ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​សិបនាក់ ​បាន​ត្រូវគេ​ជម្លៀស​ចេញ​ពីមជ្ឈមណ្ឌល​លក់​ដូរ​ទំនិញ​​ថៃ​បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​២០​នាក់


មនុស្ស​ម្នាក់​រត់​ចេញ​ពី​ផ្សារ​ទំនើប​មួយ​នៅ​ក្នុង​ពេល​មាន​ការ​បាញ់​ប្រហារ​ដោយ​ទាហាន​ថៃ​ម្នាក់​នៅ​ក្បែរ​ក្រុង Nakhon Ratchasima ប្រទេស​ថៃ កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នក​ទិញ​ទំនិញ​ដែល​មាន​ការ​ភ័យ​ខ្លាច​រាប់​សិប​នាក់​បាន​ត្រូវគេ​ជម្លៀស​ចេញ​ពី​មជ្ឈមណ្ឌល​លក់​ដូរ​ទំនិញថៃ​មួយ​កន្លែង​នៅ​ព្រឹក​ថ្ងៃអាទិត្យនេះ​នៅពេល​ដែល​ប៉ូលិស​ដែល​ប្រដាប់​ដោយ​អាវុធ បាន​និយាយថា ​ពួកគេ​បាន​ដណ្តើម​ការ​កាន់​កាប់​មជ្ឈមណ្ឌល​នោះ​ពី​ខ្មាន់​កាំភ្លើង​ម្នាក់​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​២០​នាក់។

ក៏ប៉ុន្តែ ​ពួក​អាជ្ញាធរ ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ស្តី​ពី​ទីកន្លែង​របស់​អ្នក​វាយ​ប្រហារដែល​ជា​មន្រ្តី​កងទ័ព​ថ្នាក់ទាប​ម្នាក់​មាន​ឈ្មោះថា Jakrapanth Thomma នោះ​ទេ។ មានការភ័យ​ខ្លាច​ថា ​អ្នក​បាញ់​ប្រហារ​នោះ ​អាច​ព្យាយាម​លាក់​ខ្លួន​ក្នុង​ចំណោម​មនុស្ស​ដែល​ភ័យ​ស្លន់​ស្លោ​នោះ។

ប៉ូលិស​មក​ពី​ផ្នែក​បង្ក្រាប​ឧក្រិដ្ឋកម្ម បាន​ជំរុញ​ឲ្យ​ពួក​អ្នក​ទិញ​ទំនិញ​ដែល​កំពុង​រត់​គេច​ខ្លួន «លើក​ដៃ​របស់​ពួកគេ» និង​ផ្តល់​អត្តសញ្ញាណ​របស់​ពួកគេ​ហើយ​អាជ្ញាធរ​នឹង​ជម្លៀស​ពួកគេ​ចេញ។

មុនដំបូង ជន​ដៃដល់ Jakrapanth បាន​ផ្សាយ​ការ​បាញ់​ប្រហារ​តាមរយៈ​ការ​បង្ហោះ​លើ Facebook ដែល​រៀបចំផែនការ​នៃ​ការ​វាយ​ប្រហារ​នោះ​ចេញ​ពី​បន្ទាយ​ទាហាន​ទៅ​កាន់​មជ្ឈមណ្ឌល​លក់ដូរ​ទំនិញ​ដែល​ពួក​អ្នក​ទិញ​ទំនិញ​ដែល​មិន​ដឹង​ពី​ចំនួន​បាន​ជាប់នៅ​ក្នុង​នោះ។

លោក Kongcheep Tantravanich អ្នក​នាំពាក្យ​ក្រសួង​ការពារ​ប្រទេស​ថៃ ​បាន​និយាយ​ថា «មាន​មនុស្ស​ស្លាប់​ប្រហែល​២០​នាក់»។

លោក បាន​និយាយ​ទៀត​ថា «ប៉ូលិស កងកុម្ម៉ង់ដូ​ ទាហាន​ និង​អ្នក​បាញ់​ត្រង់​កំពុង​ឡោមព័ទ្ធ​ទី​កន្លែង​នោះ»។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ថៃ ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា ​មនុស្ស​ប្រ​ហែល​១០​នាក់ ដែល​មាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ ​បាន​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​រួច​ហើយ។

លោក​វរសេនីយទោ​ប៉ូលិស Mongkol Kuptasiri បាន​និយាយ​ថា «ជន​នោះ ​បាន​លួច​រថយន្ត​កងទ័ព​ហើយ​បើក​ចូលកណ្តាល​ទីក្រុង»៕

XS
SM
MD
LG