ប្រទេសថៃកាលពីថ្ងៃអង្គារបានបញ្ជាក់នូវការឆ្លងមេរោគ Covid-19 ចំនួន២ករណីទៀត ដែលធ្វើឲ្យករណីអ្នកផ្ទុកមេរោគថ្មីនេះនៅក្នុងប្រទេសថៃកើនដល់៣៧នាក់។
ករណីថ្មីទាំងពីរនេះ សុទ្ធតែជាពលរដ្ឋថៃ ហើយពួកគេកំពុងត្រូវបានគេតាមដានដោយសារពួកគេបានទាក់ទងជាមួយជនដែលបានធ្វើដំណើរទៅកាន់ប្រទេសមានគ្រោះថ្នាក់មួយ នេះបើតាមការបញ្ជាក់របស់លោក Suwannachai Wattanaying-charoenchai អគ្គនាយកនៃនាយកដ្ឋានទទួលបន្ទុកគ្រប់គ្រងជំងឺឆ្លងរបស់ថៃ។
អ្នកឆ្លងម្នាក់ជាស្ត្រីអាយុ៣១ឆ្នាំម្នាក់ដែលមានសមាជិកគ្រួសារម្នាក់ដែលបានធ្វើដំណើរទៅប្រទេសចិន។ អ្នកឆ្លងម្នាក់ទៀតជាបុរសអាយុ២៩ឆ្នាំ ដែលបានបម្រើការជាអ្នកដឹកភ្ញៀវទេសចរចិន។
បច្ចុប្បន្ននេះ នៅក្រៅប្រទេសចិន ការផ្ទុះមេរោគកូរ៉ូណាប្រភេទថ្មីនេះបានរាលដាលដល់ប្រទេសនិងដែនដីចំនួនយ៉ាងហោច២៩ហើយ។
ប្រទេសថៃជាប្រទេសដំបូងគេ នៅក្រៅប្រទេសចិន ដែលបានរាយការណ៍ពីការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះ តាំងពីថ្ងៃទី១៣ ខែមករា។
កាលពីចុងខែមករា ប្រទេសថៃមានចំនួនអ្នកឆ្លងមេរោគ Covid-19 នេះច្រើនជាងគេទី២បន្ទាប់ពីប្រទេសចិន ប៉ុន្តែចំនួនឆ្លងថ្មីៗបានធ្លាក់ចុះជាបន្តបន្ទាប់មក។
អាជ្ញាធរថៃកាលពីថ្ងៃចន្ទបានដាក់ចំណាត់ថ្នាក់មេរោគកូរ៉ូណា Covid-19 ថាជា «ជំងឺឆ្លងគ្រោះថ្នាក់» ដែលការណ៍នេះអនុញ្ញាតឲ្យបុគ្គលិកសុខាភិបាល និងប៉ូលិសថៃអាចឃាត់ខ្លួននិងដាក់ឲ្យនៅដោយឡែកពីគេនូវជនទាំងឡាយណាដែលបង្ហាញរោគសញ្ញាឬបានធ្វើដំណើរទៅប្រទេសដែលមានការឆ្លងមេរោគនេះ៕