តុលាការធម្មនុញ្ញថៃបានសម្រេចទម្លាក់ការចោទប្រកាន់លើគណបក្សប្រឆាំងដែលរិះគន់ខ្លាំងបំផុតនៅក្នុងប្រទេសថៃពីបទបង្កអសន្តិសុខជាតិ នៅថ្ងៃទី២១ ខែមករា។ ការណ៍នេះធ្វើឲ្យគណបក្សនេះអាចបន្តដំណើរការទៅមុខទៀត ប៉ុន្តែអាចនឹងធ្វើឱ្យមានការរំលាយគណបក្សដោយសារតែប្រាក់កម្ចីដែលគណបក្សនេះទទួលបាន និងដែលត្រូវបានគេចោទថា បានបំពានច្បាប់បោះឆ្នោត។
គណបក្សអនាគតថ្មី ឬ Future Forward បានក្លាយជាគណបក្សប្រឆាំងដ៏សំខាន់មួយនៃសម្ព័ន្ធប្រឆាំងនៅក្នុងសភា បន្ទាប់ពីទទួលបានការគាំទ្រដ៏ខ្លាំងក្នុងលំដាប់ទី៣ នៅក្នុងការបោះឆ្នោតសកល កាលពីខែមីនា ឆ្នាំ២០១៩។ ការបោះឆ្នោតនោះធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Prayut Chan-ocha ដែលធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ២០១៤ អាចកាន់អំណាចបន្តទៀត។ ក្រុមយោធាបានកាន់អំណាចដឹកនាំប្រទេសអស់រយៈពេល៥ឆ្នាំមកហើយ។
ទោះជាគណបក្សនេះទើបតែត្រូវបានបង្កើត និងនៅក្មេងខ្ចី បើប្រៀបធៀបទៅនឹងគណបក្សប្រឆាំង Pheu Thai ក៏ដោយ គណបក្សនេះមានភាពសកម្មជាងក្នុងការប្រឆាំងនឹងការក្តោបក្តាប់អំណាចជាបន្តបន្ទាប់របស់យោធាតាមរយៈគណបក្ស Palang Pracharath ដែលជាគណបក្សតំណាងរបស់យោធា និងព្រឹទ្ធសភាដែលមានការចាត់តាំងពីយោធា។
លោក Natthaporn Toprayoon ដែលជាមេធាវី និងអតីតទីប្រឹក្សារបស់ការិយាល័យបណ្តឹងរដ្ឋបាលក្នុងប្រទេសថៃ បានដាក់ពាក្យបណ្តឹងកាលពីឆ្នាំមុន ដោយបានចោទប្រកាន់គណបក្សអនាគតថ្មី ឬ Future Forward ថា បានព្យាយាមផ្តួលរំលំរបបរាជានិយម ដែលរដ្ឋធម្មនុញ្ញបានកំណត់ថា មិនអាចប៉ះពាល់បាន។ ក្នុងការការពារក្តីរបស់លោក លោក Natthaporn បានលើកឡើងពីសុន្ទរកថារបស់ថ្នាក់ដឹកនាំ បទបញ្ញត្តិ និងសូម្បីតែស្លាកសញ្ញារបស់គណបក្ស ដែលមានរាងត្រីកោណ។ លោកបានអះអាងថា វាស្រដៀងទៅនឹងសញ្ញារបស់អង្គការ Illuminati ដែលជាអង្គការសម្ងាត់មួយមានបំណងគ្របដណ្តប់ពិភពលោកទាំងមូល។
គណបក្សគណបក្សអនាគតថ្មី ឬ Future Forward បានច្រានចោលនូវការចោទប្រកាន់នោះថាជាការចោទប្រកាន់បែបនយោបាយ។
នៅក្នុងក្រុងបាងកក កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ តុលាការធម្មនុញ្ញបានប្រកាសថា ភស្តុតាងដែលបានដាក់មិនមានគ្រប់គ្រាន់ក្នុងការចោទប្រកាន់នោះទេ។
លោក Thanathorn Juangroongruangkit មេដឹកនាំអនាគតថ្មី ឬ Future Forward បានជួបជាមួយនឹងអ្នកគាំទ្រដែលសប្បាយរីករាយនៅទីស្នាក់ការកណ្តាលរបស់គណបក្ស និងបានបង្ហាញការបន្ទន់ឥរិយាបថ ដោយបានអំពាវនាវឱ្យគណបក្សផ្សេងៗមកចូលរួមជាមួយនឹងរបៀបវារៈកំណែទម្រង់របស់ខ្លួន។
លោកបាននិយាយថា៖ «យើងសង្ឃឹមថា ប្រសិនបើយើងអាចដាក់ស្នើច្បាប់ទៅសភា យើងនឹងធ្វើឱ្យបានល្អជាងក្រុមប្រឆាំង និងសម្ព័ន្ធកាន់អំណាច និងធានាថា ច្បាប់របស់យើងនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់គ្នា»។
លោកបានបន្តថា៖ «នៅក្រៅសភា យើងនឹងបន្តធ្វើយុទ្ធនាការលើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដោយសារតែយើងជឿថា សង្គមថៃទាំងមូលត្រូវអង្គុយពិភាក្សាគ្នា និងសម្រេចថាប្រទេសបែបណា ដែលពួកគេចង់រស់នៅទាំងអស់គ្នា»។
ប្រជាជនថៃជាច្រើនបានបន្ទោសលើយោធាដែលមានអំណាចនយោបាយនៅក្នុងរដ្ឋធម្មនុញ្ញ។ យោធាជាអ្នកតាក់តែងរដ្ឋធម្មនុញ្ញនោះឡើងដោយខ្លួនឯង នៅពេលយោធាកំពុងកាន់អំណាចដើម្បីធ្វើឱ្យការបោះឆ្នោតដែលធ្វើឡើងកាលពីឆ្នាំមុនមានប្រយោជន៍ដល់ខ្លួន។
លោក Thitinan Pongsudhirak អ្នកវិភាគនយោបាយ និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Chulalongkorn ក្នុងប្រទេសថៃនិយាយថា លោកគិតថា គណបក្សបោះជំហានទៅអនាគតអាចគេចផុតពីការចោទប្រកាន់ពីបទបង្កអសន្តិសុខជាតិ ដោយសារតែរឿងក្តីនេះមើលទៅមិនមានទម្ងន់នោះទេ។
លោកបានបន្ថែមថា តុលាការធម្មនុញ្ញដែលរងការរិះគន់ ដោយសារតែការដោះស្រាយរបស់ខ្លួនចំពោះបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត មានភាពស្ទាក់ស្ទើរក្នុងការរំលាយគណបក្សនេះដោយផ្អែកលើមូលដ្ឋានស្តួចស្តើង ឬធ្វើឱ្យគេយល់ថា រាជវង្សមានជាប់ពាក់ព័ន្ធនៅក្នុងនយោបាយនោះទេ។
ប៉ុន្តែលោក Thitinan បាននិយាយថា វាមិនទាន់ដល់ពេលដែលគណបក្សបោះជំហានទៅអនាគតអាចដកដង្ហើមបានស្រួលនោះទេ ដោយលោកយល់ថា ការចោទប្រកាន់ពីបទបង្កអសន្តិសុខជាតិគ្រាន់តែជា «នុយ» សម្រាប់រឿងក្តីប្រាក់កម្ចីប្រឆាំងនឹងគណបក្សនេះ ដែលតុលាការធម្មនុញ្ញនឹងធ្វើការសម្រេចចិត្តបន្ទាប់ ទោះបីជាកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់ក្តី។
លោក Thanathorn ដែលជាមហាសេដ្ឋីផ្នែកគ្រឿងបន្ទាស់រថយន្តបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនដល់គណបក្សក្មេងខ្ចីរបស់លោក នៅក្នុងរដូវកាលធ្វើយុទ្ធនាការកាលពីឆ្នាំមុន និងរងការចោទប្រកាន់ថា បានបំពានច្បាប់ស្តីពីការកម្រិតប្រាក់កម្ចី និងធនធានមូលនិធិ។
គណបក្សអនាគតថ្មី ឬ Future Forward បានបដិសេធចំពោះការបំពានទាំងនេះ និងអនុគណៈកម្មាធិការចំនួនពីររបស់គណៈកម្មាការបោះឆ្នោតទំនងជាយល់ស្របថា គណបក្សនេះមិនបានបំពានច្បាប់នោះទេ នេះបើយោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុកដែលលើកឡើងពីកំណត់ត្រាបែកធ្លាយរបស់គណៈកម្មការបោះឆ្នោត។ ជាការឆ្លើយតបចំពោះការបែកធ្លាយនោះ គណៈកម្មការបោះឆ្នោតបាននិយាយថា អនុសាសន៍របស់អនុគណៈកម្មាធិការក្នុងការទម្លាក់ចោលការចោទប្រកាន់នេះមិនមានអានុភាព និងអាចប្រឆាំងនឹងការសម្រេចចិត្តរបស់គណៈកម្មការក្នុងការបន្តការចោទប្រកាន់នោះទេ។
លោក Thitinan បាននិយាយថា៖ «ប្រសិនបើមានការសម្រេចចិត្តក្នុងការរំលាយអនាគតថ្មី ឬ Future Forward ដោយសារតែខ្លួនជាគ្រោះថ្នាក់នាពេលបច្ចុប្បន្ន និងច្បាស់ៗចំពោះរដ្ឋាភិបាលរបស់លោក Prayut ពួកគេត្រូវស្វែងរករឿងក្តីមួយដើម្បីធ្វើជាសំអាង។ ខ្ញុំគិតថា រឿងក្តីប្រាក់កម្ចីអាចធ្វើឱ្យពួកគេមានសំអាងខ្លាំងជាងរឿងក្តីបង្កអសន្តិសុខជាតិ»។
លោក Prajak Kongkirati សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Thammasat បានយល់ស្របថា រដ្ឋាភិបាលទំនងនឹងធ្វើការកាត់ទោស និងរំលាយអនាគតថ្មី ឬ Future Forward ដោយសាររឿងក្តីប្រាក់កម្ចី។ លោកនិយាយថា រឿងក្តីនេះ «មានលក្ខណៈបច្ចេកទេសជាង» និងធ្វើឱ្យមានការចាប់អារម្មណ៍ឡើងវិញចំពោះការកាត់ទោសរបស់តុលាការទៅលើលោក Thanathorn នៅក្នុងខែវិច្ឆិកា ចំពោះការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានមួយ នៅក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោត។ រឿងក្តីភាគហ៊ុននោះបានធ្វើឱ្យលោក Thanathorn បាត់បង់កៅអីនៅក្នុងសភា ប៉ុន្តែលោកបានច្រានចោលការចោទប្រកាន់នេះ។
ខណៈដែលគណបក្សនេះ និងថ្នាក់ដឹកនាំរបស់ខ្លួនកំពុងប្រឈមមុខនឹងបណ្តឹងប្រមាណជា២០ គណបក្សបោះជំហានទៅអនាគតនៅតែជាការប្រឆាំងដ៏រឹងមាំសម្រាប់រដ្ឋាភិបាល។
លោក Thitinan បាននិយាយថា លើសពីគណបក្សផ្សេងៗនៅក្នុងសម្ព័ន្ធប្រឆាំង «គណបក្សអនាគតថ្មី ឬ Future Forward កំពុងធ្វើការប្រឈមមុខប្រថុយប្រថាន។ គណបក្សនេះបានធ្វើការប្រឆាំងរដ្ឋាភិបាល និងយោធា ដោយមិនមានការភ័យខ្លាច។ ដូច្នេះហើយបានជាពួកគេកំពុងប្រឈមមុខនឹងការរំលាយ»។
គណបក្សនេះបានដឹកនាំការដេញដោលទៅលើការការពាររបស់រដ្ឋាភិបាលចំពោះផែនការថវិកា និងបានអំពាវនាវឱ្យបញ្ចប់ការចាប់បង្ខំឱ្យអនុវត្តកាតព្វកិច្ចយោធា។ លោក Prajak បាននិយាយថា ការបោះឆ្នោតជារួមរបស់គណបក្សនេះប្រឆាំងនឹងក្រឹត្យបន្ទាន់នៅក្នុងខែតុលាដើម្បីផ្ទេរអង្គភាពយោធាចំនួនពីរឱ្យស្ថិតនៅក្រោមព្រះបរមរាជវាំងគឺជារឿងដ៏សំខាន់មួយទៀត។
លោកនិយាយថា «វាទំនងនឹងមិនកើតឡើងនោះទេ។ អ្នកវិភាគ ឬតាមដានស្ថានភាពនយោបាយគិតថា មិនមានគណបក្សណាមួយនឹងហ៊ានធ្វើរឿងនេះនោះទេ ប៉ុន្តែគណបក្សអនាគតថ្មី ឬ Future Forward បានធ្វើវា។ ដូច្នេះ ច្បាស់ណាស់ពួកគេមានតាំងចិត្តធ្វើអ្វីដែលពួកគេបាននិយាយនៅក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោតថា ពួកគេចង់ផ្លាស់ប្តូរសង្គមថៃ។ ពួកគេចង់កែទម្រង់កងទ័ព កាត់បន្ថយអំណាចរបស់កងទ័ព។ នេះជាអ្វីដែលកងទ័ព និងលោក Prayut មិនអាចអត់ឱនឱ្យបាន»។
នៅទីស្នាក់ការកណ្តាលរបស់គណបក្ស លោក Thanathorn សង្ឃឹមថា គណបក្សអនាគតថ្មី ឬ Future Forward នឹងអាចបន្តវត្តមានទោះជាមានបណ្តឹងនៅតុលាការក៏ដោយ។ ប៉ុន្តែគណបក្សនេះបានត្រៀមខ្លួនសម្រាប់ការរំលាយដែលអាចកើតមានឡើង មិនថាដោយសារមូលហេតុល្អ ឬអាក្រក់នោះទេ។ តុលាការថៃបានរំលាយគណបក្សប្រឆាំងចំនួន៣រួចមកហើយចាប់តាំងពីឆ្នាំ២០០៧មក។
គណបក្សអនាគតថ្មី ឬ Future Forward បានប្រកាសពីផែនការរបស់ខ្លួនក្នុងការបង្កើតគណបក្សតំណាង ដែលអ្នកតំណាងរាស្ត្រ និងអ្នកគាំទ្ររបស់ខ្លួនអាចយកមកប្រើប្រាស់ នៅពេលគណបក្សនេះត្រូវបានរំលាយ។
លោក Prajak និងលោក Thitinan និយាយថា សម្ព័ន្ធកាន់កាប់អំណាចទំនងនឹងទាក់ទាញយកអ្នកតំណាងរាស្ត្រខ្លះរបស់អនាគតថ្មី ឬ Future Forward ប្រសិនបើមានការរំលាយគណបក្ស និងដើម្បីបង្កើននូវសំឡេងភាគច្រើនតិចតួចរបស់ខ្លួននៅក្នុងសភា។ ប៉ុន្តែពួកគេបានព្រមានថា វាក៏អាចជាសញ្ញាបង្ហាញពីការធ្វើបាតុកម្មកាត់តែធំ និងកាន់តែគ្រោះថ្នាក់ដែលទាមទារឱ្យរដ្ឋាភិបាលចុះចេញពីតំណែងផងដែរ។
សម្ព័ន្ធប្រឆាំងរដ្ឋាភិបាលចំនួនពីរបានប្រមូលផ្តុំគ្នានៅក្នុងក្រុងបាងកក ដែលមានមនុស្សរាប់ម៉ឺននាក់នៅក្នុងចុងខែធ្នូ និងដើមខែមករា៕