ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​​និង​យោធា​ថៃ​បដិសេធយុទ្ធនាការ​បណ្តាញ​សង្គមប្រឆាំងក្រុម​នយោបាយ​ប្រឆាំង​


រូបឯកសារ៖ នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ដើរឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ដើរឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha និង​យោធា​ថៃ កាល​ពី​ថ្ងៃ​ពុធ​ បាន​បដិសេធ​ ការ​ចោទ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​ថា យោធា​កំពុង​ប្រើប្រាស់​គណនី​ហ្វេសប៊ុក និង​ Twitter ក្លែងក្លាយ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ឃោសនា​តាម​បណ្តាញ​សង្គម​ ដើម្បី​វាយប្រហារ​អ្នក​នយោបាយ​ប្រឆាំង​និង​សកម្មជន​សិទ្ធិ​មនុស្ស។

ការ​ចោទ​ប្រកាន់​នេះ​បាន​នាំ​ឲ្យ​លោក Prayuth ដើរ​ចេញ​ពី​ការ​ជជែក​តឹង​តែង​មួយ​ក្នុង​សភា​កាល​ពី​ថ្ងៃ​អង្គារ​ក្រោយ​ពី​តំណាងរាស្ត្រ​ម្នាក់​ពី​គណបក្ស​ប្រឆាំង អនាគត​ថ្មី ឬ Future Forward បាន​បង្ហាញ​ឯកសារ​ផ្ទៃ​ក្នុង​យោធា​ដែល​បញ្ជា​ឲ្យ​មន្ត្រី​ទាហាន​ធ្វើ​ដូច្នេះ។

លោក​នាយករដ្ឋមន្ត្រី​ថៃ​ បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ថា​ រដ្ឋាភិបាល​ថៃ​មិន​មាន​គោលនយោបាយ​បែប​នេះ​ទេ​ហើយ​ថា​លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត។

មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​អ្វី​ពី​ក្រុមហ៊ុន​បណ្តាញ​សង្គម Facebook និង​ Twitter ឡើយ។

សម្ព័ន្ធភាព​រដ្ឋាភិបាល​ចម្រុះ​របស់​លោក Prayuth កាន់​តែ​មាន​ភាព​រឹងមាំ​ក្រោយ​ពី​គណបក្ស​អនាគតថ្មី Future Forward កាល​ពី​សប្តាហ៍​មុន​ត្រូវ​បាន​រំលាយ ដោយ​ហេតុ​ផល​ថា​គណបក្ស​នេះ​បាន​ធ្វើ​ខុស​ច្បាប់​ដែល​យក​ឥណទាន​ពី​ស្ថាបនិក​មហាសេដ្ឋី​របស់​ខ្លួន។ គណបក្ស​ Future Forward ជា​គណបក្ស​មាន​តំណាងរាស្ត្រ​ច្រើន​ជាង​គេ​ទី​៣​ក្នុង​សភា​ថៃ។

ការ​រំលាយ​គណបក្ស​អនាគត​ថ្មី បាន​នាំ​ឲ្យ​មាន​បាតុកម្ម​រាល់​ថ្ងៃ​ពី​និស្សិត​ថៃ​ ដែល​ជា​ក្រុម​អ្នក​គាំទ្រ​គណបក្ស​នេះ​ច្រើន​ជាង​គេ៕

ប្រែសម្រួលដោយ សឹង សុផាត

XS
SM
MD
LG