ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ផ្តល់​ប័ណ្ណ​ការងារ​ដល់​ពលករ​ចំណាក​ស្រុក​ដែល​គ្មាន​ក្រដាស​ស្នាម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩


កម្មករ​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស​ថៃ​និយាយ​ជាមួយ​នឹង​បុគ្គលិក​សុខាភិបាល​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ផ្សារ​​លក់​ត្រី​មួយ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
កម្មករ​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស​ថៃ​និយាយ​ជាមួយ​នឹង​បុគ្គលិក​សុខាភិបាល​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ផ្សារ​​លក់​ត្រី​មួយ ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​ពលករ​ចំណាក​ស្រុក​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ មក​ពី​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ដែល​កំពុង​នៅ​ក្នុង​ប្រទេស​ថៃ​ស្រាប់ ឲ្យ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​បាន​ក្នុង​រយៈពេល​ប្រមាណ ២ ឆ្នាំ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

ពលករ​ចំណាក​ស្រុក​ទាំង​នោះ​ត្រូវ​ចុះ​ឈ្មោះ​តាម​អនឡាញ ហើយ​ក្រុមហ៊ុន​ត្រូវ​ចុះ​បញ្ជី​ឈ្មោះ​ពលករ​ទាំង​នោះ​ឲ្យ​បាន​មុន​ពាក់​កណ្តាល​ខែ​កញ្ញា ដើម្បី​ទទួល​បាន​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ ដែល​មាន​សុពលភាព​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ ២០២៣។ នេះ​បើ​យោង​តាម​សេចក្ដី​សម្រេច​មួយ​របស់​គណៈរដ្ឋមន្ត្រី​ថៃ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​លើក​ឡើង​ថា ពលករ​ចំណាក​ស្រុក​ទាំង​នោះ​ត្រូវ​ពិនិត្យ​សុខភាព​ជាមុន​សិន ដែល​មាន​តម្លៃ​ប្រមាណ ២៤០ ដុល្លារ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​ប្រទេស​ថៃ​កំពុង​ទទួល​រង​នូវ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ដ៏​អាក្រក់​បំផុត គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ដោយ​មាន​ការ​ឆ្លង​ប្រមាណ ១.៥០០ ករណី​ចាប់​តាំងពី​ពាក់​កណ្តាល​ខែ​ធ្នូ​មក ដែល​ការ​ឆ្លង​នេះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ពលករ​ចំណាក​ស្រុក​ភាគ​ច្រើន​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា ដែល​ធ្វើការ​នៅ​ក្នុង​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត Samut Sakhon ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ​អ្នកស្រី Traisuree Taisaranakul បាន​ប្រាប់​អ្នក​កាសែត​ថា៖ «រដ្ឋាភិបាល​បាន​ចុះ​ត្រួត​ពិនិត្យ​ពលករ​ចំណាក​ស្រុក​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ហានិភ័យ។ ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​បាន​ធ្វើ​ក្រុមហ៊ុន​ខ្លះ​បញ្ជូន​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​ចេញពី​តំបន់​មួយ​ចំនួន ដើម្បី​ជៀសវាង​មិន​ឲ្យ​រំលោភ​ច្បាប់»។

អ្នកស្រី​បន្ថែម​ថា៖ «ជាង​នេះ​ទៀត ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​កំពុង​ជ្រួល​ច្របល់ និង​ផ្លាស់​ចេញ​ពី​កន្លែង​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ចម្លង​ជំងឺ​កូវីដ១៩»៕

XS
SM
MD
LG