ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ថៃ​នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដល់​ពលរដ្ឋ​ខ្លួន​នៅ​ខែ​ក្រោយ


ក្រុមការងារកំពុងបាញ់ថ្នាំសម្លាប់មេរោគនៅតាមដងផ្លូវក្បែរផ្សារលក់អាហារសមុទ្រនៅខេត្ត Samut Sakhon ប្រទេសថៃ ដែលកំពុងរងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ខ្លាំង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ខែ​ក្រោយ ដោយ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដល់​ក្រុម​ជន​ដែល​ងាយ​រងគ្រោះ​ខ្លាំង ស្របពេល​ដែល​ប្រទេស​នេះ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​យឺតយ៉ាវ​នៅ​ក្នុង​ការ​ទិញ​វ៉ាក់សាំង។

បុគ្គលិក​សុខាភិបាល​នៅ​ខេត្ត Samut Sakhon ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​កូវីដ១៩ ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្នុង​ប្រទេស​ថៃ នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ដំបូង​គេ​បង្អស់ ដោយ​វ៉ាក់សាំង​ដំបូង​ចំនួន ៥ ម៉ឺន​ដូស​នឹង​ត្រូវ​ចែកចាយ។ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៩០០ ករណី​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ខេត្ត Samut Sakhon នេះ កាល​ពី​ថ្ងៃ​ច័ន្ទ។

មនុស្ស​វ័យ​ចំណាស់​និង​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ក៏​ស្ថិត​ក្នុង​ក្រុម​អាទិភាព​ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​មុន​គេ​ផងដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ថៃ។

នាយកដ្ឋាន​ម្ហូប​អាហារ​និង​ឱសថ​របស់​ប្រទេស​ថៃ កាលពី​សប្ដាហ៍​មុន បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca សម្រាប់​គ្រា​អាសន្ន ប៉ុន្តែ​មិន​ទាន់​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac Biotech របស់​ប្រទេស​ចិន ដែល​ថៃ​បាន​បញ្ជា​ទិញ​ចំនួន ២ លាន​ដូស​រួច​ហើយនោះ​នៅ​ឡើយ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថៃ​លោក Anutin Charnvirakul កាលពី​ថ្ងៃ​ច័ន្ទ បាន​ថ្លែង​ថា ក្រុមហ៊ុន AstraZeneca នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ត្រឹមតែ ១ សែន ៥ ម៉ឺន​ដូស​ប៉ុណ្ណោះ​ដល់​ប្រទេស​ថៃ ក្នុង​ចំណោម​វ៉ាក់សាំង ២ សែន​ដូស ដែល​ថៃ​បាន​បញ្ជា​ទិញ។

រដ្ឋាភិបាល​ថៃ​បាន​រង​ការ​រិះគន់​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​ទិញ​វ៉ាក់សាំង ខណៈ​ដែល​ប្រទេស​ជិត​ខាង​នានា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន ឬ​ក៏​ប្រជែង​គ្នា​ដើម្បី​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​មួយ​ចំនួន​រួច​ទៅ​ហើយ​នោះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG