ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​ទទួល​​សំណើ​ពី​ក្រុមហ៊ុន​​ឱសថ AstraZeneca និង Sinovac ឲ្យ​ចុះ​បញ្ជី​ប្រើ​ប្រាស់​វ៉ាក់សាំង​ក្នុង​​ប្រទេស​ខ្លួន


ពលករ​ចំណាកស្រុក​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ជិះ​រថយន្ដ​មួយ​គ្រឿង​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ នៅ​ខេត្ត Samut Sakhon ប្រទេសថៃ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
ពលករ​ចំណាកស្រុក​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ជិះ​រថយន្ដ​មួយ​គ្រឿង​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​ នៅ​ខេត្ត Samut Sakhon ប្រទេសថៃ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters ផ្សាយ​ឲ្យ​ដឹង​ថា​ ​ប្រទេស​ថៃ​បាន​ទទួល​ពាក្យស្នើ​សុំពី​ក្រុម​ហ៊ុនឱសថ​អង់គ្លេស AstraZeneca និង​ក្រុម​ហ៊ុន​ចិន Sinovac Biotech ដើម្បី​ចុះ​បញ្ជី​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​របស់​គេ​ សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​ថៃ។​ នេះ​បើ​តាមការ​បញ្ជាក់នៅ​ថ្ងៃ​អង្គារ​នេះ​ របស់​ទី​ភ្នាក់​ងារឱសថ​និង​ស្បៀង​អាហាររបស់​ថៃ​នោះ​។

ប្រទេស​ថៃ​ក្នុង​ពេល​កន្លង​មក​ បាន​បញ្ជា​ទិញ​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩​ពី​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​ចំនួន​៦៣លាន​ដូស​ ដែល​មាន​ចំនួន​គ្រប់​គ្រាន់​សម្រាប់​ចាក់​ឲ្យ​ពលរដ្ឋ​ថៃ​ ចំនួន​ជិត​ពាក់​កណ្តាល​ នៃ​ចំនួន​ពលរដ្ឋ​សរុប​របស់​ខ្លួនដែល​មានដល់​ទៅជាង៧០លាន​នាក់​នោះ។​

នាយករដ្ឋ​មន្ត្រី​ថៃ​លោក​ Prayuth Chan-ocha​ បាន​និយាយ​ក្រោយ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រីប្រចាំ​សប្តាហ៍​ថា​ ជន​ជាតិ​ថៃ​គ្រប់​រូបនៅ​ក្នុង​ប្រទេស​ នឹងទទួល​បាន​ឱកាសដើម្បី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​។ លោក​បន្ត​ថា៖ ខ្ញុំ​សូម​បញ្ជាក់​ថា​ ពលរដ្ឋ​ថៃ​គ្រប់​រូប​ នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​បង្ការ​នោះ​។ ​

នៅ​ថ្ងៃ​អង្គារ ប្រទេស​ថៃ​រក​ឃើញ​អ្នក​ឆ្លង​វីរុសកូរ៉ូណា​ថ្មីចំនួន​២៨៧​នាក់​ ​ដែល​ធ្វើ​ឲ្យ​ចំនួនឆ្លង​សរុប​នៅ​ក្នុងប្រទេស​ថៃ​ រហូត​មក​ដល់​ពេល​នេះ​ កើនដល់​ចំនួន​១០.៨៣៤នាក់ ​និង​មាន​អ្នក​ស្លាប់សរុប​ចំនួន​៦៧​នាក់។

ជំងឺកូវីដ១៩ ​ដែលកើត​ចេញ​ពីវីរុស​កូរ៉ូណា​ដែលផ្ទុះ​ឡើង​ដំបូង​នៅក្នុង​ទីក្រុង​ វូហាន​ ប្រទេសចិន ​ហើយបាន​ឆ្លងជា​សកល​នោះ ​បាន​សម្លាប់​មនុស្ស​ជិត​២លាននាក់ ​ហើយ​ឆ្លងដល់​មនុស្ស​ជាង​៩១​លាននាក់​នៅក្នុង​ពិភពលោក៕

XS
SM
MD
LG