ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ជិត​ខាង​រិះគន់​អាជ្ញាធរ​ថៃ​ដែល​ហាម​ប្រាម​គណបក្ស​ប្រឆាំង


និស្សិត​ថៃ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ដែល​បាន​រំលាយ​គណបក្ស​ប្រឆាំង​ «អនាគត​ទៅ​មុខ»មិន​ដល់​មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដែល​បាន​បញ្ចប់​ការ​គ្រប់​គ្រង​ដោយ​យោធា នៅ​សាកល​វិទ្យាល័យ Kasetsart ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០២០។
និស្សិត​ថៃ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ដែល​បាន​រំលាយ​គណបក្ស​ប្រឆាំង​ «អនាគត​ទៅ​មុខ»មិន​ដល់​មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដែល​បាន​បញ្ចប់​ការ​គ្រប់​គ្រង​ដោយ​យោធា នៅ​សាកល​វិទ្យាល័យ Kasetsart ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០២០។

ប្រទេស​ជិត​ខាង​ថៃ​ក្នុង​ទ្វីបអាស៊ី​អាគ្នេយ៍​ថ្កោល​ទោស​រដ្ឋាភិបាល​ក្រុង​បាងកក​អំពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ទី​២១ ​ខែ​កុម្ភៈ​ដែល​ពួក​អ្នក​រិះគន់​យល់​ឃើញ​ថា​ ជា​សញ្ញា​ថ្មី​បំផុត​បញ្ជាក់​ថា​លទ្ធិ​ប្រជា​ធិបតេយ្យ​កំពុង​ថយ​ក្រោយ​នៅ​ក្នុង​តំបន់។​​ ​

តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ថៃ​បាន​បញ្ជាឱ្យ​រំលាយ​គណបក្ស​អនាគត​ថ្មី​នៅ​ក្រោយ​តុលាការ​នេះ​សម្រេច​ថា​ ​គណបក្ស​នេះ​បាន​រំលោភ​ច្បាប់​ហិរញ្ញ​វត្ថុ​នៃ​ការ​ឃោសនា​បោះឆ្នោត​ ​តែ​គណបក្ស​នេះ​និយាយ​ថា ​វា​ជា​ការ​ចោទ​ប្រកាន់​ខាង​នយោបាយ។ ​សេចក្តី​សម្រេច​នេះ​របស់​តុលាការ​ធម្មនុញ្ញ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ថៃ​វិល​ត្រឡប់​ទៅ​កាន់​ប្រព័ន្ធ​គណបក្ស​ពីរ​ដែល​មាន​ពួក​អាវ​ក្រហមត​ទល់​នឹង​ក្រុម​អាវ​ស​ បាន​ត្រូវ​ថ្កោល​ទោស​ដោយ​ពួក​មន្ត្រី​នៅ​ទូទាំង​តំបន់​នោះ។​

លោក​ស្រី​ Francisca Castro ​សមាជិកា​សភា​តំណាង​រាស្ត្រ​នៃ​ប្រទេស​ហ្វីលីពីននិយាយ​ថា៖​ «គណបក្ស​អានាគត​ថ្មី​ជា​គណបក្ស​នយោបាយ​ថ្មី​បំផុត​នៅ​ក្នុង​បញ្ជី​វែង​មួយ​នៃ​បណ្តា​គណបក្ស​នយោបាយ​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​បាន​ត្រូវ​ហាម​ប្រាម។​ វា​ហាក់​ដូចជា​ច្បាស់​លាស់​ជាង​មុន​ថា​ ​គណបក្ស​ណា​មួយ​ដែល​ស្វះ​ស្វែង​គំរាមកំហែង​ដល់​ពួក​យោធា​និង​អនុត្តរភាពនយោបាយ​របស់​ពួក​អ្នក​កាន់​អំណាចនឹង​មិន​ត្រូវ​អត់ឱន​ឡើយ‍»។​

លោកស្រី ​Castro ​បាន​មាន​ប្រសាសន៍​ថា​ ​សេចក្តី​សម្រេចរបស់​តុលាការ​ធម្មនុញ្ញ​ថៃ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ​ពួក​យោធា​ថៃ​មិន​ព្រម​បោះបង់​អំណាច​ខ្លះ​របស់​ខ្លួន​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ដូច​ដែល​ខ្លួន​បាន​សន្យា​នោះ​ទេ។​ ពួក​យោធា​ថៃ​បាន​ក្តាប់​អំណាចរដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋ​ប្រហារ​មួយ​កាល​ពី​ឆ្នាំ​២០១៤​ ហើយ​មិន​បាន​រៀបចំ​ការ​បោះឆ្នោត​នយោបាយ​ទេ​រហូត​ដល់​ឆ្នាំ​២០១៩។​ ការ​បោះឆ្នោត​នោះ​គួរ​តែ​បើក​ផ្លូវ​ឱ្យ​ប្រទេស​ថៃ​វិល​ត្រឡប់​ទៅ​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ដោយ​មាន​ភាព​តំណាង​វិញ ​ក៏​ប៉ុន្តែ​ពួក​អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា​ ​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ឱ្យ​ពួក​យោធា។​

ចម្លែក​បន្តិច​ ​គណបក្ស​អនាគត​ថ្មី​ដែល​បាន​ត្រូវ​បង្កើត​កាល​ពី​ឆ្នាំ​២០១៨​ ហើយ​ដែល​មាន​សន្លឹក​ឆ្នោត​គាំទ្រ​៦​លាន​សន្លឹក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៩​នោះ​ បាន​ត្រូវ​ស្គាល់​ដោយកាយ​វិការ​ប្រឆាំង​របស់​ខ្លួន​គឺ​ការ​គំនាប់​គ្នា​ដោយ​ម្រាម​ដៃ​បី​យក​តាម​សៀវភៅ​រឿង​ និង​ខ្សែ​កុន​មាន​ចំណង​ជើង​ថា​ ​ Hunger Games។​

តុលាការ​ធម្មនុញ្ញ​ថៃ​ក៏​បាន​និយាយ​ដែរ​ថា​ ​ពួក​មេ​ដឹកនាំ​គណបក្ស​នេះ​បាន​ត្រូវ​ហាម​ប្រាម​មិន​ឱ្យ​ធ្វើ​នយោបាយ​១០​ឆ្នាំ​ថែម​ទៀត​ផង។​

លោក ​Abel Da Silva ​ដែល​ជា​សមាជិក​សភា​ប្រទេស​ Timor-Leste ​បាន​និយាយ​ថា​ «ទណ្ឌកម្ម​នេះ​ហាក់​ដូច​ជា​មិន​សមាមាត្រ​ជាមួយ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ទេ‍»។​

លោក​កត់​សម្គាល់​ថា​ ​គណបក្ស​អនាគត​ថ្មី​ហាក់​ដូច​ជា​បាន​ត្រូវ​ចុច​យក​ដើម្បី​ដាក់​ទណ្ឌកម្ម​នេះ ​ពី​ព្រោះ​គណបក្ស​នេះ​គំរាម​កំហែង​ដល់​គណបក្ស​គ្រប់គ្រង​ប្រទេស។​

អង្គការ​ពួក​សមាជិក​សភា​ ASEAN ​ដើម្បី​សិទ្ធិ​មនុស្ស​ថា​ ​សេចក្តី​សម្រេច​នេះ​របស់​តុលាការ​ធម្មនុញ្ញ​ថៃ​ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​រដ្ឋាភិបាល​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ប្រើ​ច្បាប់​ដោយ​បំពាន​ដើម្បី​បំបិទ​មាត់​ក្រុម​ប្រឆាំង​មិន​ឱ្យ​និយាយ​ស្តី​បញ្ចេញ​មតិ។​ អង្គការ​នេះ​ហៅ​វិធាន​ការថ្មី​បំផុត​នេះ​ថា​ ​ជា​លំនាំ​មួយ​នៃ​«ការ​ប្រើប្រាស់​មិន​ត្រឹម​ត្រូវ​នូវច្បាប់​និង​គោល​ការណ៍​ប្រឆាំង​នឹង​គូ​ប្រជែង‍»​ដែល​ពួក​អាជ្ញាធរ​ប្រើ​ប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​កាត់​ទោស​ពួក​អ្នក​ប្រឆាំង​ខាង​នយោបាយ។​

អង្គការ​ពួក​សមាជិក​សភា​ ASEAN ​ដើម្បី​សិទ្ធិ​មនុស្ស​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​«យើង​អាច​ឃើញ​លំនាំ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​នៅ​ទី​នោះ​គណបក្ស​ប្រឆាំង​តែមួយ​គត់​ដែល​អាច​យក​ជ័យជម្នះ​លើ​គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ត្រូវ​រំលាយ ​ហើយ​ពួក​សមាជិក​និង​ក្រុម​សកម្ម​ជន​របស់​គណបក្ស​នេះ​បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ‍»។​

អង្គការ​នេះ​ក៏​បាន​ចង្អុល​បង្ហាញ​ដែរ​ថា​ ​ក្នុង​ប្រទេស​ហ្វីលីពីន​ ​ពួក​អ្នក​នយោបាយ​ដែល​និយាយ​បញ្ចេញ​មតិ​ដោយ​មិន​សំចៃ​មាត់ ​ជាពិសេស​ពួក​អ្នក​នយោបាយ​ទាំង​ឡាយ​ណា​«ដែល​បាន​រិះគន់សង្គ្រាម​ប្រឆាំងការ​ជួញ​ដូរ​គ្រឿង​ញៀន​ ដោយ​ប្រធានាធិបតី​ Rodrigo Duterte ​បាន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ឬ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ដែល​នាំ​ឱ្យ​មាន​ការ​សង្ស័យ‍»។​

ចំណាត់​ការ​នេះ​ប្រឆាំង​នឹង​គណបក្ស​អានាគត​ថ្មី​បាន​នាំ​ឱ្យ​មាន​ការ​រិះគន់​នៅ​ខាង​ក្នុង​ប្រទេស​ថៃ។​ កាសែត​ The Bangkok Post ​បាន​ហៅ​វិធានការ​នេះ​ថា ​ជា​«កាំ​បិត​ស្នៀត​ចាក់​សម្លាប់​លទ្ធិ​ប្រជា​ធិបតេយ្យ‍»។​ បទ​វិចារណាក​ថា​មួយ​ក្នុង​សារ​ព័ត៌មាន​ថៃ​ជា​ភាសា​អង់គ្លេស​នេះ​ សរសេរ​ថា​ ចំណាត់​ការ​នេះ​របស់​តុលាការធម្មនុញ្ញ​នាំ​ឱ្យ​មាន​ការ​អាក់អន់​ចិត្ត​ក្នុង​ចំណោម​ក្រុម​អ្នក​បោះឆ្នោត​ថៃ​ ​ជា​ពិសេស​ក្រុម​យុវជន​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ថ្មី​នេះ។​

កាល​ពី​ពេល​មុនៗ​ ប្រទេស​ថៃ​មាន​ការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​ជាការ​ផ្ទុយ​នឹង​ប្រទេស​ជិត​ខាងជា​ច្រើន។​ ប្រទេស​លាវ​ វៀតណាម​និង​ប្រទេស​សិង្ហបុរីបាន​ត្រូវ​គ្រប​ដណ្តប់​ជា​ទូទៅ​ដោយ​គណបក្ស​តែ​មួយ។​ ពួក​យោធា​នៅ​តែ​កាន់​អំណាច​តទៅ​ទៀត​នៅ​ក្នុង​ប្រទេស​ភូមា​ ហើយ​ជា​លើក​ទី​មួយ​ហើយ​នៅ​ក្នុង​រយៈ​ពេល​កន្លះ​សតវត្សរ៍​ ដែល​ប្រទេស​ម៉ាឡេស៊ីមាន​គណបក្ស​ថ្មី​តែ​មួយ​គត់​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​២០១៨។​

លោក ​Steven Levitsky ​និង​លោក​ Daniel Ziblatt ​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយនៅ​ឯ​សាកល​វិទ្យាល័យ​ Harvard។ ​លោក​ទាំង​ពីរ​នាក់​នេះ​និយាយ​បង្ហាញ​ហេតុ​ផល​ថា​ ​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​២០១៤​ដែល​បាន​ទម្លាក់​លោក​ស្រី ​Shinawatra Yingluck ​ដែល​ជា​នាយក​រដ្ឋមន្ត្រី​ស្រីទី​មួយ​របស់​ប្រទេស​ថៃ ​ចេញ​ពី​តំណែង​នោះ​ ​បាន​នាំប្រទេស​នេះ​ចូល​ទៅ​ចំណាត់​ថ្នាក់​ប្រទេស​ផ្តាច់​ការ​នានា​ ដូច​ជា​ប្រទេស​ Hហុងគ្រីគ្រប់​គ្រង​ដោយ​លោក ​Viktor Orban ​និង​ប្រទេស​អេហ្ស៊ីពត្រួតត្រា​ដោយ​លោក ​Abdel Fattah al-Sissi ​ជា​ដើម។​

នៅ​ក្នុង​សៀវភៅ​របស់​អស់​លោក​ទាំង​ពីរមាន​ចំណង​ជើង​ថា ​ How Democraties Die ​ប្រែ​ថា ​តើ​លទ្ធិ​ប្រជា​ធិបតេយ្យ​ស្លាប់​បែប​ណា​ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពីឆ្នាំ​២០១៨​ ​លោក ​Steven Levitsky ​និង​លោក​ Daniel Ziblat ​និយាយ​យោង​ដល់​រដ្ឋប្រហារ​ក្នុង​ប្រទេស​ថៃនិងការ​រំលោភ​លើលទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​នានា​ដូចជា​ប្រទេស​តួកគី​ និង​ប្រទេប៉ូឡូញជាដើម។ ​លោក​ទាំង​ពីរ​នាក់​នេះ​សន្និដ្ឋាន​ថា​«មាន​ការ​យល់​ឃើញ​ច្រើន​ជាង​មុន​ថា​ ​លទ្ធិ​ប្រជា​ធិបតេយ្យ​កំពុង​ធ្លាក់​ចុះ​នៅ​ទូទាំង​ពិភព​លោក‍»៕

ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ

អត្ថបទ​ទាក់ទង

XS
SM
MD
LG