគមអាស៊ាននឹងត្រូវយកមកពិចារណាឡើងវិញ»។
លោកបានបន្ថែមថា គោលនយោបាយការបរទេសទូលំទូលាយជាងនេះរបស់ថៃជាមួយសហរដ្ឋអាមេរិកនឹងមិនកែប្រែនោះទេ ទោះបីជាសម្ព័ន្ធមិត្តរវាងគណបក្ស Move Forward និងគណបក្ស Pheu Thai អាចជះឥទ្ធិពលទៅលើគោលនយោបាយទូរគមនាគមន៍សព្វថ្ងៃដែលផ្តល់នូវកិច្ចសន្យាដែលរកបានប្រាក់កម្រៃយ៉ាងច្រើនដល់ក្រុមហ៊ុនចិនដូចជាក្រុមហ៊ុន Huawei ជាដើម។
លោក Murg ថ្លែងថា៖ «ជ័យជម្នះរបស់បក្សប្រឆាំងនឹងមិនកែប្រែទំនាក់ទំនងរវាងថៃនិងសហរដ្ឋអាមេរិកច្រើននោះទេ។ ប៉ុន្តែគេរំពឹងថានឹងបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហានានាដូចជាបញ្ហាសិទ្ធិមនុស្សនិងគោលនយោបាយទូរគមនាគមន៍ចិន»។
លោក Don Greenlees ទីប្រឹក្សាជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ AsiaLink នៅសាកលវិទ្យាល័យ Melbourne បានថ្លែងថា លក្ខណៈខុសគ្នាសំខាន់ៗរវាងគណបក្សនយោបាយនានា និងយោធា នៅតែត្រូវការដំណោះស្រាយ ហើយវាឆាប់ពេកក្នុងការនិយាយថាគោលនយោបាយការបរទេសរបស់ថៃនឹងមានការផ្លាស់ប្តូរឬមួយក៏អត់នោះ។
លោកបានថ្លែងថា៖ «វាអាចទៅរួចដែលគណបក្សនេះអាចជះឥទ្ធិពលលើបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ ប៉ុន្តែជាទូទៅ ការប៉ុនប៉ងរបស់ពួកគេដើម្បីទទួលបានស្វ័យភាពកាន់តែច្រើនដែលអាចធ្វើទៅបានពីគូប្រជែងអំណាចនឹងបន្តស្ថិតក្នុងគោលនយោបាយការបរទេសរបស់ពួកគេ»។
អ្នកវិភាគដទៃទៀតក៏បានថ្លែងថា ស្វ័យភាពនិងការមើលឃើញថាមិនជិតស្និទ្ធពេកជាមួយចិនឬសហរដ្ឋអាមេរិកនឹងបន្តជា «មូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ថៃដែលនឹងមិនមានការផ្លាស់ប្តូរនោះទេ»។
ទោះជាយ៉ាងនេះក្តី បញ្ហាសិទ្ធិមនុស្សគឺជាបញ្ហាមួយទៀត។ អ្នកសង្កេតការណ៍ម្នាក់ដែលមានបទពិសោធន៍ខាងចលនាសហជីពពាណិជ្ជកម្មបានថ្លែងថា លទ្ធផលនៃការបោះឆ្នោតនេះអាចជួយធ្វើឱ្យមានការផ្លាស់ប្តូរប្រសើរជាងមុនមួយចំនួនសម្រាប់ពលករចំណាកស្រុកនៅថៃ។
អ្នកសង្កេតការណ៍ដែលសុំមិនបញ្ចេញឈ្មោះដោយសារតែភាពតានតឹងពីអតីតកាលរវាងសហជីពពាណិជ្ជកម្មនិងរដ្ឋាភិបាលរូបនេះបានថ្លែងថា៖ «ប្រទេសថៃជាប្រភពសំខាន់មួយសម្រាប់ពលករចំណាកស្រុក។ គេសង្ឃឹមថាប្រទេសនេះនឹងដោះស្រាយបញ្ហាដែលពួកគេប្រឈមហើយធ្វើឱ្យវាមានយុត្តិធម៌ជាងមុនសម្រាប់ពលករ ដែលវានឹងជួយបញ្ជូនសញ្ញាមួយដល់ប្រទេសដទៃទៀតនៅក្នុងតំបន់»។
កាលពីយប់ថ្ងៃអាទិត្យ លោក Prayut បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកគោរពលទ្ធផលនៃការបោះឆ្នោតហើយលោកនឹងបន្តធ្វើទៅតាមកាតព្វកិច្ចរបស់លោក «ឱ្យអស់ពីសមត្ថភាព» ហើយលោកបន្ថែមថា «ខ្ញុំនឹងបន្តបម្រើជាតិ តំបន់និងព្រះមហាក្សត្រអស់មួយជីវិត»។
លោកបានថ្លែងថា៖ «ខ្ញុំគោរពទៅតាមដំណើរការលទ្ធិប្រជាធិបតេយ្យនិងលទ្ធផលនៃការបោះឆ្នោត»។
ប៉ុន្តេលោក Gavin Greenwood ដែលជាអ្នកវិភាគម្នាក់នៃក្រុមហ៊ុនប្រឹក្សាសន្តិសុខ A2 Global Risk មានមូលដ្ឋាននៅទីក្រុងហុងកុង គាំទ្រចំពោះការលើកឡើងរបស់លោក Santiago និងលោកMurg ដោយនិយាយថា វាពិបាកនឹងជឿថាយោធាថៃ ពួកអភិជនអភិរក្សនិយម និងព្រះបរមរាជវាំងនឹងទទួលយកលទ្ធផលនៃការបោះឆ្នោតដោយងាយៗ។
លោកបានថ្លែងថា៖ «បើគណបក្សណាដែលគំរាមឬដែលមើលទៅគំរាមកំហែងដល់ប្រយោជន៍របស់យោធា ឬក្រុមអភិជនអភិរក្សនិយម ឬព្រះបរមរាជវាំង ទទួលបានជ័យជម្នះ ខ្ញុំពិតជាស្ញប់ស្ញែងណាស់។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ប្រសិនបើរដ្ឋប្រហារយោធាត្រូវបានផ្តួលរំលំវិញដោយការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យនោះ»៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា