រដ្ឋាភិបាលថៃកាលពីថ្ងៃអាទិត្យបានការពារការសម្រេចរបស់ខ្លួនមិនចូលរួមកម្មវិធីវ៉ាក់សាំងកូវីដ១៩ ឈ្មោះ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ទេ ដោយនិយាយថា ការចូលរួមកម្មវិធីនោះ នឹងធ្វើឱ្យប្រទេសនេះបង់ប្រាក់កាន់តែច្រើនឡើងសម្រាប់វ៉ាក់សាំងនីមួយៗ ហើយនឹងប្រឈមភាពមិនប្រាកដប្រជាអំពីពេលវេលានៃការផ្គត់ផ្គង់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ។
រដ្ឋាភិបាលថៃបានរងការរិះគន់ពីអ្នកនយោបាយបក្សប្រឆាំងនិងបាតុករចំពោះការខ្វះតម្លាភាពនិងការយឺតយ៉ាវក្នុងការទទួលបានវ៉ាក់សាំង។ ខណៈដែលថៃ ដែលមានពលរដ្ឋចំនួន៦៦លាននាក់ មានករណីឆ្លងនិងស្លាប់ទាប ក៏ថៃកំពុងប្រឈមរលកនៃការឆ្លងទី២ដែរ។
បុគ្គលិកសុខាភិបាលនៅជួរមុខ ត្រូវចាប់ផ្តើមទទួលចាក់វ៉ាក់សាំងចំនួន២លានដូសរបស់ក្រុមហ៊ុន ចិនSinovac ដែលនាំចូលក្នុងរយៈពេលមួយខែខាងមុខ ក៏ប៉ុន្តែការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ សម្រាប់ពលរដ្ឋទូទៅ នឹងមិនចាប់ផ្តើមទេ រហូតទាល់តែដូសវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងស្រុកមាននៅក្នុងខែមិថុនា។
លោក Anucha Buraphachaisri អ្នកនាំពាក្យរដ្ឋាភិបាលបានឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ព័ត៌មានថា ថៃជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ដែលមិនចូលរួមគម្រោង COVAX របស់អង្គការ WHO ដោយសារ ថៃដែលជាប្រទេសមានប្រាក់ចំណូលមធ្យមមួយ ហើយមិនមានលទ្ធភាពទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃ ឬដោយតម្លៃថោកនៅក្រោមកម្មវិធីនោះទេ។
រហូតមកទល់ពេលនេះ ថៃមិនបានទទួល ឬផលិតវ៉ាក់សាំងទេ ទោះបីប្រទេសជិតខាងជាច្រើនរបស់ខ្លួនបានចាប់ផ្តើមចាក់វ៉ាក់សាំងក៏ដោយ។ ថៃបានរាយការណ៍ថាមានការឆ្លងថ្មីចំនួន១៦៦ករណីកាលពីថ្ងៃអាទិត្យ ដោយធ្វើឲ្យមានការឆ្លងសរុបចំនួនជាង២៤.៥៧១ករណីនិងមនុស្សស្លាប់៨០នាក់៕